ដានីយ៉ែល 5:18-21

ដានីយ៉ែល 5:18-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រទាន​រាជ្យ‌សម្បត្តិ ភាព​ឧត្ដុងឧត្ដម សិរី‌ល្អ និងតេជា​‌នុភាព​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​បិតា​របស់​ព្រះ​ករុណា។ ដោយ​ព្រោះ​តែ​ភាព​ឧត្ដុង​ឧត្ដម ដែល​ព្រះ​បាន​ប្រទាន​ឲ្យស្ដេច ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​ទាំង​ឡាយ មនុស្ស​គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត​ខ្លាច​ចំពោះ​ស្ដេច។ អ្នក​ណា​ដែល​ទ្រង់​ចង់​សម្លាប់ នោះ​ក៏​សម្លាប់ ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទុក​ជីវិត នោះ​ក៏​ទុក អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទម្លាក់​ចុះ នោះ​ក៏​ទម្លាក់។ ប៉ុន្ដែ កាល​ព្រះ‌ហឫ‌ទ័យស្ដេច​បាន​ប៉ោង​ឡើង ហើយ​មាន​ចិត្ត​រឹង​រូស រហូត​ដល់​ទ្រង់​វាយ​ឫក​ខ្ពស់ ស្ដេចក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ ហើយ​គេ​ក៏​ដក​សិរីល្អ​របស់​ស្ដេច​ចេញ។ ទ្រង់​ត្រូវ​គេ​បណ្តេញ​ពី​ចំណោម​មនុស្ស ហើយ​គំនិត​របស់​ស្ដេច​បាន​ត្រឡប់​ដូច​ជា​គំនិត​របស់​សត្វ ទ្រង់​មាន​ទី​លំ‌នៅ​ជា​មួយ​លា​ព្រៃ ក៏​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះ​កាយ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ថា ទ្រង់​តាំង​អ្នក​ណា​ឡើង​ឲ្យ​គ្រប់‌គ្រង ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ។

ចែក​រំលែក
អាន ដានីយ៉ែល 5

ដានីយ៉ែល 5:18-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ប្រទាន​រាជ​សម្បត្តិ ភាព​ឧត្តុង្គ‌ឧត្ដម កិត្តិនាម និង​សិរី‌រុងរឿង​ដល់​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា។ ព្រោះ​តែ​ភាព​ឧត្តុង្គ‌ឧត្ដម ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នេះ​ហើយ បាន​ជា​ប្រជា‌ជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា​ទាំង​អស់ នាំ​គ្នា​គោរព​កោត​ខ្លាច និង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះចៅ​នេប៊ូ‌ក្នេសា។ ទ្រង់​ប្រហារ​ជីវិត​នរណា​ក៏​បាន ហើយ​ទុក​ជីវិត​ឲ្យ​នរណា​ក៏​បាន ទ្រង់​លើក​នរណា​ឡើង​ក៏​បាន ហើយ​ទម្លាក់​នរណា​ចុះ​ក៏​បាន​ដែរ។ ប៉ុន្តែ ព្រះ‌រាជា​មាន​អំនួត មាន​ចិត្ត​រឹង‌រូស​រហូត​ដល់​វាយ‌ឫក​ខ្ពស់ ទ្រង់​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​រាជ​សម្បត្តិ ហើយ​បាត់​បង់​សិរី‌រុងរឿង។ គេ​បាន​បណ្តេញ​ព្រះ‌រាជា​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ព្រះ‌រាជា​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ទ្រង់​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះ‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូតទល់​ពេល​ព្រះ‌រាជា​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយ​ព្រះអង្គ​លើក​នរណា​ឲ្យ​សោយ‌រាជ្យ​ក៏​បាន។

ចែក​រំលែក
អាន ដានីយ៉ែល 5

ដានីយ៉ែល 5:18-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បាន​ប្រទាន​រាជ្យ អំណាច សិរី‌ល្អ នឹង​ឥទ្ធា‌នុភាព​ដល់​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​ទ្រង់ បណ្តាជន​ទាំង‌ឡាយ នឹង​គ្រប់​សាសន៍ គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច​ចំពោះ​ទ្រង់ ដោយ​ព្រោះ​អំណាច ដែល​ព្រះ​បាន​ប្រទាន​នោះ អ្នក​ណា​ដែល​ទ្រង់​ចង់​សំឡាប់ នោះ​ក៏​សំឡាប់​ទៅ ហើយ​អ្នក​ណា​ដែល​ចង់​ទុក​ឲ្យ​រស់​នៅ នោះ​ក៏​ទុក​តាម​ព្រះ‌ទ័យ ឯ​អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទំលាក់​ចុះ នោះ​ក៏​ទំលាក់​ទៅ តែ​កាល​ព្រះ‌ទ័យ​ទ្រង់​បាន​ប៉ោង​ឡើង ត្រឡប់​ជា​រឹង​ត្អឹង​ដល់​ម៉្លេះបាន​ជា​ទ្រង់​ប្រព្រឹត្ត ដោយ​សេចក្ដី​អំនួត នោះ​ទ្រង់​ត្រូវ​ទំលាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ​របស់​ទ្រង់ ហើយ​គេ​ក៏​ដក​កិត្តិយស​របស់​ទ្រង់​ចេញ ទ្រង់​ត្រូវ​បណ្តេញ​ពី​ពួក​មនុស្ស​ទៅ ហើយ​ព្រះ‌ទ័យ​ទ្រង់​បាន​ត្រឡប់​ទៅ ដូច​ជា​ចិត្ត​របស់​សត្វ​វិញ ទ្រង់​មាន​ទី​លំនៅ​ជា​មួយ​នឹង​លា​ព្រៃ ក៏​សោយ​ស្មៅ​ដូច​ជា​គោ ហើយ​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ថា ទ្រង់​តាំង​អ្នក​ណា​ឡើង​ឲ្យ​គ្រប់‌គ្រង នោះ​ក៏​តាម​ព្រះ‌ហឫទ័យ

ចែក​រំលែក
អាន ដានីយ៉ែល 5

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