អេភេសូ 4:25-32
អេភេសូ 4:25-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។ ចូរខឹងចុះ តែកុំឲ្យធ្វើបាប កុំឲ្យសេចក្តីកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិចឡើយ កុំឲ្យអារក្សមានឱកាសឲ្យសោះ។ អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។ មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។ កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះព្រួយព្រះហឫទ័យឡើយ ដ្បិតព្រះអង្គបានដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ថ្ងៃប្រោសលោះ។ ចូរដកអស់ទាំងសេចក្តីជូរចត់ ចិត្តក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
អេភេសូ 4:25-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ ប្រសិនបើបងប្អូនខឹង សូមប្រយ័ត្ន កុំប្រព្រឹត្តអំពើបាប» កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។ កុំហុចឱកាសឲ្យមារ*មកល្បួងបងប្អូន។ អ្នកណាធ្លាប់លួច កុំលួចទៀត ផ្ទុយទៅវិញ ត្រូវខំប្រឹងធ្វើការដោយចិត្តទៀងត្រង់ ដើម្បីយកផលទៅជួយអ្នកដែលខ្វះខាត។ កុំឲ្យមានពាក្យអាស្រូវណាមួយចេញពីមាត់បងប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំព្រះពរមកឲ្យអ្នកស្ដាប់ផងដែរ។ កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ*របស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសម្គាល់របស់ព្រះវិញ្ញាណមកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។ សូមបងប្អូនកម្ចាត់ចិត្តជូរចត់ ចិត្តក្ដៅក្រហាយ កំហឹង សម្រែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។ ត្រូវមានចិត្តសប្បុរស និងចេះអាណិតមេត្តាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានប្រណីសន្ដោសបងប្អូន ដោយសារព្រះគ្រិស្តដែរ។
អេភេសូ 4:25-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលបានដោះសេចក្ដីកំភូតចេញហើយ នោះត្រូវឲ្យនិយាយសេចក្ដីពិត នឹងអ្នកជិតខាងរៀងខ្លួនវិញ ដ្បិតយើងរាល់គ្នាជាអវយវៈផងគ្នាទៅវិញទៅមក ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្ដីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ ក៏កុំឲ្យអារក្សមានឱកាសឲ្យសោះ អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅ ស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់ កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នា ទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយ ចូរខំដកគ្រប់ទាំងសេចក្ដីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ នឹងគ្រប់ទាំងសេចក្ដីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ។