កិច្ចការ 8:26-39

កិច្ចការ 8:26-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ក្រុង​កាសា​ទៅ»។ នេះ​ជាផ្លូវ​មួយ​ស្ងាត់!។ លោក​ក៏​ក្រោក​ឡើង ហើយ​ចេញ​ដំណើរ​ទៅ។ មាន​សាសន៍​អេធី‌យ៉ូពី​ម្នាក់ ជា​មនុស្ស​កម្រៀវ ជា​មន្ត្រី​របស់​ព្រះនាង​កាន‌ដេស មហា‌ក្សត្រិ‌យានី​របស់​សាសន៍​អេធី‌យ៉ូពី ហើយ​លោក​ជា​អ្នក​គ្រប់​គ្រង​រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​ព្រះនាង។ លោក​បាន​មក​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​បង្គំ ហើយ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ ដោយ​ជិះ​រទេះ​សេះ ទាំង​អាន​គម្ពីរ​ហោរា​អេសាយ។ ពេល​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «ចូល​ទៅ​កៀក​នឹង​រទេះ​សេះ​នោះ​ទៅ»។ លោក​ភីលីព​ក៏​រត់​ចូល​ទៅ ហើយ​ឮ​មន្រ្តី​នោះ​កំពុង​អាន​គម្ពីរ​ហោរា​អេសាយ។ លោក​ភីលីព​សួរ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​អាន​នេះ​ឬ​ទេ?» មន្ត្រី​នោះ​ឆ្លើយ​ថា៖ «ធ្វើម្ដេចឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​អ្នក​ណា​ពន្យល់​ណែនាំ​ខ្ញុំ​ផង​នោះ?» លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះ​ជា‌មួយ។ បទ‌គម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​គឺ «ព្រះ‌អង្គ​ត្រូវ​គេ​នាំ​យក​ទៅ​សម្លាប់​ដូច​ជា​ចៀម ដែល​មិន​បាន​ហើប​មាត់​សោះ ដូច​ជា​កូន​ចៀម​ដែល​គ នៅ​មុខ​អ្នក​កាត់​រោម។ ពេលព្រះ‌អង្គ​ត្រូវ​គេ​បន្ទាប​បន្ថោក គេ​បាន​ដក​សេចក្តី​យុត្តិធម៌​ចេញ​ពី​ព្រះ‌អង្គ​ទៅ។ តើ​អ្នក​ណា​អាច​តំណាល​ពី​ពូជ​ពង្សរបស់​ព្រះ‌អង្គ​បាន ដ្បិត​គេ​បាន​ដក​ព្រះ‌ជន្ម​ព្រះ‌អង្គចេញ​ពី​ផែនដី​ហើយ» ។ អ្នក​កម្រៀវ​នោះ​សួរ​លោក​ភីលីព​ថា៖ «ខ្ញុំ​សូម​សួរ​លោក តើ​ហោរា​មាន​ប្រសាសន៍​ដូច្នេះ សំដៅ​លើ​អ្នក​ណា? អំពី​លោក​ផ្ទាល់ ឬ​អំពី​អ្នកណា​ម្នាក់​ផ្សេង​ទៀត?» ពេល​នោះ លោក​ភីលីព​បើក​មាត់ ហើយ​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះ‌យេស៊ូវដល់​លោក ដោយ​ចាប់ផ្ដើមជាមួយ​បទ‌គម្ពីរ​នោះ។ កាល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ គេ​ក៏​មក​ដល់​កន្លែង​មាន​ទឹក ហើយ​អ្នក​កម្រៀវ​នោះ​មាន​ប្រសាសន៍​ថា៖ «មើល៍! ទី​នេះ​មាន​ទឹក តើ​មាន​អ្វី​រាំង​រា​ខ្ញុំ​មិនឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក​ឬ​ទេ?» [លោក​ភីលីព​ឆ្លើយ​ថា៖ «បើ​លោក​ជឿ​អស់​ពី​ចិត្ត​មែន លោក​អាច​ទទួល​ពិធី​នេះ​បាន»។ មន្រ្តី​នោះ​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ្យ‌បុត្រា​របស់​ព្រះ»]។ លោក​បង្គាប់​ឲ្យ​បញ្ឈប់​រទេះ ហើយ​អ្នក​ទាំង​ពីរ ទាំង​លោក​ភីលីព និង​អ្នក​កម្រៀវ ក៏​ចុះ​ទៅ​ក្នុង​ទឹក រួច​លោក​ក៏​ជ្រមុជ​ទឹក​ឲ្យអ្នក​កម្រៀវ​នោះ។ ពេល​គេ​ឡើង​ចេញ​ពី​ទឹក​មកវិញ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ក៏​ឆក់​លោក​ភីលីព​ចេញ​ទៅ​បាត់ អ្នក​កម្រៀវ​មិន​ឃើញ​លោក​ទៀត​ទេ ហើយ​គាត់​ក៏​បន្ត​ដំណើរ​ទៅ​ទាំង​អរ​សប្បាយ។

