កិច្ចការ 20:32-35
កិច្ចការ 20:32-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ខ្ញុំសូមផ្ញើអ្នករាល់គ្នាទុកនឹងព្រះ និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដែលអាចនឹងស្អាងចិត្ត ហើយឲ្យអ្នករាល់គ្នាមានមត៌កក្នុងចំណោមអស់អ្នកដែលបានញែកជាបរិសុទ្ធ។ ខ្ញុំមិនដែលលោភចង់បានប្រាក់ មាស ឬសម្លៀកបំពាក់របស់អ្នកណាឡើយ។ អ្នករាល់គ្នាផ្ទាល់ដឹងស្រាប់ហើយថា ខ្ញុំបានធ្វើការដោយដៃរបស់ខ្ញុំផ្ទាល់ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។ ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំតែងតែបង្ហាញអ្នករាល់គ្នាថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយអ្នកទន់ខ្សោយ ហើយត្រូវនឹកចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា៖ "ដែលឲ្យ នោះបានពរជាងទទួល"»។
កិច្ចការ 20:32-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលស្ដីអំពីព្រះគុណរបស់ព្រះអង្គ។ មានតែព្រះអង្គទេដែលអាចកសាងបងប្អូនឡើងជាក្រុមជំនុំ* ព្រមទាំងឲ្យបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ។ ខ្ញុំមិនដែលចង់បានមាស ប្រាក់ ឬសម្លៀកបំពាក់អ្វីពីនរណាឡើយ។ បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។ ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំតែងតែប្រាប់ឲ្យបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយទំនុកបម្រុងអស់អ្នកដែលក្រខ្សត់ ហើយត្រូវចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូថា: “បើឲ្យ នោះនឹងបានសុភមង្គលច្រើនជាងទទួល”»។
កិច្ចការ 20:32-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះ ហើយនឹងព្រះបន្ទូលនៃព្រះគុណទ្រង់ ដែលអាចនឹងស្អាងចិត្ត ហើយនឹងឲ្យអ្នករាល់គ្នាមានកេរ្ដិ៍អាករនៅក្នុងពួកនៃអស់អ្នកដែលបានញែកជាបរិសុទ្ធ ខ្ញុំមិនដែលលោភចង់បានប្រាក់ មាស ឬសំលៀកបំពាក់របស់អ្នកណាឡើយ អ្នករាល់គ្នាដឹងហើយថា ដៃខ្ញុំនេះបានផ្គត់ផ្គង់គ្រប់របស់ ដែលខ្ញុំត្រូវការ ព្រមទាំងពួកអ្នកដែលនៅជាមួយផង ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនឹងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានបន្ទូលថា ដែលឲ្យ នោះបានពរជាជាងទទួល