ទុតិយកថា 11:11-32

ទុតិយកថា 11:11-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្លង​កាន់​កាប់​នេះ ជា​ស្រុក​មាន​ភ្នំ មាន​ជ្រលង​ភ្នំ ហើយ​ក៏​ស្រោច​ដោយ​ទឹក​ភ្លៀង​ពី​លើ​មេឃ​មក​វិញ ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ទ្រង់​ថែ​រក្សា។ ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ចេះ​តែ​ទត​មើល​ស្រុក​នោះ​ជានិច្ច តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បទ​បញ្ជា​របស់​ព្រះ ដែលខ្ញុំ​បង្គាប់អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ គឺ​ឲ្យ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹងរបស់​អ្នក នោះ​ព្រះ‌អង្គ នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ដើម​រដូវ និង​ភ្លៀង​ចុង​រដូវ ដើម្បី​ឲ្យអ្នករាល់​គ្នា​អាច​ប្រមូល​ផលស្រូវ ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ប្រេង ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​មាន​ស្មៅ​នៅ​ទី​វាល សម្រាប់​ហ្វូង​សត្វអ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់។ ចូរ​ប្រយ័ត្ន​ចុះ ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​ត្រូវ​សេចក្ដី​ល្បួង រួច​បែរ​ចេញទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ រួច​សេចក្ដី‌ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់គ្នា ហើយ​ព្រះ‌អង្គនឹង​បិទ​ផ្ទៃ​មេឃ មិន​ឲ្យ​មាន​ភ្លៀង ហើយ​ដី​លែង​បង្កើត​ផល នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​យ៉ាង​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​មកអ្នក​រាល់​គ្នា។ ដូច្នេះ ត្រូវ​ឲ្យ​រក្សា​អស់​ទាំង​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត ក្នុង​ព្រលឹង​របស់​អ្នក​រាល់​គ្នា​ចុះ ហើយ​ត្រូវ​ចង​ពាក្យ​ទាំង​នេះ​ភ្ជាប់​នៅ​ដៃ​របស់​អ្នក ទុក​ជា​ទី​សម្គាល់ និង​សម្រាប់​ជា​ស្លាក​នៅ​កណ្ដាល​ថ្ងាស​អ្នក​រាល់​គ្នា។ ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា ដោយ​និយាយ​ប្រាប់ពួក‌គេ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​អ្នក​ដើរ​តាម​ផ្លូវ ពេល​អ្នក​ចូលដំណេក និង​ពេល​អ្នក​ក្រោក​ពីដំណេក​ផង។ ត្រូវ​កត់​សេចក្ដី​ទាំងនេះ​នៅ​ក្រប​ទ្វារ​ផ្ទះ និង​នៅ​ទ្វារ​ក្រុង​របស់​អ្នក ។ ដើម្បី​ឲ្យ​អាយុ​របស់​អ្នក និង​អាយុ​កូន​ចៅ​របស់​អ្នក​បាន​ចម្រើន​វែង​ឡើង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក ដូច​ជា​ផ្ទៃ​មេឃ​នៅ​លើ​ផែន‌ដី។ ដ្បិត​បើ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​កាន់​តាម​អស់​ទាំង​បទ​បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នេះ ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវរបស់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹង​ព្រះ‌អង្គ នោះ​ព្រះ‌យេហូវ៉ា​នឹង​បណ្តេញ​សាសន៍​ទាំង​អស់​នេះ ចេញ​ពី​មុខអ្នក ហើយ​អ្នក​នឹង​ចាប់​យក​ស្រុក​របស់​សាសន៍​ដែល​ធំ ហើយ​ខ្លាំង​ពូកែ​ជាង​អ្នក គ្រប់​ទី​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ដាក់​បាត​ជើង​ជាន់ នោះ​នឹង​បាន​ជា​របស់​អ្នក។ ដែន​ដី​របស់​អ្នក​នឹង​បាន​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ល្បាណូន និង​ពី​ទន្លេ គឺ​ទន្លេ​អ៊ើប្រាត រហូត​ដល់​សមុទ្រ​ខាង​លិច។ គ្មានអ្នក​ណា​ម្នាក់​នឹង​អាច​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​បណ្ដាល​ឲ្យ​ស្រុក​ទាំង​មូល​ដែល​អ្នក​រាល់​គ្នា​ដាក់​ជើង​ជាន់ ភិត​ភ័យ ហើយ‌ខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក។ មើល៍ នៅ​ថ្ងៃ​នេះ ខ្ញុំ​ដាក់​ព្រះ​ពរ និង​បណ្ដា‌សា​នៅ​មុខ​អ្នក​រាល់​គ្នា ប្រសិន‌បើ​អ្នក​រាល់​គ្នា​គោរព​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​នឹង​បាន​ពរ តែ​ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​គោរព​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ទេ គឺ​បែរ​ចេញ​ពី​ផ្លូវ​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ទៅ​តាម​ព្រះ​ដទៃ​ដែលអ្នក​រាល់​គ្នា​មិន​បាន​ស្គាល់​វិញ នោះ​នឹង​ត្រូវ​បណ្ដា‌សា​មិន​ខាន។ កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​ទៅ​ចាប់​យក នោះ​ត្រូវ​ឲ្យ​ប្រកាស​ព្រះ‌ពរ​ពី​លើ​ភ្នំ​កេរិស៊ីម និង​បណ្ដា‌សា​ពី​លើ​ភ្នំ​អេបាល។ អ្នក​រាល់​គ្នា​ស្គាល់​ស្រាប់​ហើយ ភ្នំ​ទាំងពីរ​នោះ​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ទៅ​ទិស​ខាង​លិច ក្នុង​ស្រុក​របស់ពួក​សាសន៍​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាបអារ៉ាបា ទល់​មុខ​នឹង​គីល‌កាល ជិត​ដើម​ម៉ៃសាក់​នៅ​ម៉ូរេ។ ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ពេល​អ្នក​រាល់​គ្នា​ចាប់​យក ហើយ​រស់​នៅ​ក្នុង​ស្រុក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ដាក់​នៅ​មុខអ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។

ចែក​រំលែក
អាន ទុតិយកថា 11

ទុតិយកថា 11:11-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​ជា​ស្រុក​មាន​ភ្នំ និង​ជ្រលង​ភ្នំ ហើយ​មាន​ភ្លៀង​ស្រោច​ស្រព​ដី​ស្រែ​ចម្ការ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ស្រុក​នោះ គឺ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មើល​ថែ​ទាំ​ស្រុក​នោះ​ជានិច្ច។ ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​គោរព​បម្រើ​ព្រះអង្គ​អស់​ពី​ចិត្ត អស់​ពី​គំនិត “យើង​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ និង​ភ្លៀង​នៅ​ចុង​រដូវ។ ពេល​នោះ អ្នក​នឹង​ប្រមូល​បាន​ភោគ‌ផល គឺ​ស្រូវ​ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង។ យើង​នឹង​ធ្វើ​ឲ្យ​ស្មៅ​ដុះ​នៅ​តាម​ទីវាល សម្រាប់​ហ្វូង​សត្វ​របស់​អ្នក​ដែរ។ ដូច្នេះ អ្នក​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌”។ ចូរ​ប្រយ័ត្ន កុំ​បណ្ដោយ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វង្វេង​ចេញ​ពី​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ឡើយ។ បើ​មិន​ដូច្នេះ​ទេ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​បង្ខាំង​មេឃ មិន​ឲ្យ​បង្អុរ​ភ្លៀង រីឯ​ដី​ក៏​មិន​បង្កើត​ភោគ‌ផល ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​យ៉ាង​ឆាប់ៗ នៅ​ក្នុង​ស្រុក​ដ៏​ល្អ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា។ ត្រូវ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដក់​នៅ​ក្នុង​ចិត្ត ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ជានិច្ច។ ត្រូវ​ចង​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក​រាល់​គ្នា។ ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​អ្នក​ធ្វើ​ដំណើរ ពេល​អ្នក​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។ ចូរ​សរសេរ​ព្រះ‌បន្ទូល​នេះ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​អ្នក