ដានីយ៉ែល 4:4-37

ដានីយ៉ែល 4:4-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង នេប៊ូ‌ក្នេសា កំពុង​រស់​នៅ​យ៉ាង​សុខ​ស្រួល ក្នុង​ដំណាក់​របស់​យើង ហើយ​កំពុង​ចម្រើន​នៅ​ក្នុង​រាជ‌វាំង​របស់​យើង។ យើង​បាន​សុបិន​ឃើញ ដែល​ធ្វើ​ឲ្យ​យើង​តក់​ស្លុត ហើយ​គំនិត​ដែល​យើង​នឹក​គិត​នៅ​ក្នុង​ដំណេក និង​និមិត្ត​ក្នុង​គំនិត​របស់​យើង ក៏ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ ដូច្នេះ យើង​បាន​ចេញ​បញ្ជា​ឲ្យ​នាំ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​បាប៊ី‌ឡូន មក​ចំពោះ​យើង ដើម្បី​ឲ្យ​គេ​បាន​កាត់​ស្រាយ​សុបិន​និមិត្ត​នោះ​ប្រាប់​យើង។ ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​គ្រូ​ទាយ​ក៏​ចូល​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិនអាច​កាត់​ស្រាយ​សុបិន​នោះ​ប្រាប់​យើង​បាន​ឡើយ។ នៅ​ទី​បំផុត ដានី‌យ៉ែល (ដែ​ល​មាន​ឈ្មោះ បេល‌ថិស្សា‌សារ តាម​ព្រះ‌នាម​ព្រះ​របស់​យើង ជា​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន) បាន​ចូល​មក​ចំពោះ​យើង ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​លោក​ថា "ឱ​បេល‌ថិស្សា‌សារ ជា​មេ​នៃ​ពួក​គ្រូ​មន្ត‌អាគម​អើយ ដោយ​ព្រោះ​យើង​ដឹង​ថា វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន ហើយ​ថា គ្មាន​អាថ៌‌កំបាំង​ណា​ដែល​ពិបាក​ពេក​សម្រាប់​លោក​ឡើយ សូម​លោក​ប្រាប់​ពី​និមិត្ត​ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន ហើយ​កាត់​ស្រាយ​ប្រាប់​យើង​ផង។ និមិត្ត​ដែល​យើង​ឃើញ​ក្នុង​គំនិត​នៅ​លើ​ដំណេក គឺ​យើង​ឃើញ​ដូច្នេះ មាន​ដើម​ឈើ​មួយ​មាន​កម្ពស់​យ៉ាង​ក្រៃ‌លែង នៅ​កណ្ដាល​ផែន‌ដី ដើម​នោះ​បាន​ដុះ​ធំ​ឡើង ហើយ​ក៏​មាំ ចុង​របស់​វាលូត​ទៅ​ដល់​ផ្ទៃ​មេឃ ហើយ​ក៏​មើល​វា​ឃើញ រហូត​ដល់​ចុង​ផែន‌ដី​ទាំង​មូល។ ស្លឹក​ឈើ​នោះ​ល្អ​ស្រស់ ហើយ​មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូរ សម្រាប់​ជា​អាហារ​ដល់​មនុស្ស​ទាំង​អស់។ សត្វ​ទាំង​ឡាយ​នៅ​ទី​វាល បាន​មក​ជ្រកកោន​ក្រោម​ម្លប់​របស់​វា សត្វ​ហើរ​លើ​អាកាស​ទំ​នៅ​តាម​មែក​របស់​វា ហើយ​សត្វ​លោក​ទាំង​អស់ បាន​អាហារ​ចិញ្ចឹម​ជីវិត​ពី​ដើម​ឈើ​នេះ។ និមិត្ត​ដែល​យើង​បាន​ឃើញ​ក្នុង​គំនិត កាល​នៅ​លើ​ដំណក​នោះ យើង​ឃើញ​អ្នក​ត្រួត​ពិនិត្យ​មួយ​រូប គឺ​អ្នក​បរិសុទ្ធ​មួយ​រូប ចុះ​ពី​ស្ថាន‌សួគ៌​មក។ លោក​បាន​ប្រកាស​ដោយ​សំឡេង​ខ្លាំង​ៗ​ថា៖ ចូរ​កាប់​រំលំ​ដើម​ឈើនេះ ហើយ​លួស​មែក​វា​ចោល​ទៅ ចូរ​លះ​ស្លឹក​របស់​វាចេញ ហើយ​កម្ចាត់​កម្ចាយ​ផ្លែ​របស់​វា​ផង។ ចូរ​ឲ្យ​សត្វ​ទាំង​ឡាយ​ចេញ​ពី​ក្រោម​ម្លប់​របស់​វា ហើយ​ឲ្យ​សត្វ​ស្លាប​ហើរ​ចេញ​ពី​មែក​វា​ដែរ។ ប៉ុន្តែ ត្រូវ​ឲ្យ​ទុក​គល់ និង​ឫសរបស់​វា​នៅ​ក្នុង​ដី ហើយ​យក​វ័ណ្ឌ​ដែក និង​លង្ហិន​ចង​ព័ទ្ធ​ជុំ​វិញ ទុក​ចោល​នៅ​វាល​ស្មៅ​ទៅ។ ត្រូវ​ទុក​ឲ្យវា​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ហើយ​ឲ្យវា​មាន​ចំណែក​ជា‌មួយ សត្វ​ស៊ី​ស្មៅ​នៃ​ផែន​ដី​ផង។ ត្រូវ​ឲ្យ​គំនិត​វា​ផ្លាស់​ប្រែ​លែង​មាន​គំនិត​ជា​មនុស្ស ហើយ​ឲ្យ​វា​មាន​គំនិត​ជា​សត្វ​វិញ ត្រូវ​ឲ្យ​វា​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​ប្រាំពីរ​ខួប។ ទោស​នេះ​ជា​ការ​សម្រេច​របស់​ពួក​អ្នក​ត្រួត​ពិនិត្យ ហើយ​សេចក្ដី​សម្រេច​នេះ ក៏​តាម​បង្គាប់​របស់​ពួក​បរិសុទ្ធ ប្រ‌យោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​រស់​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ព្រះ‌អង្គ​ប្រគល់​រាជ្យ​នោះ ដល់​អ្នក​ណា​តាម​តែ​ព្រះ‌ហឫ‌ទ័យ ក៏​តាំង​មនុស្ស​ដែល​ទន់​ទាប​បំផុត​ឡើង ឲ្យ​គ្រប់‌គ្រង។ នេះ​ជា​សុបិន​ដែល​យើង​ជា​ស្តេច​នេប៊ូ‌ក្នេសា​បាន​ឃើញ។ ឥឡូវ​នេះ ឱ​បេល‌ថិស្សា‌សារ​អើយ សូម​កាត់​ស្រាយ​ប្រាប់​យើង​ផង