កិច្ចការ 18:1-11

កិច្ចការ 18:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក លោក​ប៉ូល​បាន​ចាក​ចេញ​ពី​ក្រុង​អាថែន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​កូរិនថូស។ នៅ​ក្រុង​នោះ លោក​បាន​ជួប​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អគី‌ឡា ជា​អ្នក​ស្រុក​ប៉ុនតុស។ លោក​អគី‌ឡា និង​នាង​ព្រីស៊ីល​ជា​ភរិយា ទើប​នឹង​មក​ពី​ស្រុក​អ៊ីតា‌លី ព្រោះ​ព្រះចៅ​អធិ‌រាជ​ក្លូឌាស​បាន​ចេញ​បញ្ជា​ឲ្យ​ជន‌ជាតិ​យូដា​ទាំង​អស់ ចាក​ចេញ​ពី​ក្រុង​រ៉ូម។ លោក​ប៉ូល​ទៅ​ទាក់ទង​នឹង​អ្នក​ទាំង​ពីរ ហើយ​ស្នាក់​នៅ និង​ធ្វើ​ការ​ជា​មួយ​គេ ព្រោះ​លោក​មាន​មុខ​របរ​ដូច​គ្នា គឺ​ត្បាញ​ក្រណាត់​សម្រាប់​បោះ​ជំរំ។ រៀង​រាល់​ថ្ងៃ​សប្ប័ទ* លោក​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ* និង​ខិត‌ខំ​ណែ‌នាំ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។ កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​ព្រះ‌បន្ទូល។ លោក​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ត។ ប៉ុន្តែ ដោយ​សាសន៍​យូដា​ចេះ​តែ​ប្រឆាំង​នឹង​លោក ហើយ​ជេរ​ប្រមាថ​លោក​ទៀត​ផង​នោះ លោក​ក៏​រលាស់​ធូលី​ដី​ពី​អាវ​របស់​លោក ទាំង​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​វិនាស​បាត់​បង់​នោះ គឺ​មក​តែ​ពី​កំហុស​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​ប៉ុណ្ណោះ គ្មាន​ជាប់​ជំពាក់​អ្វី​ជា​មួយ​ខ្ញុំ​ទេ ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។ លោក​ក៏​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ យូស្ទូស ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ផ្ទះ​គាត់​នៅ​ជាប់​នឹង​សាលា​ប្រជុំ*។ រីឯ​លោក​គ្រីស‌ប៉ុស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ និង​ក្រុម​គ្រួសារ​របស់​លោក​វិញ ក៏​ជឿ​លើ​ព្រះ‌អម្ចាស់​ដែរ។ មាន​អ្នក​ក្រុង​កូរិនថូស​ជា​ច្រើន​ទៀត​បាន​ស្ដាប់​លោក​ប៉ូល ហើយ​ជឿ ព្រម​ទាំង​ទទួល​ពិធី​ជ្រមុជ​ទឹក*​ផង។ យប់​មួយ លោក​ប៉ូល​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «កុំ​ខ្លាច​អី ត្រូវ​និយាយ​ត​ទៅ​ទៀត កុំ​នៅ​ស្ងៀម​ឡើយ ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ ពុំ​មាន​នរណា​អាច​ធ្វើ​បាប​អ្នក​បាន​ទេ ព្រោះ​នៅ​ក្រុង​នេះ មាន​មនុស្ស​ជា​ច្រើន​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។ លោក​ប៉ូល​ស្នាក់​នៅ​ក្រុង​កូរិនថូស អស់​រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ លោក​បង្រៀន​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​អ្នក​ក្រុង​នោះ។

