កិច្ចការ 4:32-37

កិច្ចការ 4:32-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ ចំនួន​មនុស្ស​ទាំង​អស់​ដែល​បាន​ជឿ គេ​មាន​ចិត្ត​គំនិត​តែ​មួយ គ្មាន​អ្នក​ណា​ប្រកាន់​ថា អ្វីៗ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​នោះ​ទេ គឺ​គេ​យកអ្វីៗ​ដែល​ខ្លួន​មាន​មក​ដាក់​ជា​សម្បត្តិ​រួម។ ពួក​សាវក​បាន​ធ្វើ​បន្ទាល់​ដោយ​ព្រះ‌ចេស្តា​យ៉ាង​ខ្លាំង ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះ‌គុណ​យ៉ាង​ខ្លាំង​សណ្ឋិត​លើ​ពួកគេ​ទាំង​អស់​គ្នា។ នៅ​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី មាន​ផ្ទះ គេ​បាន​លក់​យក​ប្រាក់ មក​ដាក់​នៅ​ទៀប​ជើង​ពួក​សាវក ហើយ​ចែក​ដល់​ម្នាក់​ៗ​តាម​ត្រូវ​ការ។ មាន​លេវី​ម្នាក់ ឈ្មោះ​យ៉ូសេប ស្រុក​កំណើត​នៅ​កោះ​គីប្រុស ដែល​ពួក​សាវក​ហៅ​ថា បាណា‌បាស (ដែល​ប្រែថា កូននៃ​ការ​លើក​ទឹក​ចិត្ត) គាត់បាន​លក់​ចម្ការ​របស់​គាត់​មួយ​កន្លែង ហើយ​យក​ប្រាក់​មកដាក់​នៅ​ទៀបជើង​ពួក​សាវក។

ចែក​រំលែក
អាន កិច្ចការ 4

កិច្ចការ 4:32-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ជឿ​ទាំង​អម្បាល‌ម៉ាន​មាន​ចិត្ត​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថា ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​មាន ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។ ក្រុម​សាវ័ក*​បាន​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា ហើយ​នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ទ្រង់​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លុប ដល់​ពួក​គេ​ទាំង​អស់​គ្នា។ ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ខ្វះ​ខាត​អ្វី​ឡើយ។ អស់​អ្នក​ដែល​មាន​ដី​ធ្លី ឬ​ផ្ទះ​សំបែង​នាំ​គ្នា​លក់​ដី​ធ្លី និង​ផ្ទះ​នោះ យក​ប្រាក់ មក​ជូន​ក្រុម​សាវ័ក។ បន្ទាប់​មក អ្នក​ជឿ​ទាំង​អស់​គ្នា​ទទួល​ចំណែក តាម​សេចក្ដី​ត្រូវ​ការ​រៀងៗ​ខ្លួន។ មាន​បុរស​ម្នាក់ ឈ្មោះ​យ៉ូស្វេ ជា​ពួក​លេវី ស្រុក​កំណើត​នៅ​កោះ​គីប្រុស ក្រុម​សាវ័ក​បាន​ដាក់​ឈ្មោះ​គាត់​ថា បារណា‌បាស ប្រែ​ថា «អ្នក​លើក​ទឹក​ចិត្ត​គេ»។ គាត់​បាន​លក់​ចម្ការ​របស់​គាត់ ហើយ​យក​ប្រាក់​មក​ជូន​ក្រុម​សាវ័ក​ដែរ។

ចែក​រំលែក
អាន កិច្ចការ 4

កិច្ចការ 4:32-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​មនុស្ស​ទាំង​ហ្វូង​ដែល​បាន​ជឿ គេ​ក៏​មាន​ចិត្ត​មាន​គំនិត​តែ​១ គ្មាន​អ្នក​ណា​ប្រកាន់​ថា អ្វីៗ​ដែល​ខ្លួន​មាន​ជា​របស់​ផង​ខ្លួន​នោះ​ទេ គឺ​គ្រប់​របស់​ទាំង​ប៉ុន្មាន ជា​របស់​សំរាប់​ប្រើ​ជា​មួយ​គ្នា​ទាំង​អស់ ពួក​សាវក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះ‌គុណ​ជា​ធំ សណ្ឋិត​លើ​គេ​ទាំង​អស់​គ្នា​ដែរ នៅ​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​សោះ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី​មាន​ផ្ទះ នោះ​ក៏​លក់ យក​ប្រាក់​ដែល​ជា​ថ្លៃ​របស់​ទាំង​នោះ​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវក ហើយ​គេ​ក៏​ចែក​ដល់​គ្រប់​គ្នា​តាម​ត្រូវ​ការ។ រីឯ​យ៉ូសេ ដែល​ពួក​សាវក​ហៅ​ថា បាណា‌បាស (ប្រែ​ថា​ជា​អ្នក​ជំនួយ) ជា​ពួក​លេវី ដែល​កើត​នៅ​កោះ​គីប្រុស គាត់​មាន​ដី​ដែរ ហើយ​ក៏​លក់​យក​ប្រាក់​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវក។

ចែក​រំលែក
អាន កិច្ចការ 4