ព្រោះ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​ក្នុង​នគរ​យើង មិន​អាច​កាត់​ស្រាយ​ប្រាប់​យើង​បាន​ទេ គឺ​មាន​តែ​លោកម្នាក់​ប៉ុណ្ណោះ​ដែល​អាច​កាត់​ស្រាយ​បាន ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន"»។ ពេល​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ ក៏​មាន​ចិត្ត​តក់​ស្លុត​មួយ​សម្ទុះ។ គំនិត​របស់​លោក​ធ្វើ​ឲ្យ​លោក​ភ័យរន្ធត់ តែ​ស្ដេច​មាន​រាជ​ឱង្ការ​ថា៖ «បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​កាត់​ស្រាយ​នាំ​ឲ្យ​អ្នក​ភ័យ​រន្ធត់​ឡើយ»។ បេល‌ថិស្សា‌សារ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​អស់​អ្នក​ដែល​ស្អប់​ព្រះ​កុរណា ហើយ​សេចក្ដី​កាត់​ស្រាយ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា​វិញ! ដើម​ឈើ​ដែល​ព្រះ​ករុណា​បាន​ឃើញ​ដុះ​ឡើង​យ៉ាង​ធំ ហើយ​មាំ ដែល​មាន​ចុង​លូត​ទៅ​ដល់​ផ្ទៃ​មេឃ ហើយ​មើល​វា​ឃើញ​រហូត​ដល់​ចុង​ផែន‌ដី​ទាំង​មូល ជា​ដើម​ឈើ​មាន​ស្លឹក​ស្រស់​ល្អ មាន​ផ្លែ​បរិបូរ សម្រាប់​ជា​អាហារ​សត្វ​លោក​ទាំង​អស់ គឺ​សត្វ​នៅ​ទី​វាល​បាន​ជ្រក ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សម្បុក​នៅតាម​មែក បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះគឺ​ព្រះ​ករុណា ដែល​បាន​ចម្រើន​ឡើងជា​ធំ ហើយ​មាន​អានុ‌ភាព។ ដ្បិត​ភាព​ធំ​របស់​ព្រះ‌ករុណា​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា​ក៏​ដល់​ចុង​ផែន‌ដី​ដែរ។ ឯ​ដំណើរ​ដែល​ព្រះ‌ករុណា​បាន​ឃើញ​អ្នក​ត្រួត​ពិនិត្យ​មួយ​រូប គឺ​អ្នក​បរិសុទ្ធ​មួយ​រូប ចុះ​ពី​ស្ថាន‌សួគ៌​មក ហើយ​ពោល​ថា "ចូរ​កាប់​រំលំ​ដើម​ឈើ​នេះ ហើយ​បំផ្លាញ​វា​ទៅ តែ​ត្រូវ​ទុក​គល់ និង​ឫស​របស់​វា​នៅ​ក្នុង​ដី ហើយ​យក​វ័ណ្ឌ‌ដែក និង​លង្ហិន​ចង​ព័ទ្ធ​ជុំ​វិញ នៅ​កណ្ដាល​វាល​ស្មៅ ឲ្យ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​សត្វ​នៅ​ទីវាល រហូត​ទាល់​តែ​កន្លង​ផុត​ប្រាំពីរ​ខួប" បពិត្រ​ព្រះ‌ករុណា សេចក្ដី​កាត់​ស្រាយ​មាន​ន័យ​បែប​នេះ គឺ​ជា​រាជ​បញ្ជា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​កើត​មាន​ដល់​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ គឺ​ព្រះ​ករុណា​នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំ‌នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ទ្រង់​នឹង​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​ផុត​ប្រាំពីរ​ខួប គឺ​ទាល់​តែ​ព្រះ​ករុណា​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​រាជ្យ​ដល់​អ្នក​ណា​តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ ឯ​ដំណើរ​ដែល​បញ្ជា​ឲ្យ​ទុក​គល់ និង​ឫស​នៃ​ដើម​នោះ គឺ​ថា រាជ្យ​របស់​ព្រះ​ករុណា​នឹង​ត្រូវ​ប្រគល់​មក​ព្រះ​ករុណា​វិញ នៅ​ពេល​ទ្រង់​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង។ ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ប្រោស​មេត្តា​ទទូល​យោបល់​ទូល‌បង្គំ​ចុះ សូម​ទ្រង់​លះ​បង់​អំពើ​បាប ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​លះ​បង់​អំពើ​ទុច្ចរិត​ផង ដោយ​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ដើម្បី​ឲ្យ​ព្រះ​ករុណា​បាន​ចម្រុង​ចម្រើន​យូរ​អង្វែង»។ ហេតុ​ការណ៍​ទាំង​នោះ​កើត​មាន​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា​មែន។ កន្លង​មក​បាន​ដប់ពីរ​ខែ កាល​ស្ដេច​កំពុង​យាង​ក្រសាល​ក្នុង​រាជ‌វាំង​នៅ​ក្រុង​បាប៊ី‌ឡូន ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដែល​យើង​បានសង់​ទុក​ជា​‌រាជ‌ស្ថាន ដោយ​អំណាច​អានុ‌ភាព​របស់​យើង ហើយ​សម្រាប់​ជា​សិរី‌ល្អ​នៃ​តេជា​‌នុភាព​របស់​យើង​ទេ​ឬ?» កាល​ស្តេច​កំពុង​តែ​មាន​រាជ​ឱង្ការ​ពាក្យ​ទាំង​នោះ​នៅ​ឡើយ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​លើ​មេឃ​មក​ថា៖ «ម្នាល​ស្តេច​នេប៊ូ‌ក្នេសា​អើយ មាន​សេចក្ដី​ប្រកាស​ប្រាប់​អ្នក​ថា រាជ្យ​បាន​ចេញ​ផុត​ពី​អ្នក​ហើយ គេ​នឹង​បណ្តេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក អ្នក​នឹង​មាន​ទី​លំ‌នៅ​ជា​មួយ​សត្វ​នៅ​ទីវាល គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ ដរាប​ដល់​បាន​កន្លង​ទៅ​អស់​ប្រាំពីរ​ខួប ទាល់​តែ​អ្នក​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​រាជ្យ​ដល់​អ្នក​ណា តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។ រំពេច​នោះ ពាក្យ​នោះ​ក៏​បាន​សម្រេច​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា​មែន គឺ​ទ្រង់​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ចំណោម​មនុស្ស ហើយ​សោយ​ស្មៅ​ដូច​គោ ព្រះ​កាយ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ទាល់​តែ​ព្រះ‌កេសា​របស់​ស្ដេច​ដុះ​វែង ដូច​ស្លាប​ឥន្ទ្រី ហើយ​ក្រចក​ប្រៀប​ដូច​ជា​ក្រចក​សត្វ​ស្លាប។ លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​ស្មារតី​របស់​យើង ក៏​ត្រឡប់​មក​រក​យើង​វិញ។ យើង​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​សរសើរ និង​លើក​តម្កើង ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ច។ ដ្បិត​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​របស់​ព្រះ‌អង្គ ក៏​នៅគង់​វង្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។ មនុស្ស​លោក​ទាំង​អស់​នៅ​ផែន​ដី រាប់​ដូច​ជា​គ្មាន​អ្វី​សោះ ព្រះ‌អង្គ​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ ក្នុង​ចំណោម​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ហើយ​ក្នុង​ចំណោម​មនុស្ស​លោក​នៅ​ផែន​ដី គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឬ​ពោល​ទៅ​ព្រះ‌អង្គ​ថា "ទ្រង់​ធ្វើ​អ្វី​ដូច្នេះ?" បាន​ឡើយ។ នៅ​ពេល​នោះ ស្មារតី​របស់​យើង​ក៏វិល​មក​រក​យើង​វិញ ឯ​សិរី‌ល្អ​នៃ​រាជ្យ​របស់​យើង ហើយ​តេជា​នុភាព ព្រម​ទាំង​ភាព​ថ្កុំ​ថ្កើង​របស់​យើង ក៏​វិល​មក​រក​យើង​វិញ​ដែរ។ ពួក​ទី​ប្រឹក្សា និង​ពួក​សេនាបតី បាន​ស្វែង​រក​យើង គេ​តាំង​យើង​ក្នុង​រាជ្យ​របស់​យើង​ឡើង​វិញ ហើយ​អំណាច​យើង​ក៏​កាន់​តែ​ធំឡើង​ថែម​ទៀត។ ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ ហើយ​លើក​តម្កើង ព្រម​ទាំង​ថ្វាយ​កិត្តិនាម​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​កិច្ច​ការ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ក៏​យុត្តិ‌ធម៌​ដែរ ព្រះ‌អង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត ដោយ​ចិត្ត​អំនួត។

ចែក​រំលែក
អាន ដានីយ៉ែល 4

ដានីយ៉ែល 4:4-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង នេប៊ូ‌ក្នេសា កំពុង​តែ​រស់​នៅ​យ៉ាង​សុខ​ស្រួល ក្នុង​ព្រះ‌បរម‌រាជ​វាំង​ជា​មួយ​ក្រុម​គ្រួសារ​របស់​យើង។ យើង​បាន​សុបិន​ធ្វើ​ឲ្យ​យើង​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។ សូម្បី​តែ​នៅ​លើ​ក្រឡា‌បន្ទំ យើង​នៅ​តែ​នឹក​គិត​អំពី​សុបិន​នេះ​ជានិច្ច ហើយ​ចិត្ត​យើង​ខ្វាយ​ខ្វល់​ណាស់។ យើង​ឲ្យ​គេ​កោះ​ហៅ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ី‌ឡូន​មក​ជួប​យើង ដើម្បី​កាត់​ស្រាយ​សុបិន​នេះ​ឲ្យ​យើង។ ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម ពួក​ហោរា គ្រូ​ទាយ ព្រម​ទាំង​គ្រូ​ធ្មប់​ផ្សេងៗ​បាន​នាំ​គ្នា​មក។ យើង​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​សុបិន​របស់​យើង ប៉ុន្តែ ពួក​គេ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​បាន​ឡើយ។ នៅ​ទី​បំផុត លោក​ដានី‌យ៉ែល​ចូល​មក (លោក​ក៏​មាន​នាម​ថា “បេល‌ថិស្សា‌សារ” តាម​នាម​ព្រះ​របស់​យើង​ដែរ) ហើយ​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ នៅ​ក្នុង​ខ្លួន។ យើង​បាន​រៀប​រាប់​ឲ្យ​លោក​ដឹង​ពី​សុបិន​របស់​យើង ដូច​ត​ទៅ: “លោក​បេល‌ថិស្សា‌សារ ជា​ប្រមុខ​លើ​ពួក​គ្រូ​ទាំង​អស់​អើយ យើង​ដឹង​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន ហើយ​លោក​ដឹង​ការ​លាក់​កំបាំង​ទាំង​អស់។ ហេតុ​នេះ សុំ​លោក​កាត់​ស្រាយ​ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន​ឲ្យ​យើង​ដឹង​ផង។ នៅ​ពេល​ផ្ទំ យើង​សុបិន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដូច​ត​ទៅ៖ នៅ​កណ្ដាល​ផែនដី មាន​ដើម​ឈើ​មួយ​ដើម​យ៉ាង​ខ្ពស់​អស្ចារ្យ ដើម​ឈើ​នេះ​ដុះ​កាន់​តែ​ធំ​ឡើងៗ ហើយ​មាំ​ទៀត​ផង ចុង​របស់​វា​ខ្ពស់​រហូត​ដល់​មេឃ សូម្បី​តែ​អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​ក៏​មើល​ឃើញ​ដើម​ឈើ​នេះ​ដែរ។ ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូណ៌ សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្ស​ទាំង​អស់ សត្វ​នានា​នាំ​គ្នា​មក​ជ្រក​កោន​ក្រោម​ម្លប់​របស់​វា បក្សា‌បក្សី​នាំ​គ្នា​មក​ទំ នៅ​តាម​មែក​របស់​វា ហើយ​សត្វ​លោក​ទាំង​អស់​ទទួល​អាហារ ពី​ដើម​ឈើ​នេះ។ ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រលឹង​យើង​បាន​ឃើញ​នៅ​ពេល​ផ្ទំ​នោះ គឺ​មាន: ទេវតា*​ដ៏វិសុទ្ធ*​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក លោក​ស្រែក​យ៉ាង​ខ្លាំងៗ​ថា: ចូរ​រំលំ​ដើម​ឈើ​នេះ និង​កាប់​មែក​វា​ចោល​ទៅ ចូរ​លះ​ស្លឹក ជម្រុះ​ផ្លែ​របស់​វា​ឲ្យ​ខ្ចាត់‌ខ្ចាយ ឲ្យ​សត្វ​ទាំង‌ឡាយ​រត់​ចេញ​ពី​ម្លប់​របស់​វា ហើយ​ឲ្យ​បក្សា‌បក្សី​ទាំង‌ឡាយ ហើរ​ចេញ​ពី​មែក​របស់​វា​ដែរ! ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា ទុក​ចោល​ក្នុង​វាល​ស្មៅ ឲ្យ​ជោក​ទឹក​សន្សើម​ដែល​ធ្លាក់​ពី​លើ​មេឃ ហើយ​ឲ្យ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ។ ដើម​ឈើ​នោះ​នឹង​លែង​មាន​ចិត្ត​ជា​មនុស្ស ទៀត​ហើយ តែ​មាន​ចិត្ត​ជា​សត្វ រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​ខួប។ នេះ​ជា​ការ​សម្រេច​របស់​ទេវតា ជា​បញ្ជា​របស់​ពួក​អ្នក​ដ៏វិសុទ្ធ ដើម្បី​មនុស្ស​ទាំង​អស់​ដឹង​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ របស់​មនុស្ស​លោក ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​លើក​អ្នក​ដែល​ទន់‌ទាប​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ក៏​បាន។ នេះ​ជា​សុបិន​ដែល​យើង ស្ដេច​នេប៊ូ‌ក្នេសា បាន​និមិត្ត​ឃើញ។ ឥឡូវ​នេះ សុំ​លោក​បេល‌ថិស្សា‌សារ​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង​បាន​ដឹង​ផង ដ្បិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​នគរ​របស់​យើង គ្មាន​នរណា​អាច​កាត់​ស្រាយ​បាន​ទេ គឺ​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ទើប​កាត់​ស្រាយ​បាន ព្រោះ​លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន”»។ ពេល​នោះ លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សាសារ​ក៏​តក់‌ស្លុត​អស់​មួយ​សន្ទុះ ដ្បិត​ការ​លាក់​កំបាំង​ដែល​លោក​ដឹង​នៅ​ក្នុង​ចិត្ត​គំនិត នាំ​ឲ្យ​លោក​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​សា​ជា​ថ្មី​ថា៖ «លោក​បេល‌ថិស្សា‌សារ​អើយ សូម​កុំ​ភ័យ​រន្ធត់ ព្រោះ​តែ​សុបិន​នេះ និង​អត្ថ‌ន័យ​របស់​វា​អី!»