ចែក​រំលែក
អាន កិច្ចការ 18

កិច្ចការ 18:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ហេតុ‌ការណ៍​នេះ​មក លោក​ប៉ុល​បាន​ចេញ​ពី​ក្រុង​អាថែន ធ្វើ​ដំណើរ​ទៅ​ក្រុង​កូរិន‌ថូស។ នៅ​ទី​នោះ លោក​ជួប​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័គី‌ឡា ជា​អ្នក​ស្រុក​ប៉ុន‌តុស ដែល​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតា‌លី ជាមួយ​នាង​ព្រីស៊ីល​ជា​ប្រពន្ធ ព្រោះ​ព្រះ​ចៅ​ក្លូឌាស បាន​បង្គាប់​ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់។ លោក​ប៉ុល​បាន​ទៅ​ជួប​អ្នក​ទាំង​ពីរ ហើយ​ដោយ​ព្រោះ​លោក​មានមុខ​របរ​ដូច​គ្នា លោក​ក៏​ស្នាក់​នៅ ហើយ​ធ្វើ​ការ​ជា‌មួយ​គេ ដ្បិត​គេ​ជា​អ្នក​ធ្វើ​តង់។ លោក​ជជែក​វែកញែក​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​ថ្ងៃ​សប្ប័ទ ហើយ​ព្យាយាម​ណែនាំ​សាសន៍​យូដា និង​សាសន៍​ក្រិក​ឲ្យ​ជឿ។ កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ុល​ក៏​ចំណាយ​ពេល​ទាំង‌អស់ដើម្បី​ផ្សាយ​ព្រះ‌បន្ទូល ទាំង​ធ្វើ​បន្ទាល់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិតមែន ។ តែ​ដោយ​ព្រោះ​សាសន៍​យូដា​ចេះ​តែ​ទាស់​ទទឹង ហើយ​ជេរ​ប្រមាថ​លោក​ផងនោះ លោក​ក៏​រលាស់​អាវ​ខ្លួន ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​គ្មាន​ទោស​ទេ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។ លោក​ក៏​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​យូស្ទុស ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ ដែល​មាន​ផ្ទះ​នៅ​ជាប់​នឹង​សាលា​ប្រជុំ។ ឯ​លោក​គ្រីស‌ប៉ុស ជាមេ​សាលា​ប្រជុំ បាន​ជឿ​ដល់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ក្រុម​គ្រួ​សារ​របស់​លោក​ទាំង​អស់។ មាន​អ្នក​ក្រុង​កូរិន‌ថូស​ជា​ច្រើនបាន​ស្តាប់ ហើយ​ជឿ រួច​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ យប់​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ប៉ុល​ក្នុង​និមិត្ត​ថា៖ «កុំ​ខ្លាច​អី ចូរ​និយាយ​ទៅ កុំ​នៅ​ស្ងៀម​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក​ហើយ គ្មាន​អ្នក​ណា​ហ៊ាន​តតាំង​ធ្វើ​បាប​អ្នក​បាន​ទេ ដ្បិត​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ ជាប្រជា​រាស្រ្ត​របស់​យើង»។ លោក​ស្នាក់​នៅ​ទី​នោះ​រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ ទាំង​បង្រៀន​ព្រះ‌បន្ទូល​របស់​ព្រះ​ក្នុង​ចំណោម​ពួក​គេ។

ចែក​រំលែក
អាន កិច្ចការ 18

កិច្ចការ 18:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ប៉ុល​ចេញ​ពី​ក្រុង​អាថែន ទៅ​ឯ​កូរិន‌ថូស នៅ​ទី​នោះ គាត់​ជួប​នឹង​សាសន៍​យូដា​ម្នាក់​ឈ្មោះ​អ័គីឡា ដែល​កើត​នៅ​ស្រុក​ប៉ុនតុស ជា​អ្នក​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី ព្រម​ទាំង​ព្រីស៊ីល ជា​ប្រពន្ធ​គាត់​ផង ពី​ព្រោះ​មហា‌រាជ​ក្លូឌាស ទ្រង់​បាន​បង្គាប់ ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់​ទៅ គាត់​ក៏​ទៅ​ឯ​អ្នក​ទាំង​២​នោះ រួច​គាត់​ស្នាក់​នៅ ហើយ​ធ្វើ​ការ​ជា​មួយ​នឹង​គេ ពី​ព្រោះ​មាន​របរ​រក​ស៊ី​ធ្វើ​ជាង​ត្រសាល​ដូច​គ្នា គាត់​ក៏​អធិប្បាយ​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​បញ្ចុះ​បញ្ចូល​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ឲ្យ​ជឿ​ផង។ កាល​ស៊ីឡាស នឹង​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ នោះ​ប៉ុល​មាន​សេចក្ដី​បង្ខំ​ក្នុង​ចិត្ត ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត​ដល់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិត តែ​ដោយ​ព្រោះ​គេ​តាំង​ខ្លួន​ទាស់​ទទឹង ហើយ​ក៏​ជេរ​ប្រមាថ​ផង បាន​ជា​ប៉ុល​រលាស់​អាវ​ខ្លួន និយាយ​ថា ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​វិញ​ចុះ ឯ​ខ្ញុំៗ​បរិសុទ្ធ​ទេ អំណឹះ​ទៅ​មុខ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​ហើយ គាត់​ក៏​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​ផ្ទះ​ម្នាក់ ឈ្មោះ​យូស្ទុស ជា​អ្នក​ថ្វាយ‌បង្គំ​ព្រះ ដែល​មាន​ផ្ទះ​នៅ​ជាប់​នឹង​សាលា​ប្រជុំ ឯ​គ្រីស‌ប៉ុស ជា​មេ​សាលា​ប្រជុំ គាត់​ជឿ​ដល់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ ក៏​មាន​ពួក​ក្រុង​កូរិន‌ថូស​បាន​ស្តាប់ ហើយ​ជឿ​ជា​ច្រើន ទាំង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ផង វេលា​យប់​នោះ ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ប៉ុល​ក្នុង​ការ​ជាក់​ស្តែង​ថា កុំ​ខ្លាច​អ្វី ចូរ​សំដែង​ទៅ កុំ​នៅ​ស្ងៀម​ឡើយ ដ្បិត​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ហើយ គ្មាន​អ្នក​ណា​នឹង​ប្រទូស្ត​ដល់​អ្នក​បាន​ទេ ខ្ញុំ​ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ​ដែរ គាត់​ក៏​នៅ​ទី​នោះ​អស់​១​ឆ្នាំ​៦​ខែ ព្រម​ទាំង​បង្រៀន​ព្រះ‌បន្ទូល​នៅ​ក្នុង​ពួក​គេ។

ចែក​រំលែក
អាន កិច្ចការ 18