អេភេសូ 2:4-9
អេភេសូ 2:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ព្រះដែលមានសេចក្តីមេត្តាករុណាដ៏លើសលុប ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំងដែលព្រះអង្គបានស្រឡាញ់យើង ទោះជាពេលដែលយើងបានស្លាប់ដោយសារអំពើរំលងរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសឲ្យយើងបានរស់ រួមជាមួយព្រះគ្រីស្ទ (អ្នករាល់គ្នាបានសង្រ្គោះដោយសារព្រះគុណ) ហើយនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះបានប្រោសឲ្យយើងរស់ឡើងវិញរួមជាមួយព្រះអង្គ ហើយឲ្យយើងអង្គុយរួមជាមួយព្រះអង្គនៅស្ថានសួគ៌ដែរ ដើម្បីឲ្យព្រះអង្គបានសម្ដែង ឲ្យមនុស្សជំនាន់ខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលុបរបស់ព្រះអង្គ ដោយសេចក្តីសប្បុរសចំពោះយើង ក្នុងព្រះគ្រីស្ទយេស៊ូវ។ ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន។
អេភេសូ 2:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក៏ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែមានព្រះហឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានឲ្យយើងមានជីវិតរស់រួមជាមួយព្រះគ្រិស្តវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូនដោយសារព្រះគុណ។ ព្រះអង្គបានប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះគ្រិស្តយេស៊ូ និងឲ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។ ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើង ក្នុងអង្គព្រះគ្រិស្តយេស៊ូដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់ព្រះគុណដ៏ប្រសើរលើសលុបបំផុតរបស់ព្រះអង្គ ព្រះអង្គសង្គ្រោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។
អេភេសូ 2:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្ដីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្ដីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន