កិច្ចការ 20:1-38

កិច្ចការ 20:1-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ចលាចល​នេះ​បាន​ស្ងប់​ទៅ​វិញ​ហើយ លោក​ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ត រួច​ជម្រាប​លា​គេ ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន។ លោក​ធ្វើ​ដំណើរ​កាត់​ស្រុក​នោះ ទាំង​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​អ្នក​ជឿ​យ៉ាង​ច្រើន​ផង។ បន្ទាប់​មក លោក​ក៏​បាន​ទៅ​ដល់​ស្រុក​ក្រិក ហើយ​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ។ ពេល​លោក​ហៀប​នឹង​ចុះ​សំពៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​លោក។ លោក​ជ្រាប​ដូច្នេះ ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ាសេ‌ដូន។ អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរី‌ស្ដាក និង​លោក​សេគុន‌ដុស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយុស ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។ បងប្អូន​ទាំង​នេះ​បាន​ចេញ​ដំណើរ​ទៅ​មុន ហើយ​រង់‌ចាំ​យើង​នៅ​ក្រុង​ត្រូអាស ចំណែក​ឯ​យើង​វិញ ក្រោយ​ថ្ងៃ​បុណ្យ​នំប៉័ង​ឥត​មេ* យើង​ចេញ​ពី​ក្រុង​ភីលីព​ទៅ​ចុះ​សំពៅ។ ប្រាំ​ថ្ងៃ​ក្រោយ​មក យើង​ក៏​បាន​មក​ដល់​ក្រុង​ត្រូអាស ជួប‌ជុំ​នឹង​ពួក​គេ រួច​ស្នាក់​នៅ​ទី​នោះ​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ យើង​បាន​ជួប‌ជុំ​គ្នា ដើម្បី​ធ្វើ​ពិធី​កាច់​នំប៉័ង។ ដោយ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។ ក្នុង​បន្ទប់​ដែល​យើង​ប្រជុំ​គ្នា​នៅ​ជាន់​ខាង​លើ មាន​ចង្កៀង​ជា​ច្រើន។ ពេល​លោក​ប៉ូល​កំពុង​តែ​មាន​ប្រសាសន៍​យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អ៊ើទី‌កុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់‌លក់ ក៏​ដាច់‌ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​នោះ​មក។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​ផុត​ទៅ​ហើយ។ លោក​ប៉ូល​ចុះ​ទៅ​ក្រោម ឱន​ពី​លើ​អ៊ើទី‌កុស ត្រកង​គាត់​លើក​ឡើង ទាំង​ពោល​ថា៖ «សូម​បងប្អូន​កុំ​បារម្ភ​ឲ្យ​សោះ គាត់​នៅ​រស់​ទេ!»។ កាល​លោក​ឡើង​ទៅ​លើ​វិញ លោក​ក៏​ធ្វើ​ពិធី​កាច់​នំប៉័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។ គេ​បាន​នាំ​យុវជន​ដែល​នៅ​មាន​ជីវិត​នោះ​ទៅ​វិញ ហើយ​ពួក​គេ​ធូរ​ស្រាល​ក្នុង​ចិត្ត​ឥត​ឧបមា។ រីឯ​យើង​វិញ យើង​បាន​ចុះ​សំពៅ​ទៅ​មុន ធ្វើ​ដំណើរ​ដល់​ក្រុង​អាសុស ដើម្បី​ចាំ​លោក​ប៉ូល​នៅ​ទី​នោះ ដូច​លោក​បាន​គ្រោង​ទុក ព្រោះ​លោក​ចង់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង។ កាល​លោក​បាន​មក​ជួប‌ជុំ​ជា​មួយ​ពួក​យើង​នៅ​ក្រុង​អាសុស​ហើយ យើង​ក៏​ទទួល​លោក​មក​ក្នុង​សំពៅ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​មីទូ‌ឡែន។ យើង​បាន​ចេញ​ពី​ទី​នោះ បន្ត​ដំណើរ​តាម​សមុទ្រ ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស​នៅ​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត យើង​ទៅ​ដល់​កោះ​សាម៉ូស ហើយ​នៅ​ថ្ងៃ​ទី​បី យើង​ក៏​បាន​ទៅ​ដល់​ក្រុង​មីលេត។ លោក​ប៉ូល​សម្រេច​ចិត្ត​មិន​ចូល​ក្រុង​អេភេសូ​ទេ ដើម្បី​កុំ​ឲ្យ​យឺត​ដំណើរ​នៅ​ស្រុក​អាស៊ី