កិច្ចការ 4:1-31

កិច្ចការ 4:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​លោក​ពេត្រុស និង​លោក​យ៉ូហាន កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រ‌ជាជន​នៅ​ឡើយ នោះ​ពួក​សង្ឃ មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​សាឌូ‌ស៊ីក៏​មក​ដល់។ ពួក​គេ​ទាស់​ចិត្តនឹង​ពួក​សាវក​បង្រៀន​ប្រ‌ជាជន ហើយ​ប្រកាស​ថា នៅ​ក្នុង​ព្រះ​យេស៊ូវ​នឹង​មាន​ការ​រស់​ពី​ស្លាប់​ឡើង​វិញ។ គេ​ក៏​ចាប់​អ្នក​ទាំង​ពីរ នាំ​ទៅ​ឃុំ​ទុក រហូត​ដល់​ថ្ងៃ​បន្ទាប់ ដ្បិត​ពេល​នោះ ល្ងាច​ណាស់​ហើយ។ ប៉ុន្តែ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ ហើយ​ចំនួន​បុរស​កើន​ឡើង មាន​ប្រមាណ​ជា​ប្រាំ​ពាន់​នាក់។ លុះ​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ជាមួយ​លោក​អាណ ជា​សម្តេច​សង្ឃ លោក​កៃផា លោក​យ៉ូហាន លោក​អ័លេ‌ក្សាន‌ត្រុស និង​ក្រុម​គ្រួ​សារ​របស់​សម្តេច​សង្ឃទាំង​អស់។ កាល​គេ​បាន​នាំ​អ្នក​ទាំង​ពីរ មក​ឈរ​នៅ​កណ្តាល​ចំណោម​ហើយ គេ​សួរ​ថា៖ «តើ​អ្នក​ធ្វើ​ការ​នេះអាងលើ​អំណាច​អ្វី ឬដោយ​ឈ្មោះ​អ្នក​ណា?» ពេល​នោះ លោក​ពេត្រុស ដែល​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ លោកមាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​នាម៉ឺន​របស់​ប្រជា‌ជន និង​ពួក​ចាស់​ទុំ​អើយ ប្រសិន‌បើ​អស់​លោក​សួរ​យើង​ខ្ញុំនៅ​ថ្ងៃ​នេះ ពី​ការ​ល្អដែល​បាន​ធ្វើ​ដល់​បុរស​ពិការ​ម្នាក់ ថាគាត់​បាន​ជា​ដោយ​របៀប​ណា នោះ​សូម​អស់​លោក និង​ប្រ‌ជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ជ្រាប​ថា ដែល​បុរស​នេះ​បាន​ជា ហើយ​ឈរ​នៅ​មុខ​អស់​លោក គឺ​ដោយ​សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​អស់​លោក​បាន​ឆ្កាង តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពីស្លាប់​ឡើង​វិញ។ ព្រះ‌យេស៊ូវ​នេះ​ជា "ថ្ម​ដែល​អស់​លោកជា​ជាង​សង់​ផ្ទះ​បាន​បោះ​ចោល ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ" ។ គ្មាន​ការ​សង្គ្រោះ​ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ទៀត​ដែល​ព្រះ​បាន​ប្រទាន​មក​មនុស្ស​លោក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ»។ កាល​អស់​លោក​ទាំង​នោះ ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស និង​លោក​យ៉ូហាន ហើយ​ដឹង​ច្បាស់​ថា អ្នក​ទាំង​ពីរ​ជា​មនុស្ស​មិន​ដែល​បាន​រៀន​សូត្រ និង​ជា​មនុស្ស​សាមញ្ញ អស់​លោក​ទាំង​នោះ​ក៏​មាន​សេចក្ដី​អស្ចារ្យ ហើយ​ទទួល​ស្គាល់​ថា អ្នក​ទាំង​ពីរ​ធ្លាប់​នៅ​ជា‌មួយ​ព្រះ‌យេស៊ូវ។ ប៉ុន្ដែ ដោយ​ឃើញ​បុរស​ដែល​បាន​ជា​នោះ ឈរ​នៅ​ជា‌មួយ​អ្នក​ទាំង​ពីរ អស់​លោក​ទាំង​នោះ គ្មាន​ពាក្យ​ណា​នឹង​ឆ្លើយ​តប​បាន​សោះ។ ដូច្នេះ គេ​ក៏​បញ្ជា​ឲ្យ​អ្នក​ទាំង​ពីរ​ចេញ​ពី​ក្រុម‌ប្រឹក្សា​នោះ​ទៅ ហើយ​គេ​ពិគ្រោះ​គ្នា​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​គេ​បាន​ធ្វើ​ទី​សម្គាល់​យ៉ាង​អស្ចារ្យ មនុស្ស​គ្រប់​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម​ក៏​បាន​ឃើញ​ច្បាស់ ហើយ​យើង​ក៏​មិន​អាច​ប្រកែក​បាន​ផង។ ប៉ុន្ដែ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ឮ​សុសសាយ​ដល់​ប្រ‌ជាជន សូម​យើង​ហាម​គេ កុំ​ឲ្យ​គេ​និយាយ​ប្រាប់​អ្នក​ណា ក្នុង​នាម​នេះ​ទៀត»។ ដូច្នេះ គេ​ក៏​ហៅ​អ្នក​ទាំង​ពីរ​មក ហើយ​ហាម​មិន​ឲ្យ​និយាយ ឬ​បង្រៀនក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ជា​ដាច់ខាត។ ប៉ុន្ដែ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​អស់​លោក​ទាំង​នោះ​ថា៖ «នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ តើ​គួរ​ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាមអស់​លោក ជា​ជាង​ស្តាប់​តាម​ព្រះឬ? សូមអស់​លោក​ពិចារណា​ចុះ ដ្បិត​យើង​ខ្ញុំ​មិន​អាច​ឈប់​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ និង​ឮ​នោះ​បាន​ឡើយ»។ បន្ទាប់​ពី​បាន​គំរាម​សាជា​ថ្មី​ម្ដង​ទៀត​រួច​ហើយ គេ​ក៏​ដោះ​លែងអ្នក​ទាំង​ពីរ​ឲ្យ​ទៅ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​លោក​មិន​បាន ព្រោះ​តែ​បណ្ដាជន ដ្បិត​ទាំង​អស់​គ្នា​កំពុង​សរសើរ​តម្កើង​ដល់​ព្រះ ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។ រីឯ​បុរស​ដែល​បាន​ទទួល​ទី​សម្គាល់​នៃ​ការ​ប្រោសឲ្យ​ជា​នេះ គាត់​មាន​អាយុ​ជាង​សែសិប​ឆ្នាំ​ហើយ។ ក្រោយ​ពី​បាន​រួច​ខ្លួន​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​ទៅជួប​មិត្ត​សម្លាញ់​របស់​ខ្លួន ហើយ​រៀប​រាប់​ប្រាប់​ពី​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​បាន​និយាយ។ កាល​ពួក​គេ​បាន​ឮ​ដូច្នោះ គេ​ក៏​បន្លឺ​សំឡេង​ឡើង​ព្រម​គ្នា ទូល​ព្រះ​ថា «ឱ​ព្រះ​ជា​ម្ចាស់​ដ៏​ធំ​បំផុត​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​ទាំង​អស់​នៅ​ទី​ទាំង​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ដោយ​សារ​មាត់​របស់​ព្រះ‌បាទ​ដាវីឌ បុព្វ​បុរស​របស់​យើង ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា "ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល​ជ្រើម​ឡើង ហើយ​ជន​ជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ? ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ប្រុង​ប្រៀប​ខ្លួន ឯ​ពួក​មេ​គ្រប់​គ្រង​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌អម្ចាស់ ហើយ​ទាស់​នឹង​ព្រះ‌គ្រីស្ទ របស់​ព្រះ‌អង្គ "។ ប្រាកដ​មែន នៅ​ក្នុង​ក្រុង​នេះ ស្តេច​ហេរ៉ូឌ និង​លោក​ប៉ុនទាស‌ពីឡាត់ បាន​ប្រជុំ​គ្នា ហើយ​ពួក​សាសន៍​ដទៃ និង​សាសន៍​អ៊ីស្រា‌អែល ទាស់​នឹង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង ដើម្បី​ធ្វើ​អ្វីៗ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ និង​គម្រោង‌ការ​របស់​ព្រះ‌អង្គ បាន​កំណត់​ទុក​ឲ្យ​កើត​ឡើង។ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​ការ​គំរាម​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​បាវ​បម្រើ​ព្រះ‌អង្គ បាន​ថ្លែង​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ដោយ​សេចក្ដី​ក្លា‌ហាន​ផង ក្នុង​កាល​ដែល​ព្រះ‌អង្គ​លូក​ព្រះ‌ហស្ត​ប្រោស​ឲ្យ​បាន​ជា និង​ទី​សម្គាល់ ការ​អស្ចារ្យ​ដែល​បាន​កើត​ឡើង ដោយ​សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់ព្រះ‌អង្គ»។ កាល​គេ​បាន​អធិស្ឋាន​រួច​ហើយ កន្លែង​ដែល​គេ​ប្រជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា ហើយគេ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះដោយ​ចិត្ត​ក្លា‌ហាន។

