អេភេសូ 2:14-21

អេភេសូ 2:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ព្រះ‌អង្គ​ជា​សេចក្ដី​សុខសាន្ត​របស់​យើង ព្រះ‌អង្គ​បាន​ធ្វើ​ទាំង​ពីរ​រួម​មក​តែ​មួយ ហើយ​បាន​រើ​ជញ្ជាំង​ខណ្ឌ​ញែក គឺ​ភាព​ជា​សត្រូវ​នឹង​គ្នា​រវាង​យើង​ចេញ ដោយ​រូប​សាច់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​បំបាត់​ក្រឹត្យ‌វិន័យ​ដែល​មាន​បទ‌បញ្ជា និង​បញ្ញត្តិ​ទាំង​ឡាយ​ចេញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​យក​ទាំង​ពីរ​មក​បង្កើត​ជា​មនុស្ស​ថ្មី​តែ​មួយ​ក្នុង​ព្រះ‌អង្គ​ទ្រង់ ដោយ​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត ហើយ​ឲ្យ​ព្រះ‌អង្គ​បាន​ផ្សះ​ផ្សា​សាសន៍​ទាំង​ពីរ​ជា​មួយ​ព្រះ ក្នុង​រូប‌កាយ​តែ​មួយ តាម​រយៈ​ឈើ​ឆ្កាង ទាំង​បំបាត់​ភាព​ជា​សត្រូវ​ចោល តាម​រយៈ​ឈើ​ឆ្កាង​នោះ​ឯង។ ហើយ​ពេល​ព្រះ‌អង្គ​បាន​យាង​មក នោះ​ព្រះ‌អង្គ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​សេចក្តី​សុខសាន្ត​ដល់​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ និង​ដល់​អស់​អ្នក​ដែល​នៅ​ជិត​ផង ដ្បិត​ដោយ​សារ​ព្រះ‌អង្គ យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌វរបិតា ដោយ​ព្រះ‌វិញ្ញាណ​តែ​មួយ។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​ក្រៅ​ទៀត​ទេ គឺ​ជា​ជន​រួម​ជាតិ​តែ​មួយ​ជាមួយ​ពួក​បរិសុទ្ធ និង​ជា​សមា​ជិក​គ្រួសារ​របស់​ព្រះ ដែល​បាន​សង់​ឡើង​លើ​គ្រឹះ​របស់​ពួក​សាវក និង​ពួក​ហោរា ហើយ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​អង្គ​ទ្រង់​ផ្ទាល់ ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។ នៅ​ក្នុង​ព្រះ‌អង្គ សំណង់​ទាំង​មូល​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចម្រើន​ឡើង​ជា​ព្រះ​វិហារ​បរិសុទ្ធ​ក្នុង​ព្រះ‌អម្ចាស់

