កូឡូស 3:1-17

កូឡូស 3:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​រស់​ឡើង​វិញ​ជា​មួយ​ព្រះ‌គ្រីស្ទ​មែន ចូរ​ស្វែង​រក​អ្វីៗ​ដែល​នៅ​ស្ថាន​លើ ជា​ស្ថាន​ដែល​ព្រះ‌គ្រីស្ទ​គង់​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ​នោះ​វិញ។ ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ខាង​លើ កុំ​គិត​ពី​អ្វីៗ​ដែល​នៅ​ផែនដី​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្លាប់​ហើយ ឯ​ជីវិត​របស់​អ្នក​រាល់​គ្នា​ក៏​បាន​លាក់​ទុក​ជា​មួយ​ព្រះ‌គ្រីស្ទ​ក្នុង​ព្រះ​ដែរ។ ពេល​ព្រះ‌គ្រីស្ទ​ដែល​ជា​ជីវិត​របស់​អ្នក​រាល់​គ្នា​លេច​មក នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​លេច​មក​ជាមួយ​ព្រះ‌អង្គ​ក្នុង​សិរី‌ល្អ​ដែរ។ ដូច្នេះ ចូរ​សម្លាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​អំពើ​សហាយ​ស្មន់ ស្មោក‌គ្រោក ចិត្ត​ស្រើប​ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភ​លន់ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។ ដោយ​ព្រោះ​អំពើ​ទាំង​នោះ​ហើយ បាន​ជា​សេចក្តី​ក្រោធ​របស់​ព្រះ​ធ្លាក់​លើ​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។ កាល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ពី​ដើម អ្នក​រាល់​គ្នា​ក៏​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ដែរ។ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ត្រូវ​លះ​បង់​អំពើ​ទាំង​អស់​នោះ​ចោល គឺ​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ចិត្ត​អាក្រក់ ពាក្យ​ជេរ​ប្រមាថ និង​ពាក្យ​អព‌មង្គល​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ទៅ។ មិន​ត្រូវ​កុហក​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ និង​អំពើ​របស់​វា​ចោល​ចេញ​ហើយ ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​ចំណេះ​ដឹង ឲ្យ​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក។ ក្នុង​សណ្ឋាន​នោះ គ្មាន​សាសន៍​ក្រិក និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មិន​កាត់​ស្បែក ពួក​មនុស្ស​ព្រៃ ពួក​ជនជាតិ​ភាគ​តិច អ្នក​បម្រើ ឬ​អ្នក​ជា​ទៀត​ឡើយ គឺ​ព្រះ‌គ្រីស្ទ​ជា​គ្រប់​ទាំង​អស់ ហើយ​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់! ដូច្នេះ ដោយ​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្រ្ត​បរិសុទ្ធ និង​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព ស្លូតបូត ហើយ​អត់‌ធ្មត់​ចុះ។ ចូរ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន‌បើ​អ្នក​ណា​ម្នាក់​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ទៀត ចូរ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌អម្ចាស់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ត្រូវ​អត់​ទោស​យ៉ាង​នោះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ចូរ​ប្រដាប់​កាយ​ដោយ​សេចក្តី​ស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍​ចុះ។ ចូរ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ព្រះ‌គ្រីស្ទ​គ្រប់​គ្រង​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​សេចក្ដី​សុខសាន្ត​នោះ​ឯង ហើយ​ចូរ​អរ​ព្រះគុណ​ផង។ ចូរ​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ។ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះ​នៅ​ក្នុង​ចិត្ត ដោយ​ច្រៀង​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ​ចុះ។ ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​ការ​ប្រព្រឹត្ត​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា តាម​រយៈ​ព្រះ‌អង្គ​ផង។