ដ្បិត​លោក​ប្រញាប់​ចង់​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទាន់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។ លោក​ប៉ូល​បាន​ចាត់​គេ​ពី​ក្រុង​មីលេត ឲ្យ​ទៅ​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ*​នៃ​ក្រុម‌ជំនុំ*​នៅ​ក្រុង​អេភេសូ​មក។ លុះ​គេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បងប្អូន​ជ្រាប​ស្រាប់​ហើយ អំពី​អាកប្ប‌កិរិយា​ដែល​ខ្ញុំ​មាន​ចំពោះ​បងប្អូន​រាល់​ពេល​វេលា តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​អាស៊ី​ម៉្លេះ គឺ​ខ្ញុំ​បាន​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​សុភាព‌រាបសា ទាំង​ទឹក​ភ្នែក ទាំង​លំបាក ដោយ​ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។ ខ្ញុំ​បាន​ជម្រាប និង​បង្រៀន​បងប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​សារ‌ប្រយោជន៍​ដល់​បងប្អូន ឥត​មាន​លាក់‌លៀម​ត្រង់​ណា​សោះ​ឡើយ ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌ជាម្ចាស់ និង​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​យើង​ផង។ ឥឡូវ​នេះ ព្រះ‌វិញ្ញាណ​បាន​ទាក់‌ទាញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​ហេតុ‌ការណ៍​អ្វី​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​នោះ​ឡើយ គឺ​ខ្ញុំ​គ្រាន់​តែ​ដឹង​តាម​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។ ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខងារ និង​សម្រេច​កិច្ចការ​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខីភាព​អំពី​ដំណឹង‌ល្អ*​នៃ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។ ខ្ញុំ​ធ្លាប់​រស់​នៅ​ក្នុង​ចំណោម​បងប្អូន​ទាំង​អស់​គ្នា ទាំង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​បងប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខីភាព​ឲ្យ​បងប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ ដ្បិត​ខ្ញុំ​បាន​ជម្រាប​បងប្អូន​អំពី​គម្រោង‌ការ​ទាំង​មូល​របស់​ព្រះ‌ជាម្ចាស់​រួច​ហើយ ឥត​មាន​លាក់‌លៀម​ត្រង់​ណា​សោះ ដូច្នេះ សូម​បងប្អូន​ថែ‌រក្សា​ខ្លួន​ឯង និង​ថែ‌រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​បងប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បងប្អូន​ថែ‌រក្សា​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះអង្គ​បាន​លោះ​មក ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ​ផ្ទាល់។ ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ត​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បងប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា​ប្រណី​ឡើយ ថែម​ទាំង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន​នាំ​គ្នា​ពោល​ពាក្យ​បញ្ឆោត ដើម្បី​ទាក់‌ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​គេ​ទៀត​ផង។ ហេតុ​នេះ សូម​បងប្អូន​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដោយ​នឹក​ចាំ​ថា ខ្ញុំ​បាន​ដាស់‌តឿន​បងប្អូន​គ្រប់ៗ​រូប​ទាំង​ទឹក​ភ្នែក ក្នុង​រវាង​បី​ឆ្នាំ ទាំង​យប់ ទាំង​ថ្ងៃ ឥត​មាន​ឈប់​ឡើយ។ ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បងប្អូន​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ផ្ញើ​នឹង​ព្រះ‌បន្ទូល​ស្ដី​អំពី​ព្រះ‌គុណ​របស់​ព្រះអង្គ។ មាន​តែ​ព្រះអង្គ​ទេ​ដែល​អាច​កសាង​បងប្អូន​ឡើង​ជា​ក្រុម‌ជំនុំ* ព្រម​ទាំង​ឲ្យ​បងប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ។ ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀក‌បំពាក់​អ្វី​ពី​នរណា​ឡើយ។ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ដៃ ដើម្បី​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ។ ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ខ្ញុំ​តែងតែ​ប្រាប់​ឲ្យ​បងប្អូន​ដឹង​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ‌ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​ទំនុក​បម្រុង​អស់​អ្នក​ដែល​ក្រ‌ខ្សត់ ហើយ​ត្រូវ​ចង​ចាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេស៊ូ​ថា: “បើ​ឲ្យ នោះ​នឹង​បាន​សុភមង្គល​ច្រើន​ជាង​ទទួល”»។ លោក​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​លុត​ជង្គង់​ចុះ​អធិស្ឋាន​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា។ ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ​នាំ​គ្នា​ទ្រហោ​យំ​ឱប​ក​លោក​ប៉ូល ហើយ​ថើប​លោក​ទៀត​ផង ជា​ពិសេស គេ​ព្រួយ​ចិត្ត​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក គេ​ក៏​ជូន​ដំណើរ​លោក​រហូត​ដល់​សំពៅ។

ចែក​រំលែក
អាន កិច្ចការ 20

កិច្ចការ 20:1-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​ចលាចល​នោះ​បាន​ស្ងប់​ទៅ លោក​ប៉ុល​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ត រួចលោក​ក៏​ជម្រាប​លា​ពួក​គេ ចេញ​ទៅ​ស្រុក​ម៉ា‌សេ‌ដូន។ កាល​លោក​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ទាំង​នោះ ហើយ​បាន​លើក​ទឹក​ចិត្ត​ពួក​សិស្ស​ជា​ច្រើន​មក លោកក៏​បាន​មក​ដល់​ស្រុក​ក្រិក។ លោក​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ តែ​កាល​លោក​រៀប​នឹង​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី ពួក​សាសន៍​យូដា​មាន​គំនិត​អាក្រក់​ទាស់​នឹង​លោក ដូច្នេះ លោក​ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ា‌សេ‌ដូន។ អ្នក​ដែល​រួម​ដំណើរ​ជាមួយ​លោក មាន​លោក​សូប៉ា‌ត្រុស ជា​កូន​លោក​ពីរុស ពី​ក្រុង​បេរា លោក​អើរី‌ស្តាក និងលោក​សេ‌គុន‌ដុស ពី​ក្រុង​ថែស្សា‌ឡូនីច លោក​កៃយុស និងលោក​ធីម៉ូថេ ពី​ក្រុង​ឌើបេ ព្រម​ទាំង​លោក​ទីឃី‌កុស និងលោក​ទ្រភីម ពី​ស្រុក​អាស៊ី។ អ្នក​ទាំង​នោះ​បាន​ចេញ​ដំណើរ​ទៅ​មុន ហើយ​រង់​ចាំ​យើង​នៅ​ក្រុង​ទ្រអាស ប៉ុន្តែ ចំណែក​យើង​វិញ យើង​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ភីលីព ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ ហើយ​រយៈ​ពេល​ប្រាំ​ថ្ងៃ យើង​បាន​មក​ជួប​ពួកគេ​នៅ​ក្រុង​ទ្រអាស រួច​យើង​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ ពេល​យើង​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង លោក​ប៉ុល​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ ដោយ​បម្រុង​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ស្អែក ហើយ​លោក​អធិប្បាយ​រហូត​ដល់​ពាក់​កណ្តាល​អធ្រាត្រ។ នៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ជួប​ជុំ​គ្នា មាន​ចង្កៀង​ជា​ច្រើន។ ពេល​នោះ មាន​យុវជន​ម្នាក់​ឈ្មោះ​អើទី‌កុស អង្គុយ​នៅ​មាត់​បង្អួច ហើយ​ពេល​លោក​ប៉ុល​អធិប្បាយ​យ៉ាង​យូរ គាត់​ក៏​បាន​លង់​លក់ រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​បី។ ពេល​គេ​លើកគាត់​ឡើង គាត់​បាន​ស្លាប់ផុត​ទៅ​ហើយ។ ប៉ុន្ដែ លោក​ប៉ុល​ចុះ​ទៅ​ក្រោម ហើយ​ឱន​ពី​លើ​គាត់ លើក​ត្រកងគាត់​ឡើង រួច​និយាយ​ថា៖ «កុំ​យំ​ស្រែក​អី ដ្បិត​គាត់​នៅ​មាន​ជីវិត​ទេ!»។ កាល​លោក​ប៉ុល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិ‌ភោគ​រួច​ហើយ លោក​បន្ត​មាន​ប្រសាសន៍​ជាមួយ​ពួកគេ​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​ចេញ​ដំណើរ​ទៅ។ គេ​ក៏​នាំ​យុវជន​នោះ​ទៅ​វិញ​ទាំង​នៅ​មាន​ជីវិត ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។ ឯ​យើង​វិញ យើង​បាន​ចុះ​សំពៅ​ទៅ​មុន ទៅ​ដល់​ក្រុង​អាសុស ចាំ​ទទួល​លោក​ប៉ុល​នៅ​ទី​នោះ ដ្បិត​លោក​បាន​ផ្តាំ​ដូច្នោះ ព្រោះ​លោក​ចង់​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក។ ពេល​លោក​បាន​ជួប​យើង​នៅ​ក្រុង​អាសុស​ហើយ យើង​ក៏​ទទួល​លោក​មក​ក្នុង​សំពៅ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​មីទូ‌លេន។ ក្រោយ​ពីបាន​ចុះ​សំពៅ​ចេញ​ពី​ទី​នោះ យើង​បាន​មក​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស​នៅ​ថ្ងៃ​បន្ទាប់។ ថ្ងៃ​បន្ទាប់​មក​ទៀត យើង​មក​ដល់​កោះ​សាម៉ូស ហើយ​មួយ​ថ្ងៃ​បន្ទាប់​មក​ទៀត យើង​មក​ដល់​ក្រុង​មីលេត។ ដ្បិត​លោក​ប៉ុល​បាន​សម្រេច​ចិត្ត​បង្ហួស​ទៅ​ក្រុង​អេភេ‌សូរ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​នៅ​ស្រុក​អាស៊ី ព្រោះ​លោក​ប្រញាប់​ទៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទាន់​ពេល​បុណ្យ​ថ្ងៃ​ទី​ហាសិប ប្រសិន‌បើ​អាច​ធ្វើ​ទៅ​បាន។ លោក​ប៉ុល​បាន​ចាត់​គេពី​ក្រុង​មី‌លេត ឲ្យ​ទៅ​ក្រុង​អេភេ‌សូរ ដើម្បី​ហៅ​ពួក​ចាស់​ទុំ​នៃ​ក្រុម​ជំនុំ​នោះ​មក​ជួប​លោក។ ពេល​ពួកគេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នាជ្រាប​ស្រាប់​ហើយ​ពី​កិរិយា​របស់​ខ្ញុំ គ្រប់​ពេល​វេលា​ដែល​ខ្ញុំ​បាន​រស់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ឈាន​ជើង​ចូល​ដល់​ស្រុក​អាស៊ី​ម៉្លេះ ខ្ញុំ​បាន​បម្រើ​ព្រះ‌អម្ចាស់ ទាំង​បន្ទាប​ខ្លួន ទាំង​ស្រក់​ទឹក​ភ្នែក ទាំង​លំបាក​គ្រប់​បែប​យ៉ាង​ដែល​កើត​ឡើង​ដល់​ខ្ញុំ ដោយ​សារ​បំណង​អាក្រក់​របស់​ពួក​សាសន៍​យូដា ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​ណា​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ឡើយ គឺ​បាន​បង្រៀន​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក អំពី​ការ​ប្រែ​ចិត្ត​ទៅ​រក​ព្រះ និង​អំ‌ពី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជាព្រះ‌អម្ចាស់​នៃ​យើង។ ឥឡូវនេះ មើល៍ ព្រះ‌វិញ្ញាណ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរូ‌សាឡិម ដោយ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ដល់​ខ្ញុំ​នៅ​ទី​នោះ​ទេ គ្រាន់​តែ​ដឹង​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ប្រាប់​ខ្ញុំ​នៅ​គ្រប់​ទី​ក្រុង​ថា មាន​ចំណង