អេភេសូ 2:8-22
អេភេសូ 2:8-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន។ ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។ ដូច្នេះ ចូរនឹកចាំថា កាលពីដើមអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាម ដែលត្រូវបានពួកអ្នកកាត់ស្បែកខាងសាច់ឈាមដោយដៃមនុស្ស ហៅអ្នករាល់គ្នាថា ពួកមិនកាត់ស្បែក នៅពេលនោះ អ្នករាល់គ្នាមិនមានព្រះគ្រីស្ទទេ ក៏ឃ្លាតចេញពីជនជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលព្រះអង្គបានសន្យាទុក គ្មានទីសង្ឃឹម ហើយក៏គ្មានព្រះនៅក្នុងពិភពលោកនេះដែរ។ តែឥឡូវនេះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ។ ដ្បិតព្រះអង្គជាសេចក្ដីសុខសាន្តរបស់យើង ព្រះអង្គបានធ្វើទាំងពីររួមមកតែមួយ ហើយបានរើជញ្ជាំងខណ្ឌញែក គឺភាពជាសត្រូវនឹងគ្នារវាងយើងចេញ ដោយរូបសាច់របស់ព្រះអង្គ។ ព្រះអង្គបានបំបាត់ក្រឹត្យវិន័យដែលមានបទបញ្ជា និងបញ្ញត្តិទាំងឡាយចេញ ដើម្បីឲ្យព្រះអង្គបានយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយក្នុងព្រះអង្គទ្រង់ ដោយតាំងឲ្យមានសេចក្ដីសុខសាន្ត ហើយឲ្យព្រះអង្គបានផ្សះផ្សាសាសន៍ទាំងពីរជាមួយព្រះ ក្នុងរូបកាយតែមួយ តាមរយៈឈើឆ្កាង ទាំងបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាងនោះឯង។ ហើយពេលព្រះអង្គបានយាងមក នោះព្រះអង្គបានប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្តដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់អស់អ្នកដែលនៅជិតផង ដ្បិតដោយសារព្រះអង្គ យើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះវរបិតា ដោយព្រះវិញ្ញាណតែមួយ។ ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកក្រៅទៀតទេ គឺជាជនរួមជាតិតែមួយជាមួយពួកបរិសុទ្ធ និងជាសមាជិកគ្រួសាររបស់ព្រះ ដែលបានសង់ឡើងលើគ្រឹះរបស់ពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទអង្គទ្រង់ផ្ទាល់ ជាថ្មជ្រុងយ៉ាងឯក។ នៅក្នុងព្រះអង្គ សំណង់ទាំងមូលបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាព្រះវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏ត្រូវបានសង់ឡើងក្នុងព្រះអង្គដែរ សម្រាប់ជាដំណាក់របស់ព្រះ ក្នុងព្រះវិញ្ញាណ។
អេភេសូ 2:8-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គសង្គ្រោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។ យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះអង្គបានបម្រុងទុកជាមុន សម្រាប់ឲ្យយើងប្រព្រឹត្តតាម។ ដូច្នេះ សូមបងប្អូនចងចាំថា: ពីដើម បងប្អូនកើតមកជាសាសន៍ដទៃ ហើយសាសន៍យូដាដែលចាត់ទុកថាខ្លួនជា «ពួកកាត់ស្បែក» ហៅបងប្អូនថា «ពួកមិនកាត់ស្បែក» ព្រោះគេសម្គាល់ទៅលើសញ្ញាមួយដែលគេធ្វើលើរូបកាយ។ កាលណោះ បងប្អូននៅឆ្ងាយពីព្រះគ្រិស្ត គ្មានសិទ្ធិចូលជាតិអ៊ីស្រាអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី* ដែលចងឡើងដោយព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ បងប្អូនរស់នៅក្នុងលោកនេះ ដោយគ្មានទីសង្ឃឹម ហើយក៏គ្មានព្រះជាម្ចាស់ដែរ។ កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្តែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត បងប្អូនបានមកនៅជិតដោយសារព្រះលោហិតរបស់ព្រះគ្រិស្ត។ គឺព្រះគ្រិស្តហើយដែលជាសន្តិភាពរបស់យើង ព្រះអង្គបានប្រមូលសាសន៍ទាំងពីរ ឲ្យរួមគ្នាមកជាប្រជារាស្ត្រតែមួយ។ ក្នុងព្រះកាយរបស់ព្រះអង្គ ព្រះអង្គបានរំលំជញ្ជាំងដែលបំបាក់បំបែកយើងឲ្យទៅជាបច្ចាមិត្តនឹងគ្នា។ ព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យ*ដែលមានបទបញ្ជា និងក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរឲ្យទៅជាមនុស្សថ្មីតែមួយ ក្នុងព្រះអង្គផ្ទាល់ ព្រមទាំងនាំសន្តិភាពមកផង។ ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ព្រះអង្គបានសម្រុះសម្រួលសាសន៍ទាំងពីរឲ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឲ្យគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកម្ចាត់ការស្អប់គ្នាចោលផង។ ព្រះអង្គបានយាងមក «ទាំងនាំដំណឹងល្អ*អំពីសន្តិភាពមកឲ្យបងប្អូនដែលនៅឆ្ងាយ និងនាំសន្តិភាពមកឲ្យអស់អ្នកដែលនៅជិតដែរ» ។ ដោយសារព្រះគ្រិស្តនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។ ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធ* និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ ព្រះអង្គបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក* និងព្យាការី* ជាគ្រឹះ និងមានព្រះគ្រិស្តយេស៊ូផ្ទាល់ជាថ្មដ៏សំខាន់។ គឺព្រះគ្រិស្តហើយ ដែលធ្វើឲ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឲ្យចម្រើនឡើង ទៅជាព្រះវិហារ*ដ៏វិសុទ្ធមួយរួមជាមួយព្រះអម្ចាស់។ រីឯបងប្អូនក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ ក្នុងព្រះវិញ្ញាណ។