អេភេសូ 2:4-10

អេភេសូ 2:4-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ព្រះ​ដែល​មាន​សេចក្តី​មេត្តា‌ករុណា​ដ៏​លើស​លុប ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង​ដែល​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង ទោះ​ជា​ពេល​ដែល​យើង​បាន​ស្លាប់​ដោយ​សារ​អំពើ​រំលង​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​យើង​បាន​រស់ រួម​ជា​មួយ​ព្រះ‌គ្រីស្ទ (អ្នក​រាល់​គ្នា​បាន​សង្រ្គោះ​ដោយ​សារ​ព្រះ‌គុណ) ហើយ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះ​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​អង្គុយ​រួម​ជា​មួយ​ព្រះ‌អង្គ​នៅ​ស្ថាន​សួគ៌​ដែរ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​សម្ដែង ឲ្យ​មនុស្ស​ជំនាន់​ខាង​មុខ បាន​ឃើញ​ព្រះ‌គុណ​ដ៏​ធ្ងន់​លើស​លុប​របស់​ព្រះ‌អង្គ ដោយ​សេចក្តី​សប្បុរស​ចំពោះ​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ដ្បិត​ដោយ​សារ​ព្រះ‌គុណ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​សេចក្តី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​ទេ គឺ​ជា​អំណោយ‌ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​អួត​ខ្លួន។ ដ្បិត​យើង​ជា​ស្នា​ព្រះ‌ហស្ត ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក​ក្នុង​ព្រះគ្រីស្ទ‌យេស៊ូវ​សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ជា​មុន ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​តាម។

ចែក​រំលែក
អាន អេភេសូ 2

អេភេសូ 2:4-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែងតែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត គឺ​ទោះ​បី​យើង​ស្លាប់​ដោយ‌សារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះអង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​វិញ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​បងប្អូន​ដោយ‌សារ​ព្រះ‌គុណ។ ព្រះអង្គ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​បរម‌សុខ រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ព្រះអង្គ​បង្ហាញ​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​យើង ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​ព្រះ‌គុណ​ដ៏​ប្រសើរ​លើស‌លុប​បំផុត​របស់​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​បងប្អូន​ដោយ‌សារ​ព្រះ‌គុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បងប្អូន​ទេ គឺ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អួត​ខ្លួន​បាន។ យើង​ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ព្រះអង្គ​បាន​បម្រុង​ទុក​ជា​មុន សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ត​តាម។

ចែក​រំលែក
អាន អេភេសូ 2

អេភេសូ 2:4-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដ៏​លើស‌លប់ ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មាន​ដល់​យើង​រាល់​គ្នា ក្នុង​កាល​ដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅ​ឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ គឺ​ដោយ​ព្រះ‌គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើង​វិញ ក៏​ឲ្យ​យើង​អង្គុយ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​សំដែង ឲ្យ​អស់​ទាំង​កល្ប​ខាង​មុខ បាន​ឃើញ​ព្រះ‌គុណ​ដ៏​ធ្ងន់​លើស‌លប់​របស់​ទ្រង់ ដោយ​សេចក្ដី​សប្បុរស ដែល​ទ្រង់​ផ្តល់​មក​យើង ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដ្បិត​គឺ​ដោយ​ព្រះ‌គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយ‌សារ​សេចក្ដី​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ​ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជា​មុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម។

ចែក​រំលែក
អាន អេភេសូ 2