និង​ទុក្ខ​វេទនា​នៅ​រង់​ចាំ​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​មិន​រាប់​ជីវិត​ខ្ញុំ​ទុក​ជា​មាន​តម្លៃ​វិសេស​ដល់​ខ្ញុំ​ឡើយ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ អំពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ។ ឥឡូវ​នេះ មើល៍ ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ខ្ញុំ​បាន​ដើរ​ទៅ​មក ទាំង​ប្រកាស​អំពី​ព្រះរាជ្យ​របស់​ព្រះ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​អ្នក​ទាំង​អស់គ្នា​ឡើយ ដ្បិត​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ពី​បំណង​ទាំង​មូល​របស់​ព្រះ​ឡើយ។ ចូរ​អ្នក​រាល់​គ្នា​រក្សា​ខ្លួន ហើយ​រក្សា​ហ្វូង​ចៀម ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​មើល​ខុស​ត្រូវ ដើម្បី​ថែរក្សា​ក្រុម​ជំនុំ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​ទិញ​ដោយ​ព្រះ‌លោហិត​នៃ​ព្រះ​រាជបុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់។ ខ្ញុំ​ដឹង​ថា ក្រោយ​ពី​ខ្ញុំ​ចេញ​ទៅ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​មិន​ប្រណី​ដល់​ហ្វូង​ចៀម​ឡើយ ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នឹង​មាន​អ្នក​និយាយ​បង្ខូច ដើម្បី​ទាក់​ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​ពួកគេ។ ដូច្នេះ ចូរ​ចាំ​យាម ដោយ​នឹក​ចាំ​ថា អស់​រយៈ​ពេល​បី​ឆ្នាំ ខ្ញុំ​តែង​ទូន្មាន​អ្នក​រាល់​គ្នា​ទាំង​ទឹក​ភ្នែក ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។ ឥឡូវនេះ ខ្ញុំ​សូម​ផ្ញើ​អ្នក​រាល់​គ្នា​ទុក​នឹង​ព្រះ និង​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​មត៌ក​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ។ ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​ប្រាក់ មាស ឬ​សម្លៀក​បំពាក់​របស់​អ្នក​ណា​ឡើយ។ អ្នក​រាល់​គ្នា​ផ្ទាល់​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ដើម្បី​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា‌មួយ​ខ្ញុំ។ ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ ខ្ញុំ​តែង​តែ​បង្ហាញ​អ្នក​រាល់​គ្នា​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ​ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​អ្នក​ទន់​ខ្សោយ ហើយ​ត្រូវ​នឹក​ចាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ "ដែល​ឲ្យ នោះ​បាន​ពរ​ជាង​ទទួល"»។ កាល​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ លោក​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា‌មួយ​គេ​ទាំង​អស់​គ្នា។ គេ​គ្រប់​គ្នា​យំ​ជាខ្លាំង ហើយ​នាំ​គ្នា​ឱប​ថើប​លោក ទាំង​មាន​ចិត្ត​ព្រួយ​នឹង​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក គេ​ក៏​ជូន​ដំណើរ​លោក​ទៅ​ដល់​សំពៅ។

ចែក​រំលែក
អាន កិច្ចការ 20

