កិច្ចការ 24:1-27

កិច្ចការ 24:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រាំ​ថ្ងៃ​ក្រោយ​មក សម្ដេច​សង្ឃ​អាណា‌នាស បាន​ចុះ​ទៅ​ជា‌មួយ​ពួក​ចាស់​ទុំមួយ​ចំនួន និង​មេធាវី​ម្នាក់ ឈ្មោះ​ទើទូ‌លុស ដើម្បី​ចោទ​ប្រកាន់​លោក​ប៉ុលនៅចំពោះ​លោក​ទេសា‌ភិបាល។ កាល​បាន​ហៅ​លោក​ប៉ុល​មក លោក​ទើទូ‌លុស​ចាប់​ផ្ដើម​ចោទ​ប្រកាន់​ថា៖ «សូម​គោរព​ឯក​ឧត្តម​ភេលីច ដោយ​សារ​ឯកឧត្តម យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង ហើយ​ការ​កែ​ទម្រង់​ផ្សេងៗ​ដែល​ឯក​ឧត្តម​បាន​ធ្វើ​ដល់​ប្រជាជន​នេះ គឺ​ដោយ​សារ​គំនិត​ដ៏​ប៉ិន​ប្រសប់​របស់​ឯក​ឧត្តម។ យើង​ខ្ញុំ​សូម​ទទួល​ស្គាល់​ដោយ​ដឹង​គុណ​បំផុត គ្រប់​ជំពូក និង​គ្រប់​ទី​កន្លែង។ ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​រំខានឯក​ឧត្តមយូរ សូម​ឯក​ឧត្ដម​មេត្តា​ស្តាប់​យើង​ខ្ញុំ​ត្រួសៗ ដោយ​ក្ដី​អនុគ្រោះ។ ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា ជន​នេះ​ជា​មនុស្ស​ចង្រៃ ជា​អ្នក​ដែល​ញុះ‌ញង់​សាសន៍​យូដា​ទាំង​អស់ នៅ​លើ​ពិភព​លោក​ទាំង​មូល​ឲ្យ​បង្ក​ចលាចល ហើយ​ជា​មេ​នៃ​ពួក​ណា‌សារ៉ែត ។ គាត់​ថែម​ទាំង​ព្យាយាម​បន្តុះ​បង្អាប់​ព្រះ‌វិហារទៀត​ផង ប៉ុន្ដែ យើង​ខ្ញុំ​ចាប់​គាត់​មក [ហើយ​ជំនុំ‌ជម្រះ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ខ្ញុំ។ ប៉ុន្តែ លោក​លូស៊ា ជា​មេទ័ព​ធំ បាន​មក​កន្ត្រាក់​យក​គាត់​ពី​ដៃ​យើង​ខ្ញុំ​ទៅ ដោយ​អំណាច​យ៉ាង​សម្បើម ទាំង​បង្គាប់​ឲ្យ​ពួក​អ្នក​ចោទប្រកាន់​របស់​គាត់​មក​ជួប​ឯក​ឧត្តម] ។ សូម​ឯក​ឧត្តម​សាក​សួរ​គាត់ដោយ​ផ្ទាល់​ចុះ នោះ​ឯក​ឧត្តម​នឹង​ជ្រាប​ពី​សេចក្ដីទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់ជា​មិន​ខាន»។ ពួក​សាសន៍​យូដាក៏​យល់​ព្រម​ដែរ ដោយ​បញ្ជាក់​ថា រឿង​ទាំង​នោះ​ពិត​ជា​ត្រឹម​ត្រូវ​មែន។ ពេល​លោក​ទេសា‌ភិបាល​បាន​ធ្វើ​សញ្ញា​ឲ្យ​លោក​ប៉ុល​មាន​ប្រសាសន៍ លោក​ប៉ុល​ក៏​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​សូម​ឆ្លើយ​បំភ្លឺ​ដោយ​អំណរ ដោយ​ដឹង​ថា ឯក​ឧត្តម​បាន​ធ្វើ​ជា​ចៅ​ក្រម​លើ​សាសន៍​នេះ​ច្រើន​ឆ្នាំ​មក​ហើយ។ ឯក​ឧត្តម​អាចដឹង​បាន​ថា តាំង​ពី​ខ្ញុំ​បាទ​ឡើង​ទៅ​ថ្វាយ​បង្គំ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​មិន​លើស​ពី​ដប់​ពីរ​ថ្ងៃ​ទេ។ អស់​លោក​ទាំង​នោះ​មិន​បាន​ឃើញ​ខ្ញុំ​បាទ​ជជែក​ជាមួយ​អ្នក​ណា