ដានីយ៉ែល 7:3-7
ដានីយ៉ែល 7:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចមានសត្វធំបួនឡើងចេញពីសមុទ្រ មានសណ្ឋានផ្សេងៗគ្នា។ សត្វទីមួយមានរាងដូចជាសិង្ហ ហើយមានស្លាបជាស្លាបឥន្ទ្រី។ ពេលខ្ញុំតាមមើល ខ្ញុំឃើញគេដកស្លាបវា ហើយគេលើកវាឡើងផុតពីដី ក៏ដាក់ឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។ មើល៍ មានសត្វមួយទៀត ជាសត្វទីពីរ មានសណ្ឋានជាខ្លាឃ្មុំ វាឈរលើជើងម្ខាង ទាំងពាំឆ្អឹងជំនីរ បីនៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់វាថា "ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ"។ ក្រោយមក ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀតមានសណ្ឋានជាខ្លារខិន នៅលើខ្នងវាមានស្លាបបួន ជាស្លាបសត្វហើរ វាមានក្បាលបួនដែរ ហើយគេឲ្យអំណាចគ្រប់គ្រងដល់វា។ ក្រោយមក ក្នុងនិមិត្តនៅពេលយប់នោះ ខ្ញុំឃើញសត្វទីបួន ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកម្លាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប វាកិនកម្ទេច ហើយជាន់ឈ្លីសំណល់ដោយជើង។ សត្វនោះប្លែកពីសត្វមុនៗអស់ទាំង គឺវាក៏មានស្នែងដប់។
ដានីយ៉ែល 7:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ស្រាប់តែមានសត្វដ៏ធំសម្បើមបួនក្បាលប្លែកៗពីគ្នា ផុសចេញពីមហាសមុទ្រ។ សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។ សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។ ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀត មានរូបរាងដូចខ្លារខិន នៅលើខ្នងវាមានស្លាបបួន ហើយវាមានក្បាលបួនដែរ វាបានទទួលអំណាចគ្រប់គ្រងលើពិភពលោក។ បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។
ដានីយ៉ែល 7:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមានសត្វធំ៤ឡើងចេញពីសមុទ្រមក មានសណ្ឋានផ្សេងៗគ្នា សត្វទី១ដូចជាសិង្ហ ហើយមានស្លាបជាស្លាបឥន្ទ្រី ខ្ញុំបានគន់មើលដរាបដល់ចំអេងស្លាបវាត្រូវដកចេញ ហើយវាត្រូវលើកឡើងផុតពីដី ក៏ដាក់ឲ្យឈរជើង២ដូចជាមនុស្ស ហើយបានឲ្យវាមានចិត្តរបស់មនុស្សដែរ រួចឃើញសត្វ១ទៀត ជាសត្វទី២ មានសណ្ឋានជាខ្លាឃ្មុំ ក៏ឈរចំខែងពាំឆ្អឹងជំនីរ៣នៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់ដល់វាថា ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនៗទៅ ក្រោយមក ខ្ញុំគន់មើលទៅឃើញសត្វ១ទៀត មានសណ្ឋានជាខ្លារខិន ឯនៅលើខ្នងវា មានស្លាប៤នៃសត្វហើរ ក៏មានក្បាល៤ដែរ ហើយមានអំណាចគ្រប់គ្រងប្រគល់ដល់វា លំដាប់នោះ ក្នុងការជាក់ស្តែងពេលយប់ ខ្ញុំក៏ឃើញសត្វទី៤ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកំឡាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង សត្វនោះផ្សេងពីអស់ទាំងសត្វដែលមកជាមុននោះក៏មានស្នែង១០