អេភេសូ 4:1-7
អេភេសូ 4:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ សូមទូន្មានអ្នករាល់គ្នាឲ្យរស់នៅស័ក្ដិសមនឹងការត្រាស់ហៅ តាមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នានោះចុះ ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ ទាំងខំប្រឹងរក្សាការរួបរួមរបស់ព្រះវិញ្ញាណ ដោយចំណងនៃសេចក្ដីសុខសាន្ត។ មានរូបកាយតែមួយ និងព្រះវិញ្ញាណតែមួយ ដូចជាអ្នករាល់គ្នាបានទទួលការត្រាស់ហៅ មកក្នុងសេចក្តីសង្ឃឹមតែមួយនៃការត្រាស់ហៅនោះដែរ មានព្រះអម្ចាស់តែមួយ ជំនឿតែមួយ ពិធីជ្រមុជតែមួយ មានព្រះតែមួយ ហើយជាព្រះវរបិតានៃទាំងអស់ ដែលព្រះអង្គខ្ពស់លើទាំងអស់ ធ្វើការតាមរយៈទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់។ ប៉ុន្តែ យើងម្នាក់ៗបានទទួលព្រះគុណ តាមខ្នាតអំណោយទានរបស់ព្រះគ្រីស្ទរៀងៗខ្លួន។
អេភេសូ 4:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅ ឲ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់។ ចូរយកចិត្តទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្ដីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។ ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹក*មានតែមួយ។ ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់ និងសណ្ឋិតនៅក្នុងមនុស្សទាំងអស់។ ព្រះអង្គបានផ្ដល់ព្រះគុណមកឲ្យយើងម្នាក់ៗតាមកម្រិតព្រះអំណោយទាន ដែលព្រះគ្រិស្តប្រទានមកយើង។
អេភេសូ 4:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ខ្ញុំ ជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់ ហើយខំប្រឹងរក្សាសេចក្ដីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្ដីមេត្រី ទុកជាចំណងផង មានរូបកាយតែ១ ហើយព្រះវិញ្ញាណតែ១ ដូចជាទ្រង់បានហៅអ្នករាល់គ្នាមក ក្នុងសេចក្ដីសង្ឃឹមតែ១របស់ការងារអ្នករាល់គ្នាដែរ មានព្រះអម្ចាស់តែ១ សេចក្ដីជំនឿតែ១ បុណ្យជ្រមុជតែ១ មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ ដែលទ្រង់ខ្ពស់លើទាំងអស់ គង់នៅកណ្តាលទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់ តែមានព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