ឬ​ញុះ‌ញង់​ឲ្យ​បណ្ដាជន​ចលាចល​ឡើយ ទោះ​នៅ​ក្នុង​ព្រះ‌វិហារ នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​ក្នុង​ទី​ក្រុង​ក្តី។ អស់​លោក​ទាំង​នោះ​ពុំ​អាច​រក​ភស្តុតាង មក​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​ខ្ញុំ​បាទ ជូន​ឯក​ឧត្តមនៅ​ពេល​នេះ​បានឡើយ ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯក​ឧត្ដម​ថា តាម​ផ្លូវមួយ ដែល​គេ​ហៅ​ថា ក្រុម​ខុស​ឆ្គង​នោះ ខ្ញុំ​បាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​បុព្វ‌បុរស​យើង​ខ្ញុំ ទាំង​ជឿ​អស់​ទាំងសេចក្ដី​ដែល​មាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ និង​ក្នុង​គម្ពីរ​ហោរា ដោយ​សង្ឃឹម​ដល់​ព្រះ ដែល​អស់​លោកទាំង​នេះ​ក៏​យល់​ព្រម​ដែរ គឺ​ថា នឹង​មាន​ការ​រស់​ឡើង​វិញទាំង​អស់ ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត។ ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំបាទ​ខំ​ប្រឹង​ឲ្យ​មាន​មនសិការ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ និង​នៅ​ចំពោះ​មនុស្ស​លោក​ជា‌និច្ច។ ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ​សាឡិម​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាទ​ក៏​បាន​ត្រឡប់​មក​វិញ ដើម្បី​នាំ​យក​ជំនួយ​មក​ជួយ​សាសន៍​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ។ កាល​ខ្ញុំ​បាទ​កំពុង​រវល់​នឹង​ការ​នេះ គេ​ក៏​ឃើញ​ខ្ញុំ​បាទ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​នៅ​ក្នុង​ព្រះ‌វិហារ ឥត​មាន​បណ្ដាជន ឬ​កើត​វឹក‌វរ​អ្វី​ឡើយ។ ប៉ុន្តែ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី​បាន​ឃើញ​ខ្ញុំ​បាទ អ្នក​ទាំង​នោះ​គួរ​មក​ចោទ​ប្រកាន់​ខ្ញុំ​បាទ​នៅ​មុខ​ឯកឧត្តម ប្រសិន‌បើ​គេ​មាន​រឿង​ហេតុណា​មួយ​ទាស់​នឹង​ខ្ញុំ​បាទ។ ម្យ៉ាង​ទៀត សូមឲ្យ​អស់លោក​ទាំង​នេះ​និយាយ​ដោយ​ផ្ទាល់ អំពីបទ​ល្មើស​ណាមួយដែល​អស់​លោក​បាន​ឃើញ ក្នុង​កាល​ដែល​ខ្ញុំ​បាទ​ឈរ​នៅ​មុខ​ក្រុម‌ប្រឹក្សានេះ​ចុះ លើក​លែង​តែ​ការ​មួយ​ដែល​ខ្ញុំ​បាទ​ស្រែក​ឡើង​កាល​កំពុង​ឈរ​នៅ​កណ្តាល​ចំណោម​ពួក​គេ​ថា "ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ ពី​រឿង​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ"»។ ប៉ុន្ដែ កាល​លោក​ភេលីច​បាន​ដឹង​ច្បាស់​អំពី​ផ្លូវ​នោះ លោក​ក៏ឲ្យ​គេ​ត្រឡប់​ទៅ​វិញ ដោយ​ពោល​ថា៖ «ពេល​លោក​លូស៊ា ជា​មេទ័ព​ធំ​បាន​ចុះ​មក ខ្ញុំ​នឹង​សម្រេច​រឿង​ក្ដីរបស់​អស់​លោក»។ បន្ទាប់​មក លោក​បញ្ជា​ឲ្យ​មេទ័ព​យក​លោក​ប៉ុល​ទៅ​ឃុំ ប៉ុន្ដែ ឲ្យ​មាន​សេរីភាព​ខ្លះ ហើយ​មិន​ត្រូវ​ហាម​ឃាត់​មិត្ត​សម្លាញ់​ណា​ម្នាក់​ដែល​មក​ជួយ​ទំនុក​បម្រុង​លោក​ឡើយ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ភេលីច​បាន​មក​ជា‌មួយលោក​ស្រី​ទ្រូ‌ស៊ីល ជា​ភរិយា ដែល​ជា​សាសន៍​យូដា លោក​ឲ្យ​គេ​ទៅ​ហៅ​លោក​ប៉ុល​មក ហើយ​ស្តាប់​លោក​មាន​ប្រសាសន៍​អំពី​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ។ កាល​លោក​បានវែក​ញែក​អំពី​សេចក្តី​សុចរិត ការ​គ្រប់​គ្រង​ចិត្ត និង​ការ​ជំនុំ‌ជម្រះ​ដែល​នឹង​មក​ដល់ នោះ​លោក​ភេលីច​ក៏​ភ័យ ហើយ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ចេញ​ទៅ​វិញ​សិន​ចុះ ពេល​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត»។ នៅ​ពេល​ជា​មួយ​គ្នា​នោះ លោក​ភេលិច​សង្ឃឹម​ថានឹង​បាន​ទទួល​ប្រាក់​ពី​លោក​ប៉ុល ហេតុ​នេះ​ហើយ​បាន​ជា​លោក​ឲ្យ​គេ​ទៅ​ហៅ​លោក​ប៉ុល មក​សន្ទនា​ជាមួយ​ជា​ញឹក​ញាប់។ លុះ​ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ លោក​ព័រគាស‌-ភេ‌ស្ទុស បានចូល​មក​កាន់​តំណែង​ជំនួស​លោក​ភេលីច ហើយ​ដោយ​ព្រោះ​លោក​ភេលីចចង់​យកចិត្ត​សាសន៍​យូដា លោក​ភេលីច​ក៏​ទុក​ឲ្យ​លោក​ប៉ុល​នៅ​ជាប់​គុក​ដដែល។

ចែក​រំលែក
អាន កិច្ចការ 24

កិច្ចការ 24:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រាំ​ថ្ងៃ​ក្រោយ​មក លោក​មហា​បូជា‌ចារ្យ​អាណា‌ណាស និង​ពួក​ព្រឹទ្ធា‌ចារ្យ*​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​មក​ដល់ មាន​ទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូ‌លុស មក​ជា​មួយ​ផង។ ពួក​គេ​បាន​ប្ដឹង​ទៅ​លោក​ទេសា‌ភិបាល​ចោទ​ប្រកាន់​លោក​ប៉ូល។ គេ​ហៅ​លោក​ប៉ូល​មក ហើយ​លោក​ទើទូ‌លុស​ចោទ​ប្រកាន់​លោក ដូច​ត​ទៅ​នេះ៖ «សូម​គោរព​ឯក‌ឧត្ដម​ភេលិច សូម​ទាន​ជ្រាប ដោយ‌សារ​តែ​ឯក‌ឧត្ដម និង​ដោយ​ការ​កែ​ទម្រង់​ផ្សេងៗ ដែល​ឯក‌ឧត្ដម​បាន​ធ្វើ​ជា​ប្រយោជន៍​ដល់​ប្រជា‌ជាតិ​នេះ យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​គ្រប់​យ៉ាង ក្រោម​ការ​គ្រប់‌គ្រង​ដ៏​ប៉ិន‌ប្រសប់​របស់​ឯក‌ឧត្ដម។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាល‌ជ្រៅ​ចំពោះ​ឯក‌ឧត្ដម