កូឡូស 3:10-16

កូឡូស 3:10-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​ចំណេះ​ដឹង ឲ្យ​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក។ ក្នុង​សណ្ឋាន​នោះ គ្មាន​សាសន៍​ក្រិក និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មិន​កាត់​ស្បែក ពួក​មនុស្ស​ព្រៃ ពួក​ជនជាតិ​ភាគ​តិច អ្នក​បម្រើ ឬ​អ្នក​ជា​ទៀត​ឡើយ គឺ​ព្រះ‌គ្រីស្ទ​ជា​គ្រប់​ទាំង​អស់ ហើយ​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់! ដូច្នេះ ដោយ​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្រ្ត​បរិសុទ្ធ និង​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព ស្លូតបូត ហើយ​អត់‌ធ្មត់​ចុះ។ ចូរ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន‌បើ​អ្នក​ណា​ម្នាក់​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ទៀត ចូរ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌អម្ចាស់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ត្រូវ​អត់​ទោស​យ៉ាង​នោះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ចូរ​ប្រដាប់​កាយ​ដោយ​សេចក្តី​ស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍​ចុះ។ ចូរ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ព្រះ‌គ្រីស្ទ​គ្រប់​គ្រង​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​សេចក្ដី​សុខសាន្ត​នោះ​ឯង ហើយ​ចូរ​អរ​ព្រះគុណ​ផង។ ចូរ​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ។ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះ​នៅ​ក្នុង​ចិត្ត ដោយ​ច្រៀង​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ​ចុះ។

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:10-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចម្រើន​ថ្មី​ឡើងៗ ឲ្យ​បាន​ដូច​ព្រះ‌ជា‌ម្ចាស់​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឲ្យ​បងប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។ ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍យូដា ពួក​កាត់​ស្បែក* ឬ​មិន​កាត់​ស្បែក មនុស្ស​ព្រៃ ឬ​ពួក​ទមិឡ​ និង​លែង​មាន​អ្នក‌ងារ ឬ​អ្នក‌ជា​ទៀត​ឡើយ ដ្បិត​ព្រះ‌គ្រិស្ត​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។ ដោយ​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស‌រើស​បងប្អូន​ធ្វើ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ បងប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិត‌មេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត‌បូត និង​ចិត្ត​ខន្តី​អត់‌ធ្មត់។ ត្រូវ​ចេះ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បងប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់‌ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​បាន​អត់‌ទោស​ឲ្យ​បងប្អូន​យ៉ាង​ណា ចូរ​អត់‌ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​បងប្អូន​រួប‌រួម​គ្នា​ពេញ​លក្ខណៈ​ ។ សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌គ្រិស្ត​សោយ​រាជ្យ​នៅ​ ក្នុង​ចិត្ត​បងប្អូន ព្រោះ​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់‌ហៅ​បងប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​ព្រះ‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បងប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ ត្រូវ​អរ​ព្រះ‌គុណ​ព្រះអង្គ​ជានិច្ច។ សូម​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ត​សណ្ឋិត​នៅ​ក្នុង​បងប្អូន​ឲ្យ​បាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ក្នុង​ចិត្ត ដោយ​ប្រើ​ទំនុកតម្កើង បទ​សរសើរ និង​បទ​ចម្រៀង មក​ពី​ព្រះ‌វិញ្ញាណ។

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:10-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្ដី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក ជា​សណ្ឋាន​ដែល​គ្មាន​សាសន៍​ក្រេក នឹង​សាសន៍​យូដា ការ​កាត់​ស្បែក ហើយ​មិន​កាត់​ស្បែក មនុស្ស​ប្រទេស​ដទៃ ឬ​ជាតិ​មនុស្ស​ព្រៃ បាវ​បំរើ ឬ​អ្នក​ជា​ផង​នោះ​ទេ គឺ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​គ្រប់​ទាំង​អស់​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់​ផង។ ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់‌ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន‌ភ្ងា​ដល់​ព្រះ​ចុះ ហើយ​ទ្រាំ‌ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​សេចក្ដី​មេត្រី​របស់​ព្រះ‌គ្រីស្ទ​ត្រួត‌ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​នោះ​ឯង ឲ្យ​មាន​រូប‌កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។ ចូរ​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ‌គុណ

ចែក​រំលែក
អាន កូឡូស 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