ដានីយ៉ែល 1:15-21

ដានីយ៉ែល 1:15-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ មុខ​របស់​គេ​ស្រស់​ល្អ​ជាង ហើយ​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន ដែល​បរិ‌ភោគ​អាហារ​របស់​ស្តេច​ទៅ​ទៀត។ ដូច្នេះ អ្នក​ទទួល​ខុស​ត្រូវ​នោះ​ក៏​ដក​យក​អាហារ និង​ស្រា​ដែល​ពួក‌គេ​ត្រូវ​ផឹក​នោះ​ចេញ ហើយ​ឲ្យ​តែ​បន្លែ​ដល់​ពួក‌គេ​ប៉ុណ្ណោះ។ រី​ឯ​យុវជន​ទាំង​បួន​នាក់​នោះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​តម្រិះ មាន​ការ​ប៉ិន​ប្រសប់​ខាង​អក្សរ​សាស្ត្រ និង​មាន​ប្រាជ្ញា​គ្រប់​យ៉ាង ឯ​ដានី‌យ៉ែល​មាន​ការ​យល់​ដឹង​ក្នុង​ការ​កាត់​ស្រាយ​អស់​ទាំង​និមិត្ត និង​ការ​យល់‌សប្តិ។ លុះ​ចូល​ដល់​ពេល​កំណត់​ដែល​ស្តេច​បាន​បញ្ជា​ឲ្យ​នាំ​ពួក‌គេ​ចូល នោះ​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ក៏​នាំ​អ្នក​ទាំង​នោះ​ចូល​ទៅ​គាល់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា។ ស្ដេច​បាន​សន្ទនា​ជា‌មួយ​ពួក‌គេ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ឥត​ឃើញ​មាន​អ្នក​ណា​ដូច​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា​ឡើយ។ ដូច្នេះ អ្នក​ទាំង​នោះ​ក៏​បាន​ឈរ​នៅ​ចំពោះ​ស្តេច។ ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា និង​យោបល់ ដែល​ស្ដេច​សួរ​ដល់​ពួក‌គេ នោះ​ក៏​ឃើញ​ថា យុវជន​ទាំង​នោះ​ពូកែ​ជាង​ពួក​គ្រូ​មន្ត‌អាគម និង​គ្រូ​អង្គុយ​ធម៌​ទាំង​ប៉ុន្មាន​នៅ​ក្នុង​នគរ​របស់​ស្ដេច មួយ​ជា​ដប់។ ឯ​ដានី‌យ៉ែល​ក៏​នៅទីនោះ រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ​កាល​របស់​ព្រះ‌បាទ​ស៊ីរូស។

ចែក​រំលែក
អាន ដានីយ៉ែល 1

ដានីយ៉ែល 1:15-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ យុវជន​ទាំង​បួន​នាក់​មាន​មុខ​ស្រស់​ល្អ និង​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន​ដែល​បាន​បរិភោគ​ព្រះ‌ស្ងោយ​របស់​ស្ដេច​ទៅ​ទៀត។ ចាប់​ពី​ថ្ងៃ​នោះ​មក អ្នក​ទទួល​ខុស​ត្រូវ​លែង​ចែក​ម្ហូប​អាហារ និង​ស្រា​របស់​ស្ដេច​ឲ្យ​យុវជន​ទាំង​បួន​ទៀត​ហើយ គឺ​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត យុវជន​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។ លុះ​ដល់​ពេល​ព្រះ‌រាជា​កំណត់​ឲ្យ​នាំ​ពួក​យុវជន​ទៅ​ថ្វាយ លោក​នាយក​ក្រុម​មហា‌តលិក​ក៏​នាំ​យុវជន​ទាំង​នោះ ចូល​ទៅ​គាល់​ព្រះចៅ​នេប៊ូ‌ក្នេសា។ ព្រះ‌មហា‌ក្សត្រ​បាន​សន្ទនា​ជា​មួយ​យុវជន​ទាំង​នោះ ហើយ​ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ​នឹង​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា​ឡើយ។ ព្រះ‌មហា‌ក្សត្រ​ក៏​ទទួល​យុវជន​ទាំង​បួន​ឲ្យ​ធ្វើ​ជា​ព្រះ‌រាជ​បម្រើ។ ពេល​ស្ដេច​សាក​សួរ​អំពី​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្ត‌អាគម និង​ហោរា​ទាំង‌ឡាយ​ក្នុង​ព្រះ‌រាជា‌ណាចក្រ​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។ លោក​ដានី‌យ៉ែល​រស់​នៅ​ក្នុង​រាជ‌វាំង រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​របស់​ព្រះចៅ​ស៊ីរូស។

ចែក​រំលែក
អាន ដានីយ៉ែល 1

ដានីយ៉ែល 1:15-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ផុត​១០​ថ្ងៃ​ទៅ​នោះ​មុខ​គេ​បាន​ស្រស់​ជាង ហើយ​គេ​មាន​សាច់​ល្អ​ជាង​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច​ទៅ​ទៀត ដូច្នេះ​អ្នក​ដំរួត​ក៏​ដក​យក​អាហារ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​សំរាប់​ឲ្យ​គេ​ផឹក​ចេញ​ទៅ ហើយ​បាន​ឲ្យ​តែ​បន្លែ​ដល់​គេ​វិញ។ រីឯ​មនុស្ស​កំឡោះ​ទាំង​៤​នាក់​នេះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​ដំរិះ ហើយ​ឲ្យ​បាន​ឆ្លៀវ‌ឆ្លាត​ក្នុង​គ្រប់​ទាំង​ចំណេះនឹង​ប្រាជ្ញា ឯ​ដានី‌យ៉ែល លោក​ក៏​មាន​យោបល់​ក្នុង​អស់​ទាំង​ការ​ជាក់‌ស្តែង នឹង​ការ​យល់‌សប្តិ​ផង លុះ​ដល់​កំណត់​ពេល ដែល​ស្តេច​បាន​បង្គាប់​ឲ្យ​នាំ​គេ​ចូល​មក នោះ​ចៅហ្វាយ​លើ​ពួក​កំរៀវ ក៏​នាំ​គេ​ចូល​ទៅ​គាល់​នេប៊ូ‌ក្នេសា ស្តេច​ទ្រង់​ក៏​មាន​បន្ទូល​សន្ទនា​នឹង​គេ ហើយ​ក្នុង​ពួក​អ្នក​ទាំង​នោះ ឥត​ឃើញ​មាន​អ្នក​ណា​ដូច​ជា​ដានី‌យ៉ែល ហាណានា មីសា‌អែល នឹង​អ័សារា​ឡើយ ដូច្នេះ អ្នក​ទាំង​នោះ​បាន​ធ្វើ​ការ‌ងារ នៅ​ចំពោះ​ស្តេច​ទៅ ហើយ​ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា នឹង​យោបល់ ដែល​ស្តេច​ទ្រង់​សួរ​ដល់​គេ នោះ​ក៏​ឃើញ​ថា គេ​វិសេស​ជាង​អស់​ទាំង​ពួក​គ្រូ​មន្ត‌អាគម ហើយ​នឹង​គ្រូ​អង្គុយ​ធម៌ ដែល​នៅ​គ្រប់​ក្នុង​អាណា​ខេត្ត​ទ្រង់​១​ជា​១០​សួន ហើយ​ដានី‌យ៉ែល​ក៏​នៅ​រៀង​ត​ទៅ ដរាប​ដល់​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​ស្តេច​ស៊ីរូស។

ចែក​រំលែក
អាន ដានីយ៉ែល 1