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ប្រសិន​បើ​បងប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ ជា​ស្ថាន​ដែល​ព្រះ‌គ្រិស្ត​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជា‌ម្ចាស់​នោះ​វិញ។ ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ស្ថាន​លើ កុំ​គិត​ពី​អ្វី​នៅ​លើ​ផែនដី​នេះ​ឡើយ ដ្បិត​បងប្អូន​បាន​ស្លាប់​ផុត​ទៅ​ហើយ ហើយ​ជីវិត​របស់​បងប្អូន​ក៏​បាន​កប់​ទុក​ជា​មួយ​ព្រះ‌គ្រិស្ត ក្នុង​ព្រះ‌ជា‌ម្ចាស់​ដែរ។ ពេល​ព្រះ‌គ្រិស្ត​ដែល​ជា​ជីវិត​របស់​បងប្អូន​លេច​មក បងប្អូន​ក៏​នឹង​លេច​មក​ជា​មួយ​ព្រះ‌គ្រិស្ត ប្រកប​ដោយ​សិរី‌រុងរឿង​ដែរ។ ដូច្នេះ សូម​បងប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាស‌ចាក​សីលធម៌ អំពើ​សៅ‌ហ្មង ចិត្ត​ស្រើប‌ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភ‌លន់ គឺ​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ព្រះ។ ព្រោះ​តែ​អំពើ​ទាំង​នោះ​ហើយ បាន​ជា​ព្រះ‌ជា‌ម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះអង្គ។ កាល​ពី​ដើម បងប្អូន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ហើយ​ក៏​រស់​នៅ​បែប​ដូច្នោះ​ដែរ។ តែ​ឥឡូវ​នេះ សូម​បងប្អូន​បោះ‌បង់​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ចិត្ត​អាក្រក់ ពាក្យ​ជេរ‌ប្រមាថ ពាក្យ​ទ្រគោះ​បោះ‌បោក​ដែល​ចេញ​ពី​មាត់​របស់​បងប្អូន​ចោល​ទៅ។ កុំ​និយាយ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​បងប្អូន​បាន​ដោះ​ជីវិត​ចាស់ និង​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជីវិត​នោះ​ចោល​ហើយ បងប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចម្រើន​ថ្មី​ឡើងៗ ឲ្យ​បាន​ដូច​ព្រះ‌ជា‌ម្ចាស់​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឲ្យ​បងប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។ ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍យូដា ពួក​កាត់​ស្បែក* ឬ​មិន​កាត់​ស្បែក មនុស្ស​ព្រៃ ឬ​ពួក​ទមិឡ​ និង​លែង​មាន​អ្នក‌ងារ ឬ​អ្នក‌ជា​ទៀត​ឡើយ ដ្បិត​ព្រះ‌គ្រិស្ត​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។ ដោយ​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស‌រើស​បងប្អូន​ធ្វើ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ បងប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិត‌មេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត‌បូត និង​ចិត្ត​ខន្តី​អត់‌ធ្មត់។ ត្រូវ​ចេះ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បងប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់‌ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​បាន​អត់‌ទោស​ឲ្យ​បងប្អូន​យ៉ាង​ណា ចូរ​អត់‌ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​បងប្អូន​រួប‌រួម​គ្នា​ពេញ​លក្ខណៈ​ ។ សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌គ្រិស្ត​សោយ​រាជ្យ​នៅ​ ក្នុង​ចិត្ត​បងប្អូន ព្រោះ​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់‌ហៅ​បងប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​ព្រះ‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បងប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ ត្រូវ​អរ​ព្រះ‌គុណ​ព្រះអង្គ​ជានិច្ច។ សូម​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ត​សណ្ឋិត​នៅ​ក្នុង​បងប្អូន​ឲ្យ​បាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ក្នុង​ចិត្ត ដោយ​ប្រើ​ទំនុកតម្កើង បទ​សរសើរ និង​បទ​ចម្រៀង មក​ពី​ព្រះ‌វិញ្ញាណ។ ការ​អ្វី​ក៏​ដោយ​ដែល​បងប្អូន​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​កាយ‌វិការ​ក្តី ត្រូវ​ធ្វើ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ​ទាំង​អស់ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា តាម​រយៈ​ព្រះអង្គ​ផង។

