សាស្ដា 8:1-15
សាស្ដា 8:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើមានអ្នកណាដូចអ្នកប្រាជ្ញ? តើអ្នកណាចេះកាត់ស្រាយន័យសេចក្ដីផ្សេងៗ? ប្រាជ្ញារបស់មនុស្សរមែងធ្វើឲ្យទឹកមុខគេផូរផង់ឡើង ហើយទឹកមុខរឹងរបស់គេក៏ផ្លាស់ប្រែទៅ។ ខ្ញុំសូមរំឭកថា ចូរប្រព្រឹត្តតាម បញ្ជារបស់ស្តេចចុះ គឺដោយយល់ដល់សម្បថ ដែលខ្លួនបានស្បថដល់ព្រះផង។ កុំប្រញាប់ថយចេញពីចំពោះស្តេចឡើយ ក៏កុំស្អិតចិត្តក្នុងអំពើអាក្រក់ណាដែរ ដ្បិតស្ដេចធ្វើតាមតែព្រះហឫទ័យ។ ដ្បិតរាជឱង្ការរបស់ស្ដេចមានអំណាច តើអ្នកណាហ៊ានទូលស្ដេចថា «តើព្រះករុណាកំពុងធ្វើអ្វី?» អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នឹងមិនស្គាល់ការអាក្រក់ណាឡើយ មួយទៀត ចិត្តរបស់មនុស្សមានប្រាជ្ញារមែងយល់ពេលដែលស្រួល និងសេចក្ដីវិនិច្ឆ័យ ក៏មានពេលវេលា នឹងសេចក្ដីវិនិច្ឆ័យ សម្រាប់គ្រប់ការទាំងអស់ ព្រោះអំពើអាក្រក់របស់មនុស្សតែងតែសង្កត់លើខ្លួនគេយ៉ាងធ្ងន់។ ដ្បិតគេមិនដឹងថានឹងមានហេតុការណ៍អ្វីកើតឡើងទេ? តើអ្នកណាអាចប្រាប់ឲ្យគេដឹងថានឹងមានអ្វីកើតឡើងបាន? គ្មានអ្នកណាមានអំណាចនឹងឃាត់ដង្ហើមជីវិតបានទេ ក៏គ្មានអ្នកណាមានអំណាចលើថ្ងៃមរណៈបានដែរ។ គ្មានផ្លូវគេចរួចពីចម្បាំងបានទេ ហើយអំពើអាក្រក់ក៏មិនជួយអ្នកណាដែលប្រព្រឹត្តអាក្រក់ឲ្យបានរួចដែរ។ ការទាំងនេះខ្ញុំបានឃើញអស់ហើយ ក៏បានផ្ចង់ចិត្តចំពោះគ្រប់ការដែលកើតមាននៅក្រោមថ្ងៃ មានគ្រាដែលមនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា។ បន្ទាប់មក ខ្ញុំបានឃើញគេបញ្ចុះសពមនុស្សអាក្រក់ គេធ្លាប់ចេញចូលក្នុងទីបរិសុទ្ធ ហើយមនុស្សក៏បានសរសើរគេក្នុងទីក្រុង ជាកន្លែងដែលគេបានប្រព្រឹត្តដ៏អាក្រក់របស់ខ្លួន។ នេះក៏ជាការឥតប្រយោជន៍ដែរ។ ចិត្តរបស់ពួកមនុស្សជាតិបានផ្តាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយសារតែការធ្វើទោស ចំពោះអំពើអាក្រក់ មិនបានសម្រេចជាយ៉ាងឆាប់។ ទោះបើមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់ដល់ទៅមួយរយដង ហើយចម្រើនអាយុយឺនយូរក៏ដោយ គង់តែខ្ញុំដឹងថា ពួកអ្នកដែលកោតខ្លាចព្រះ គឺកោតខ្លាចនៅចំពោះព្រះអង្គ គេនឹងមានសេចក្ដីសុខ។ ប៉ុន្តែ មនុស្សអាក្រក់មិនបានសេចក្ដីសុខទេ ឯអាយុរបស់គេ ដែលធៀបដូចជាស្រមោល ក៏មិនបានយឺនយូរដែរ ព្រោះគេមិនកោតខ្លាចដល់ព្រះឡើយ។ មានការឥតប្រយោជន៍ម៉្យាង តែងតែមាននៅផែនដី គឺមានមនុស្សសុចរិតដែលទទួលសំណងតាមអំពើរបស់មនុស្សអាក្រក់វិញ មួយទៀត មានមនុស្សអាក្រក់ដែលទទួលសំណងតាមអំពើរបស់មនុស្សសុចរិតដែរ ខ្ញុំថាសេចក្ដីនោះជាការឥតមានទំនងសោះ ដូច្នេះ ខ្ញុំឲ្យតម្លៃលើការសប្បាយ ព្រោះនៅក្រោមថ្ងៃនេះ គ្មានអ្វីប្រសើសម្រាប់មនុស្សជាជាងការស៊ីផឹក និងមានចិត្តរីករាយនោះទេ ដ្បិតមានតែការទាំងនេះ ដែលជាផលពីការនឿយហត់របស់ខ្លួន ដែលនឹងនៅជាប់រាល់ថ្ងៃអស់មួយជីវិតរបស់ខ្លួន ដែលព្រះបានប្រទានឲ្យរស់នៅក្រោមថ្ងៃ។
សាស្ដា 8:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើនរណាដូចអ្នកប្រាជ្ញ តើនរណាអាចពន្យល់ព្រឹត្តិការណ៍ផ្សេងៗបាន? ប្រាជ្ញារបស់មនុស្សធ្វើឲ្យផ្ទៃមុខរបស់គេភ្លឺថ្លា ព្រមទាំងបំផ្លាស់បំប្រែទឹកមុខដ៏មួហ្មងរបស់គេផង។ ចូរប្រព្រឹត្តតាមពាក្យរបស់ស្ដេច ដោយយល់ពាក្យដែលយើងបានសច្ចាចំពោះព្រះជាម្ចាស់ កុំបោះបង់ចោលស្ដេចឲ្យសោះ ហើយក៏កុំតាំងចិត្តមានះប្រព្រឹត្តអំពើដែលស្ដេចមិនគាប់ព្រះហឫទ័យដែរ ដ្បិតស្ដេចអាចធ្វើអ្វីៗបានទាំងអស់តាមព្រះរាជបំណង។ ស្ដេចមានរាជឱង្ការយ៉ាងណាក្ដី ក៏សុទ្ធតែមានអំណាច។ គ្មាននរណាអាចសួរស្ដេចថា “ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ” បានឡើយ។ អ្នកធ្វើតាមបទបញ្ជា មិនដែលជួបនឹងទុក្ខទោសឡើយ។ ចិត្តរបស់មនុស្សមានប្រាជ្ញាតែងតែចេះសម្គាល់មើលកាលៈទេសៈ និងការវិនិច្ឆ័យ។ អ្វីៗទាំងអស់ដែលមនុស្សប្រព្រឹត្តនឹងត្រូវទទួលការវិនិច្ឆ័យ នៅពេលអំពើអាក្រក់របស់មនុស្សកើនដល់កម្រិត។ មនុស្សពុំអាចដឹងហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាលបានឡើយ គ្មាននរណាម្នាក់ប្រាប់ឲ្យគេដឹងទេ។ មនុស្សគ្មានអំណាចនឹងឃាត់ដង្ហើមជីវិតរបស់ខ្លួនបានឡើយ ហើយក៏ពុំអាចពន្យារថ្ងៃស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេចផុតពីការតយុទ្ធទេ រីឯអំពើអាក្រក់ពុំអាចជួយមនុស្សដែលប្រព្រឹត្តអាក្រក់ ឲ្យរួចជីវិតបានជាដាច់ខាត។ ពេលខ្ញុំសង្កេតមើលកិច្ចការទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ខ្ញុំយល់ឃើញដូចតទៅនេះ: មានពេលខ្លះ មនុស្សត្រួតត្រាលើមនុស្សដូចគ្នា ដែលធ្វើឲ្យគេរងទុក្ខវេទនា។ ខ្ញុំបានឃើញគេបញ្ចុះសពមនុស្សអាក្រក់។ អ្នកទាំងនោះធ្លាប់ចូលមកក្នុងទីសក្ការៈ ប៉ុន្តែ នៅក្នុងទីក្រុង អ្នកក្រុងមិននឹកចាំពីអំពើដែលអ្នកទាំងនោះបានប្រព្រឹត្តឡើយ។ ត្រង់នេះទៀតក៏ឥតបានការដែរ។ មនុស្សប្រព្រឹត្តអំពើអាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញគេឲ្យប្រព្រឹត្តអំពើអាក្រក់។ ទោះបីមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់មួយរយដង ហើយមានអាយុយឺនយូរយ៉ាងណាក្ដី ក៏ខ្ញុំយល់ឃើញថា មានតែអស់អ្នកកោតខ្លាចព្រះជាម្ចាស់ប៉ុណ្ណោះ ដែលបានសេចក្ដីសុខ ព្រោះគេគោរពព្រះអង្គ។ មនុស្សអាក្រក់មិនដែលបានសេចក្ដីសុខទេ ហើយក៏គ្មានអាយុវែងដែរ គឺមិនយូរជាងស្រមោលឡើយ ព្រោះគេមិនគោរពព្រះជាម្ចាស់។ មានការឥតប្រយោជន៍មួយទៀត នៅលើផែនដី គឺមនុស្សសុចរិតទទួលផលវិបាកដែលបម្រុងទុកសម្រាប់មនុស្សទុច្ចរិត ហើយមនុស្សទុច្ចរិតទទួលរង្វាន់ដែលបម្រុងទុកសម្រាប់មនុស្សសុចរិត។ ដូចខ្ញុំបានពោលរួចមកហើយថា ត្រង់នេះក៏ឥតបានការដែរ។ ដូច្នេះ ខ្ញុំឲ្យតម្លៃទៅលើការសប្បាយ ដ្បិតនៅលើផែនដីនេះគ្មានអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីការស៊ីផឹក និងសប្បាយរីករាយឡើយ។ គេត្រូវតែធ្វើដូច្នេះ ថែមពីលើការងារដ៏នឿយហត់ ដែលគេបំពេញក្នុងពេលព្រះជាម្ចាស់ប្រទានឲ្យគេរស់នៅលើផែនដីនេះ។
សាស្ដា 8:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើមានអ្នកណាដូចអ្នកប្រាជ្ញ តើអ្នកណាចេះកាត់ស្រាយន័យសេចក្ដីអ្វីៗ ប្រាជ្ញារបស់មនុស្សរមែងធ្វើឲ្យទឹកមុខគេផូរផង់ឡើង ហើយទឹកមុខរឹងរបស់គេក៏ផ្លាស់ប្រែទៅ យើងសូមរំឭកថា ចូរប្រព្រឹត្តតាមបង្គាប់នៃស្តេចចុះ នោះគឺដោយយល់ដល់សម្បថ ដែលខ្លួនបានស្បថដល់ព្រះផង កុំឲ្យប្រញាប់នឹងថយចេញពីចំពោះស្តេចឡើយ ក៏កុំឲ្យស្អិតចិត្តក្នុងអំពើអាក្រក់ណាដែរ ដ្បិតស្តេចទ្រង់ធ្វើតាមតែព្រះទ័យទ្រង់ ពីព្រោះព្រះបន្ទូលនៃស្តេចមានឫទ្ធិអំណាច តើមានអ្នកណាហ៊ានទូលដល់ទ្រង់ថា តើទ្រង់ធ្វើអីនោះ អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះនឹងមិនស្គាល់ការអាក្រក់ណាឡើយ ១ទៀត ចិត្តរបស់មនុស្សមានប្រាជ្ញារមែងយល់ពេលដែលស្រួល នឹងសេចក្ដីវិនិច្ឆ័យ ក៏មានពេលវេលា នឹងសេចក្ដីវិនិច្ឆ័យ សំរាប់គ្រប់ការទាំងអស់ ពីព្រោះសេចក្ដីអាក្រក់របស់មនុស្សតែងតែសង្កត់លើខ្លួនគេជាធ្ងន់ ដ្បិតគេមិនដឹងជានឹងកើតមានអ្វីទេ តើអ្នកណានឹងប្រាប់ឲ្យគេដឹងជានឹងកើតមានអ្វីបាន គ្មានអ្នកណាមានអំណាចត្រួតលើវិញ្ញាណ ដើម្បីនឹងឃាត់វិញ្ញាណបានទេ ក៏គ្មានអ្នកណាមានអំណាចលើថ្ងៃមរណៈដែរ គ្មានផ្លូវនឹងគេចរួចចេញពីចំបាំងទេ ហើយសេចក្ដីអាក្រក់ក៏មិនជួយឲ្យអ្នកណា ដែលប្រគល់ខ្លួនទៅឲ្យប្រព្រឹត្តតាម បានរួចដែរ។ បណ្តាការទាំងនេះយើងបានឃើញអស់ហើយ ក៏បានផ្ចង់ចិត្តចំពោះគ្រប់ទាំងការដែលកើតមាននៅក្រោមថ្ងៃ មានគ្រាដែលមនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា តាមដំណើរនោះ យើងបានឃើញគេហែខ្មោចមនុស្សអាក្រក់ទៅកប់ តែចំណែកពួកអ្នកត្រឹមត្រូវវិញ គេបាត់ចេញពីទីបរិសុទ្ធ ហើយមនុស្សនៅក្នុងទីក្រុងក៏ភ្លេចគេទៅ នេះក៏ជាការឥតមានទំនងដែរ ចិត្តរបស់ពួកមនុស្សជាតិបានផ្តាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយព្រោះតែការធ្វើទោស ចំពោះអំពើអាក្រក់ មិនបានសំរេចជាយ៉ាងឆាប់ ទោះបើមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់ដល់ទៅ១០០ដង ហើយចំរើនអាយុយឺនយូរក៏ដោយ គង់តែយើងដឹងថា ពួកអ្នកដែលកោតខ្លាចដល់ព្រះ គឺដែលកោតខ្លាចនៅចំពោះទ្រង់ គេនឹងមានសេចក្ដីសុខស្រួលវិញ តែមិនបានសេចក្ដីសុខស្រួល ដល់មនុស្សអាក្រក់ទេ ឯអាយុគេ ដែលធៀបដូចជាស្រមោល នោះក៏មិនបានយឺនយូរដែរ ពីព្រោះគេមិនកោតខ្លាចដល់ព្រះឡើយ។ មានការឥតមានទំនងម្យ៉ាង ដែលតែងតែមាននៅផែនដី គឺមានមនុស្សសុចរិតដែលទទួលសំណងតាមអំពើរបស់មនុស្សអាក្រក់វិញ ១ទៀត មានមនុស្សអាក្រក់ដែលទទួលសំណងតាមអំពើរបស់មនុស្សសុចរិតដែរ យើងថាសេចក្ដីនោះជាការឥតមានទំនងសោះ រួចយើងបាននិយមខាងសេចក្ដីសប្បាយ ពីព្រោះនៅក្រោមថ្ងៃ មនុស្សឥតមានអ្វីល្អជាងការស៊ីផឹក ហើយមានចិត្តរីករាយនោះទេ ដ្បិតមានតែការប៉ុណ្ណោះ ជាផលពីការនឿយហត់របស់ខ្លួន ដែលនឹងនៅជាប់រាល់តែថ្ងៃអស់១ជីវិតខ្លួន ដែលព្រះទ្រង់បានប្រទានឲ្យរស់នៅក្រោមថ្ងៃ។