កូឡូស 2:8-12

កូឡូស 2:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ប្រុង‌ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​មក​ទាក់‌ទាញ​បងប្អូន​បាន ដោយ​ប្រើ​ទស្សន‌វិជ្ជា ឬ​ប្រើ​ពាក្យ​បោក‌បញ្ឆោត​ឥត​ខ្លឹមសារ ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​តៗ​គ្នា​មក និង​ស្រប​តាម​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍​ គឺ​មិន​ស្រប​តាម​ព្រះ‌គ្រិស្ត​ទេ ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​ព្រះ‌គ្រិស្ត។ រីឯ​បងប្អូន​ក៏​បាន​ពោរ‌ពេញ​ដូច្នោះ​ដែរ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ដែល​ជា​ម្ចាស់​លើ​វត្ថុ​ស័ក្ដិ‌សិទ្ធិ និង​លើ​អ្វីៗ​ទាំង​អស់​ដែល​មាន​អំណាច។ ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក*​ដែរ តែ​មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ គឺ​បងប្អូន​បាន​ទទួល​ពិធី​កាត់​ស្បែក​តាម​របៀប​ព្រះ‌គ្រិស្ត ដោយ​ដោះ​រូប​កាយ​ដែល​ជាប់​និស្ស័យ​លោកីយ៍​នេះ​ចេញ។ ពេល​បងប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក* បងប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ហើយ​ដោយ​បងប្អូន​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះអង្គ​ដែរ ព្រោះ​បងប្អូន​មាន​ជំនឿ​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

ចែក​រំលែក
អាន កូឡូស 2

កូឡូស 2:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍ គឺ​មិន​តាម​ព្រះ‌គ្រីស្ទ​ទេ។ ដ្បិត​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​ជា​រូប​រាង​នៅ​ក្នុង​ព្រះគ្រីស្ទ ហើយ​អ្នក​រាល់​គ្នា​បាន​ពេញ​លេញ​ក្នុង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​សិរសា​លើ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នានា​ទាំង​អស់។ នៅ​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​កាត់​ស្បែក​ខាង​ព្រះ‌គ្រីស្ទ ដោយ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​នេះ​ចេញ។ ពេល​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​ព្រះ‌អង្គ​នៅ​ក្នុង​ពិធី​ជ្រមុជ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​ព្រះ‌អង្គ​ដែរ ដោយ​សារ​ជំនឿ​លើ​ព្រះ‌ចេស្ដា​របស់​ព្រះ ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។

ចែក​រំលែក
អាន កូឡូស 2

កូឡូស 2:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ប្រយ័ត ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ នឹង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បថម​សិក្សា​នៅ​នា​លោកីយ គឺ​មិន​មែន​តាម​ព្រះ‌គ្រីស្ទ​ទេ ដ្បិត​មាន​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង ហើយ​អ្នក​រាល់​គ្នា​ក៏​ពេញ‌លេញ​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់‌គ្រង នឹង​អំណាច​ទាំង​ប៉ុន្មាន អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក​ម្យ៉ាង​ក្នុង​ទ្រង់ ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​ចេញ ដោយ​ទទួល​ការ​កាត់​ស្បែក​របស់​ព្រះ‌គ្រីស្ទ​វិញ ហើយ​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​នឹង​ទ្រង់​ក្នុង​បុណ្យ​ជ្រមុជ ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​នឹង​ទ្រង់ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ឫទ្ធិ‌បារមី​នៃ​ព្រះ ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ

ចែក​រំលែក
អាន កូឡូស 2