។ លោក​បេល‌ថិស្សា‌សារ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា ហើយ​ឲ្យ​ន័យ​របស់​វា​ធ្លាក់​ទៅ​លើ​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា​វិញ! ព្រះ‌ករុណា​បាន​ឃើញ​ដើម​ឈើ​ដែល​ដុះ​កាន់​តែ​ធំ​ឡើង មាំ‌មួន និង​មាន​ចុង​ខ្ពស់​ដល់​មេឃ ហើយ​អស់​អ្នក​នៅ​តាម​ទី​ដាច់​ស្រយាល​នៃ​ផែនដី​ក៏​មើល​ឃើញ​ដែរ។ ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌ ធ្វើ​ជា​អាហារ​សម្រាប់​សត្វ​លោក​ទាំង​អស់ និង​ជម្រក​ដល់​សត្វ​ទាំង‌ឡាយ ហើយ​មាន​បក្សា‌បក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។ ដើម​ឈើ​នោះ​គឺ​ព្រះ‌ករុណា​ផ្ទាល់! បពិត្រ​ព្រះ‌រាជា ទ្រង់​បាន​ចម្រើន​ឡើង និង​មាន​ឫទ្ធិ​អំណាច​ក្រៃ‌លែង ឋានៈ​របស់​ព្រះ‌ករុណា​ខ្ពង់‌ខ្ពស់​រហូត​ដល់​មេឃ។ ព្រះ‌ករុណា​គ្រប់‌គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ បន្ទាប់​មក ព្រះ‌ករុណា​ឃើញ​ទេវតា​ដ៏វិសុទ្ធ ដែល​ចុះ​ពី​លើ​មេឃ​មក​ពោល​ថា “ចូរ​កាប់​រំលំ​ដើម​ឈើ​នេះ​ចោល​ទៅ ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា​ទុក ចោល​នៅ​ក្នុង​វាល​ស្មៅ ឲ្យ​ជោក​ដោយ​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ ហើយ​ឲ្យ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​ខួប”។ បពិត្រ​ព្រះ‌រាជា សុបិន​របស់​ព្រះ‌ករុណា​មាន​ន័យ​បែប​នេះ គឺ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សម្រេច​ចំពោះ​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច​ត​ទៅ: គេ​នឹង​ដេញ​ព្រះ‌ករុណា​ចេញ​ពី​ចំណោម​មនុស្ស ទ្រង់​នឹង​ទៅ​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​យក​ស្មៅ​មក​ថ្វាយ​ព្រះ‌ករុណា​សោយ​ដូច​គោ​ដែរ។ ព្រះ‌កាយ​របស់​ព្រះ‌ករុណា​នឹង​ជោក​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ​រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​ខួប គឺ​ទាល់​តែ​ព្រះ‌ករុណា​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក ហើយ​ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ រីឯ​បញ្ជា​ឲ្យ​ទុក​គល់​ឈើ និង​ឫស​នោះ​មាន​ន័យ​ថា គេ​នឹង​ថ្វាយ​រាជ​សម្បត្តិ​មក​ព្រះ‌ករុណា​វិញ នៅ​ពេល​ព្រះ‌ករុណា​ទទួល​ស្គាល់​ព្រះ‌ជា‌អម្ចាស់​សួគ៌។ ហេតុ​នេះ បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ប្រោស​មេត្តា​ឲ្យ​ទូលបង្គំ​ថ្វាយ​យោបល់​ចំពោះ​ព្រះ‌ករុណា​ដូច​ត​ទៅ គឺ​សូម​ទ្រង់​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សម្តែង​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ចំពោះ​មនុស្ស​ទុគ៌ត​វិញ ធ្វើ​ដូច្នេះ​ព្រះ‌ករុណា​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត»។ ក្រោយ​មក ហេតុ‌ការណ៍​ទាំង​នោះ​កើត​មាន​ដល់​ព្រះចៅ​នេប៊ូ‌ក្នេសា​មែន គឺ​ដប់‌ពីរ​ខែ​កន្លង​មក ពេល​ស្ដេច​កំពុង​តែ​យាង​ក្រសាល​ក្នុង​ព្រះ‌បរម‌រាជ​វាំង​នៅ​ក្រុង​បាប៊ី‌ឡូន ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ី‌ឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិយស និង​សិរី‌រុងរឿង​របស់​យើង»។ ពេល​ស្ដេច​មាន​រាជ‌ឱង្ការ​មិន​ទាន់​ចប់​ផង ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេប៊ូ‌ក្នេសា​អើយ អ្នក​បាត់​បង់​រាជ​សម្បត្តិ​ហើយ ដូច​មាន​សេចក្ដី​ថ្លែង​ទុក​ពី​អ្នក​ស្រាប់។ គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​មនុស្ស​លោក ហើយ​ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ»។ រំពេច​នោះ ហេតុ‌ការណ៍​ក៏​កើត​ឡើង​ចំពោះ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​មែន។ គេ​ដេញ​ស្ដេច​ចេញ​ពី​ចំណោម​មនុស្ស ទ្រង់​សោយ​ស្មៅ​ដូច​គោ ព្រះ‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម​ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ ព្រះ‌កេសា​របស់​ស្ដេច​ដុះ​ឡើង​ដូច​ស្លាប​ឥន្ទ្រី ហើយ​ក្រចក​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ក្រចក​សត្វ​ស្លាប។ «លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរ​ព្រះ‌គុណ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត យើង​សរសើរ និង​លើក​តម្កើង​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជានិច្ច។ អំណាច​គ្រប់‌គ្រង​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ព្រះអង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ពួក​ទេវតា និង​ចំពោះ​មនុស្ស​លោក តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ព្រះអង្គ ដោយ​ពោល​ថា “ម្ដេច​ក៏​ព្រះអង្គ​ធ្វើ​ដូច្នេះ?” បាន​ឡើយ។ នៅ​គ្រា​នោះ យើង​បាន​ដឹង​ស្មារតី​ឡើង​វិញ គេ​ក៏​បាន​ប្រគល់​កិត្តិយស​រាជ​សម្បត្តិ​សិរី‌រុងរឿង និង​ភាព​ថ្កុំ‌ថ្កើង​មក​យើង​វិញ ហើយ​ក្រុម​ប្រឹក្សា និង​នាម៉ឺន​មន្ត្រី​របស់​យើង​ក៏​បាន​សុំ​ឲ្យ​យើង​វិល​មក​កាន់​កាប់​អំណាច គេ​លើក​យើង​ឲ្យ​គ្រង​រាជ្យ​ឡើង​វិញ ហើយ​យើង​ក៏​បាន​ថ្កុំ‌ថ្កើង​កាន់​តែ​ខ្លាំង​ឡើង។ ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ កោត​ស្ញប់‌ស្ញែង និង​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌មហា‌ក្សត្រ​នៃ​ស្ថាន​បរម‌សុខ ដ្បិត​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​សុចរិត ហើយ​ព្រះអង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់»។

ចែក​រំលែក
អាន ដានីយ៉ែល 4

ដានីយ៉ែល 4:4-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យើង នេប៊ូ‌ក្នេសា កំពុង​នៅ​ជា​សុខ នៅ​ក្នុង​ដំណាក់​របស់​យើង ហើយ​កំពុង​ចំរើន​នៅ​ក្នុង​ព្រះ‌រាជ‌វាំង នោះ​យើង​ឃើញ​និមិត្ត​ដែល​នាំ​ឲ្យ​តក់‌ស្លុត ហើយ​គំនិត​ដែល​យើង​គិត​នៅ​លើ​ដំណេក នឹង​ការ​ជាក់​ស្តែង​នៅ​ក្នុង​ខួរ ក៏​នាំ​ឲ្យ​យើង​បារម្ភ​ព្រួយ​ទៅ ដូច្នេះ យើង​បាន​ចេញ​បង្គាប់​ឲ្យ​នាំ​អស់​ទាំង​អ្នក​ប្រាជ្ញ​ក្នុង​ក្រុង​បាប៊ីឡូន មក​ចំពោះ​យើង ដើម្បី​ឲ្យ​គេ​បាន​កាត់​ស្រាយ​ន័យ​សុបិន​និមិត្ត​នោះ ឲ្យ​យើង​ដឹង នោះ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ នឹង​គ្រូ​ទាយ​ក៏​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិន​បាន​កាត់​ស្រាយ​ឲ្យ​យើង​យល់​ន័យ​សោះ លុះ​ក្រោយ​មក ដានី‌យ៉ែល ដែល​មាន​ឈ្មោះ បេល‌ថិស្សា‌សារ តាម​ព្រះ‌នាម​ព្រះ​នៃ​យើង បាន​ចូល​មក​ចំពោះ​យើង ជា​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ សណ្ឋិត​នៅ​លើ​ខ្លួន យើង​ក៏​ប្រាប់​សុបិន​នោះ​ដល់​គាត់​ថា ឱ​បេល‌ថិស្សា‌សារ​ជា​មេ​នៃ​ពួក​គ្រូ​មន្ត‌អាគម​អើយ ដោយ​ព្រោះ​យើង​ដឹង​ថា មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ថា​គ្មាន​ការ​អាថ៌‌កំបាំង​ណា ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​ឡើយ បាន​ជា​យើង​សូម​ឲ្យ​អ្នក​ប្រាប់​ពី​ការ​ជាក់​ស្តែង ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន ហើយ​កាត់​ស្រាយ​ឲ្យ​យើង​ផង ឯ​ការ​ជាក់​ស្តែង​ដែល​យើង​ឃើញ​ក្នុង​ខួរ​នៅ​លើ​ដំណេក នោះ​គឺ​យើង​ឃើញ​ថា មាន​ដើម​ឈើ​១​មាន​កំពស់​យ៉ាង​ក្រៃ‌លែង​នៅ​កណ្តាល​ផែនដី ដើម​នោះ​បាន​ដុះ​ធំ​ឡើង ហើយ​ក៏​មាំ ឯ​កំពូល​បាន​លូត​ដល់​ទល់​នឹង​ផ្ទៃ​មេឃ ហើយ​ក៏​មើល​វា​ឃើញ រហូត​ដល់​ចុង​ផែនដី​បំផុត ស្លឹក​ដើម​នោះ​ល្អ​មើល ហើយ​ផ្លែ​ក៏​មាន​ច្រើន ទុក​ជា​អាហារ​សំរាប់​គ្រប់​ទាំង​អស់ ឯ​សត្វ​នៅ​ផែនដី​បាន​មក​ជ្រក​នៅ​ក្រោម​ម្លប់ នឹង​សត្វ​ហើរ​លើ​អាកាស​ក៏​ទំ​នៅ​មែក គ្រប់​ទាំង​សាច់​បាន​អាហារ​ចិញ្ចឹម​ខ្លួន​ពី​នោះ​មក ក្នុង​ការ​ជាក់​ស្តែង​នៅ​លើ​ដំណេក នោះ​យើង​បាន​ឃើញ​ក្នុង​ខួរ​ថា មាន​ពួក​ពិនិត្យ​ត្រួត​មើល​១​រូប នឹង​ពួក​បរិសុទ្ធ​១​ចុះ​ពី​ស្ថាន‌សួគ៌​មក ក៏​បន្លឺ​ឡើង​ជា​ខ្លាំង​ថា ចូរ​កាប់​ដើម​ឈើ​នោះ​ចុះ ត្រូវ​ឲ្យ​កាប់​ផ្តាច់​មែក​ចេញ ព្រម​ទាំង​អង្រួន​ជំរុះ​ស្លឹក