កិច្ចការ 27:21-26
កិច្ចការ 27:21-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយគេមិនបានទទួលទានអាហារជាយូរថ្ងៃ លោកប៉ុលក៏ឈរឡើងនៅកណ្តាលចំណោមពួកគេ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ អ្នករាល់គ្នាគួរតែបានស្តាប់តាមខ្ញុំ ហើយកុំចេញពីកោះក្រេតមក នោះមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ។ តែឥឡូវនេះ ខ្ញុំសុំដាស់តឿនអ្នករាល់គ្នាឲ្យមានទឹកចិត្តឡើង ដ្បិតក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ត្រូវបាត់បង់ជីវិតឡើយ គឺខូចខាតតែសំពៅប៉ុណ្ណោះ។ ដ្បិតយប់មិញនេះ មានទេវតារបស់ព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ បានឈរក្បែរខ្ញុំ ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។ ដូច្នេះ បងប្អូនអើយ ចូរមានទឹកចិត្តឡើង ដ្បិតខ្ញុំមានជំនឿដល់ព្រះថា ដែលទ្រង់មានព្រះបន្ទូលមកខ្ញុំ នោះនឹងកើតមកដូច្នោះមែន។ ប៉ុន្តែ យើងត្រូវកឿងសំពៅនៅលើកោះណាមួយមិនខាន»។
កិច្ចការ 27:21-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងពុំបានបរិភោគអ្វីជាយូរថ្ងៃមកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោមអស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្តរាយខូចខាតដូច្នេះទេ។ ប៉ុន្តែ សូមបងប្អូនកុំអស់សង្ឃឹមអី! គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនត្រូវបាត់បង់ជីវិតឡើយ គឺមានតែសំពៅប៉ុណ្ណោះទេដែលត្រូវអន្តរាយ។ ព្រោះពីយប់មិញ មានទេវតា*របស់ព្រះជាម្ចាស់ ដែលខ្ញុំជឿ និងគោរពបម្រើ បានមកជិតខ្ញុំ ប្រាប់ថា “ប៉ូលអើយ កុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នក ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នក ឲ្យបានរួចជីវិតផងដែរ”។ ហេតុនេះ បងប្អូនអើយ ចូរមានចិត្តក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្តលើព្រះជាម្ចាស់ថានឹងបានសម្រេចដូចព្រះអង្គមានព្រះបន្ទូលមែន គឺសំពៅយើងនឹងត្រូវទៅកឿង នៅកោះណាមួយជាមិនខាន»។
កិច្ចការ 27:21-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេបានតមអាហារជាយូរថ្ងៃ នោះប៉ុលឈរឡើងនៅកណ្តាលគេនិយាយថា អ្នករាល់គ្នាអើយ គួរតែបានស្តាប់តាមខ្ញុំ ហើយមិនចេញពីកោះក្រេតមក នោះយើងមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ តែឥឡូវនេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យសង្ឃឹមឡើង ដ្បិតគ្មានពួកអ្នករាល់គ្នាណា១នឹងបាត់ជីវិតទេ ខូចខាតតែសំពៅប៉ុណ្ណោះ ព្រោះយប់មិញ មានទេវតានៃព្រះ ដែលខ្ញុំជាអ្នកបំរើរបស់ទ្រង់ បានមកឈរជិតខ្ញុំប្រាប់ថា ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានបន្ទូលមកខ្ញុំ នឹងកើតមកដូច្នោះមែន ប៉ុន្តែ យើងត្រូវធ្លាក់ទៅលើកោះណាមួយ។