ដែល​បាន​ប្រទាន​អ្វីៗ​នៅ​គ្រប់​ទី​កន្លែង និង​គ្រប់​ពេល​វេលា​មក​យើង​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាទ​មិន​ចង់​រំខាន​ឯក‌ឧត្ដម​វែង​ឆ្ងាយ​ទៀត​ទេ ខ្ញុំ​បាទ​គ្រាន់​តែ​អង្វរ​ឯក‌ឧត្ដម សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​តែ​បន្តិច​ប៉ុណ្ណោះ។ យើង​ខ្ញុំ​យល់​ឃើញ​ថា ជន​នេះ​ជា​មនុស្ស​ចង្រៃ​ឧត្បាត បង្ក​ឲ្យ​កើត​ចលាចល​ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​លើ​ពិភព​លោក​ទាំង​មូល គាត់​ជា​មេ​ដឹក​នាំ​ពួក​ខាង​គណៈ​ណាសា‌រ៉ែត ។ គាត់​ថែម​ទាំង​បាន​បន្តុះ‌បង្អាប់​ព្រះ‌វិហារ*​ទៀត​ផង ហេតុ​នេះ​បាន​ជា​យើង​ខ្ញុំ​ចាប់​គាត់ យើង​ខ្ញុំ​ចង់​កាត់​ទោស​គាត់​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ខ្ញុំ ប៉ុន្តែ លោក​មេ‌បញ្ជា‌ការ​លូស៊ា​បាន​ប្រើ​កម្លាំង ធ្វើ​អន្តរា‌គមន៍​យ៉ាង​ខ្លាំង​ដណ្ដើម​យក​គាត់​ពី​យើង​ខ្ញុំ ហើយ​បាន​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ​មក​ជួប​ឯក‌ឧត្ដម ។ សូម​ឯក‌ឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯក‌ឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។ ជន‌ជាតិ​យូដា​បាន​គាំទ្រ​ពាក្យ​ចោទ​ប្រកាន់​នេះ និង​បញ្ជាក់​ថា​ពិត​ជា​ត្រឹម​ត្រូវ​មែន។ ពេល​នោះ លោក​ទេសា‌ភិបាល​បាន​ធ្វើ​សញ្ញា​ឲ្យ​លោក​ប៉ូល​មាន​ប្រសាសន៍ លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​ដឹង​ថា ឯក‌ឧត្ដម​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ ខ្ញុំ​បាទ​សូម​ឆ្លើយ​ការពារ​ខ្លួន ទាំង​ទុក​ចិត្ត។ ខ្ញុំ​បាទ​បាន​ធ្វើ​ដំណើរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម កាល​ដប់‌ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ សូម​ឯក‌ឧត្ដម​ស៊ើប‌សួរ​មើល​ចុះ ទោះ​បី​នៅ​ក្នុង​ព្រះ‌វិហារ​ក្ដី នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​ក្នុង​ទីក្រុង​ក្ដី គ្មាន​នរណា​ម្នាក់​បាន​ឃើញ​ខ្ញុំ​បាទ​ជជែក​វែក‌ញែក​ជា​មួយ​គេ ឬ​ក៏​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​ចំណោម​បណ្ដា‌ជន​ឡើយ។ អស់​លោក​ទាំង​នេះ​គ្មាន​ភស្ដុតាង​អ្វី មក​បញ្ជាក់​ពាក្យ​ចោទ​ប្រកាន់​របស់​ខ្លួន ជូន​ឯក‌ឧត្ដម​ទាល់​តែ​សោះ។ ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯក‌ឧត្ដម​ថា