ចែក​រំលែក
អាន អេភេសូ 2

អេភេសូ 2:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គឺ​ព្រះ‌គ្រិស្ត​ហើយ​ដែល​ជា​សន្តិ‌ភាព​របស់​យើង ព្រះអង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរ ឲ្យ​រួម​គ្នា​មក​ជា​ប្រជា‌រាស្ត្រ​តែ​មួយ។ ក្នុង​ព្រះ‌កាយ​របស់​ព្រះអង្គ ព្រះអង្គ​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​ឲ្យ​ទៅ​ជា​បច្ចា​មិត្ត​នឹង​គ្នា។ ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យ‌វិន័យ*​ដែល​មាន​បទ‌បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល ដើម្បី​បង្រួប‌បង្រួម​សាសន៍​ទាំង​ពីរ​ឲ្យ​ទៅ​ជា​មនុស្ស​ថ្មី​តែ​មួយ ក្នុង​ព្រះអង្គ​ផ្ទាល់ ព្រម​ទាំង​នាំ​សន្តិ‌ភាព​មក​ផង។ ដោយ​ព្រះអង្គ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​សម្រុះ‌សម្រួល​សាសន៍​ទាំង​ពីរ​ឲ្យ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​ឲ្យ​គេ​ស្រុះ‌ស្រួល​ជា​មួយ​ព្រះ‌ជាម្ចាស់​វិញ ទាំង​កម្ចាត់​ការ​ស្អប់​គ្នា​ចោល​ផង។ ព្រះអង្គ​បាន​យាង​មក «ទាំង​នាំ​ដំណឹង‌ល្អ*​អំពី​សន្តិ‌ភាព​មក​ឲ្យ​បងប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្តិ‌ភាព​មក​ឲ្យ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ» ។ ដោយ‌សារ​ព្រះ‌គ្រិស្ត​នេះ​ហើយ ដែល​យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌បិតា ដោយ​រួម​ក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ។ ហេតុ​នេះ បងប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិក‌ជន​ទៀត​ហើយ គឺ​បងប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​ជា​ក្រុម​គ្រួសារ​របស់​ព្រះ‌ជាម្ចាស់។ ព្រះអង្គ​បាន​កសាង​បងប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​សាវ័ក* និង​ព្យាការី* ជា​គ្រឹះ និង​មាន​ព្រះគ្រិស្ត‌យេស៊ូ​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។ គឺ​ព្រះ‌គ្រិស្ត​ហើយ ដែល​ធ្វើ​ឲ្យ​សំណង់​ទាំង​មូល​ភ្ជាប់​គ្នា​យ៉ាង​មាំ និង​ធ្វើ​ឲ្យ​ចម្រើន​ឡើង ទៅ​ជា​ព្រះ‌វិហារ*​ដ៏វិសុទ្ធ​មួយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន អេភេសូ 2

អេភេសូ 2:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ឲ្យ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ ព្រម​ទាំង​បំបាត់​សេចក្ដី​សំអប់​គ្នា ដោយ​នូវ​រូប​សាច់​ទ្រង់ គឺ​បំបាត់​ក្រិត្យ‌វិន័យ​ដែល​មាន​បញ្ញត្ត នឹង​សេចក្ដី​ហាម‌ប្រាម​ទាំង​ប៉ុន្មាន​ចេញ ដើម្បី​ឲ្យ​បាន​យក​ទាំង​២​មក បង្កើត​ជា​មនុស្ស​ថ្មី​តែ​១​ក្នុង​ព្រះ‌អង្គ​ទ្រង់ ដោយ​តាំង​ជា​ស្ពាន​មេត្រី​ឲ្យ ហើយ​ឲ្យ​ទ្រង់​បាន​ផ្សះ‌ផ្សា​ទាំង​២​នឹង​ព្រះ ក្នុង​រូប‌កាយ​តែ​១ ដោយ‌សារ​ឈើ​ឆ្កាង ព្រម​ទាំង​រំងាប់​សេចក្ដី​សំអប់​គ្នា ដោយ​ឈើ​ឆ្កាង​នោះ​ឯង ហើយ​កាល​ទ្រង់​បាន​យាង​មក នោះ​ទ្រង់​បាន​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​សេចក្ដី​មេត្រី​ដល់​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ នឹង​ដល់​ពួក​អ្នក​ដែល​នៅ​ជិត​ផង ដ្បិត​ដោយ‌សារ​ទ្រង់ នោះ​យើង​ទាំង​២​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​ដល់​ព្រះវរ‌បិតា ដោយ​ព្រះ‌វិញ្ញាណ​តែ​១ ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ ដែល​បាន​ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវក​នឹង​ពួក​ហោរា ហើយ​ព្រះ‌យេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ដែល​ដោយ‌សារ​ទ្រង់ ដំណាក់​ទាំង​មូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចំរើន​ឡើង​ជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះ‌អម្ចាស់ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សំរាប់​ជា​លំនៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះ‌វិញ្ញាណ។

ចែក​រំលែក
អាន អេភេសូ 2