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​រស់​ឡើង​វិញ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នោះ​ចូរ​ស្វែង​រក​អស់​ទាំង​សេចក្ដី ដែល​នៅ​ស្ថាន​លើ​វិញ ជា​ស្ថាន​ដែល​ព្រះ‌គ្រីស្ទ​គង់​ខាង​ស្តាំ​នៃ​ព្រះ ចូរ​ផ្ចង់​ចិត្ត​ទៅ​ឯ​សេចក្ដី​ទាំង​អស់​ដែល​នៅ​ខាង​លើ កុំ​ឲ្យ​ផ្ចង់​ទៅ​ឯ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្លាប់​ហើយ ជីវិត​អ្នក​រាល់​គ្នា​ក៏​លាក់​ទុក​ក្នុង​ព្រះ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ កាល​ណា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ជីវិត​នៃ​យើង បាន​លេច​មក នោះ​អ្នក​រាល់​គ្នា​នឹង​លេច​មក​ក្នុង​សិរី‌ល្អ ជា​មួយ​នឹង​ទ្រង់​ដែរ។ ដូច្នេះ ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយ‌ស្មន់​ស្មោក‌គ្រោក សំរើប​សំរាល ប៉ង‌ប្រាថ្នា​អាក្រក់ នឹង​សេចក្ដី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ គឺ​ដោយ​ហេតុ​សេចក្ដី​ទាំង​នោះ បាន​ជា​សេចក្ដី​ខ្ញាល់​របស់​ព្រះ​មក​លើ​ពួក​មនុស្ស​រឹង‌ចចេស ហើយ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​កាល​ពី​ដើម គឺ​ពី​កាល​ដែល​នៅ​រស់​ក្នុង​កិរិយា​ទាំង​នោះ​ដែរ តែ​ឥឡូវ​នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លះ​អស់​ទាំង​អំពើ​នោះ គឺ​សេចក្ដី​កំហឹង គ្នាន់‌ក្នាញ់ គំរក់ ប្រមាថ នឹង​ពាក្យ​អព្វ‌មង្គល ចេញ​ពី​មាត់​ចោល​ទៅ កុំ​ឲ្យ​កុហក​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ នឹង​អំពើ​របស់​វា​ចោល​ចេញ​ហើយ ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្ដី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក ជា​សណ្ឋាន​ដែល​គ្មាន​សាសន៍​ក្រេក នឹង​សាសន៍​យូដា ការ​កាត់​ស្បែក ហើយ​មិន​កាត់​ស្បែក មនុស្ស​ប្រទេស​ដទៃ ឬ​ជាតិ​មនុស្ស​ព្រៃ បាវ​បំរើ ឬ​អ្នក​ជា​ផង​នោះ​ទេ គឺ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​គ្រប់​ទាំង​អស់​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់​ផង។ ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់‌ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន‌ភ្ងា​ដល់​ព្រះ​ចុះ ហើយ​ទ្រាំ‌ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​សេចក្ដី​មេត្រី​របស់​ព្រះ‌គ្រីស្ទ​ត្រួត‌ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​នោះ​ឯង ឲ្យ​មាន​រូប‌កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។ ចូរ​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ‌គុណ ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី​ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដោយ‌សារ​ទ្រង់​ផង។

ចែក​រំលែក
អាន កូឡូស 3

កូឡូស 3:1-17

កូឡូស 3:1-17 គខបកូឡូស 3:1-17 គខបកូឡូស 3:1-17 គខបកូឡូស 3:1-17 គខបកូឡូស 3:1-17 គខបកូឡូស 3:1-17 គខបកូឡូស 3:1-17 គខបកូឡូស 3:1-17 គខបកូឡូស 3:1-17 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