ចែក​រំលែក
អាន កិច្ចការ 4

កិច្ចការ 4:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​នៅ​ឡើយ ស្រាប់​តែ​ពួក​បូជា‌ចារ្យ* មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​មក​ដល់។ ពួក​គេ​ទាស់​ចិត្ត​នឹង​សាវ័ក​បង្រៀន​ប្រជា‌ជន ទាំង​ប្រកាស​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ដោយ​សំអាង​លើ​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ពួក​គេ​នាំ​គ្នា​ចាប់​សាវ័ក​ទាំង​ពីរ​រូប​យក​ទៅ​ឃុំ ទុក​រហូត​ដល់​ថ្ងៃ​បន្ទាប់ ដ្បិត​ពេល​នោះ​ល្ងាច​ណាស់​ហើយ។ ប៉ុន្តែ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល មាន​មនុស្ស​ជា​ច្រើន​ជឿ ហើយ​ចំនួន​ពួក​គេ​បាន​កើន​ឡើង ប្រមាណ​ប្រាំ​ពាន់​នាក់។ លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ជា​មួយ​លោក​មហា‌បូជា‌ចារ្យ*​អាណ លោក​កៃផា លោក​យ៉ូហាន លោក​អលេក្សាន‌ត្រុស និង​ក្រុម​គ្រួសារ​របស់​នាយក​បូជា‌ចារ្យ​ទាំង​អស់។ លោក​ទាំង​នោះ​បាន​បញ្ជា​ឲ្យ​គេ​នាំ​លោក​ពេត្រុស និង​លោក​យ៉ូហាន​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ រួច​សួរ​ថា៖ «អ្នក​បាន​ធ្វើ​ការ​នេះ​សំអាង​លើ​អំណាច​អ្វី? ក្នុង​នាម​នរណា?»។ ពេល​នោះ លោក​ពេត្រុស​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជន និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ! ថ្ងៃ​នេះ អស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំ​ពី​អំពើ​ល្អ ដែល​យើង​ខ្ញុំ​សង្គ្រោះ​អ្នក​ពិការ​ឲ្យ​ជា​តាម​របៀប​ណា​នោះ។ សូម​អស់​លោក និង​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​ទាំង​មូល​ជ្រាប​ថា បុរស​ដែល​ឈរ​នៅ​មុខ​អស់​លោក​ទាំង​មាន​សុខ‌ភាព​ល្អ​នេះ​ជា ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​អ្នក​ភូមិ​ណាសា‌រ៉ែត ដែល​អស់​លោក​បាន​ឆ្កាង ហើយ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះអង្គ​ហ្នឹង​ហើយ​ជា​ “ថ្ម​ដែល​លោក​ទាំង​អស់​គ្នា​ជា​ជាង​សំណង់​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​វិញ” ។ ក្រៅ​ពី​ព្រះ‌យេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។ កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ចិត្ត​អង់‌អាច​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ណាស់ ដ្បិត​គេ​ដឹង​ថា​លោក​ទាំង​ពីរ​ជា​មនុស្ស​សាមញ្ញ ពុំ​ដែល​បាន​រៀន​សូត្រ ហើយ​គេ​ដឹង​ច្បាស់​ថា​លោក​ទាំង​ពីរ​ធ្លាប់​នៅ​ជា​មួយ​ព្រះ‌យេស៊ូ។ ប៉ុន្តែ ពួក​គេ​រក​ពាក្យ​ឆ្លើយ​តប​វិញ​មិន​បាន​សោះ ព្រោះ​ឃើញ​បុរស​ដែល​ជា​នោះ​ឈរ​នៅ​ជា​មួយ​ស្រាប់។ ពួក​គេ​ក៏​បញ្ជា​ឲ្យ​លោក​ទាំង​ពីរ​ចេញ​ពី​អង្គ​ប្រជុំ ហើយ​ពិគ្រោះ​គ្នា​ថា៖ «តើ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ដឹង​ច្បាស់​ថា គេ​ធ្វើ​ទី​សម្គាល់​អស្ចារ្យ​មួយ​ដ៏​វិសេស ដែល​យើង​មិន​អាច​បដិសេធ​បាន។ ដូច្នេះ តោង​យើង​ហាម‌ប្រាម និង​គំរាម​គេ កុំ​ឲ្យ​ប្រកាស​ប្រាប់​នរណា​អំពី​ឈ្មោះ​នោះ​ត​ទៅ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ដល់​ប្រជា‌ជន»។ ក្រុម​ប្រឹក្សា​ក៏​ហៅ​សាវ័ក​ទាំង​ពីរ​មក ហើយ​ហាម‌ប្រាម​មិន​ឲ្យ​និយាយ និង​បង្រៀន​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ​ជា​ដាច់​ខាត។ លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ប្រសាសន៍​តប​ទៅ​គេ​វិញ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ គួរ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​បង្គាប់​អស់​លោក ឬ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ? យើង​ខ្ញុំ​ឈប់​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​យើង​ខ្ញុំ​បាន​ឃើញ បាន​ឮ​នោះ​ពុំ​កើត​ទេ»។ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​រក​ហេតុ ដើម្បី​ដាក់​ទោស​លោក​ទាំង​ពីរ​មិន​បាន ក៏​គំរាម​សា​ជា​ថ្មី​ទៀត រួច​ដោះ​លែង​ឲ្យ​ទៅ​វិញ ដ្បិត​ប្រជា‌ជន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ចំពោះ​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ​គ្រប់ៗ​គ្នា។ រីឯ​បុរស​ដែល​បាន​ជា​ដោយ​របៀប​អស្ចារ្យ​នោះ មាន​អាយុ​ជាង​សែ‌សិប​ឆ្នាំ​ហើយ។ ក្រោយ​ពី​បាន​រួច​ខ្លួន​ហើយ លោក​ពេត្រុស និង​លោក​យ៉ូហាន នាំ​គ្នា​ទៅ​ជួប​ពួក​បងប្អូន រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​មហា‌បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​បាន​និយាយ។ កាល​ពួក​គេ​ឮ​ដូច្នោះ គេ​រួម​ចិត្ត​គំនិត​គ្នា ហើយ​បន្លឺ​សំឡេង​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​យើង​ខ្ញុំ​ថា៖ “ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល? ហេតុ​អ្វី​បាន​ជា​ប្រជា‌រាស្ដ្រ​នានា មាន​គំនិត​ឥត​ខ្លឹម‌សារ​ដូច្នេះ? ពួក​ស្ដេច​នៅ​លើ​ផែនដី និង​ពួក​មេ​ដឹក​នាំ​ពួត‌ដៃ រួម​គំនិត​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ហើយ​ប្រឆាំង​នឹង​ព្រះ‌គ្រិស្ត*​របស់​ព្រះអង្គ” ។ ប្រាកដ​មែន! នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-‌ពីឡាត បាន​រួម​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក ទាំង​មាន​សាសន៍​ដទៃ​ទៀត និង​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​សម​គំនិត​ផង។ គេ​នាំ​គ្នា​ប្រព្រឹត្ត​ដូច​ព្រះអង្គ​បាន​កំណត់​ទុក​ជា​មុន តាម​ឫទ្ធិ‌បារមី និង​តាម​ព្រះ‌តម្រិះ​របស់​ព្រះអង្គ។ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​ឲ្យ​ពួក​អ្នក​បម្រើ​ព្រះអង្គ ថ្លែង​ព្រះ‌បន្ទូល​ដោយ​ចិត្ត​អង់‌អាច​មោះ‌មុត​ផង សូម​សម្តែង​បារមី​ឲ្យ​អ្នក​ជំងឺ​បាន​ជា ឲ្យ​មាន​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​កើត​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ»។ កាល​ពួក​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច្នោះ​រួច​ហើយ កន្លែង​ដែល​គេ​ជួប‌ជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ទាំង​អស់​គ្នា ហើយ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​អង់‌អាច។

