ដានីយ៉ែល 1:3-21

ដានីយ៉ែល 1:3-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ស្ដេច​បាន​បញ្ជា​អាស‌ផ្នាស ជាចៅ​ហ្វាយ​លើ​ពួក​មហា​តលិក​របស់​ទ្រង់ ឲ្យ​នាំ​អ្នក​ដែល​ជាប់​ពូជ​ពង្ស​ស្តេច និង​អ្នក​ដែល​មាន​ត្រកូល​អភិជន ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​ខ្លះ​ចូល​មក គឺជា​យុវជន​ដែល​មាន​រូប​កាយ​ឥត​ខ្ចោះ មាន​រូប​សម្បត្តិ​ល្អ ហើយ​ប៉ិន​ប្រសប់​ខាង​ឯ​ប្រាជ្ញា​គ្រប់​យ៉ាង មាន​ចំណេះ​ដឹង​ជ្រៅ‌ជ្រះ មាន​គំនិត​វាង‌វៃ និង​អស់​ទាំង​អ្នក​ដែល​មាន​តម្រិះ អាច​បម្រើ​ក្នុង​ដំណាក់​របស់​ស្តេច​បាន ហើយ​ឲ្យ​បង្រៀន​អក្សរ​សាស្ត្រ និង​ភាសា​របស់​សាសន៍​ខាល់ដេ ដល់​អ្នក​ទាំង​នោះ។ ស្ដេច​តម្រូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង ចែក​ដល់​ពួក‌គេ​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ដែល​ស្ដេច​ធ្លាប់​សោយ​ទៀត​ផង។ អ្នក​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់​រំ​រយៈ​ពេល​បី​ឆ្នាំ លុះ​គ្រប់​ពេល​កំណត់​ហើយ គេ​ត្រូវ​ឈរ​នៅ​ចំពោះ​ស្តេច។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា មក​ពី​កុល‌សម្ព័ន្ធ​យូដា។ ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ​ដូច​តទៅ៖ លោក​ដាក់​ឈ្មោះ​ដានី‌យ៉ែល​ថា បេលថិ‌ស្សាសារ ដាក់​ឈ្មោះ​ហាណា‌នាថា សាដ្រាក់ ដាក់​ឈ្មោះ​មីសា‌អែលថា មែសាក់ ហើយ​ដាក់​ឈ្មោះ​អ័‌សារា​ថា អ័បេឌ-នេកោ។ ប៉ុន្តែ ដានី‌យ៉ែល​បាន​តាំង​ចិត្ត​ថា លោក​មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រាដែល​ស្ដេច​ធ្លាប់​សោយ​ឡើយ។ ដូច្នេះ គាត់​ក៏​សូម​ដល់​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ដើម្បី​មិន​ឲ្យ​ខ្លួន​គាត់​ត្រូវ​សៅ‌ហ្មង។ ព្រះ​ប្រោស​ប្រទាន​ឲ្យចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក មាន​ចិត្ត​សន្ដោស និង​សេចក្ដី​អាណិត​អាសូរ​ដល់​ដានី‌យ៉ែល។ ឯ​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក​ពោលទៅ​កាន់​ដានី‌យ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ ដែល​ទ្រង់​បាន​តម្រូវ​អាហារ និង​ភេសជ្ជៈ​សម្រាប់​អ្នក​ណាស់ ដ្បិត​ហេតុ​អ្វី​ក៏​ចង់​ឲ្យ​ស្ដេច​ទត​ឃើញ​មុខ​អ្នក​រាល់​គ្នា​អាក្រក់ ជាង​យុវជនឯ​ទៀត​ៗ​ដែល​ស្រករ​នឹង​អ្នក? យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ប្រថុយ​ក្បាល​ចំពោះ​ស្តេច​ហើយ»។ ពេល​នោះ ដានី‌យ៉ែល​និយាយ​ទៅ​ម្នាក់​ដែល​ចៅ‌ហ្វាយលើ​ពួក​មហា‌តលិក​បាន​តាំង​ឲ្យមើល​ខុស​ត្រូវ​លើ​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា​ថា៖ «សូម​ល្បង​ល​យើង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក រយៈ​ពេល​ដប់​ថ្ងៃ​មើល​ចុះ! សូម​ឲ្យតែ​បន្លែ​មក​យើង​ខ្ញុំ​បរិភោគ និង​ទឹក​ផឹក​ប៉ុណ្ណោះ។ រួច​សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន ដែល​បរិ‌ភោគ​អាហារ​របស់​ស្តេច ហើយ​សូម​លោក​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ តាម​ការ​ដែល​លោក​យល់​ឃើញ​ចុះ»។ ដូច្នេះ លោក​ក៏​ស្តាប់​តាម​អ្នក​ទាំង​នោះ​ក្នុង​រឿង​នេះ ហើយ​ល្បង​ល​មើល​យុវជន​ទាំង​បួន​រូប រយៈ​ពេល​ដប់​ថ្ងៃ។ លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ មុខ​របស់​គេ​ស្រស់​ល្អ​ជាង ហើយ​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន ដែល​បរិ‌ភោគ​អាហារ​របស់​ស្តេច​ទៅ​ទៀត។ ដូច្នេះ អ្នក​ទទួល​ខុស​ត្រូវ​នោះ​ក៏​ដក​យក​អាហារ និង​ស្រា​ដែល​ពួក‌គេ​ត្រូវ​ផឹក​នោះ​ចេញ ហើយ​ឲ្យ​តែ​បន្លែ​ដល់​ពួក‌គេ​ប៉ុណ្ណោះ។ រី​ឯ​យុវជន​ទាំង​បួន​នាក់​នោះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​តម្រិះ មាន​ការ​ប៉ិន​ប្រសប់​ខាង​អក្សរ​សាស្ត្រ និង​មាន​ប្រាជ្ញា​គ្រប់​យ៉ាង ឯ​ដានី‌យ៉ែល​មាន​ការ​យល់​ដឹង​ក្នុង​ការ​កាត់​ស្រាយ​អស់​ទាំង​និមិត្ត និង​ការ​យល់‌សប្តិ។ លុះ​ចូល​ដល់​ពេល​កំណត់​ដែល​ស្តេច​បាន​បញ្ជា​ឲ្យ​នាំ​ពួក‌គេ​ចូល នោះ​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ក៏​នាំ​អ្នក​ទាំង​នោះ​ចូល​ទៅ​គាល់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា។ ស្ដេច​បាន​សន្ទនា​ជា‌មួយ​ពួក‌គេ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ឥត​ឃើញ​មាន​អ្នក​ណា​ដូច​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា​ឡើយ។ ដូច្នេះ អ្នក​ទាំង​នោះ​ក៏​បាន​ឈរ​នៅ​ចំពោះ​ស្តេច។ ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា និង​យោបល់ ដែល​ស្ដេច​សួរ​ដល់​ពួក‌គេ នោះ​ក៏​ឃើញ​ថា យុវជន​ទាំង​នោះ​ពូកែ​ជាង​ពួក​គ្រូ​មន្ត‌អាគម និង​គ្រូ​អង្គុយ​ធម៌​ទាំង​ប៉ុន្មាន​នៅ​ក្នុង​នគរ​របស់​ស្ដេច មួយ​ជា​ដប់។ ឯ​ដានី‌យ៉ែល​ក៏​នៅទីនោះ រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ​កាល​របស់​ព្រះ‌បាទ​ស៊ីរូស។

ចែក​រំលែក
អាន ដានីយ៉ែល 1

ដានីយ៉ែល 1:3-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌មហា‌ក្សត្រ​បាន​បញ្ជា​ទៅ​លោក​អាស‌ផ្នាស ជា​នាយក​ក្រុម​មហា‌តលិក ឲ្យ​នាំ​យុវជន​ខ្លះ​ដែល​ជាប់​ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​អ៊ីស្រា‌អែល ឬ​ជា​កូន​ចៅ​របស់​ពួក​អភិជន​មក។ យុវជន​ទាំង​នោះ​ត្រូវ​មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ មាន​ប្រាជ្ញា​វាង‌វៃ ជា​មនុស្ស​ចេះ​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់‌ខ្ពស់ មាន​កម្លាំង​អាច​បម្រើ​ព្រះ‌មហា‌ក្សត្រ។ យុវជន​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់រំ​ផ្នែក​អក្សរ‌សាស្ត្រ និង​ភាសា​ខាល់ដេ​ថែម​ទៀត​ផង។ ព្រះ‌មហា‌ក្សត្រ​បញ្ជា​គេ​ឲ្យ​យក​ព្រះ‌ស្ងោយ និង​ស្រា​មួយ​ចំណែក​ទៅ​ឲ្យ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បម្រើ​ស្ដេច។ ក្នុង​ចំណោម​យុវជន​ទាំង​នោះ មាន​ខ្លះ​ជា​ជន‌ជាតិ​យូដា គឺ​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា។ លោក​នាយក​ក្រុម​មហា‌តលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​បួន​ដូច​ត​ទៅ: ដានី‌យ៉ែល​ហៅ​ថា​បេល‌ថិស្សា‌សារ ហាណា‌នា​ហៅ​ថា​សាដ្រាក់ មីសា‌អែល​ហៅ​ថា​មែសាក់ និង​អសា‌រា​ហៅ​ថា​អបេឌ-‌នេកោ។ យុវជន​ដានី‌យ៉ែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ព្រះ‌មហា‌ក្សត្រ​ទេ ក្រែង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហា‌តលិក កុំ​បង្ខំ​គាត់​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​នាយក​ក្រុម​មហា‌តលិក មាន​ចិត្ត​អាណិត‌អាសូរ​ដល់​យុវជន​ដានី‌យ៉ែល។ លោក​នាយក​ក្រុម​មហា‌តលិក​ពោល​ទៅ​កាន់​យុវជន​ដានី‌យ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះ‌ករុណា​ជា​ម្ចាស់​ណាស់ ដ្បិត​ទ្រង់​បាន​តម្រូវ​ឲ្យ​ខ្ញុំ​យក​ម្ហូប​អាហារ និង​ស្រា​មក​ផ្គត់‌ផ្គង់​ប្អូនៗ ប្រសិន​បើ​ព្រះ‌ករុណា​ទត​ឃើញ​មុខ​ប្អូនៗ​ស្គម​ជាង​យុវជន​ឯ​ទៀតៗ ដែល​មាន​អាយុ​ស្រករ​នឹង​ប្អូនៗ​នោះ ទ្រង់​មុខ​ជា​ដាក់​ទោស​ប្រហារ​ជីវិត​ខ្ញុំ​ពុំ‌ខាន»។ យុវជន​ដានី‌យ៉ែល​ពោល​ទៅ​កាន់​លោក​ម្នាក់ ដែល​នាយក​ក្រុម​មហា‌តលិក​បាន​ប្រគល់​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ខ្លួន​គាត់ ហាណា‌នា មីសា‌អែល និង​អសា‌រា​ថា៖ «សូម​លោក​ល្បង‌ល​មើល​យើង​ខ្ញុំ ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​ចុះ! គឺ​សូម​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន​ប៉ុណ្ណោះ។ បន្ទាប់​មក សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន​ឯ​ទៀតៗ​ដែល​បរិភោគ​ព្រះ‌ស្ងោយ​របស់​ព្រះ‌រាជា រួច​សូម​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ការ​យល់​ឃើញ​របស់​លោក​ចុះ!»។ លោក​ក៏​យល់​ព្រម​តាម​ពាក្យ​សុំ ហើយ​ល្បង‌ល​មើល​យុវជន​ទាំង​បួន​នោះ​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ យុវជន​ទាំង​បួន​នាក់​មាន​មុខ​ស្រស់​ល្អ និង​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន​ដែល​បាន​បរិភោគ​ព្រះ‌ស្ងោយ​របស់​ស្ដេច​ទៅ​ទៀត។ ចាប់​ពី​ថ្ងៃ​នោះ​មក អ្នក​ទទួល​ខុស​ត្រូវ​លែង​ចែក​ម្ហូប​អាហារ និង​ស្រា​របស់​ស្ដេច​ឲ្យ​យុវជន​ទាំង​បួន​ទៀត​ហើយ គឺ​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត យុវជន​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។ លុះ​ដល់​ពេល​ព្រះ‌រាជា​កំណត់​ឲ្យ​នាំ​ពួក​យុវជន​ទៅ​ថ្វាយ លោក​នាយក​ក្រុម​មហា‌តលិក​ក៏​នាំ​យុវជន​ទាំង​នោះ ចូល​ទៅ​គាល់​ព្រះចៅ​នេប៊ូ‌ក្នេសា។ ព្រះ‌មហា‌ក្សត្រ​បាន​សន្ទនា​ជា​មួយ​យុវជន​ទាំង​នោះ ហើយ​ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ​នឹង​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា​ឡើយ។ ព្រះ‌មហា‌ក្សត្រ​ក៏​ទទួល​យុវជន​ទាំង​បួន​ឲ្យ​ធ្វើ​ជា​ព្រះ‌រាជ​បម្រើ។ ពេល​ស្ដេច​សាក​សួរ​អំពី​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្ត‌អាគម និង​ហោរា​ទាំង‌ឡាយ​ក្នុង​ព្រះ‌រាជា‌ណាចក្រ​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។ លោក​ដានី‌យ៉ែល​រស់​នៅ​ក្នុង​រាជ‌វាំង រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​របស់​ព្រះចៅ​ស៊ីរូស។

ចែក​រំលែក
អាន ដានីយ៉ែល 1

ដានីយ៉ែល 1:3-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្តេច​ទ្រង់​មាន​បន្ទូល​បង្គាប់​ដល់​អាស‌ផ្នាស ជា​នាយ​លើ​ពួក​កំរៀវ​របស់​ទ្រង់ ឲ្យ​នាំ​ពូជ​ស្តេច នឹង​ពួក​មាន​ត្រកូល​ខ្ពស់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចូល​មក គឺ​ជា​មនុស្ស​កំឡោះៗ​ដែល​ឥត​មាន​ខ្ចោះ​អ្វី​សោះ ជា​អ្នក​ដែល​មាន​រូប​រាង​ល្អ ហើយ​ចេះ​ស្ទាត់​ក្នុង​គ្រប់​ទាំង​ចំណេះ ឆាប់​យល់​ខាង​សេចក្ដី​ជ្រៅ‌ជ្រះ មាន​គំនិត​វាង‌វៃ នឹង​អស់​ទាំង​អ្នក​ដែល​មាន​ដំរិះ អាច​ធ្វើ​ការ‌ងារ​ក្នុង​ដំណាក់​ស្តេច​បាន ក៏​ប្រាប់​ឲ្យ​លោក​បង្រៀន​គេ​តាម​វិជ្ជា​នឹង​ភាសា​របស់​សាសន៍​ខាល់ដេ ស្តេច​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង​ចែក​ដល់​គេ​ជា​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ផង ហើយ​ឲ្យ​ចិញ្ចឹម​គេ​យ៉ាង​ដូច្នោះ​គ្រប់​៣​ឆ្នាំ ដើម្បី​កាល​ណា​សំរេច​ពេល​កំណត់​ហើយ នោះ​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ស្តេច រីឯ​ក្នុង​ពួក​អ្នក​ទាំង​ប៉ុន្មាន​នោះ មាន​ពួក​យូដា​ខ្លះ គឺ​មាន​ដានី‌យ៉ែល​១ ហាណានា​១ មីសា‌អែល​១ នឹង​អ័សារា​១ ឯ​ចៅហ្វាយ​លើ​ពួក​កំរៀវ លោក​ឲ្យ​មាន​ឈ្មោះ​ផ្សេង​វិញ គឺ​លោក​ឲ្យ​ដានី‌យ៉ែល​មាន​ឈ្មោះ​ថា បេល‌ថិស្សាសារ ឲ្យ​ហាណានា​មាន​ឈ្មោះ​ថា សាដ្រាក់ ឲ្យ​មីសា‌អែល​មាន​ឈ្មោះ​ថា មែសាក់ ហើយ​ក៏​ឲ្យ​អ័សារា​មាន​ឈ្មោះ​ថា អ័បេឌ-នេកោ។ ប៉ុន្តែដានី‌យ៉ែល​បាន​សំរេច​ក្នុង​ចិត្ត​ថា មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ឡើយ បាន​ជា​លោក​សូម​ដល់​ចៅហ្វាយ​លើ​ពួក​កំរៀវ ដើម្បី​មិន​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ទៅ ព្រះ‌ទ្រង់​ក៏​ធ្វើ​ឲ្យ​ដានី‌យ៉ែល​បាន​ប្រកប​ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ស្រឡាញ់​របស់​ចៅហ្វាយ​នោះ ឯ​ចៅហ្វាយ​លើ​ពួក​កំរៀវ​នោះ ក៏​និយាយ​នឹង​ដានី‌យ៉ែល​ថា យើង​ខ្លាច​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ដំរូវ​អាហារ នឹង​គ្រឿង​ផឹក​ដល់​អ្នក​ណាស់ ចង់​ឲ្យ​ទ្រង់​ទត​ឃើញ​មុខ​អ្នក​រាល់​គ្នាបាន​អាក្រក់​ជាង​ពួក​កំឡោះៗ​ស្រករ​នឹង​ឯង​ធ្វើ​អី យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​យើង​ប្រថុយ​ក្បាល​ចំពោះ​ស្តេច​ហើយ នោះ​ដានី‌យ៉ែល​និយាយ​ដល់​អ្នក​ដំរួត ដែល​ចៅហ្វាយ​ពួក​កំរៀវ​បាន​តាំង​ឲ្យ​ត្រួត​លើ​ដានី‌យ៉ែល ហាណានា មីសា‌អែល នឹង​អ័សារា​ថា សូម​ល្បង​ល​យើង​ខ្ញុំ ជា​អ្នក​បំរើ​លោក​បាន​១០​ថ្ងៃ​មើល សូម​ឲ្យ​គេ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ទទួល​ទាន​តែ​បន្លែ ហើយ​ផឹក​ទឹក​ប៉ុណ្ណោះ​ចុះ រួច​សូម​លោក​មើល​មុខ​យើង​ខ្ញុំ ផ្ទឹម​នឹង​មុខ​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច ក៏​សូម​លោក​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​ដែល​លោក​ឃើញ​ចុះ។ ដូច្នេះ លោក​ក៏​ស្តាប់​តាម​គេ​ក្នុង​ដំណើរ​នោះ ក៏​ល្បង​ល​គេ​មើល​អស់​១០​ថ្ងៃ លុះ​ដល់​ផុត​១០​ថ្ងៃ​ទៅ​នោះ​មុខ​គេ​បាន​ស្រស់​ជាង ហើយ​គេ​មាន​សាច់​ល្អ​ជាង​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច​ទៅ​ទៀត ដូច្នេះ​អ្នក​ដំរួត​ក៏​ដក​យក​អាហារ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​សំរាប់​ឲ្យ​គេ​ផឹក​ចេញ​ទៅ ហើយ​បាន​ឲ្យ​តែ​បន្លែ​ដល់​គេ​វិញ។ រីឯ​មនុស្ស​កំឡោះ​ទាំង​៤​នាក់​នេះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​ដំរិះ ហើយ​ឲ្យ​បាន​ឆ្លៀវ‌ឆ្លាត​ក្នុង​គ្រប់​ទាំង​ចំណេះនឹង​ប្រាជ្ញា ឯ​ដានី‌យ៉ែល លោក​ក៏​មាន​យោបល់​ក្នុង​អស់​ទាំង​ការ​ជាក់‌ស្តែង នឹង​ការ​យល់‌សប្តិ​ផង លុះ​ដល់​កំណត់​ពេល ដែល​ស្តេច​បាន​បង្គាប់​ឲ្យ​នាំ​គេ​ចូល​មក នោះ​ចៅហ្វាយ​លើ​ពួក​កំរៀវ ក៏​នាំ​គេ​ចូល​ទៅ​គាល់​នេប៊ូ‌ក្នេសា ស្តេច​ទ្រង់​ក៏​មាន​បន្ទូល​សន្ទនា​នឹង​គេ ហើយ​ក្នុង​ពួក​អ្នក​ទាំង​នោះ ឥត​ឃើញ​មាន​អ្នក​ណា​ដូច​ជា​ដានី‌យ៉ែល ហាណានា មីសា‌អែល នឹង​អ័សារា​ឡើយ ដូច្នេះ អ្នក​ទាំង​នោះ​បាន​ធ្វើ​ការ‌ងារ នៅ​ចំពោះ​ស្តេច​ទៅ ហើយ​ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា នឹង​យោបល់ ដែល​ស្តេច​ទ្រង់​សួរ​ដល់​គេ នោះ​ក៏​ឃើញ​ថា គេ​វិសេស​ជាង​អស់​ទាំង​ពួក​គ្រូ​មន្ត‌អាគម ហើយ​នឹង​គ្រូ​អង្គុយ​ធម៌ ដែល​នៅ​គ្រប់​ក្នុង​អាណា​ខេត្ត​ទ្រង់​១​ជា​១០​សួន ហើយ​ដានី‌យ៉ែល​ក៏​នៅ​រៀង​ត​ទៅ ដរាប​ដល់​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​ស្តេច​ស៊ីរូស។

ចែក​រំលែក
អាន ដានីយ៉ែល 1