និង​លើ​ក្លោង​ទ្វារ​ក្រុង។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ដូច​ផ្ទៃ​មេឃ​ស្ថិត​នៅ​លើ​ផែនដី។ ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់ និង​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ នូវ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​ឲ្យ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ហើយ​ជំពាក់​ចិត្ត​លើ​ព្រះអង្គ ព្រះ‌អម្ចាស់​នឹង​បណ្ដេញ​ប្រជា‌ជាតិ​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​របស់​ប្រជា‌ជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក​រាល់​គ្នា​មក​ធ្វើ​ជា​កម្មសិទ្ធិ។ អ្នក​រាល់​គ្នា​ដាក់​ជើង​លើ​កន្លែង​ណា ដី​កន្លែង​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា។ ព្រំ‌ប្រទល់​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ចាប់​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ស្រុក​លីបង់ និង​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។ គ្មាន​នរណា​ម្នាក់​អាច​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ឆ្លង​កាត់ ភិត‌ភ័យ និង​កោត​ខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សន្យា។ ឥឡូវ​នេះ ខ្ញុំ​ដាក់​ព្រះ‌ពរ និង​បណ្ដាសា​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស​រើស។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ព្រះ‌ពរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន។ ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ នោះ​អ្នក​ត្រូវ​ប្រកាស​អំពី​ព្រះ‌ពរ​នៅ​លើ​ភ្នំ​កេរិ‌ស៊ីម និង​បណ្ដាសា​នៅ​លើ​ភ្នំ​អេបាល។ ភ្នំ​ទាំង​ពីរ​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​នៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​លិច ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាប​អារ៉ា‌បា ទល់​មុខ​នឹង​គីល‌កាល់ ជិត​ដើម​ជ្រៃ​ម៉ូរេ។ អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ រួច​ហើយ​ត្រូវ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចាប់​យក​នោះ។ អ្នក​រាល់​គ្នា​ត្រូវ​កាន់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។

ចែក​រំលែក
អាន ទុតិយកថា 11

ទុតិយកថា 11:11-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទៅ​ចាប់​យក​នេះ គឺ​ជា​ស្រុក​មាន​ភ្នំ មាន​ច្រក ហើយ​ក៏​បាន​ស្រោច​ដោយ​ទឹក​ភ្លៀង​ពី​លើ​មេឃ​មក​វិញ ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ថែ​រក្សា ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ចេះ​តែ​ទត​មើល​ស្រុក​នោះ​ជានិច្ច តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ។ បើ‌សិន​ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​អស់​ពី​ចិត្ត តាម​បង្គាប់​អញ ដែល​អញ​ប្រាប់​នៅ​ថ្ងៃ​នេះ ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង នោះ​អញ​នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ខាង​ដើម​រដូវ នឹង​ខាង​ចុង​រដូវ ដើម្បី​ឲ្យ​ឯង​អាច​នឹង​ច្រូត​ស្រូវ​ឯង ហើយ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ធ្វើ​ប្រេង​របស់​ឯង​បាន អញ​នឹង​ឲ្យ​មាន​ស្មៅ​នៅ​វាល សំរាប់​ហ្វូង​សត្វ​ឯង ហើយ​ខ្លួន​ឯង​ក៏​នឹង​បរិភោគ​ឆ្អែត​ផង។ ចូរ​ប្រយ័ត​ចុះ ក្រែង​ចិត្ត​ឯង​រាល់​គ្នា​ត្រូវ​សេចក្ដី​ល្បួង ហើយ​បែរ​ចេញ ទៅ​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ រួច​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ឆួល​ឡើង​ទាស់​នឹង​ឯង ហើយ​ទ្រង់​បិទ​ផ្ទៃ​មេឃ មិន​ឲ្យ​មាន​ភ្លៀង ឲ្យ​ដី​លែង​បង្កើត​ផល នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​ចេញ យ៉ាង​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​មក​ឯង។ ដូច្នេះ ត្រូវ​ឲ្យ​រក្សា​អស់​ទាំង​ពាក្យ​អញ​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត ក្នុង​ព្រលឹង​ឯង​ចុះ ហើយ​ត្រូវ​ឲ្យ​ចង​ពាក្យ​ទាំង​នេះ​ភ្ជាប់​នៅ​ដៃ​ឯង​ទុក​ជា​ទី​សំគាល់ នឹង​សំរាប់​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​ឯង ត្រូវ​ឲ្យ​បង្រៀន​ពាក្យ​ទាំង​នេះ​ដល់​ពួក​កូន​ចៅ​ឯង ដោយ​និយាយ​ប្រាប់​ក្នុង​កាល​ដែល​ឯង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង ត្រូវ​ឲ្យ​កត់​ពាក្យ​ទាំង​នេះ​នៅ​ក្រប​ទ្វារ​ផ្ទះ ហើយ​នៅ​ទ្វារ​កំផែង​ឯង​ដែរ ដើម្បី​អាយុ​ឯង នឹង​អាយុ​កូន​ចៅ​ឯង បាន​ចំរើន​វែង​ឡើង ដូច​ជា​អស់​ទាំង​ថ្ងៃ​នៃ​ស្ថាន‌សួគ៌​នៅ​លើ​ផែនដី នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង ដ្បិត​បើ​ឯង​រាល់​គ្នា​នឹង​កាន់​តាម​បញ្ញត្ត ដែល​អញ​បង្គាប់​ឯង​នេះ​គ្រប់​ជំពូក​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ដោយ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ទាំង​នេះ ពី​មុខ​ឯង​ចេញ ហើយ​ឯង​នឹង​បាន​ចាប់​យក​ស្រុក របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​ធំ ហើយ​ខ្លាំង​ពូកែ​ជាង​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ជើង​ឯង​រាល់​គ្នា​នឹង​ជាន់​លើ នោះ​នឹង​បាន​ជា​របស់​ផង​ឯង​ហើយ ឯ​ព្រំ​ស្រុក​ឯង នោះ​នឹង​បាន​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ល្បាណូន ហើយ​ពី​ទន្លេ គឺ​ជា​ទន្លេ​អ៊ើប្រាត រហូត​ដល់​សមុទ្រ​ខាង​លិច គ្មាន​មនុស្ស​ណា​មួយ​នឹង​អាច​ឈរ​នៅ​មុខ​ឯង​រាល់​គ្នា​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តាល​ស្រុក​ទាំង​មូល​ដែល​ឯង​រាល់​គ្នា​ទៅ​ជាន់​នោះ ឲ្យ​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​ឲ្យ​ស្ញែង‌ខ្លាច​ចំពោះ​ឯង​រាល់​គ្នា ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង​ហើយ។ មើល នៅ​ថ្ងៃ​នេះ អញ​ដាក់​ព្រះ​ពរ ហើយ​នឹង​សេចក្ដី​បណ្តាសា សំញែង​នៅ​មុខ​ឯង​រាល់​គ្នា បើ​ឯង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​នឹង​បាន​ពរ តែ​បើ​មិន​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទេ គឺ​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ទៅ​តាម​ព្រះ​ដទៃ​ដែល​ពី​ដើម​មិន​បាន​ស្គាល់​វិញ នោះ​ឯង​នឹង​ត្រូវ​បណ្តាសា​ហើយ។ កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ឯង​ត្រូវ​ទៅ​ចាប់​យក នោះ​ត្រូវ​ឲ្យ​ប្រកាស​ប្រាប់​ព្រះ‌ពរ​ពី​លើ​ភ្នំ​កេរិស៊ីម នឹង​សេចក្ដី​បណ្តាសា​ពី​លើ​ភ្នំ​អេបាល (ភ្នំ​ទាំង​២​នោះ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​នាយ គឺ​ទិស​ខាង​ថ្ងៃ​លិច នា​ស្រុក​របស់​ពួក​សាសន៍​កាណាន ត្រង់​ស្រុក​វាល ទល់​មុខ​នឹង​គីល‌កាល ជិត​ដើម​ម៉ៃសាក់​របស់​ម៉ូរេ) ដ្បិត​ឯង​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​មក ឯង​រាល់​គ្នា​នឹង​យក​ទុក​ជា​របស់​ផង​ឯង ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ផង ដូច្នេះ ចូរ​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដែល​អញ​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ។

ចែក​រំលែក
អាន ទុតិយកថា 11