ចែក​រំលែក
អាន កិច្ចការ 4

កិច្ចការ 4:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​អ្នក​ទាំង​២ កំពុង​តែ​និយាយ​នឹង​បណ្តាជន​នៅ​ឡើយ នោះ​ពួក​សង្ឃ នឹង​ពួក​សាឌូស៊ី ព្រម​ទាំង​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ក៏​មក​ដល់ គេ​មាន​សេចក្ដី​អាក់‌អន់​ចិត្ត​ពី​ដំណើរ​ដែល​គាត់​បង្រៀន ដល់​ពួក​ជន ហើយ​ក៏​សំដែង​ប្រាប់​ដល់​បណ្តាជន ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ គេ​ក៏​ចាប់​អ្នក​ទាំង​២ នាំ​ទៅ​ឃុំ​ទុក​ដរាប​ដល់​ស្អែក ដ្បិត​ពេល​នោះ​ល្ងាច​ហើយ ប៉ុន្តែ ឯ​ពួក​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល នោះ​មាន​គ្នា​ជា​ច្រើន​បាន​ជឿ ហើយ​ពួក​ដែល​ជឿ ក៏​បាន​កើន​ឡើង មាន​ប្រុសៗ ប្រហែល​ជា​៥​ពាន់​នាក់។ ដល់​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់‌ទុំ នឹង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​លោក​អាណ ជា​សំដេច​សង្ឃ លោក​កៃផា លោក​យ៉ូហាន នឹង​លោក​អ័លេ‌ក្សាន‌ត្រុស ហើយ​អស់​អ្នក​ដែល​ជា​គ្រួសារ​នៃ​សំដេច​សង្ឃ​ដែរ កាល​បាន​នាំ​អ្នក​ទាំង​២​មក ដាក់​នៅ​កណ្តាល​ចំណោម​ហើយ នោះ​ក៏​ពិចារណា​សួរ​ថា ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​អាង​អំណាច​អ្វី ឬ​ដោយ​អាង​ឈ្មោះ​ណា នោះ​ពេត្រុស ដែល​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​ជំរាប​ថា ឱ​លោក​ដ៏​ធំ​លើ​បណ្តាជន នឹង​ពួក​លោក​ចាស់‌ទុំ​ទាំង‌ឡាយ នៃ​សាសន៍​អ៊ីស្រាអែល​អើយ នៅ​ថ្ងៃ​នេះ បើ​សិន​ជា​លោក​អ្នក​រាល់​គ្នា គិត​ពិចារណា​សួរ​យើង​ខ្ញុំ ពី​ដំណើរ​ការ​ល្អ ដែល​បាន​ធ្វើ​ដល់​មនុស្ស​ពិការ​នោះ​ថា គាត់​បាន​ជា​ដោយ‌សារ​អ្វី នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ផង ថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយ‌សារ​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ស្រុក​ណា‌សារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រះ‌អង្គ​នោះ ជា​ថ្ម​ដែល​លោក​រាល់​គ្នា ជា​ជាង​សង់​ផ្ទះ បាន​មើល‌ងាយ ប៉ុន្តែ​ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ ដោយ‌សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ។ កាល​បាន​ឃើញ​ថា ពេត្រុស នឹង​យ៉ូហាន​មាន​ចិត្ត​ក្លាហាន នោះ​ពួក​លោក​ទាំង​នោះ​ក៏​មាន​សេចក្ដី​អស្ចារ្យ​ដោយ​ដឹង​ថា គេ​ជា​មនុស្ស​មិន‌សូវ​ចេះ​ជ្រៅ‌ជ្រះ ហើយ​ឥត​បាន​រៀន‌សូត្រ​ប៉ុន្មាន​ផង បាន​ជា​លោក​យល់​ឃើញ​ថា គេ​ធ្លាប់​នៅ​ជា​មួយ​នឹង​ព្រះ‌យេស៊ូវ តែ​លោក​គ្មាន​ពាក្យ​ណា​នឹង​ឆ្លើយ​តប​មក​វិញ​សោះ ដោយ​ឃើញ​មនុស្ស​ដែល​បាន​ជា គាត់​ឈរ​ជា​មួយ​នឹង​គេ ដូច្នេះ កាល​បាន​បង្គាប់​ឲ្យ​គេ​ចេញ​ពី​ពួក​ក្រុម‌ជំនុំ​ទៅ​បន្តិច នោះ​ក៏​ពិគ្រោះ​គ្នា​ថា តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នេះ ដ្បិត​ដែល​គេ​បាន​ធ្វើ​ទី​សំគាល់​យ៉ាង​អស្ចារ្យ នោះ​ក៏​ច្បាស់​ដល់​គ្រប់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម​ហើយ យើង​ក៏​ប្រកែក​មិន​បាន​ផង ប៉ុន្តែ ចូរ​យើង​កំហែង​ហាម​គេ មិន​ឲ្យ​និយាយ​នឹង​អ្នក​ណា​ទៀត ដោយ​ឈ្មោះ​នោះ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ផ្សាយ​ទៅ​ក្នុង​ពួក​ជន​ទៀត រួច​លោក​ហៅ​មក​វិញ ហាម​ផ្តាច់​មិន​ឲ្យ​និយាយ ឬ​បង្រៀន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត​ឡើយ តែ​ពេត្រុស នឹង​យ៉ូហាន ឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះ ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នា ជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ តែ​លោក​កំហែង​ទៀត រួច​លែង​ឲ្យ​ទៅ ដោយ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​នឹង​ធ្វើ​ទោស​សោះ ដោយ​ព្រោះ​បណ្តាជន ដ្បិត​ទាំង​អស់​គ្នា​កំពុង​តែ​សរសើរ​ដំកើង​ដល់​ព្រះ ពី​ការ​នោះ​ដែល​ទើប​នឹង​កើត​មក ពី​ព្រោះ​មនុស្ស​ដែល​បាន​ជា ដោយ‌សារ​ទី​សំគាល់​នោះ គាត់​មាន​អាយុ​ជាង​៤០​ឆ្នាំ​ហើយ។ លុះ​បាន​លែង​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ពួក​របស់​ខ្លួន​វិញ ទាំង​រ៉ាយ​រឿង​ប្រាប់​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​បាន​ហាម‌ប្រាម កាល​ពួក​ជំនុំ​បាន​ឮ​ដូច្នោះ នោះ​ក៏​បន្លឺ​ឧទាន​ព្រម​គ្នា ទូល​ដល់​ព្រះ​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់​ធំ​បំផុត​អើយ គឺ​ទ្រង់​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី នឹង​សមុទ្រ ហើយ​របស់​ទាំង​អស់ ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​បាន​មាន​បន្ទូល ដោយ‌សារ​ព្រះ‌ឱស្ឋ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា «ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល‌ជ្រើម​ឡើង ហើយ​ជន‌ជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ ពួក​មហា‌ក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌អម្ចាស់ ហើយ​ទាស់​នឹង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់» ប្រាកដ​មែន​ហើយ ដ្បិត​នៅ​ក្រុង​នេះ ស្តេច​ហេរ៉ូឌ នឹង​លោក​ប៉ុនទាស-ពីឡាត់ បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​សាសន៍​ដទៃ នឹង​សាសន៍​អ៊ីស្រាអែល ទាស់​នឹង​ព្រះ‌យេស៊ូវ​ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ដើម្បី​នឹង​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់ នឹង​ព្រះ‌ដំរិះ​ទ្រង់ បាន​គិត​សំរេច​ជា​មុន ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​សេចក្ដី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់ បាន​ផ្សាយ​ព្រះ‌បន្ទូល ដោយ​សេចក្ដី​ក្លាហាន​ដ៏​ពេញ‌លេញ ដោយ​ទ្រង់​លូក​ព្រះ‌ហស្ត​មក សំរាប់​នឹង​ប្រោស​មនុស្ស​ឲ្យ​បាន​ជា ហើយ​នឹង​ធ្វើ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ កាល​បាន​អធិស្ឋាន​រួច​ហើយ នោះ​កន្លែង​ដែល​គេ​ប្រជុំ​គ្នា​ក៏​រញ្ជួយ ហើយ​គេ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា រួច​ក៏​ផ្សាយ​ព្រះ‌បន្ទូល​ដោយ​ចិត្ត​ក្លាហាន។

ចែក​រំលែក
អាន កិច្ចការ 4

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