ទុតិយកថា 6:1-9
ទុតិយកថា 6:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«នេះជាបទបញ្ជា ជាច្បាប់ និងជាបញ្ញត្តិផ្សេងៗ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបង្គាប់ខ្ញុំឲ្យបង្រៀនអ្នក ដើម្បីឲ្យអ្នកបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអ្នកនឹងឆ្លងចូលទៅកាន់កាប់ ប្រយោជន៍ឲ្យអ្នកបានកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយកាន់តាមគ្រប់ទាំងច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នក អស់មួយជីវិតរបស់អ្នក និងកូនចៅរបស់អ្នកតរៀងទៅ ហើយឲ្យអ្នកមានអាយុយឺនយូរ។ ដូច្នេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់ ហើយប្រយ័ត្ននឹងប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានសប្បាយ ហើយចម្រើនគ្នាជាច្រើនឡើងយ៉ាងសន្ធឹក នៅក្នុងស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នកបានសន្យានឹងអ្នក។ ចូរស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែមួយអង្គគត់ ។ អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់អ្នក។ សេចក្ដីទាំងនេះដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ត្រូវនៅជាប់ក្នុងចិត្តរបស់អ្នកជានិច្ច។ ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅរបស់អ្នក ហើយត្រូវដំណាលសេចក្ដីទាំងនេះ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលដើរតាមផ្លូវ ពេលដេក និងពេលក្រោកឡើងផង។ ត្រូវចងសេចក្ដីទាំងនេះជាទីសម្គាល់នៅនឹងដៃ ហើយត្រូវធ្វើជាស្លាកនៅកណ្ដាលថ្ងាសរបស់អ្នក ត្រូវកត់សេចក្ដីទាំងនេះនៅក្របទ្វារផ្ទះ និងនៅទ្វារក្រុងរបស់អ្នក»។
ទុតិយកថា 6:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«នេះជាបទបញ្ជា គឺច្បាប់ និងវិន័យផ្សេងៗដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុក ដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ ធ្វើដូច្នេះ អ្នកនឹងគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ជារៀងរាល់ថ្ងៃ អស់មួយជីវិត អ្នក និងកូនចៅរបស់អ្នក ត្រូវកាន់តាមច្បាប់ និងបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ។ អ៊ីស្រាអែលអើយ ចូរស្ដាប់ក្រឹត្យវិន័យ និងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នក បានសន្យាជាមួយអ្នក។ អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ ជាព្រះរបស់យើង មួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។ ត្រូវទុកឲ្យព្រះបន្ទូលដែលខ្ញុំប្រគល់ដល់អ្នកនៅថ្ងៃនេះ ដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច។ ចូរបង្រៀនកូនចៅរបស់អ្នកអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយឲ្យវាស្ដាប់ ពេលអ្នកនៅផ្ទះ ពេលធ្វើដំណើរ ពេលចូលដំណេក និងពេលក្រោកពីដំណេក។ ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នក។ ចូរសរសេរលើក្របទ្វារផ្ទះ និងក្លោងទ្វារក្រុងរបស់អ្នក»។
ទុតិយកថា 6:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាសេចក្ដីបង្គាប់ ជាច្បាប់ ហើយជាបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបង្គាប់មកឲ្យបង្រៀនដល់ឯង ដើម្បីឲ្យឯងបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលនឹងឆ្លងចូលទៅទទួលយក ប្រយោជន៍ឲ្យឯងបានកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយកាន់តាមគ្រប់ទាំងច្បាប់ នឹងបញ្ញត្តរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនេះ នៅអស់១ជីវិតរបស់ឯង នឹងកូនចៅឯងតរៀងទៅ ហើយឲ្យឯងបានអាយុជាយូរអង្វែងតទៅ ដូច្នេះឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់ ហើយប្រយ័ត នឹងប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានសប្បាយ ហើយចំរើនគ្នាជាច្រើនឡើងយ៉ាងសន្ធឹក នៅក្នុងស្រុកដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ ដូចជាព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោឯង បានសន្យានឹងឯងហើយ។ ចូរស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង ត្រូវចងសេចក្ដីទាំងនេះជាប់នៅដៃឯង ទុកជាទីសំគាល់ ហើយត្រូវធ្វើជាស្លាកនៅកណ្តាលថ្ងាសឯងផង ក៏ត្រូវកត់នៅក្របទ្វារផ្ទះឯង ហើយនៅទ្វារកំផែងរបស់ឯងផង។