ចែក​រំលែក
អាន កិច្ចការ 8

កិច្ចការ 8:26-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទេវតា*​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «សូម​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ក្រុង​កាសា​ជា​ផ្លូវ​ស្ងាត់​នោះ​ទៅ»។ លោក​ភីលីព​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ។ នៅ​តាម​ផ្លូវ មាន​ជន‌ជាតិ​អេត្យូ‌ពី​មួយ​រូប ជា​មនុស្ស​កម្រៀវ* លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​មហា‌ក្សត្រិ‌យានី​កាន‌ដេស ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេត្យូ‌ពី ហើយ​លោក​ជា​អ្នក​កាន់​កាប់​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន។ លោក​បាន​មក​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ ដោយ​ជិះ​រទេះ​សេះ ទាំង​អាន​គម្ពីរ​ព្យាការី*​អេសាយ​ផង។ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ រួច​ចូល​ទៅ​ជិត​រទេះ​សេះ​នោះ​ទៅ»។ លោក​ភីលីព​ក៏​រត់​ទៅ​មុខ ហើយ​ឮ​មន្ត្រី​អេត្យូ‌ពី​អាន​គម្ពីរ​ព្យាការី​អេសាយ លោក​ភីលីព​សួរ​មន្ត្រី​នោះ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​តែ​អាន​នេះ​ឬ​ទេ?»។ លោក​មន្ត្រី​តប​មក​វិញ​ថា៖ «ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​នរណា​ពន្យល់​ណែ‌នាំ​សោះ​នោះ!»។ លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឡើង​ជិះ​រទេះ​សេះ​ជា​មួយ។ រីឯ​អត្ថ‌បទ​គម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​គឺ៖ “លោក​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម ដែល​គេ​នាំ​ទៅ​សម្លាប់ លោក​ពុំ​បាន​ហើប​មាត់​ទាល់​តែ​សោះ គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់ នៅ​មុខ​អ្នក​កាត់​រោម។ លោក​ត្រូវ​គេ​បន្ទាប​បន្ថោក ហើយ​គេ​មិន​រក​យុត្តិធម៌​ជូន​លោក​ឡើយ។ គ្មាន​នរណា​អាច​តំណាល​អំពី​ពូជ‌ពង្ស របស់​លោក​ទេ ព្រោះ​គេ​បាន​ដក​ជីវិត​របស់​លោក ចេញ​ពី​ផែនដី​នេះ​បាត់​ទៅ​ហើយ” ។ មន្ត្រី​នោះ​សួរ​លោក​ភីលីព​ថា៖ «សូម​ប្រាប់​ខ្ញុំ​ផង តើ​ព្យាការី*​មាន​ប្រសាសន៍​ដូច្នេះ​សំដៅ​លើ​អ្នក​ណា? តើ​លោក​មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ផ្ទាល់ ឬ​មាន​ប្រសាសន៍​អំពី​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត?»។ លោក​ភីលីព​ក៏​ជម្រាប​ជូន​ដំណឹង‌ល្អ​អំពី​ព្រះ‌យេស៊ូ​ប្រាប់​លោក ដោយ​ចាប់​ផ្ដើម​ពី​អត្ថ‌បទ​គម្ពីរ​នោះ​ទៅ។ លោក​ទាំង​ពីរ​ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ។ លុះ​ដល់​កន្លែង​មួយ​មាន​ទឹក លោក​មន្ត្រី​មាន​ប្រសាសន៍​ថា៖ «ទី​នេះ​មាន​ទឹក តើ​មាន​អ្វី​ឃាត់​ខ្ញុំ មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក!»។ លោក​ភីលីព​មាន​ប្រសាសន៍​ទៅ​លោក​មន្ត្រី​ថា៖ «បើ​លោក​ជឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នោះ លោក​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន»។ លោក​មន្ត្រី​ឆ្លើយ​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ លោក​បញ្ជា​ឲ្យ​គេ​បញ្ឈប់​រទេះ​សេះ។ លោក​មន្ត្រី និង​លោក​ភីលីព​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់ ហើយ​លោក​ភីលីព​ក៏​ជ្រមុជ​ទឹក​ជូន​មន្ត្រី​នោះ។ កាល​លោក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ លោក​មន្ត្រី​លែង​ឃើញ​លោក​ភីលីព​ទៀត​ហើយ។ លោក​មន្ត្រី​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ចិត្ត​ត្រេក​អរ​សប្បាយ។

