ទុតិយកថា 7:1-6

ទុតិយកថា 7:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ហៀប‌នឹង​ចូល​ទៅ​កាន់កាប់ ហើយ​ព្រះ‌អង្គ​បាន​ដេញ​សាសន៍​ជា​ច្រើន​ពី​មុខអ្នក​ចេញ គឺ​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស សាសន៍​ទាំង​ប្រាំ​ពីរ​នោះ​មាន​គ្នា​ច្រើន ហើយ​ខ្លាំង​ពូកែ​ជាង​អ្នក កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​អ្នក ហើយ​អ្នក​បាន​ឈ្នះ​គេ នោះ​ត្រូវ​បំផ្លាញ​គេ​ឲ្យ​អស់​កុំឲ្យសល់ មិន​ត្រូវ​តាំង​សញ្ញា​ជាមួយ​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ។ មិន​ត្រូវ​រៀប‌ការ​ជា‌មួយ​គេ ដោយឲ្យ​កូន​ស្រី​របស់​អ្នក​ទៅ​កូន​ប្រុស​របស់​គេ ឬ​យក​កូន​ស្រីរបស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​អ្នក​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​កូន​របស់​អ្នក​ចេញពី​យើង ឲ្យ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ។ ពេល​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះ‌អង្គ​នឹង​បំផ្លាញ​អ្នក​យ៉ាង​រហ័ស។ ប៉ុន្ដែ អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​ស្ដូប​របស់​គេ ហើយ​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នឹង​ភ្លើង​ទៅ។ ដ្បិត​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ជ្រើស​រើស​អ្នក ពី​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែន‌ដី មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។

ចែក​រំលែក
អាន ទុតិយកថា 7

ទុតិយកថា 7:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ ដោយ​បណ្ដេញ​ប្រជា‌ជាតិ​ជា​ច្រើន​ចេញ​ពី​មុខ​អ្នក ដូច​ជា​ជន‌ជាតិ​ហេត ជន‌ជាតិ​គើកា‌ស៊ី ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស គឺ​ប្រជា‌ជាតិ​ទាំង​ប្រាំ‌ពីរ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ពេល​ណា​អ្នក​យក​ជ័យ‌ជម្នះ​លើ​ពួក​គេ​ហើយ ចូរ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់។ កុំ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ឬ​ប្រណី​សន្ដោស​ពួក​គេ​ឡើយ។ កុំ​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នេះ ដោយ​ចំណង​អាពាហ៍‌ពិពាហ៍ គឺ​មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក​ឲ្យ​កូន​ប្រុស​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​ដណ្ដឹង​កូន​ស្រី​របស់​ពួក​គេ​ឲ្យ​កូន​ប្រុស​របស់​អ្នក​ដែរ។ បើ​មិន​ដូច្នោះ​ទេ កូន​ប្រុស​របស់​អ្នក​មុខ​ជា​បែរ​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​អ្នក​រាល់​គ្នា ហើយ​កម្ទេច​អ្នក​មួយ​រំពេច។ អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ជាតិ​សាសន៍​ទាំង​នោះ​ដូច​ត​ទៅ គឺ​ត្រូវ​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្តូប​របស់​ពួក​គេ ត្រូវ​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​ដុត​កម្ទេច​រូប​ព្រះ​របស់​ពួក​គេ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់»។

ចែក​រំលែក
អាន ទុតិយកថា 7

ទុតិយកថា 7:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ត្រូវ​ចូល​ទៅ​ទទួល​យក​នោះ ហើយ​ទ្រង់​បាន​ដេញ​សាសន៍​ជា​ច្រើន ពី​មុខ​ឯង​ចេញ គឺ​ជា​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស ទាំង​៧​សាសន៍​នោះ​ដែល​ធំ ហើយ​ពូកែ​ជាង​ឯង កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​ឯង ហើយ​ឯង​បាន​ឈ្នះ​គេ នោះ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ មិន​ត្រូវ​តាំង​សញ្ញា​នឹង​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​នឹង​គេ ឬ​ឲ្យ​កូន​ស្រី​ឯង​ទៅ​កូន​ប្រុស​គេ ហើយ​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​ឯង​នោះ​ដែរ ដ្បិត​គេ​នឹង​បង្វែរ​កូន​ឯង​ពី​អញ​ចេញ ឲ្យ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ យ៉ាង​នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​កាត់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ហើយ​ទ្រង់​នឹង​បំផ្លាញ​ឯង​ចេញ​ជា​ឆាប់ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​បង្គោល​ដែល​សំរាប់​គោរព ហើយ​បំផ្លាញ​អ្នក‌តា ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នៅ​ក្នុង​ភ្លើង​ទៅ ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​យក​ឯង ឲ្យ​បាន​ជា​របស់​ផង​ទ្រង់ លើស​ជាង​អស់​ទាំង​សាសន៍ ដែល​នៅ​ផែនដី​ផង។

ចែក​រំលែក
អាន ទុតិយកថា 7