ហើយ​កំចាត់‌កំចាយ​ផល​ផង ត្រូវ​ឲ្យ​សត្វ​ទាំង​ប៉ុន្មាន​ចេញ​ពី​ក្រោម ហើយ​សត្វ​ស្លាប​ពី​មែក​វា​ទៅ ប៉ុន្តែត្រូវ​ឲ្យ​ទុក​គល់នឹង​ឫស​នៅ​ជាប់​ក្នុង​ដី​ចុះ មាន​ទាំង​វ័ណ្ឌ​ដែក នឹង​លង្ហិន​ព័ទ្ធ​ជុំវិញ​នៅ​ក្នុង​ស្មៅ​ខ្ចី​នៅ​វាល​ដែរ ហើយ​ត្រូវ​ឲ្យ​បាន​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​នៅ​ក្នុង​ស្មៅ​នៃ​ផែនដី ជា​មួយ​នឹង​អស់​ទាំង​សត្វ​ផង ត្រូវ​ឲ្យ​ចិត្ត​វា​បាន​ផ្លាស់​ប្រែ​ពី​សណ្ឋាន​ចិត្ត​មនុស្ស ឲ្យ​ទៅ​ជា​ចិត្ត​របស់​សត្វ​វិញ រួច​ឲ្យ​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​៧​ខួប ទោស​នេះ គឺ​ជា​ពួក​ពិនិត្យ​ត្រួត​មើល​ដែល​កាត់​ឲ្យ ហើយ​សេចក្ដី​នេះ​ក៏​តាម​បង្គាប់​នៃ​ពួក​បរិសុទ្ធ ប្រយោជន៍​ឲ្យ​មនុស្ស​ដែល​នៅ​រស់​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ក៏​ប្រគល់​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫទ័យ ព្រម​ទាំង​តាំង​មនុស្ស​សណ្ឋាន​ទាប​ថោក​បំផុត​ឡើង ឲ្យ​គ្រប់‌គ្រង​ផង យើង​នេះ ជា​ស្តេច​នេប៊ូ‌ក្នេសា បាន​ឃើញ​សុបិន​នេះ ដូច្នេះ ឱ​បេល‌ថិស្សា‌សារ​អើយ ចូរ​កាត់​ស្រាយ​ទៅ​ពី​ព្រោះ​អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​នគរ​យើង មិន​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​យល់​ទេ តែ​អ្នក​អាច​ស្រាយ​បាន​វិញ ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក។ លំដាប់​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ លោក​ត្រូវ​ងឿង​នៅ​១​សំទុះ ហើយ​គំនិត​របស់​លោក​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ តែ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​សំរាយ​បាន​នាំ​ឲ្យ​អ្នក​បារម្ភ​ព្រួយ​ឡើយ នោះ​បេល‌ថិស្សា‌សារ​ទូល​តប​ថា បពិត្រ​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូលបង្គំ សូម​ឲ្យ​សុបិន​នេះ​បាន​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់​វិញ​ចុះ ហើយ​សេចក្ដី​សំរាយ​បាន​ដល់​ពួក​សត្រូវ​របស់​ទ្រង់​ដែរ ឯ​ដើម​ឈើ​ដែល​ទ្រង់​ទត​ឃើញ​ថា​បាន​ដុះ ហើយ​ក៏​មាំ​នោះ ដែល​មាន​កំពូល​លូត​ឡើង ទល់​នឹង​ផ្ទៃ​មេឃ ហើយ មើល​វា​ឃើញ​រហូត​ដល់​គ្រប់​ទី​នៅ​ផែនដី ជា​ដើម​ឈើ​មាន​ស្លឹក​ល្អ​មើល ហើយ​ផល​ក៏​មាន​ច្រើន ទុក​សំរាប់​ជា​អាហារ ដល់​គ្រប់​ទាំង​អស់ ដែល​សត្វ​នៅ​ផែនដី​បាន​ជ្រក​ក្រោម ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សំបុក​នៅ បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះ គឺ​ជា​អង្គ​ទ្រង់ ដែល​បាន​ឡើង​ជា​ធំ ហើយ​មាន​អានុ‌ភាព ដ្បិត​ភាព​ធំ​របស់​ទ្រង់​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ក៏​ដល់​ចុង​ផែនដី​បំផុត​ដែរ ហើយ​ដំណើរ​ដែល​ព្រះ‌ករុណា​បាន​ឃើញ​ពួក​ពិនិត្យ​ត្រួត​មើល​១​រូប នឹង​ពួក​បរិសុទ្ធ​១​ចុះ​មក​ពី​ស្ថាន‌សួគ៌​និយាយ​ថា ចូរ​កាប់​ដើម​ឈើ​នេះ​ចុះ ហើយ​បំផ្លាញ​ទៅ តែ​ត្រូវ​ទុក​គល់ នឹង​ឫស​ជាប់​នៅ​ក្នុង​ដី មាន​ទាំង​វ័ណ្ឌ​ដែក នឹង​លង្ហិន​ព័ទ្ធ​ជុំវិញ នៅ​កណ្តាល​ស្មៅ​នៅ​វាល ហើយ​ត្រូវ​ឲ្យ​បាន​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក ជា​មួយ​នឹង​អស់​ទាំង​សត្វ នៅ​ផែនដី ទាល់​តែ​បាន​កន្លង​អស់​៧​ខួប​ទៅ បពិត្រ​ព្រះ‌ករុណា នេះ​ជា​សេចក្ដី​សំរាយ ហើយ​គឺ​ជា​បង្គាប់​ដែល​មក​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​មក​ដល់​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូលបង្គំ គឺ​ថាទ្រង់​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​អស់​ទាំង​សត្វ​នៅ​ផែនដី ឲ្យ​ទ្រង់​បាន​សោយ​ស្មៅ​ដូច​ជា​គោ ទ្រង់​នឹង​ត្រូវ​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​អស់​៧​ខួប ទាល់​តែ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫទ័យ ឯ​ដំណើរ​ដែល​គេ​បាន​បង្គាប់​ឲ្យ​ទុក​គល់ នឹង​ឫស​នៃ​ដើម​នោះ​ឲ្យ​នៅ នោះ​គឺ​ថា រាជ្យ​ទ្រង់​នឹង​បាន​ទុក​នៅសំរាប់​កាល​ណា​ទ្រង់​បាន​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង ដូច្នេះ ឱ​ព្រះ‌ករុណា​អើយ សូម​ឲ្យ​ទ្រង់​បាន​រាប់​សេចក្ដី​ទូន្មាន​របស់​ទូលបង្គំ​ជា​គួរ​ទទួល​ចុះ សូម​ឲ្យ​ទ្រង់​ផ្តាច់​អំពើ​បាប​របស់​ទ្រង់​ចេញ ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​ផ្តាច់​អំពើ​ទុច្ចរិត​របស់​ទ្រង់​ចេញ​ផង ដោយ​សំដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ក្រែង​នឹង​មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ។ ការ​ទាំង​នោះ​ក៏​កើត​ដល់​ស្តេច​នេប៊ូ‌ក្នេសា លុះ​កន្លង​បាន​១២​ខែ​ហើយ នោះ​ទ្រង់​កំពុង​យាង​ក្នុង​ព្រះ‌រាជ‌វាំង​នៅ​ក្រុង​បាប៊ីឡូន ខណៈ​នោះ ស្តេច​ទ្រង់​មាន​បន្ទូល​ថា នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ីឡូន​ដ៏​ធំ ដែល​អញ​បាន​ស្អាង​ទុក​ជា​ព្រះ‌រាជ‌ស្ថាន ដោយ​អានុ‌ភាព​នៃ​អំណាច​របស់​អញ ហើយ​សំរាប់​ជា​សិរី‌ល្អ​នៃ​ឥទ្ធា‌នុភាព​របស់​អញ​ទេ​ឬ កាល​ស្តេច​កំពុង​តែ​មាន​បន្ទូល​ពាក្យ​ទាំង​នោះ​នៅ​ឡើយ នោះ​មាន​ឮ​សំឡេង​ធ្លាក់​មក​ពី​លើ​មេឃ​ថា ម្នាល​ស្តេច​នេប៊ូ‌ក្នេសា​អើយ មាន​សេចក្ដី​ប្រាប់​ដល់​ឯង​ហើយ ថា​រាជ្យ​បាន​ផុត​ចេញ​ពី​ឯង​ហើយ ឯង​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ ឯង​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​ពួក​សត្វ​នៅ​ផែនដី ឲ្យ​បាន​ស៊ី​ស្មៅ​ដូច​ជា​គោ ដរាប​ដល់​បាន​កន្លង​ទៅ​អស់​៧​ខួប ទាល់​តែ​ឯង​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា តាម​ព្រះ‌ហឫទ័យ នៅ​វេលា​នោះ​ឯង​ពាក្យ​នោះ​បាន​សំរេច​ដល់​នេប៊ូ‌ក្នេសា គឺ​ទ្រង់​ត្រូវ​បណ្តេញ​ចេញ​ពី​ពួក​មនុស្ស​លោក ហើយ​ក៏​សោយ​ស្មៅ​ដូច​ជា​គោ អង្គ​ទ្រង់​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ទាល់​តែ​ព្រះ‌កេស​ទ្រង់​បាន​ដុះ​វែង ដូច​ជា​ស្លាប​ឥន្ទ្រី ហើយ​នខា​ទ្រង់​ក៏​ដូច​ជា​ក្រចក​នៃ​សត្វ​ស្លាប។ លុះ​ដល់​ផុត​ពេល​កំណត់​ហើយ នោះ​នេប៊ូ‌ក្នេសា យើង​បាន​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​សតិ‌ស្មារតី​ក៏​ត្រឡប់​មក​ឯ​យើង​វិញ រួច​យើង​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រម​ទាំង​សរសើរ ហើយ​លើក​ដំកើង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប‌ជានិច្ច​ផង ដោយ​ព្រោះ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​ទ្រង់​ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ ឯ​អស់​ទាំង​មនុស្ស​លោក​ក៏​រាប់​ទុក​ជា​ឥត​ការ​ទទេ ទ្រង់​ធ្វើ​តាម​តែ​ព្រះ‌ហឫទ័យ​ក្នុង​ពួក​ពល​បរិវារ​នៃ​ស្ថាន‌សួគ៌ ហើយ​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ផង ឥត​មាន​អ្នក​ណា​អាច​នឹង​ឃាត់​ទប់​ព្រះ‌ហស្ត​ទ្រង់ ឬ​នឹង​ទូល​សួរ​ទ្រង់​ថា ទ្រង់​ធ្វើ​អ្វី​ដូច្នេះ​បាន​ឡើយ នៅ​វេលា​នោះ​ឯង សតិ‌ស្មារតី​របស់​យើង​ក៏​ត្រឡប់​មក​វិញ ឯ​សិរី‌ល្អ​នៃ​រាជ្យ​យើង ហើយ​នឹង​ឥទ្ធា‌នុភាព ព្រម​ទាំង​រស្មី​ពន្លឺ ក៏​មក​ឯ​យើង​វិញ​ដែរ ពួក​ប្រឹក្សា នឹង​ពួក​សេនាបតី គេ​មក​រក​យើង គឺ​យើង​បាន​តាំង​ឡើង​នៅ​ក្នុង​រាជ្យ​របស់​យើង​វិញ ហើយ​អំណាច​យើង​ក៏​កាន់​តែ​ធំ​ថែម​ឡើង ឥឡូវ​នេះ នេប៊ូ‌ក្នេសា យើង​ក៏​សរសើរ ហើយ​លើក​ដំកើង ព្រម​ទាំង​ពណ៌នា​គុណ​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​ការ​នៃ​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ក៏​យុត្តិ‌ធម៌​ដែរ ទ្រង់​អាច​នឹង​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ចិត្ត​ធំ​ទៅ។

ចែក​រំលែក
អាន ដានីយ៉ែល 4

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