ខ្ញុំ​បាទ​គោរព​ប្រណិ‌ប័តន៍​ព្រះ​នៃ​បុព្វបុរស*​ខ្ញុំ​បាទ​តាម​មាគ៌ា​មួយ ដែល​លោក​ទាំង​នេះ​ចោទ​ថា​ជា​គណៈ​ខុស​ឆ្គង។ ខ្ញុំ​បាទ​ជឿ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី* ហើយ​ខ្ញុំ​បាទ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ដូច​លោក​ទាំង​នេះ​ដែរ ថា​ព្រះអង្គ​នឹង​ប្រោស​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ឲ្យ​រស់​ឡើង​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ចិត្ត​ស្អាត​បរិសុទ្ធ*​គ្រប់​ចំពូក ចំពោះ​ព្រះ‌ជាម្ចាស់ និង​ចំពោះ​មនុស្ស​លោក។ ខ្ញុំ​បាទ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​បាទ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ​ទៅ​ព្រះ‌ជាម្ចាស់​ផង។ នៅ​ពេល​នោះ ពួក​គេ​ឃើញ​ខ្ញុំ​បាទ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​នៅ​ក្នុង​ព្រះ‌វិហារ តែ​ឥត​មាន​ការ​ប្រជុំ​បណ្ដា‌ជន ឬ​កើត​វឹក‌វរ​អ្វី​ឡើយ។ ប៉ុន្តែ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី នៅ​ក្នុង​ព្រះ‌វិហារ​ពេល​នោះ​ដែរ គឺ​អ្នក​ទាំង​នោះ​ទេ​តើ​ដែល​សម​នឹង​មក​ជួប​ឯក‌ឧត្ដម ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​បាទ ប្រសិន​បើ​គេ​មាន​រឿង​ហេតុ​ណា​មួយ​ទាស់​នឹង​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ឈរ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ស្រាប់​ហើយ បើ​អស់​លោក​ដែល​នៅ​ទី​នេះ​បាន​ឃើញ​ខ្ញុំ​បាទ​មាន​ទោស​អ្វី សូម​ថា​មក​ចុះ លើក‌លែង​តែ​ពាក្យ​ដែល​ខ្ញុំ​បាទ​បាន​និយាយ​យ៉ាង​ខ្លាំងៗ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ថា “បងប្អូន​យក​ខ្ញុំ​មក​កាត់​ទោស​នៅ​ថ្ងៃ​នេះ ព្រោះ​តែ​ខ្ញុំ​ជឿ​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ”»។ លោក​ភេលិច​ក៏​បាន​ជ្រាប​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះ‌អម្ចាស់​ដែរ។ លោក​ប្រាប់​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​វិញ ដោយ​ពោល​ថា៖ «ពេល​លោក​មេ‌បញ្ជា‌ការ​លូស៊ា​មក​ដល់ ខ្ញុំ​នឹង​វិនិច្ឆ័យ​សំណុំ​រឿង​របស់​អស់​លោក»។ លោក​បញ្ជា​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ តែ​លោក​ទុក​ឲ្យ​លោក​ប៉ូល មាន​សេរី‌ភាព​ខ្លះៗ​ដែរ ព្រម​ទាំង​បើក​ឲ្យ​អ្នក​ជិត‌ដិត​នឹង​លោក​ប៉ូល