កិច្ចការ 8:1-8

កិច្ចការ 8:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​លោក​សុល​ក៏​មាន​ចំណែក​ក្នុង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។ នៅ​ថ្ងៃ​នោះ មាន​ការ​បៀត​បៀន​ជា​ខ្លាំង​មក​លើក្រុម​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក្រុម​ជំនុំ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​ពាស​ពេញ​ស្រុក​យូដា និង​ស្រុក​សា‌ម៉ារី លើក​លែង​តែ​ពួក​សាវក។ បុរសៗ​ដែល​គោរព​កោត​ខ្លាច​ព្រះ បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ ហើយ​យំ‌សោក​នឹង​លោក​ជា​ខ្លាំង។ រីឯ​លោក​សុល​វិញ បាន​ធ្វើ​ទុក្ខ​ក្រុម​ជំនុំ ដោយ​ចូល​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ ហើយ​ចាប់​អូស​ទាំង​ប្រុស​ទាំង​ស្រី យក​ទៅ​ដាក់​គុក។ ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នោះ បាន​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រកាស​ព្រះ‌បន្ទូល។ លោក​ភីលីព​ចុះ​ទៅ​ទី​ក្រុង​មួយ​នៅ​ស្រុក​សា‌ម៉ារី ប្រកាស​ប្រាប់​គេ​អំពី​ព្រះ‌គ្រីស្ទ មហាជន​រួម​ចិត្ត​គ្នា​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​សេចក្ដីដែល​លោក​ភីលីព​មាន​ប្រសាសន៍ ដោយ​គេ​ឮ និង​ឃើញ​ទី​សម្គាល់​ដែល​លោក​បាន​ធ្វើ ដ្បិត​មាន​វិញ្ញាណ​អាក្រក់​បាន​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ជា​ខ្លាំង ហើយ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង និង​មនុស្ស​ខ្វិន​ជា​ច្រើនបាន​ជា។ ដូច្នេះ នៅ​ទី​ក្រុង​នោះ​មាន​អំណរជា​ខ្លាំង។

ចែក​រំលែក
អាន កិច្ចការ 8

កិច្ចការ 8:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​សូល​បាន​យល់​ស្រប​នឹង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។ នៅ​ថ្ងៃ​នោះ ក្រុម‌ជំនុំ*​នៅ​ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​បៀត‌បៀន​ជា​ខ្លាំង។ អ្នក​ជឿ​ទាំង​ប៉ុន្មាន​លើក‌លែង​តែ​ក្រុម​សាវ័ក​ចេញ បាន​បែក‌ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក​យូដា និង​ស្រុក​សាម៉ារី។ អស់​អ្នក​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ បាន​នាំ​គ្នា​បញ្ចុះ​សព​លោក​ស្ទេផាន និង​យំ​សោក​យ៉ាង​ខ្លាំង​ទៀត​ផង។ រីឯ​លោក​សូល​វិញ លោក​ខំ​ប្រឹង​រំលាយ​ក្រុម‌ជំនុំ ដោយ​ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ចាប់​ពួក​អ្នក​ជឿ​ទាំង​ប្រុស​ទាំង​ស្រី​យក​ទៅ​ឃុំ‌ឃាំង។ ពួក​សិស្ស*​ដែល​បែក‌ខ្ញែក​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​អំពី​ព្រះ‌បន្ទូល។ លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​នៅ​ស្រុក​សាម៉ារី ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​អំពី​ព្រះ‌គ្រិស្ត* ។ មហា‌ជន​រួម​ចិត្ត​គំនិត​គ្នា​ពេញ​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​លោក​ភីលីព ព្រោះ​គេ​បាន​ឮ​លោក​មាន​ប្រសាសន៍ និង​បាន​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ដែល​លោក​បាន​ធ្វើ គឺ​មាន​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ខ្លាំងៗ និង​មាន​មនុស្ស​ខ្វិន មនុស្ស​ស្លាប់​ដៃ​ជើង​ជា​ច្រើន​បាន​ជា។ ប្រជា‌ជន​នៅ​ក្រុង​នោះ មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប។

ចែក​រំលែក
អាន កិច្ចការ 8

កិច្ចការ 8:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះ​ឯង ក៏​កើត​មាន​សេចក្ដី​បៀត‌បៀន​ជា​ខ្លាំង ទាស់​នឹង​ពួក​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ពួក​ជំនុំ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​នៅ​តែ‌ពាស ក្នុង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី លើក​តែ​ពួក​សាវក​ចេញ រីឯ​ខ្មោច​ស្ទេផាន នោះ​មាន​ពួក​មនុស្ស​ខ្លះ​ដែល​កោត‌ខ្លាច​ដល់​ព្រះ បាន​នាំ​យក​ទៅ​កប់ ព្រម​ទាំង​យំ​សោក​នឹង​គាត់​ជា​ខ្លាំង​ផង។ ឯ​សុល​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លាំង​ណាស់ ដោយ​ចូល​គ្រប់​តែ​ផ្ទះ ចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក។ ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល ឯ​ភីលីព គាត់​ចុះ​ទៅ​ឯ​ទី​ក្រុង​១​នៅ​ស្រុក​សាម៉ារី ប្រាប់​គេ​ពី​ព្រះ‌គ្រីស្ទ ហើយ​បណ្តា​មនុស្ស​ក៏​ស្រុះ​ចិត្ត​គ្នា នឹង​ប្រុង​ស្តាប់​អស់​ទាំង​សេចក្ដី ដែល​ភីលីព​និយាយ ដោយ​គេ​ឮ ហើយ​ឃើញ​ទី​សំគាល់​ដែល​គាត់​ធ្វើ ព្រោះ​មាន​អារក្ស​អសោចិ៍ ដែល​បាន​ចូល​មនុស្ស​ជា​ច្រើន វា​ស្រែក​ឡើង​ជា​ខ្លាំង រួច​ចេញ​មក ក៏​មាន​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង នឹង​មនុស្ស​ខ្វិន​ជា​ច្រើន បាន​ជា​ដែរ ហើយ​នៅ​ទី​ក្រុង​នោះ គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង។

ចែក​រំលែក
អាន កិច្ចការ 8