ចែក​រំលែក
អាន កិច្ចការ 8

កិច្ចការ 8:26-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់ មាន​បន្ទូល​ទៅ​ភីលីព​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ខាង​ត្បូង តាម​ផ្លូវ​ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​ក្រុង​កាសា ដែល​ជា​ទី​រហោ‌ស្ថាន​ទៅ គាត់​ក៏​ក្រោក​ឡើង​ដើរ​ទៅ នោះ​ឃើញ​មាន​សាសន៍​អេធីយ៉ូពី​ម្នាក់ ជា​មនុស្ស​កំរៀវ ដែល​មាន​អំណាច​ក្រោម​ព្រះ‌នាង​កាន‌ដេស មហា‌ក្សត្រី​ដែល​សោយ‌រាជ្យ​ក្នុង​ស្រុក​អេធីយ៉ូពី លោក​ជា​អ្នក​ត្រួត‌ត្រា​លើ​អស់​ទាំង​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច ហើយ​បាន​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ថ្វាយ‌បង្គំ លោក​កំពុង​តែ​ជិះ​រថ​ត្រឡប់​ទៅ​វិញ ក៏​មើល​គម្ពីរ​ហោរា​អេសាយ ខណ​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​មាន​បន្ទូល​ទៅ​ភីលីព​ថា ឲ្យ​ចូល​ទៅ​ប្រកៀក​នឹង​រថ​នោះ​ទៅ ភីលីព​ក៏​រត់​ទៅ​តាម ឮ​លោក​កំពុង​តែ​អាន​មើល​គម្ពីរ​ហោរា​អេសាយ រួច​សួរ​ថា លោក​មើល​យល់​ឬ​ទេ ឯ​លោក​ក៏​ឆ្លើយ​ឡើង​ថា បើ​គ្មាន​អ្នក​ណា​ដឹក‌នាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​យល់​បាន រួច​លោក​ក៏​សូម​ឲ្យ​ភីលីព​ឡើង​ជិះ​រថ​ជា​មួយ​គ្នា ឯ​បទ​គម្ពីរ​ដែល​លោក​កំពុង​តែ​មើល​នោះ គឺ​ត្រង់​បទ​នេះ​ថា «ទ្រង់​ត្រូវ​គេ​ដឹក‌នាំ​ទៅ ដូច​ជា​ដឹក​ចៀម​ទៅ​សំឡាប់ ទ្រង់​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ ដូច​ជា​កូន​ចៀម​ដែល​គ នៅ​មុខ​អ្នក​កាត់​រោម​វា នៅ​គ្រា​ដែល​ទ្រង់​ត្រូវ​បន្ទាប‌បន្ថោក នោះ​គេ​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ចេញ​ពី​ទ្រង់​ទៅ តើ​អ្នក​ណា​នឹង​ថ្លែង​ពី​ព្រះ‌វង្សា​ទ្រង់​បាន ដ្បិត​គេ​បាន​ដក​ព្រះ‌ជន្ម​ទ្រង់​ពី​ផែនដី​ចេញ​ហើយ» អ្នក​កំរៀវ​នោះ​សួរ​ភីលីព​ថា ខ្ញុំ​សូម​សួរ​អ្នក តើ​ហោរា​និយាយ​ដូច្នេះ គឺ​និយាយ​ពី​អ្នក​ណា ពី​ខ្លួន​លោក ឬ​ពី​អ្នក​ដទៃ នោះ​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​ឃើញ​មាន​ទី​ទឹក ហើយ​អ្នក​កំរៀវ​និយាយ​ថា មើល នុ៎ះ​ន៏​ទឹក តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​បាន ភីលីព​ឆ្លើយ​ថា បើ​លោក​ជឿ​អស់​ពី​ចិត្ត នោះ​ទទួល​បាន លោក​ឆ្លើយ​ឡើង​ថា ខ្ញុំ​ជឿ​ហើយ ថា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​លោក​បង្គាប់​ឲ្យ​បញ្ឈប់​រថ រួច​ភីលីព នឹង​អ្នក​កំរៀវ ក៏​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​២​នាក់ ហើយ​ភីលីព គាត់​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ លុះ​ឡើង​ពី​ទឹក​មក នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ ទ្រង់​ឆក់​យក​ភីលីព​បាត់​ទៅ ហើយ​អ្នក​កំរៀវ​មិន​បាន​ឃើញ​គាត់​ទៀត​ទេ ក៏​ទៅ​តាម​ផ្លូវ​ទៅ ដោយ​អរ​សប្បាយ

ចែក​រំលែក
អាន កិច្ចការ 8