ចូល​ទៅ​ជួយ​ទំនុក​បម្រុង​លោក​ថែម​ទៀត​ផង។ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ភេលិច​បាន​មក​ជា​មួយ​ភរិយា​របស់​លោក គឺ​ម្ចាស់‌ក្សត្រិយ៍​ទ្រូស៊ីល​ជា​ជន‌ជាតិ​យូដា លោក​ឲ្យ​គេ​ទៅ​ហៅ​លោក​ប៉ូល​មក ហើយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​អំពី​ជំនឿ​លើ​ព្រះគ្រិស្ត‌យេស៊ូ។ ប៉ុន្តែ កាល​លោក​ប៉ូល​វែក‌ញែក​អំពី​សេចក្ដី​សុចរិត* អំពី​ការ​ទប់​ចិត្ត​នឹង​តណ្ហា និង​អំពី​ការ​វិនិច្ឆ័យ​ទោស​នៅ​អនាគត​កាល លោក​ភេលិច​ក៏​ភ័យ ហើយ​ពោល​ទៅ​លោក​ប៉ូល​ថា៖ «ឥឡូវ​នេះ ចូរ​អ្នក​ត្រឡប់​ទៅ​វិញ​សិន​ចុះ កាល​ណា​ខ្ញុំ​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត!»។ លោក​ភេលិច​សង្ឃឹម​ថា​នឹង​បាន​ទទួល​ប្រាក់​ពី​លោក​ប៉ូល ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ប៉ូល មក​សន្ទនា​ជា​មួយ​ជា​រឿយៗ។ ពីរ​ឆ្នាំ​ក្រោយ​មក លោក​ពរគាស-‌ភេស្ទុស ចូល​កាន់​តំណែង​ជំនួស​លោក​ភេលិច។ ដោយ​លោក​ភេលិច​ចង់​យក​ចិត្ត​សាសន៍​យូដា លោក​បាន​ទុក​លោក​ប៉ូល​ឲ្យ​នៅ​ជាប់​ឃុំ‌ឃាំង​ដដែល។

ចែក​រំលែក
អាន កិច្ចការ 24

កិច្ចការ 24:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​៥​ថ្ងៃ​មក អាន៉្នានាស ជា​សំដេច​សង្ឃ​ក៏​ចុះ​ទៅ ជា​មួយ​នឹង​ពួក​ចាស់‌ទុំ នាំ​ទាំង​មនុស្ស​ម្នាក់​មាន​វោហារ ឈ្មោះ​ទើទូ‌លុស​ទៅ​ផង ដើម្បី​ឲ្យ​ចូល​ទៅ​ប្តឹង​លោក​ចៅហ្វាយ​ពី​រឿង​ប៉ុល កាល​លោក​បាន​ហៅ​ប៉ុល​មក នោះ​ទើទូ‌លុស​ចាប់​ចោទ​ប្រកាន់​គាត់​ថា ឱ​ព្រះ‌តេជ‌ព្រះ‌គុណ​ភេលីច​អើយ សាសន៍​យើង​ខ្ញុំ​បាន​សេចក្ដី​សុខ​ប្រពៃ ដោយ‌សារ​លោក​ម្ចាស់ ក៏​មាន​ចំរើន​ការ​ផ្លាស់​ប្រែ​យ៉ាង​ប្រសើរ ដែល​មាន​ប្រយោជន៍​ដល់​សាសន៍​យើង​ខ្ញុំ​នេះ ដោយ‌សារ​គំនិត​លោក​ម្ចាស់ ហើយ​ទោះ​បើ​នៅ​វេលា​ណា ឬ​កន្លែង​ណា​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​ទទួល​ការ​ទាំង​នោះ​ដោយ​អំណរ ទាំង​អរ‌គុណ​ដល់​លោក​ម្ចាស់​គ្រប់​ជំពូក​ដែរ តែ​ដើម្បី​កុំ​ឲ្យ​បង្ខាត​ពេល​លោក​ម្ចាស់​ទៀត នោះ​សូម​មេត្តា​ស្តាប់​យើង​ខ្ញុំ​បន្តិច ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា អ្នក​នេះ​ជា​មនុស្ស​ចង្រៃ ជា​មេ​នៃ​ពួក​ណា‌សារ៉ែត ដែល​ញុះ‌ញង់​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់ នៅ​លោកីយ​នេះ​បះ‌បោរ​ឡើង ក៏​ចង់​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​ផង