កូឡូស 1:13-20

កូឡូស 1:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ យើង​មាន​សេចក្តី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។ ព្រះ‌អង្គ​ជា​រូប​អង្គ​ព្រះ​ដែល​មើល​មិន​ឃើញ ជា​កូន​ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក ដ្បិត​ព្រះ‌អង្គ​ហើយ ដែល​បង្កើត​អ្វី​ទាំង​អស់ ទាំង​នៅ​ស្ថាន‌សួគ៌ និង​នៅ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទោះ​រាជ‌បល្ល័ង្ក ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ អ្វីៗ​ទាំង​អស់​កើត​មក​ដោយ​សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ។ ព្រះ‌អង្គ​គង់​នៅ​មុន​អ្វីៗ​ទាំង​អស់ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​ជាមួយ​គ្នា។ ព្រះ‌អង្គ​ជា​សិរសា​របស់​រូប‌កាយ ដែល​ជា​ក្រុម​ជំនុំ ព្រះ‌អង្គ​ជា​ដើម​ដំបូង ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​ទាំង​អស់ ដ្បិត​ព្រះ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​បាន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ផ្សះ​ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នា​នឹង​អង្គ​ទ្រង់ ដោយ​សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​ជា​នៅ​ផែនដី ឬ​នៅ​ស្ថាន​សួគ៌ ទាំង​បង្កើត​ឲ្យ​មាន​សន្ដិភាព តាមរយៈ​លោហិត​របស់​ព្រះ‌អង្គ​ដែល​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង។

ចែក​រំលែក
អាន កូឡូស 1

កូឡូស 1:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះអង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។ ព្រះ‌គ្រិស្ត​ជា​តំណាង​ របស់​ព្រះ‌ជា‌ម្ចាស់ ដែល​យើង​មើល​ពុំ​ឃើញ ព្រះអង្គ​ជា​រៀម‌ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​មក ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​អ្វីៗ សព្វ​សារពើ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទាំង​ទេវ‌រាជ​ ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់‌គ្រង ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​ទាំង​អស់​មក ដោយ‌សារ​ព្រះ‌គ្រិស្ត និង​សម្រាប់​ព្រះ‌គ្រិស្ត។ ព្រះ‌គ្រិស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់ ហើយ​អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​រួម​គ្នា ដោយ‌សារ​ព្រះអង្គ​ដែរ។ ព្រះអង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះអង្គ គឺ​ក្រុម‌ជំនុំ* ព្រះអង្គ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​ ដើម្បី​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់ ដ្បិត​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះអង្គ ស្ថិត​នៅ​ក្នុង​ព្រះ‌គ្រិស្ត។ ព្រះ‌ជា‌ម្ចាស់​បាន​សម្រុះ‌សម្រួល​អ្វីៗ​ទាំង​អស់ នៅ​លើ​ផែនដី និង​នៅ​ស្ថាន​បរម‌សុខ ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ‌សារ​ព្រះ‌គ្រិស្ត និង​សម្រាប់​ព្រះ‌គ្រិស្ត គឺ​ព្រះ‌ជា‌ម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​សន្តិ‌ភាព ដោយ​ព្រះ‌បុត្រា​បង្ហូរ​ព្រះ‌លោហិត នៅ​លើ​ឈើ​ឆ្កាង។

ចែក​រំលែក
អាន កូឡូស 1

កូឡូស 1:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​នៃ​ទ្រង់ យើង​រាល់​គ្នា​មាន​សេចក្ដី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ជា​សេចក្ដី​ផ្តាច់​បាប ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ ដែល​ទ្រង់​ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ ជា​បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក ដ្បិត​គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង ទោះ​បើ​ជា​រាជ្យ ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់‌គ្រង ឬ​អំណាច​ណា​ក៏​ដោយ នោះ​សុទ្ធ​តែ​កើត​មក​ដោយ‌សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ ដោយ‌សារ​ទ្រង់ ទ្រង់​ជា​សិរសា​របស់​រូប‌កាយ គឺ​ជា​ពួក​ជំនុំ ទ្រង់​ជា​ដើម ក៏​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់ ដើម្បី​ឲ្យ​ទ្រង់​បាន​ជា​ប្រធាន​ក្នុង​គ្រប់​ទាំង​អស់ ដ្បិត​ព្រះ​បាន​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​បាន​ស្ថិត​នៅ​ក្នុង​ទ្រង់ ហើយ​ឲ្យ​បាន​ផ្សះ‌ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នឹង​អង្គ​ទ្រង់ ដោយ‌សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​បើ​របស់​នៅ​ស្ថាន‌សួគ៌ ឬ​នៅ​ផែនដី​ក្តី ទាំង​តាំង​ស្ពាន​មេត្រី ដោយ‌សារ​ព្រះ‌លោហិត​នៃ​ឈើ​ឆ្កាង​ទ្រង់

ចែក​រំលែក
អាន កូឡូស 1

កូឡូស 1:13-20

កូឡូស 1:13-20 គខប