កូឡូស 1:24-29
កូឡូស 1:24-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសម្រាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រិស្ត សម្រាប់ព្រះកាយរបស់ព្រះអង្គ ដែលជាក្រុមជំនុំ*។ ខ្ញុំបានទទួលមុខងារបម្រើក្រុមជំនុំនេះ តាមការចាត់ចែងដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ គឺណែនាំបងប្អូនឲ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វគ្រប់។ នេះហើយជាគម្រោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញឲ្យប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គស្គាល់។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យប្រជាជនដ៏វិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺព្រះគ្រិស្តគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានឲ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ។ ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីព្រះគ្រិស្តនេះហើយ យើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗរូប ដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើឲ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រិស្ត។ ខ្ញុំធ្វើការនឿយហត់ ដើម្បីសម្រេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។
កូឡូស 1:24-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ខ្ញុំមានចិត្តអំណរក្នុងការដែលខ្ញុំរងទុក្ខលំបាក ដោយព្រោះអ្នករាល់គ្នា ហើយទុក្ខវេទនារបស់ព្រះគ្រីស្ទ ដែលខ្វះក្នុងរូបសាច់ខ្ញុំ នោះខ្ញុំកំពុងតែបំពេញឡើង ដោយព្រោះរូបកាយព្រះអង្គ ដែលជាក្រុមជំនុំ។ ខ្ញុំបានត្រឡប់ជាអ្នកបម្រើរបស់ក្រុមជំនុំ តាមមុខងារជាអ្នកមើលខុសត្រូវរបស់ព្រះ ដែលបានប្រគល់មកខ្ញុំសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្គាល់ព្រះបន្ទូលរបស់ព្រះបានពេញលេញ ជាសេចក្តីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្ប គ្រប់ជំនាន់តរៀងមក តែឥឡូវនេះ បានបើកសម្ដែងឲ្យពួកបរិសុទ្ធរបស់ព្រះអង្គស្គាល់។ ព្រះសព្វព្រះហឫទ័យនឹងសម្ដែងឲ្យពួកគេស្គាល់សិរីល្អដ៏បរិបូរ នៃសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យនេះជាយ៉ាងណាក្នុងចំណោមពួកសាសន៍ដទៃ គឺព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីល្អ។ យើងប្រកាសអំពីព្រះអង្គ ទាំងទូន្មានមនុស្សគ្រប់គ្នា ហើយបង្រៀនមនុស្សគ្រប់គ្នា ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។ សម្រាប់ការនេះ ខ្ញុំខំធ្វើការនឿយហត់ ទាំងតយុទ្ធតាមឫទ្ធិបារមីរបស់ព្រះអង្គ ដែលធ្វើការក្នុងខ្ញុំប្រកបដោយចេស្ដា។
កូឡូស 1:24-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ ខ្ញុំមានចិត្តអំណរក្នុងការរងទុក្ខលំបាក ដែលខ្ញុំទ្រាំដោយព្រោះអ្នករាល់គ្នា ហើយសេចក្ដីវេទនាណារបស់ព្រះគ្រីស្ទ ដែលខ្វះក្នុងរូបសាច់ខ្ញុំ នោះខ្ញុំកំពុងតែបំពេញឡើង ដោយព្រោះរូបកាយទ្រង់ គឺជាពួកជំនុំ ខ្ញុំបានត្រឡប់ជាអ្នកបំរើដល់ពួកជំនុំនោះ តាមការកាន់កាប់ត្រួតត្រារបស់ព្រះ ដែលបានប្រគល់មកខ្ញុំសំរាប់អ្នករាល់គ្នា ដើម្បីនឹងបំពេញព្រះបន្ទូល គឺជាសេចក្ដីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្បរៀងរាល់តែដំណតមក តែឥឡូវនេះ បានបើកសំដែងឲ្យពួកបរិសុទ្ធទ្រង់ស្គាល់ ព្រះទ្រង់បានសព្វព្រះហឫទ័យ នឹងសំដែងឲ្យពួកបរិសុទ្ធនោះដឹងថា សិរីល្អដ៏បរិបូររបស់សេចក្ដីអាថ៌កំបាំងនេះជាយ៉ាងណា ក្នុងពួកសាសន៍ដទៃ គឺថា ព្រះគ្រីស្ទទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម យើងខ្ញុំប្រកាសប្រាប់ពីទ្រង់ ទាំងទូន្មានដល់គ្រប់មនុស្ស ហើយទាំងបង្រៀនដល់គ្រប់មនុស្ស ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យបានថ្វាយគ្រប់មនុស្ស ជាដង្វាយគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ ខ្ញុំក៏ខំធ្វើការនោះឯង ទាំងតយុទ្ធតាមឫទ្ធិបារមីទ្រង់ ដែលបណ្តាលឡើងក្នុងខ្ញុំដោយព្រះចេស្តា។