កិច្ចការ 20:7-12

កិច្ចការ 20:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ យើង​បាន​ជួប‌ជុំ​គ្នា ដើម្បី​ធ្វើ​ពិធី​កាច់​នំប៉័ង។ ដោយ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។ ក្នុង​បន្ទប់​ដែល​យើង​ប្រជុំ​គ្នា​នៅ​ជាន់​ខាង​លើ មាន​ចង្កៀង​ជា​ច្រើន។ ពេល​លោក​ប៉ូល​កំពុង​តែ​មាន​ប្រសាសន៍​យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អ៊ើទី‌កុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់‌លក់ ក៏​ដាច់‌ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​នោះ​មក។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​ផុត​ទៅ​ហើយ។ លោក​ប៉ូល​ចុះ​ទៅ​ក្រោម ឱន​ពី​លើ​អ៊ើទី‌កុស ត្រកង​គាត់​លើក​ឡើង ទាំង​ពោល​ថា៖ «សូម​បងប្អូន​កុំ​បារម្ភ​ឲ្យ​សោះ គាត់​នៅ​រស់​ទេ!»។ កាល​លោក​ឡើង​ទៅ​លើ​វិញ លោក​ក៏​ធ្វើ​ពិធី​កាច់​នំប៉័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។ គេ​បាន​នាំ​យុវជន​ដែល​នៅ​មាន​ជីវិត​នោះ​ទៅ​វិញ ហើយ​ពួក​គេ​ធូរ​ស្រាល​ក្នុង​ចិត្ត​ឥត​ឧបមា។

ចែក​រំលែក
អាន កិច្ចការ 20

កិច្ចការ 20:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ ពេល​យើង​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង លោក​ប៉ុល​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ ដោយ​បម្រុង​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ស្អែក ហើយ​លោក​អធិប្បាយ​រហូត​ដល់​ពាក់​កណ្តាល​អធ្រាត្រ។ នៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ជួប​ជុំ​គ្នា មាន​ចង្កៀង​ជា​ច្រើន។ ពេល​នោះ មាន​យុវជន​ម្នាក់​ឈ្មោះ​អើទី‌កុស អង្គុយ​នៅ​មាត់​បង្អួច ហើយ​ពេល​លោក​ប៉ុល​អធិប្បាយ​យ៉ាង​យូរ គាត់​ក៏​បាន​លង់​លក់ រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​បី។ ពេល​គេ​លើកគាត់​ឡើង គាត់​បាន​ស្លាប់ផុត​ទៅ​ហើយ។ ប៉ុន្ដែ លោក​ប៉ុល​ចុះ​ទៅ​ក្រោម ហើយ​ឱន​ពី​លើ​គាត់ លើក​ត្រកងគាត់​ឡើង រួច​និយាយ​ថា៖ «កុំ​យំ​ស្រែក​អី ដ្បិត​គាត់​នៅ​មាន​ជីវិត​ទេ!»។ កាល​លោក​ប៉ុល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិ‌ភោគ​រួច​ហើយ លោក​បន្ត​មាន​ប្រសាសន៍​ជាមួយ​ពួកគេ​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​ចេញ​ដំណើរ​ទៅ។ គេ​ក៏​នាំ​យុវជន​នោះ​ទៅ​វិញ​ទាំង​នៅ​មាន​ជីវិត ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។

ចែក​រំលែក
អាន កិច្ចការ 20

កិច្ចការ 20:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ កាល​ពួក​សិស្ស​បាន​ប្រជុំ​គ្នា ដើម្បី​កាច់​នំបុ័ង នោះ​ប៉ុល​ក៏​អធិប្បាយ​ឲ្យ​គេ​ស្តាប់ ដោយ​ព្រោះ​គាត់​រៀប​នឹង​ចេញ​ដំណើរ​ទៅ នៅ​ថ្ងៃ​ស្អែក ក៏​សំដែង​ដរាប​ដល់​ពេល​កណ្តាល​អធ្រាត្រ រីឯ​នៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ប្រជុំ នោះ​មាន​ចង្កៀង​ជា​ច្រើន គ្រា​នោះ មាន​ក្មេង​ជំទង់​ម្នាក់ ឈ្មោះ​អើទី‌កុស វា​អង្គុយ​នៅ​បង្អួច ក៏​យន់​ជា​ខ្លាំង​ពេក ក្នុង​ពេល​ដែល​ប៉ុល​អធិប្បាយ​ជា​យូរ​ទៅ​ទៀត រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​៣​ទៅ​ខាង​ក្រោម នោះ​គេ​លើក​វា​ឡើង​បាន​ស្លាប់​ហើយ តែ​ប៉ុល​ចុះ​ទៅ​ទ្រោប​ពី​លើ​វា​ឱប​ត្រកង រួច​និយាយ​ថា កុំ​យំ​ស្រែក​អ្វី​ឡើយ ដ្បិត​វា​មាន​ជីវិត​ទេ កាល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​កាច់​នំបុ័ង​បរិភោគ​ទៅ នោះ​ក៏​និយាយ​គ្នា​ជា​យូរ​ទៅ​ទៀត ដរាប​ដល់​ភ្លឺ ទើប​គាត់​ចេញ​ដំណើរ​ទៅ គេ​ក៏​នាំ​ក្មេង​ជំទង់​នោះ​មក​វិញ​ទាំង​រស់ ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។

ចែក​រំលែក
អាន កិច្ចការ 20