កិច្ចការ 20:1-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ក្រោយ​ដែល​ការ​ចលាចល​នោះ បាន​ស្ងប់​ស្ងាត់​ហើយ នោះ​ប៉ុល​ហៅ​ពួក​សិស្ស​មក រួច​លា​គេ ចេញ​ទៅ​ឯ​ស្រុក​ម៉ាសេដូន​វិញ កាល​គាត់​បាន​ដើរ​កាត់​ដែន​ស្រុក​ទាំង​នោះ ហើយ​អធិប្បាយ​ទូន្មាន​ជា​ច្រើន ដល់​ពួក​សិស្ស នោះ​គាត់​បាន​ដល់​ទៅ​ស្រុក​ក្រេក ក៏​នៅ​ស្រុក​នោះ​អស់​៣​ខែ តែ​កាល​គាត់​រៀប​នឹង​ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី នោះ​ពួក​សាសន៍​យូដា គេ​គិត​ល្បិច​ទាស់​នឹង​គាត់ បាន​ជា​គាត់​សំរេច​នឹង​ទៅ​តាម​ស្រុក​ម៉ាសេដូន​វិញ មាន​សូប៉ា‌ត្រុស ដែល​នៅ​ក្រុង​បេរា អើរី‌ស្តាក នឹង​សេគុន‌ដុស ពី​ពួក​ថែស្សា‌ឡូនីច កៃយុស នឹង​ធីម៉ូថេ ពី​ក្រុង​ឌើបេ ហើយ​ទីឃី‌កុស នឹង​ទ្រភីម ពី​ស្រុក​អាស៊ី គេ​ជូន​ដំណើរ​ទៅ​ត្រឹម​ស្រុក​អាស៊ី អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន ក៏​ចាំ​យើង​រាល់​គ្នា​នៅ​ត្រង់​ក្រុង​ទ្រអាស ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ នោះ​យើង​ក៏​ចុះ​សំពៅ ចេញ​ពី​ក្រុង​ភីលីព​ទៅ​៥​ថ្ងៃ ទើប​បាន​ដល់​ទៅ​គេ​នៅ​ទ្រអាស រួច​យើង​ស្នាក់​នៅ​ទី​នោះ​អស់​៧​ថ្ងៃ លុះ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ កាល​ពួក​សិស្ស​បាន​ប្រជុំ​គ្នា ដើម្បី​កាច់​នំបុ័ង នោះ​ប៉ុល​ក៏​អធិប្បាយ​ឲ្យ​គេ​ស្តាប់ ដោយ​ព្រោះ​គាត់​រៀប​នឹង​ចេញ​ដំណើរ​ទៅ នៅ​ថ្ងៃ​ស្អែក ក៏​សំដែង​ដរាប​ដល់​ពេល​កណ្តាល​អធ្រាត្រ រីឯ​នៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ប្រជុំ នោះ​មាន​ចង្កៀង​ជា​ច្រើន គ្រា​នោះ មាន​ក្មេង​ជំទង់​ម្នាក់ ឈ្មោះ​អើទី‌កុស វា​អង្គុយ​នៅ​បង្អួច ក៏​យន់​ជា​ខ្លាំង​ពេក ក្នុង​ពេល​ដែល​ប៉ុល​អធិប្បាយ​ជា​យូរ​ទៅ​ទៀត រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​៣​ទៅ​ខាង​ក្រោម នោះ​គេ​លើក​វា​ឡើង​បាន​ស្លាប់​ហើយ តែ​ប៉ុល​ចុះ​ទៅ​ទ្រោប​ពី​លើ​វា​ឱប​ត្រកង រួច​និយាយ​ថា កុំ​យំ​ស្រែក​អ្វី​ឡើយ ដ្បិត​វា​មាន​ជីវិត​ទេ កាល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​កាច់​នំបុ័ង​បរិភោគ​ទៅ នោះ​ក៏​និយាយ​គ្នា​ជា​យូរ​ទៅ​ទៀត ដរាប​ដល់​ភ្លឺ ទើប​គាត់​ចេញ​ដំណើរ​ទៅ គេ​ក៏​នាំ​ក្មេង​ជំទង់​នោះ​មក​វិញ​ទាំង​រស់ ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។ ឯ​យើង​រាល់​គ្នា ក៏​ចុះ​សំពៅ​ជា​មុន បើក​ទៅ​ដល់​អាសុស ចាំ​ទទួល​ប៉ុល​នៅ​ទី​នោះ ដ្បិត​គាត់​បាន​ផ្តាំ​ដូច្នោះ ព្រោះ​គាត់​ចង់​ដើរ​វិញ កាល​គាត់​មក​ដល់​យើង​នៅ​ត្រង់​អាសុស នោះ​យើង​ទទួល​គាត់​ចុះ​សំពៅ​ទៅ​ឯ​មីទូលេន ក៏​ចេញ​ពី​ទី​នោះ រួច​ស្អែក​ឡើង​បាន​ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស ហើយ​ដល់​ថ្ងៃ​ក្រោយ​ទៀត យើង​បាន​ដល់​ទៅ​សាម៉ុស រួច​ចូល​ចត​នៅ​ក្រុង​ទ្រគីលាម លុះ​ថ្ងៃ​ក្រោយ​ទៀត ទើប​បាន​ដល់​ទៅ​ក្រុង​មីលេត ដ្បិត​ប៉ុល​បាន​សំរេច​នឹង​ទៅ​បង្ហួស​ក្រុង​អេភេសូរ ដើម្បី​មិន​ឲ្យ​ខាត​ពេល​នៅ​ស្រុក​អាស៊ី ដោយ​គាត់​ប្រញាប់​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទាន់​ពេល​បុណ្យ​ថ្ងៃ​៥០ បើ​សិន​ជា​បាន។ ប៉ុល​ក៏​ចាត់​គេ ពី​មីលេត​ទៅ​ឯ​ក្រុង​អេភេសូរ ដើម្បី​នឹង​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​នោះ​មក លុះ​មក​ដល់​ហើយ គាត់​និយាយ​ទៅ​គេ​ថា ឯ​កិរិយា​របស់​ខ្ញុំ គ្រប់​ពេល​គ្រប់​វេលា ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​ចូល​ទៅ​ស្រុក​អាស៊ី​មុន​ដំបូង គឺ​ដែល​ខ្ញុំ​បាន​បំរើ​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​សុភាព​គ្រប់​ជំពូក ហើយ​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន ទាំង​ត្រូវ​សេចក្ដី​ល្បង ដោយ​កិច្ច‌កល​របស់​ពួក​សាសន៍​យូដា​បែប​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ដល់​ទាំង​ពួក​សាសន៍​យូដា នឹង​ពួក​សាសន៍​ក្រេក​ផង គឺ​ពី​ការ​ប្រែ​ចិត្ត​ទៅ​ឯ​ព្រះ ហើយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា ឥឡូវ​នេះ មើល ខ្ញុំ​មាន​សេចក្ដី​បណ្តាល​ក្នុង​ចិត្ត ចង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឥត​ដឹង​ការ​អ្វី ដែល​នឹង​កើត​ដល់​ខ្ញុំ​នៅ​ទី​នោះ​ទេ ដឹង​តែ​ប៉ុណ្ណេះ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ដល់​ខ្ញុំ នៅ​គ្រប់​ទី​ក្រុង​ថា មាន​ចំណង នឹង​សេចក្ដី​វេទនា នៅ​រង់‌ចាំ​ខ្ញុំ ប៉ុន្តែ​នោះ​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ ពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​ព្រះ​វិញ ឥឡូវ​នេះ មើល ខ្ញុំ​ដឹង​ហើយ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​បាន​ដើរ​ទៅ​មក​ជា​មួយ ដោយ​ភប់‌ប្រសព្វ​គ្នា ទាំង​ប្រកាស​ប្រាប់​ពី​នគរ​នៃ​ព្រះ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ ដូច្នេះ ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ខ្ញុំ​បរិសុទ្ធ​ពី​ឈាម​អ្នក​រាល់​គ្នា​ទាំង​អស់ ព្រោះ​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ‌អម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ‌លោហិត​ព្រះ‌អង្គ​ទ្រង់​ចុះ ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង វា​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​កើត​មាន​មនុស្ស ដែល​នឹង​អធិប្បាយ​សេចក្ដី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ ដូច្នេះ ឲ្យ​ចាំ​យាម​ចុះ ចូរ​នឹក​ចាំ​ថា ក្នុង​រវាង​៣​ឆ្នាំ ខ្ញុំ​ចេះ​តែ​ប្រដៅ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​និមួយៗ ដោយ​ទឹក​ភ្នែក ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ ឥឡូវ​នេះ ខ្ញុំ​ផ្ញើ​អ្នក​រាល់​គ្នា​ទុក​នឹង​ព្រះ ហើយ​នឹង​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​ទ្រង់ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​កេរ្ដិ៍‌អាករ​នៅ​ក្នុង​ពួក​នៃ​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​ប្រាក់ មាស ឬ​សំលៀក‌បំពាក់​របស់​អ្នក​ណា​ឡើយ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ដៃ​ខ្ញុំ​នេះ​បាន​ផ្គត់‌ផ្គង់​គ្រប់​របស់ ដែល​ខ្ញុំ​ត្រូវ​ការ ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ផង ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ដោយ​គ្រប់​ការ​ទាំង​អស់​ថា គួរ​ឲ្យ​ខំ​ធ្វើ​ការ​ដូច្នោះ ដើម្បី​ឲ្យ​បាន​ជួយ​ដល់​ពួក​អ្នក​ខ្សោយ ហើយ​នឹង​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដែល​ទ្រង់​មាន​បន្ទូល​ថា ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល លុះ​បាន​និយាយ​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា​មួយ​នឹង​គេ​ទាំង​អស់​គ្នា ហើយ​គ្រប់​គ្នា​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់​ថើប​ដោយ​ថ្និត‌ថ្នម ទាំង​មាន​សេចក្ដី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ រួច​ក៏​ជូន​គាត់​ទៅ​ដល់​សំពៅ។

ចែក​រំលែក
អាន កិច្ចការ 20