នោះ​យើង​ខ្ញុំ​បាន​ចាប់​វា​មក ប្រាថ្នា​ចង់​ជំនុំ‌ជំរះ​តាម​ក្រិត្យ‌វិន័យ​របស់​យើង​ខ្ញុំ ប៉ុន្តែ លោក​លូស៊ា ជា​មេ​ទ័ព​ធំ បាន​មក​កន្ត្រាក់​យក​វា​ពី​ដៃ​យើង​ខ្ញុំ​ទៅ ដោយ​អំណាច​យ៉ាង​សំបើម ទាំង​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​មក​ឯ​លោក​ម្ចាស់ បើ​កាល​ណា​លោក​ម្ចាស់​បាន​ពិចារណា​វា នោះ​នឹង​បាន​ជ្រាប​ពី​គ្រប់​ទាំង​ការ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​ដល់​វា​ហើយ ឯ​ពួក​សាសន៍​យូដា ក៏​យល់​ព្រម​ដែរ ដោយ​បញ្ជាក់​ថា រឿង​ទាំង​នោះ​ប្រាកដ​មែន។ កាល​លោក​ចៅហ្វាយ បាន​ធ្វើ​គ្រឿង​សំគាល់ ឲ្យ​ប៉ុល​និយាយ នោះ​គាត់​ឆ្លើយ​ឡើង​ថា ខ្ញុំ​ប្របាទ​នឹង​ដោះ‌សា​រឿង​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ព្រះ‌តេជ‌ព្រះ‌គុណ​បាន​ធ្វើ​ជា​ចៅ‌ក្រម​លើ​សាសន៍​នេះ​ជា​យូរ​ឆ្នាំ​ហើយ ក៏​អាច​នឹង​ជ្រាប​ថា តាំង​ពី​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ថ្វាយ‌បង្គំ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​មិន​លើស​ពី​១២​ថ្ងៃ​ទេ គេ​ក៏​មិន​បាន​ឃើញ​ខ្ញុំ​ប្របាទ កំពុង​ដែល​ជជែក​នឹង​អ្នក​ណា នៅ​ក្នុង​ព្រះ‌វិហារ ឬ​ប្រមូល​ញុះ‌ញង់​បណ្តា​មនុស្ស​ដែរ ទោះ​បើ​ក្នុង​សាលា​ប្រជុំ​គេ ឬ​កន្លែង​ណា​នៅ​ក្នុង​ទី​ក្រុង​ក្តី គេ​ពុំ​អាច​នឹង​រក​ភស្តុ‌តាង ពី​ការ​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​ឥឡូវ​នេះ​បាន​ទេ ប៉ុន្តែ សូម​ជំរាប​លោក​ម្ចាស់​តាម​ត្រង់​ថា ខ្ញុំ​ប្របាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ តាម​របៀប​ដែល​គេ​ហៅ​ថា ក្បត់​សាសនា ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​អស់​ទាំង​សេចក្ដី ដែល​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ នឹង​ក្នុង​គម្ពីរ​ពួក​ហោរា ហើយ​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​សង្ឃឹម​ដល់​ព្រះ ដែល​គេ​ក៏​យល់​ព្រម​ដែរ គឺ​ថា ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្របាទ​ខំ​ប្រឹង​ឲ្យ​មាន​បញ្ញា​ចិត្ត​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ នឹង​នៅ​ចំពោះ​មនុស្ស​លោក​ជានិច្ច​ដែរ លុះ​ក្រោយ​ដែល​ខ្ញុំ​ប្របាទ​បាន​ចោល​ស្រុក​ទៅ​ជា​យូរ​ឆ្នាំ នោះ​ក៏​ត្រឡប់​មក​ធ្វើ​ទាន​វិញ ព្រម​ទាំង​យក​ជំនូន​មក ជូន​ដល់​សាសន៍​របស់​ខ្ញុំ​ប្របាទ ហើយ​កំពុង​ដែល​ខ្ញុំ​ប្របាទ​រវល់​នឹង​ការ​នោះ គេ​ក៏​ឃើញ​ខ្ញុំ​ប្របាទ​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ព្រះ‌វិហារ មិន​មែន​មាន​មនុស្ស​ទាំង​ហ្វូង ឬ​ដោយ​វឹកវរ​ទេ ប៉ុន្តែ មាន​ពួក​សាសន៍​យូដា​ខ្លះ​ពី​ស្រុក​អាស៊ី​បាន​ឃើញ​ខ្ញុំ​ប្របាទ ដែល​គួរ​ឲ្យ​គេ​មក​ចោទ​ប្រកាន់​ខ្ញុំ​ប្របាទ​នៅ​មុខ​លោក​ម្ចាស់​វិញ បើ​សិន​ជា​គេ​មាន​រឿង​អ្វី​ទាស់​នឹង​ខ្ញុំ​ប្របាទ ឬ​ឲ្យ​អ្នក​ទាំង​នេះ​ធ្វើ​បន្ទាល់​ចុះ បើ​គេ​ឃើញ​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​ទុច្ចរិត​ណា ក្នុង​កាល​ដែល​ឈរ​នៅ​មុខ​ក្រុម‌ជំនុំ​នោះ លើក​តែ​ពាក្យ​១​ម៉ាត់​នេះ​ចេញ ដែល​ខ្ញុំ​ប្របាទ​ស្រែក​ឡើង នៅ​ពេល​កំពុង​ឈរ​ជា​កណ្តាល​ពួក​គេ​ថា ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​អ្នក​រាល់​គ្នា​ជំនុំ‌ជំរះ ពី​ដំណើរ​រស់​ពី​ស្លាប់​ឡើង​វិញ ប៉ុណ្ណោះ។ ឯ​លោក​ភេលីច ដែល​ដឹង​ជ្រៅ​ជ្រះ​ខាង​សាសនា​គេ​ដែរ កាល​បាន​ស្តាប់​សេចក្ដី​ចោទ​ឆ្លើយ​រួច​ហើយ នោះ​លោក​ក៏​ផ្អាក​រឿង​នោះ​សិន ដោយ​ថា កាល​ណា​លោក​លូស៊ា ជា​មេ​ទ័ព​ធំ​បាន​ចុះ​មក នោះ​ចាំ​ខ្ញុំ​ពិចារណា​រឿង​អ្នក​រាល់​គ្នា​ទៀត រួច​លោក​បង្គាប់​មេ​ទ័ព​រង​ឲ្យ​រក្សា​ប៉ុល​ដោយ​ស្រួល‌បួល ឥត​ឃាត់​ហាម​ពួក​គាត់​ណា​មួយ មិន​ឲ្យ​មក​បំរើ​គាត់​នោះ​ឡើយ លុះ​បួន​ដប់​ថ្ងៃ​ក្រោយ​មក លោក​ភេលីច​មក​ដល់ ជា​មួយ​នឹង​ទ្រូស៊ីល ជា​ភរិយា ដែល​ជា​សាសន៍​យូដា រួច​លោក​ចាត់​គេ​ទៅ​នាំ​ប៉ុល​មក ក៏​ស្តាប់​គាត់​អធិប្បាយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ កំពុង​ដែល​គាត់​សំដែង​ពន្យល់​ពី​សេចក្ដី​សុចរិត សេចក្ដី​ដឹង​ខ្នាត នឹង​សេចក្ដី​ជំនុំ‌ជំរះ​ដែល​ត្រូវ​មក នោះ​លោក​ភេលីច​កើត​មាន​ចិត្ត​ភិត‌ភ័យ ក៏​ឆ្លើយ​ថា ឥឡូវ​នេះ ឲ្យ​ទៅ​សិន​ចុះ កាល​ណា​មាន​ឱកាស​ស្រួល នោះ​អញ​នឹង​ហៅ​ឯង​មក​ទៀត លោក​ក៏​សង្ឃឹម​ថា ប៉ុល​នឹង​យក​ប្រាក់​មក​សូក​លោក ឲ្យ​លែង​ចេញ​ដែរ ហេតុ​នោះ​បាន​ជា​លោក​ឲ្យ​គេ​នាំ​គាត់​មក​ពិគ្រោះ​កាន់​តែ​ញឹក‌ញយ​ឡើង ប៉ុន្តែ លុះ​បាន​កន្លង​មក​បាន​២​ឆ្នាំ​ហើយ នោះ​មាន​លោក​ព័រគាស-ភេស្ទុស មក​ឈរ​ជំនួស​លោក​ភេលីច ហើយ​ដោយ​ព្រោះ​លោក​ភេលីច ចង់​បាន​បំណាច់ ចំពោះ​សាសន៍​យូដា​ផង បាន​ជា​លោក​ទុក​ឲ្យ​ប៉ុល​ជាប់​គុក​នៅ។

ចែក​រំលែក
អាន កិច្ចការ 24

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