កិច្ចការ 16:25-34

កិច្ចការ 16:25-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ប្រមាណ​ជា​ពាក់​កណ្តាល​អធ្រាត្រ លោក​ប៉ុល និងលោក​ស៊ីឡាស បាន​អធិស្ឋាន ហើយ​ច្រៀងទំនុក​សរសើរ​តម្កើង​ព្រះ ពួក​អ្នក​ទោស​ក៏​ស្តាប់​ពួក​លោក។ រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ធ្វើ​ឲ្យ​គ្រឹះ​គុក​រញ្ជួយ​ឡើង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម ឯ​ច្រវ៉ាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។ ពេល​ឆ្មាំ​គុក​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​នៅ​ចំហ​ដូច្នេះ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ដោយ​ស្មាន​ថា អ្នក​ទោស​រត់​បាត់​អស់​ហើយ។ ប៉ុន្តែ លោក​ប៉ុល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី ដ្បិត​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ទេ!»។ ឆ្មាំ​គុក​ក៏សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់​ប្រញាល់​ចូល​ទៅ​ក្នុង​គុក ហើយ​ក្រាប​ចុះនៅ​ទៀប​ជើង​លោក​ប៉ុល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។ ពេល​នោះ គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ សួរ​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​បាន​សង្គ្រោះ?» លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ជឿ​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​ទៅ នោះលោក​នឹង​បាន​សង្គ្រោះ រួម​ទាំង​ក្រុម​គ្រួ​សារ​លោក​ផងដែរ»។ ពួក​លោក​ក៏​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ប្រាប់​គាត់ និង​ដល់​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅក្នុង​ផ្ទះ​របស់​គាត់។ នៅ​វេលា​យប់​នោះ​ឯង គាត់​បាន​យក​លោក​ទាំង​ពីរ​ទៅ​លាង​ស្នាម​របួស​ចេញ ហើយ​គាត់ និង​ក្រុម​គ្រួ​សារ​គាត់​ទាំង​អស់ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។ គាត់​បាន​នាំ​លោក​ទាំង​ពីរ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​ចំ​ម្ហូប​អាហារ​ជូន។ គាត់​មាន​ចិត្ត​អរ​សប្បាយ រួម​ជាមួយ​ក្រុម​គ្រួ​សារ​ទាំង​មូល​របស់​គាត់ ដោយ​ព្រោះ​គាត់​បាន​ជឿ​ដល់​ព្រះ។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:25-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ លោក​ប៉ូល និង​លោក​ស៊ីឡាស នាំ​គ្នា​អធិស្ឋាន និង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់។ អ្នក​ទោស​ឯ​ទៀតៗ​ស្ដាប់​លោក​ទាំង​ពីរ។ រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​កក្រើក​ដល់​គ្រឹះ​ទី​ឃុំ‌ឃាំង ទ្វារ​គុក​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម រីឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។ ពេល​នោះ ឆ្មាំ​គុក​ភ្ញាក់​ឡើង លុះ​គាត់​ឃើញ​ទ្វារ​គុក​របើក​ដូច្នេះ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ព្រោះ​នឹក​ស្មាន​ថា​អ្នក​ទោស​រត់​បាត់​អស់​ហើយ។ ប៉ុន្តែ លោក​ប៉ូល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី យើង​ទាំង​អស់​គ្នា​នៅ​ឯ​នេះ​ទេ!»។ ឆ្មាំ​គុក​សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​គុក។ គាត់​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។ គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ ពោល​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ?»។ លោក​តប​ទៅ​គាត់​វិញ​ថា៖ «សូម​ជឿ​លើ​ព្រះ‌អម្ចាស់‌យេស៊ូ​ទៅ នោះ​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​លោក ព្រម​ទាំង​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ»។ បន្ទាប់​មក លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ប្រាប់​គាត់ និង​ប្រាប់​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ផ្ទះ​គាត់។ ពេល​នោះ ឆ្មាំ​គុក​នាំ​លោក​ទាំង​ពីរ​មក​លាង​ស្នាម​របួស​ទាំង​យប់ ហើយ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់ ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។ គាត់​បាន​នាំ​លោក​ទាំង​ពីរ​ឡើង​ទៅ​ផ្ទះ​គាត់ រៀបចំ​ម្ហូប​អាហារ​ជូន។ គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អំណរ​សប្បាយ ដោយ​បាន​ជឿ​លើ​ព្រះ‌ជាម្ចាស់។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:25-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ពេល​ប្រហែល​ជា​កណ្តាល​អធ្រាត្រ ប៉ុល នឹង​ស៊ីឡាស កំពុង​តែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នក​ទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់​តែ​កើត​មាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំង​អស់​ទៅ កាល​មេភូ‌ឃុំ​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​នៅ​ចំហ​ដូច្នោះ ក៏​ហូត​ដាវ​បំរុង​នឹង​សំឡាប់​ខ្លួន​ចោល ដោយ​ស្មាន​ថា អ្នក​ទោស​បាន​រត់​រួច​អស់​ហើយ ប៉ុន្តែ ប៉ុល​ស្រែក​ឡើង​ឃាត់​ថា កុំ​ធ្វើ​បាប​ខ្លួន​ឡើយ ដ្បិត​យើង​នៅ​ឯ​ណេះ​ទាំង​អស់​គ្នា​ទេ មេភូ‌ឃុំ​ក៏​ឲ្យ​គេ​យក​ភ្លើង​មក រួច​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​គុក ផ្តួល​ខ្លួន​នៅ​ទៀប​ជើង​ប៉ុល នឹង​ស៊ីឡាស ទាំង​ញាប់‌ញ័រ គាត់​នាំ​គេ​ចេញ​ទៅ​ក្រៅ​សួរ​ថា លោក​ម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​ផង គេ​ក៏​ប្រាប់​គាត់​ថា ចូរ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង គេ​ក៏​ផ្សាយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដល់​គាត់ នឹង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ នៅ​វេលា​យប់​នោះ​ឯង គាត់​យក​គេ​ទៅ​លាង​ស្នាម​រំពាត់​ចេញ រួច​ខ្លួន​គាត់ នឹង​ពួក​គាត់​ទាំង​អស់ ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ភ្លាម នោះ​គាត់​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​រៀប​តុ​ឲ្យ​បរិភោគ ដោយ​មាន​ចិត្ត​រីក‌រាយ​សាទរ ព្រម​ទាំង​ពួក​គ្រួ​គាត់​ផង ដោយ​ព្រោះ​បាន​ជឿ​ដល់​ព្រះ​ហើយ។

ចែក​រំលែក
អាន កិច្ចការ 16