កិច្ចការ 8:26-29
កិច្ចការ 8:26-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡិម ទៅក្រុងកាសាទៅ»។ នេះជាផ្លូវមួយស្ងាត់!។ លោកក៏ក្រោកឡើង ហើយចេញដំណើរទៅ។ មានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកម្រៀវ ជាមន្ត្រីរបស់ព្រះនាងកានដេស មហាក្សត្រិយានីរបស់សាសន៍អេធីយ៉ូពី ហើយលោកជាអ្នកគ្រប់គ្រងរាជទ្រព្យទាំងប៉ុន្មានរបស់ព្រះនាង។ លោកបានមកក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំ ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះ ទាំងអានគម្ពីរហោរាអេសាយ។ ពេលនោះ ព្រះវិញ្ញាណមានព្រះបន្ទូលទៅលោកភីលីពថា៖ «ចូលទៅកៀកនឹងរទេះសេះនោះទៅ»។
កិច្ចការ 8:26-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតា*របស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។ លោកភីលីពក៏ក្រោកឡើងចេញដំណើរទៅ។ នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយរូប ជាមនុស្សកម្រៀវ* លោកជាមន្ត្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់ព្រះរាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះ ទាំងអានគម្ពីរព្យាការី*អេសាយផង។ ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។
កិច្ចការ 8:26-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទេវតានៃព្រះអម្ចាស់ មានបន្ទូលទៅភីលីពថា ចូរក្រោកឡើងទៅឯខាងត្បូង តាមផ្លូវដែលចុះពីក្រុងយេរូសាឡិម ទៅឯក្រុងកាសា ដែលជាទីរហោស្ថានទៅ គាត់ក៏ក្រោកឡើងដើរទៅ នោះឃើញមានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកំរៀវ ដែលមានអំណាចក្រោមព្រះនាងកានដេស មហាក្សត្រីដែលសោយរាជ្យក្នុងស្រុកអេធីយ៉ូពី លោកជាអ្នកត្រួតត្រាលើអស់ទាំងព្រះរាជទ្រព្យរបស់ស្តេច ហើយបានមកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយបង្គំ លោកកំពុងតែជិះរថត្រឡប់ទៅវិញ ក៏មើលគម្ពីរហោរាអេសាយ ខណនោះ ព្រះវិញ្ញាណទ្រង់មានបន្ទូលទៅភីលីពថា ឲ្យចូលទៅប្រកៀកនឹងរថនោះទៅ