កូឡូស 3:5-11

កូឡូស 3:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ សូម​បងប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាស‌ចាក​សីលធម៌ អំពើ​សៅ‌ហ្មង ចិត្ត​ស្រើប‌ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភ‌លន់ គឺ​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ព្រះ។ ព្រោះ​តែ​អំពើ​ទាំង​នោះ​ហើយ បាន​ជា​ព្រះ‌ជា‌ម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះអង្គ។ កាល​ពី​ដើម បងប្អូន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ហើយ​ក៏​រស់​នៅ​បែប​ដូច្នោះ​ដែរ។ តែ​ឥឡូវ​នេះ សូម​បងប្អូន​បោះ‌បង់​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ចិត្ត​អាក្រក់ ពាក្យ​ជេរ‌ប្រមាថ ពាក្យ​ទ្រគោះ​បោះ‌បោក​ដែល​ចេញ​ពី​មាត់​របស់​បងប្អូន​ចោល​ទៅ។ កុំ​និយាយ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​បងប្អូន​បាន​ដោះ​ជីវិត​ចាស់ និង​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជីវិត​នោះ​ចោល​ហើយ បងប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចម្រើន​ថ្មី​ឡើងៗ ឲ្យ​បាន​ដូច​ព្រះ‌ជា‌ម្ចាស់​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឲ្យ​បងប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។ ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍យូដា ពួក​កាត់​ស្បែក* ឬ​មិន​កាត់​ស្បែក មនុស្ស​ព្រៃ ឬ​ពួក​ទមិឡ​ និង​លែង​មាន​អ្នក‌ងារ ឬ​អ្នក‌ជា​ទៀត​ឡើយ ដ្បិត​ព្រះ‌គ្រិស្ត​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​សម្លាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​អំពើ​សហាយ​ស្មន់ ស្មោក‌គ្រោក ចិត្ត​ស្រើប​ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភ​លន់ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។ ដោយ​ព្រោះ​អំពើ​ទាំង​នោះ​ហើយ បាន​ជា​សេចក្តី​ក្រោធ​របស់​ព្រះ​ធ្លាក់​លើ​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។ កាល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ពី​ដើម អ្នក​រាល់​គ្នា​ក៏​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ដែរ។ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ត្រូវ​លះ​បង់​អំពើ​ទាំង​អស់​នោះ​ចោល គឺ​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ចិត្ត​អាក្រក់ ពាក្យ​ជេរ​ប្រមាថ និង​ពាក្យ​អព‌មង្គល​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ទៅ។ មិន​ត្រូវ​កុហក​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ និង​អំពើ​របស់​វា​ចោល​ចេញ​ហើយ ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​ចំណេះ​ដឹង ឲ្យ​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក។ ក្នុង​សណ្ឋាន​នោះ គ្មាន​សាសន៍​ក្រិក និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មិន​កាត់​ស្បែក ពួក​មនុស្ស​ព្រៃ ពួក​ជនជាតិ​ភាគ​តិច អ្នក​បម្រើ ឬ​អ្នក​ជា​ទៀត​ឡើយ គឺ​ព្រះ‌គ្រីស្ទ​ជា​គ្រប់​ទាំង​អស់ ហើយ​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់!

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយ‌ស្មន់​ស្មោក‌គ្រោក សំរើប​សំរាល ប៉ង‌ប្រាថ្នា​អាក្រក់ នឹង​សេចក្ដី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ គឺ​ដោយ​ហេតុ​សេចក្ដី​ទាំង​នោះ បាន​ជា​សេចក្ដី​ខ្ញាល់​របស់​ព្រះ​មក​លើ​ពួក​មនុស្ស​រឹង‌ចចេស ហើយ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​កាល​ពី​ដើម គឺ​ពី​កាល​ដែល​នៅ​រស់​ក្នុង​កិរិយា​ទាំង​នោះ​ដែរ តែ​ឥឡូវ​នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លះ​អស់​ទាំង​អំពើ​នោះ គឺ​សេចក្ដី​កំហឹង គ្នាន់‌ក្នាញ់ គំរក់ ប្រមាថ នឹង​ពាក្យ​អព្វ‌មង្គល ចេញ​ពី​មាត់​ចោល​ទៅ កុំ​ឲ្យ​កុហក​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ នឹង​អំពើ​របស់​វា​ចោល​ចេញ​ហើយ ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្ដី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក ជា​សណ្ឋាន​ដែល​គ្មាន​សាសន៍​ក្រេក នឹង​សាសន៍​យូដា ការ​កាត់​ស្បែក ហើយ​មិន​កាត់​ស្បែក មនុស្ស​ប្រទេស​ដទៃ ឬ​ជាតិ​មនុស្ស​ព្រៃ បាវ​បំរើ ឬ​អ្នក​ជា​ផង​នោះ​ទេ គឺ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​គ្រប់​ទាំង​អស់​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់​ផង។

ចែក​រំលែក
អាន កូឡូស 3