កូឡូស 1:1-29

កូឡូស 1:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ដែល​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ជា​សាវ័ក​របស់​ព្រះគ្រិស្ត‌យេស៊ូ និង​លោក​ធីម៉ូថេ សូម​ជម្រាប​មក​ប្រជា‌រាស្ដ្រ​ដ៏វិសុទ្ធ* និង​បងប្អូន​ដែល​ជឿ​លើ​ព្រះ‌គ្រិស្ត នៅ​ក្រុង​កូឡូស។ សូម​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។ យើង​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា‌អម្ចាស់​នៃ​យើង​ជានិច្ច គ្រប់​ពេល​ដែល​យើង​អធិស្ឋាន*​ឲ្យ​បងប្អូន ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បងប្អូន​លើ​ព្រះគ្រិស្ត‌យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន ចំពោះ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​បងប្អូន​នៅ​ស្ថាន​បរម‌សុខ*។ បងប្អូន​បាន​ស្គាល់​សេចក្ដី​សង្ឃឹម​នេះ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង‌ល្អ* ដែល​បាន​មក​ដល់​បងប្អូន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បងប្អូន​បាន​ទទួល និង​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់ ស្រប​តាម​សេចក្ដី​ពិត​នោះ​មក ដំណឹង‌ល្អ​នេះ​បាន​បង្កើត​ផល និង​ចម្រើន​ឡើង​ក្នុង​ចំណោម​បងប្អូន ដូច​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ។ បងប្អូន​បាន​ទទួល​ការ​អប់រំ​នេះ​ពី​សំណាក់​លោក​អេប៉ា‌ប្រាស​ដ៏​ជា​ទី​ស្រឡាញ់ ដែល​រួម​ការ‌ងារ​ជា​មួយ​យើង។ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌គ្រិស្ត​សម្រាប់​បងប្អូន។ គាត់​បាន​ប្រាប់​ឲ្យ​យើង​ដឹង​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​មក​បងប្អូន។ ហេតុ​នេះ ចំពោះ​យើង តាំង​ពី​យើង​ឮ​ដំណឹង​ពី​បងប្អូន យើង​ចេះ​តែ​អធិស្ឋាន និង​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​បងប្អូន ឥត​ឈប់​ឈរ​ឡើយ ដើម្បី​ឲ្យ​បងប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​យ៉ាង​ច្បាស់ ដោយ​មាន​គ្រប់​ប្រាជ្ញា និង​តម្រិះ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ។ សូម​ឲ្យ​បងប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បងប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បងប្អូន​ធ្វើ ហើយ​បងប្អូន​នឹង​ស្គាល់​ព្រះ‌ជា‌ម្ចាស់​កាន់​តែ​ច្បាស់​ឡើងៗ។ សូម​ឲ្យ​បងប្អូន​មាន​កម្លាំង​មាំ‌មួន​គ្រប់​ចំពូក ដោយ​ព្រះ‌ចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ ដើម្បី​ឲ្យ​បងប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​អ្វីៗ​ទាំង​អស់ និង​ចេះ​អត់‌ធ្មត់​ទៀត​ផង។ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្ត​រីក‌រាយ ព្រោះ​ព្រះអង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​បងប្អូន​មាន​សមត្ថ‌ភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ*​នៅ​ក្នុង​ពន្លឺ។ ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះអង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។ ព្រះ‌គ្រិស្ត​ជា​តំណាង​ របស់​ព្រះ‌ជា‌ម្ចាស់ ដែល​យើង​មើល​ពុំ​ឃើញ ព្រះអង្គ​ជា​រៀម‌ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​មក ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​អ្វីៗ សព្វ​សារពើ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទាំង​ទេវ‌រាជ​ ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់‌គ្រង ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​ទាំង​អស់​មក ដោយ‌សារ​ព្រះ‌គ្រិស្ត និង​សម្រាប់​ព្រះ‌គ្រិស្ត។ ព្រះ‌គ្រិស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់ ហើយ​អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​រួម​គ្នា ដោយ‌សារ​ព្រះអង្គ​ដែរ។ ព្រះអង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះអង្គ គឺ​ក្រុម‌ជំនុំ* ព្រះអង្គ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​ ដើម្បី​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់ ដ្បិត​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះអង្គ ស្ថិត​នៅ​ក្នុង​ព្រះ‌គ្រិស្ត។ ព្រះ‌ជា‌ម្ចាស់​បាន​សម្រុះ‌សម្រួល​អ្វីៗ​ទាំង​អស់ នៅ​លើ​ផែនដី និង​នៅ​ស្ថាន​បរម‌សុខ ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ‌សារ​ព្រះ‌គ្រិស្ត និង​សម្រាប់​ព្រះ‌គ្រិស្ត គឺ​ព្រះ‌ជា‌ម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​សន្តិ‌ភាព ដោយ​ព្រះ‌បុត្រា​បង្ហូរ​ព្រះ‌លោហិត នៅ​លើ​ឈើ​ឆ្កាង។ ចំពោះ​បងប្អូន​វិញ ពី​ដើម បងប្អូន​នៅ​ខាង​ក្រៅ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជា‌ម្ចាស់ ហើយ​ជា​សត្រូវ​នឹង​ព្រះអង្គ ព្រោះ​តែ​គំនិត និង​អំពើ​អាក្រក់​របស់​បងប្អូន។ ប៉ុន្តែ​ឥឡូវ​នេះ ព្រះអង្គ​បាន​សម្រុះ‌សម្រួល​បងប្អូន​ឲ្យ​ជា‌នា​នឹង​ព្រះអង្គ​វិញ ដោយ​ព្រះ‌បុត្រា ដែល​កើត​មក​ជា​មនុស្ស​បាន​សោយ​ទិវង្គត ដើម្បី​ឲ្យ​បងប្អូន​បាន​វិសុទ្ធ* ឥត​សៅ‌ហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។ ប៉ុន្តែ បងប្អូន​ត្រូវ​តែ​កាន់​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង​ខ្ជាប់ខ្ជួន ដើម្បី​កុំ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បងប្អូន​មាន​តាំង​ពី​បាន​ឮ​ដំណឹង‌ល្អ*​មក​នោះ គឺ​ជា​ដំណឹង‌ល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំ​ប៉ូល បាន​ទទួល​មុខងារ​បម្រើ​ដំណឹង‌ល្អ​នេះ​ដែរ។ ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បងប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ត សម្រាប់​ព្រះ‌កាយ​របស់​ព្រះអង្គ ដែល​ជា​ក្រុម‌ជំនុំ*។ ខ្ញុំ​បាន​ទទួល​មុខងារ​បម្រើ​ក្រុម‌ជំនុំ​នេះ តាម​ការ​ចាត់​ចែង​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បងប្អូន​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​បាន​សព្វ​គ្រប់។ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ​ស្គាល់។ ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ​នេះ ស្គាល់​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​នៃ​គម្រោង‌ការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​ព្រះ‌គ្រិស្ត​គង់​នៅ​ក្នុង​បងប្អូន ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ដូច្នេះ យើង​ផ្សព្វ‌ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ត​នេះ​ហើយ យើង​ដាស់‌តឿន និង​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប ដោយ​ប្រើ​ប្រាជ្ញា​គ្រប់​យ៉ាង ធ្វើ​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត។ ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់ ដើម្បី​សម្រេច​គោល‌ដៅ​នេះ​ឯង គឺ​ខំ​ប្រឹង​តយុទ្ធ​ដោយ​ប្រើ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះអង្គ ដែល​កំពុង​តែ​មាន​សកម្ម‌ភាព​ក្នុង​រូប​ខ្ញុំ​យ៉ាង​ខ្លាំង។

ចែក​រំលែក
អាន កូឡូស 1

កូឡូស 1:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​សាវក​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ និង​ធីម៉ូថេ ជា​បង‌ប្អូន​យើង សូម​ជម្រាប​មក​ពួក​បរិសុទ្ធ និង​ពួក​បង‌ប្អូន​ដ៏​ស្មោះ​ត្រង់​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្រុង​កូ‌ឡុស។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ‌សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង។ ពេល​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា យើង​ខ្ញុំ​តែង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ជា‌និច្ច ដ្បិត​យើង​ខ្ញុំ​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ និង​អំពី​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់ ព្រោះ​តែ​សេចក្តី​សង្ឃឹម​ដែល​បាន​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌ ជា​សេចក្តី​សង្ឃឹម​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​រួច​មក​ហើយ នៅ​ក្នុង​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង​ល្អ ដែល​បាន​មក​ដល់​អ្នក​រាល់​គ្នា។ ដំណឹង​ល្អ​នេះ​កំពុង​តែ​បង្កើត​ផល ហើយ​ចម្រើន​ឡើង​ដល់​ពិភព​លោក​ទាំង​មូល ដូច​បាន​បង្កើត​ផល​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ​យ៉ាង​ពិត​ប្រាកដ តាម​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​ពី​អេប៉ា‌ប្រាស ជា​អ្នក​បម្រើ​ស្ងួន‌ភ្ងា​ជា​មួយ​យើង។ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌គ្រីស្ទ សម្រាប់​អ្នក​រាល់​គ្នា ហើយ​គាត់​បាន​ប្រាប់​ឲ្យ​យើង​ដឹង អំពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌វិញ្ញាណ។ ហេតុ​នេះ ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​ឮ​ដំណឹង​នេះ យើង​ក៏​អធិស្ឋាន​ឥត​ឈប់​ឈរ ទាំង​ទូល​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ដោយ​គ្រប់​ទាំង​ប្រាជ្ញា និង​ការ​យល់​ដឹង​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ស័ក្ដិ‌សម​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​គ្រប់​ជំពូក ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង។ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ប្រកប​ដោយ​ព្រះ​ចេស្ដា​គ្រប់​ជំពូក ដោយ​ឫទ្ធិ‌បារមី​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ទ្រាំទ្រ និង​អត់​ធ្មត់​គ្រប់​យ៉ាង ដោយ​អំណរ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌វរបិតា ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំណែក​ទទួល​មត៌ក​ក្នុង​ពួក​បរិសុទ្ធ នៅ​ក្នុង​ពន្លឺ។ ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ យើង​មាន​សេចក្តី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។ ព្រះ‌អង្គ​ជា​រូប​អង្គ​ព្រះ​ដែល​មើល​មិន​ឃើញ ជា​កូន​ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក ដ្បិត​ព្រះ‌អង្គ​ហើយ ដែល​បង្កើត​អ្វី​ទាំង​អស់ ទាំង​នៅ​ស្ថាន‌សួគ៌ និង​នៅ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទោះ​រាជ‌បល្ល័ង្ក ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ អ្វីៗ​ទាំង​អស់​កើត​មក​ដោយ​សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ។ ព្រះ‌អង្គ​គង់​នៅ​មុន​អ្វីៗ​ទាំង​អស់ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​ជាមួយ​គ្នា។ ព្រះ‌អង្គ​ជា​សិរសា​របស់​រូប‌កាយ ដែល​ជា​ក្រុម​ជំនុំ ព្រះ‌អង្គ​ជា​ដើម​ដំបូង ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​ទាំង​អស់ ដ្បិត​ព្រះ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​បាន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ផ្សះ​ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នា​នឹង​អង្គ​ទ្រង់ ដោយ​សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​ជា​នៅ​ផែនដី ឬ​នៅ​ស្ថាន​សួគ៌ ទាំង​បង្កើត​ឲ្យ​មាន​សន្ដិភាព តាមរយៈ​លោហិត​របស់​ព្រះ‌អង្គ​ដែល​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង។ រីឯ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​ត្រូវ​ឃ្លាត​ឆ្ងាយ ហើយ​ជា​ខ្មាំង​សត្រូវ​ក្នុង​គំនិត ដោយ​សារ​អំពើ​អាក្រក់ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ព្រះ‌អង្គ ដោយ​បាន​ទទួល​សុគត ដើម្បី​ថ្វាយ​អ្នក​រាល់​គ្នា​ជា​តង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ព្រះ‌អង្គ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ចាក់​គ្រឹះ ហើយ​មាំ‌មួន​នៅ​ក្នុង​ជំនឿ ឥត​ងាក​បែរ​ចេញ​ពី​សេចក្តី​សង្ឃឹម​របស់​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ឮ ជា​ដំណឹង​ដែល​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ។ ឯ​ខ្ញុំ ប៉ុល បាន​ក្លាយ​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នេះ។ ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​អំណរ​ក្នុង​ការ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ដោយ​ព្រោះ​អ្នក​រាល់​គ្នា ហើយ​ទុក្ខ​វេទនា​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្វះ​ក្នុង​រូប​សាច់​ខ្ញុំ នោះ​ខ្ញុំ​កំពុង​តែ​បំពេញ​ឡើង ដោយ​ព្រោះ​រូប‌កាយ​ព្រះ‌អង្គ ដែល​ជា​ក្រុម​ជំនុំ។ ខ្ញុំ​បាន​ត្រឡប់​ជា​អ្នក​បម្រើ​របស់​ក្រុម​ជំនុំ តាម​មុខ​ងារ​ជា​អ្នក​មើល​ខុស​ត្រូវ​របស់​ព្រះ ដែល​បាន​ប្រគល់​មក​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​ពេញ​លេញ ជា​សេចក្តី​អាថ៌‌កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់​កល្ប គ្រប់​ជំនាន់​តរៀង​មក តែ​ឥឡូវ​នេះ បាន​បើក​សម្ដែង​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ស្គាល់។ ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សម្ដែង​ឲ្យ​ពួកគេ​ស្គាល់​សិរី​ល្អ​ដ៏​បរិបូរ នៃ​សេចក្តី​អាថ៌‌កំបាំង​ដ៏​អស្ចារ្យ​នេះ​ជា​យ៉ាង​ណា​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ គឺ​ព្រះ‌គ្រីស្ទ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ជា​សេចក្ដី​សង្ឃឹម​នៃ​សិរីល្អ។ យើង​ប្រកាស​អំពី​ព្រះ‌អង្គ ទាំង​ទូន្មាន​មនុស្ស​គ្រប់​គ្នា ហើយ​បង្រៀន​មនុស្ស​គ្រប់​គ្នា ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​បាន​ថ្វាយ​មនុស្ស​ទាំង​អស់ ជា​មនុស្ស​គ្រប់​លក្ខណ៍​ក្នុង​ព្រះ‌គ្រីស្ទ។ សម្រាប់​ការ​នេះ ខ្ញុំ​ខំ​ធ្វើ​ការ​នឿយ​ហត់ ទាំង​តយុទ្ធ​តាម​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ដែល​ធ្វើ​ការ​ក្នុង​ខ្ញុំ​ប្រកប​ដោយ​ចេស្ដា។

ចែក​រំលែក
អាន កូឡូស 1

កូឡូស 1:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដោយ​នូវ​ព្រះ‌ហឫទ័យ​ព្រះ នឹង​ធីម៉ូថេ ជា​បង​ប្អូន​យើង​ខ្ញុំ ផ្ញើ​មក​ពួក​បរិសុទ្ធ ជា​ពួក​បង​ប្អូន​ស្មោះ‌ត្រង់​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្រុង​កូល៉ុស សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា។ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជានិច្ច ដោយ​បាន​ឮ​ដំណាល​ពី​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​ពី​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់ គឺ​អរ​ព្រះ‌គុណ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម ដែល​បំរុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ស្ថាន‌សួគ៌ ជា​សេចក្ដី​សង្ឃឹម ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ក្នុង​ព្រះ‌បន្ទូល​ដ៏​ពិត​នៃ​ដំណឹង​ល្អ ដែល​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ដូច​ជា​ដល់​លោកីយ​ទាំង​មូល​ដែរ ក៏​កំពុង​តែ​បង្កើត​ផល ហើយ​ចំរើន​ឡើង ដូច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​ព្រះ‌គុណ​នៃ​ព្រះ​ជា​ប្រាកដ តាម​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​នឹង​អេប៉ា‌ប្រាស ជា​បាវ​បំរើ​ស្ងួន‌ភ្ងា​ជា​មួយ​នឹង​យើង​ខ្ញុំ គាត់​ជា​អ្នក​បំរើ​ស្មោះ‌ត្រង់​របស់​ព្រះ‌គ្រីស្ទ សំរាប់​អ្នក​រាល់​គ្នា ហើយ​គាត់​បាន​ថ្លែង​ប្រាប់​យើង​ខ្ញុំ ពី​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ដោយ​នូវ​ព្រះ‌វិញ្ញាណ។ ហេតុ​នោះ ចាប់​តាំង​ពី​ថ្ងៃ ដែល​យើង​ខ្ញុំ​ឮ​និយាយ នោះ​យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ហើយ​ទូល​សូម ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ទ្រង់​សព្វ​គ្រប់ ដោយ​គ្រប់​ទាំង​ប្រាជ្ញា នឹង​ចំណេះ​ខាង​ឯ​វិញ្ញាណ ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង ដោយ​បាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​ចំរើន​កំឡាំង តាម​ឫទ្ធិ‌បារមី​ដ៏​ឧត្តម​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំ‌ទ្រ ហើយ​អត់​ធន់​គ្រប់​យ៉ាង​ដោយ​អំណរ ព្រម​ទាំង​អរ​ព្រះ‌គុណ ដល់​ព្រះវរ‌បិតា​ដែល​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​គួរ​នឹង​ទទួល​ចំណែក​កេរ្ដិ៍‌អាករ ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ​ផង ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​នៃ​ទ្រង់ យើង​រាល់​គ្នា​មាន​សេចក្ដី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ជា​សេចក្ដី​ផ្តាច់​បាប ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ ដែល​ទ្រង់​ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ ជា​បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក ដ្បិត​គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង ទោះ​បើ​ជា​រាជ្យ ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់‌គ្រង ឬ​អំណាច​ណា​ក៏​ដោយ នោះ​សុទ្ធ​តែ​កើត​មក​ដោយ‌សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ ដោយ‌សារ​ទ្រង់ ទ្រង់​ជា​សិរសា​របស់​រូប‌កាយ គឺ​ជា​ពួក​ជំនុំ ទ្រង់​ជា​ដើម ក៏​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់ ដើម្បី​ឲ្យ​ទ្រង់​បាន​ជា​ប្រធាន​ក្នុង​គ្រប់​ទាំង​អស់ ដ្បិត​ព្រះ​បាន​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​បាន​ស្ថិត​នៅ​ក្នុង​ទ្រង់ ហើយ​ឲ្យ​បាន​ផ្សះ‌ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នឹង​អង្គ​ទ្រង់ ដោយ‌សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​បើ​របស់​នៅ​ស្ថាន‌សួគ៌ ឬ​នៅ​ផែនដី​ក្តី ទាំង​តាំង​ស្ពាន​មេត្រី ដោយ‌សារ​ព្រះ‌លោហិត​នៃ​ឈើ​ឆ្កាង​ទ្រង់ រីឯ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​ត្រូវ​ពង្រាត់​ចេញ ហើយ​ជា​ខ្មាំង​សត្រូវ​ក្នុង​គំនិត ដោយ​អំពើ​អាក្រក់​នោះ ឥឡូវ​នេះ​វិញ ទ្រង់​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ទ្រង់ ដោយ​បាន​ទទួល​សុគត ដើម្បី​នឹង​ថ្វាយ​អ្នក​រាល់​គ្នា​ជា​ដង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់ នោះ​គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​តាំង​នៅ​ជាប់‌លាប់ ហើយ​មាំ‌មួន ក្នុង​សេចក្ដី​ជំនឿ​ដែរ ឥត​ងាក​បែរ​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ឮ ជា​ដំណឹង​ដែល​បាន​ផ្សាយ​ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង ឯ​ប៉ុល​ខ្ញុំ ជា​អ្នក​បំរើ​ចំពោះ​ដំណឹង​ល្អ​នោះ​ដែរ។ ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​អំណរ​ក្នុង​ការ​រង​ទុក្ខ​លំបាក ដែល​ខ្ញុំ​ទ្រាំ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា ហើយ​សេចក្ដី​វេទនា​ណា​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្វះ​ក្នុង​រូប​សាច់​ខ្ញុំ នោះ​ខ្ញុំ​កំពុង​តែ​បំពេញ​ឡើង ដោយ​ព្រោះ​រូប‌កាយ​ទ្រង់ គឺ​ជា​ពួក​ជំនុំ ខ្ញុំ​បាន​ត្រឡប់​ជា​អ្នក​បំរើ​ដល់​ពួក​ជំនុំ​នោះ តាម​ការ​កាន់‌កាប់​ត្រួត‌ត្រា​របស់​ព្រះ ដែល​បាន​ប្រគល់​មក​ខ្ញុំ​សំរាប់​អ្នក​រាល់​គ្នា ដើម្បី​នឹង​បំពេញ​ព្រះ‌បន្ទូល គឺ​ជា​សេចក្ដី​អាថ៌‌កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់‌កល្ប​រៀង​រាល់​តែ​ដំណ​ត​មក តែ​ឥឡូវ​នេះ បាន​បើក​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​ទ្រង់​ស្គាល់ ព្រះ‌ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​នោះ​ដឹង​ថា សិរី‌ល្អ​ដ៏​បរិបូរ​របស់​សេចក្ដី​អាថ៌‌កំបាំង​នេះ​ជា​យ៉ាង​ណា ក្នុង​ពួក​សាសន៍​ដទៃ គឺ​ថា ព្រះ‌គ្រីស្ទ​ទ្រង់​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជា​ទី​សង្ឃឹម​យ៉ាង​ឧត្តម យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ទ្រង់ ទាំង​ទូន្មាន​ដល់​គ្រប់​មនុស្ស ហើយ​ទាំង​បង្រៀន​ដល់​គ្រប់​មនុស្ស ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​ថ្វាយ​គ្រប់​មនុស្ស ជា​ដង្វាយ​គ្រប់​លក្ខណ៍​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​ក៏​ខំ​ធ្វើ​ការ​នោះ​ឯង ទាំង​ត‌យុទ្ធ​តាម​ឫទ្ធិ‌បារមី​ទ្រង់ ដែល​បណ្តាល​ឡើង​ក្នុង​ខ្ញុំ​ដោយ​ព្រះ‌ចេស្តា។

ចែក​រំលែក
អាន កូឡូស 1