អេភេសូ 4:21-32

អេភេសូ 4:21-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​បងប្អូន​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ហើយ​ប្រសិន​បើ​បងប្អូន​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះអង្គ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះអង្គ​មែន បងប្អូន​ត្រូវ​តែ​លះ‌បង់​កិរិយា​មារយាទ ដែល​បងប្អូន​ធ្លាប់​កាន់​ពី​ដើម គឺ​ត្រូវ​ដោះ​ជីវិត​ចាស់​ដែល​កំពុង​តែ​វិនាស តាម​ការ​លោភ‌លន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។ ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឲ្យ​បាន​ថ្មី​ឡើង ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មី​ដ៏​សុចរិត* និង​វិសុទ្ធ* មក​ពី​សេចក្ដី​ពិត ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ហេតុ​នេះ សូម​បងប្អូន​ឈប់​និយាយ​កុហក​ទៅ «ម្នាក់ៗ​ត្រូវ​និយាយ​តែ​សេចក្ដី​ពិត​ទៅ​កាន់​បងប្អូន​ឯ​ទៀតៗ ដ្បិត​យើង​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​បងប្អូន​ខឹង សូម​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​បាប» កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​នោះ​ឡើយ។ កុំ​ហុច​ឱកាស​ឲ្យ​មារ*​មក​ល្បួង​បងប្អូន។ អ្នក​ណា​ធ្លាប់​លួច កុំ​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ចិត្ត​ទៀង​ត្រង់ ដើម្បី​យក​ផល​ទៅ​ជួយ​អ្នក​ដែល​ខ្វះ​ខាត។ កុំ​ឲ្យ​មាន​ពាក្យ​អាស្រូវ​ណា​មួយ​ចេញ​ពី​មាត់​បងប្អូន​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អ​ដែល​ជួយ​កសាង​ជំនឿ​អ្នក​ដទៃ ប្រសិន​បើ​គេ​ត្រូវ​ការ ព្រម​ទាំង​នាំ​ព្រះ‌ពរ​មក​ឲ្យ​អ្នក​ស្ដាប់​ផង​ដែរ។ កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​របស់​ព្រះ‌ជាម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​សោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះ‌វិញ្ញាណ​មក​លើ​បងប្អូន ទុក​សម្រាប់​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​យាង​មក​លោះ​យើង។ សូម​បងប្អូន​កម្ចាត់​ចិត្ត​ជូរ‌ចត់ ចិត្ត​ក្ដៅ​ក្រហាយ កំហឹង សម្រែក​ឡូឡា ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង ចេញ​ពី​ចំណោម​បងប្អូន​ទៅ។ ត្រូវ​មាន​ចិត្ត​សប្បុរស និង​ចេះ​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​ប្រណី‌សន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌ជាម្ចាស់​បាន​ប្រណី‌សន្ដោស​បងប្អូន ដោយ‌សារ​ព្រះ‌គ្រិស្ត​ដែរ។

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:21-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​រាល់​គ្នា​ពិត​ជា​បាន​ឮ​អំពី​ព្រះ‌អង្គ ហើយ​បាន​រៀន​ក្នុង​ព្រះ‌អង្គ តាម​សេចក្តី​ពិត​ដែល​នៅ​ក្នុង​ព្រះ‌យេស៊ូវ។ ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សេចក្តី​ឆបោក​ចោល​ទៅ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ទាំង​ពាក់​មនុស្ស​ថ្មី ដែល​ព្រះ​បាន​បង្កើត​មក​ឲ្យ​ដូច​ព្រះ‌អង្គ​ក្នុង​សេចក្តី​សុចរិត និង​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​សេចក្តី​ពិត។ ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​ភូត​ភរ​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន​វិញ ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។ ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​រាល់​គ្នា​នៅ​រហូត​ដល់​ថ្ងៃ​លិច​ឡើយ កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ។ អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​ខំ​ប្រឹង​ដោយ​ចិត្ត​ទៀង​ត្រង់ ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត​ផង។ មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អៗ សម្រាប់​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ‌គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់។ កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សម្រាប់​ថ្ងៃ​ប្រោស​លោះ។ ចូរ​ដក​អស់​ទាំង​សេចក្តី​ជូរ​ចត់ ចិត្ត​ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ ចូរ​មាន​ចិត្ត​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​ដែរ។

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:21-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​គឺ​បើ​តិច​ណាស់​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​រៀន​នឹង​ទ្រង់ តាម​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ព្រះ‌យេស៊ូវ​ដែរ ថា​ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង‌តែ​ខូច​ទៅ តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សេចក្ដី​ឆ‌បោក​ចោល​ចេញ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ។ ដូច្នេះ ដែល​បាន​ដោះ​សេចក្ដី​កំភូត​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្ដី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ក៏​កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៅ ស៊ូ​ឲ្យ​អ្នក​នោះ​ទ្រាំ​នឿយ‌ហត់​ជា​ជាង ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​នឹង​ចែក​ដល់​អ្នក​ណា​ដែល​ត្រូវ​ការ​ផង មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ‌គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់ កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​បាន​ព្រួយ​ព្រះ‌ហឫទ័យ ដែល​ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សំរាប់​ដល់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្ដី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ នឹង​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ‌ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌គ្រីស្ទ​ដែរ។

ចែក​រំលែក
អាន អេភេសូ 4