កិច្ចការ 16:1-40
កិច្ចការ 16:1-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកប៉ុលបានទៅដល់ក្រុងឌើបេ និងក្រុងលីស្ត្រា ហើយនៅទីនោះ មានសិស្សម្នាក់ ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ ដែលជាអ្នកជឿ តែឪពុកជាសាសន៍ក្រិក។ គាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមពួកបងប្អូននៅក្រុងលីស្ត្រា និងក្រុងអ៊ីកូនាម។ លោកប៉ុលចង់ឲ្យធីម៉ូថេរួមដំណើរជាមួយលោក ហើយលោកបាននាំគាត់ទៅធ្វើពិធីកាត់ស្បែកឲ្យ ដោយព្រោះយោគយល់ដល់សាសន៍យូដាដែលនៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថា ឪពុកគាត់ជាសាសន៍ក្រិក។ ពេលពួកលោកធ្វើដំណើរកាត់ក្រុងទាំងនោះ ពួកលោកប្រគល់សេចក្ដីសម្រេចរបស់ពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិមដល់គេ ដើម្បីឲ្យគេអនុវត្តតាម។ ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មានមានជំនឿកាន់តែរឹងមាំ ហើយចំនួនពួកសិស្សចេះតែចម្រើនឡើងរាល់ថ្ងៃ។ ដោយព្រះវិញ្ញាណបរិសុទ្ធបានឃាត់មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ពួកលោកក៏ធ្វើដំណើរកាត់ស្រុកព្រីគា និងស្រុកកាឡាទី។ ពេលពួកលោកបានមកដល់ស្រុកមីស៊ា លោកបម្រុងចូលទៅក្នុងស្រុកប៊ីធូនា ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេ។ ដូច្នេះ ពួកលោកក៏ឆ្លងកាត់ស្រុកមីស៊ា ចុះទៅក្រុងទ្រអាស។ នៅយប់នោះ លោកប៉ុលមាននិមិត្តមួយ គឺឃើញបុរសម្នាក់ពីស្រុកម៉ាសេដូន ឈរអង្វរលោកថា៖ «សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង!»។ ក្រោយពេលលោកបានឃើញនិមិត្តនោះហើយ យើង ក៏រកឱកាសនឹងទៅស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះបានហៅយើងឲ្យទៅប្រកាសដំណឹងល្អប្រាប់ពួកគេ។ ដូច្នេះ យើងបានចុះសំពៅចេញពីក្រុងទ្រអាស តម្រង់ទៅកោះសាម៉ូត្រាស ហើយស្អែកឡើងបានមកដល់ក្រុងនាប៉ូល ហើយចេញពីក្រុងនោះ មកដល់ក្រុងភីលីព ជាទីក្រុងលេខមួយក្នុងស្រុកម៉ាសេដូន និងជាក្រុងចំណុះរបស់រ៉ូម។ យើងបានស្នាក់នៅទីនេះជាច្រើនថ្ងៃ។ នៅថ្ងៃសប្ប័ទ យើងចេញទៅខាងក្រៅទ្វារក្រុង ទៅឯមាត់ទន្លេ ដោយយើងនឹកគិតថា នឹងមានកន្លែងអធិស្ឋាន។ យើងក៏អង្គុយចុះ ហើយនិយាយទៅកាន់ពួកស្ត្រីដែលជួបជុំគ្នានៅទីនោះ។ មានស្ត្រីម្នាក់ ឈ្មោះលីឌា ពីស្រុកធាទេរ៉ា ជាអ្នកជំនួញក្រណាត់ពណ៌ស្វាយ នាងជាអ្នកថ្វាយបង្គំព្រះ។ ព្រះអម្ចាស់បានបើកចិត្តនាង ឲ្យយកចិត្តទុកដាក់នឹងសេចក្តីដែលលោកប៉ុលមានប្រសាសន៍។ កាលនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងក៏អញ្ជើញយើងថា៖ «បើអស់លោកយល់ឃើញថា នាងខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះនាងខ្ញុំទៅ»។ នាងក៏ទទូចរហូតដល់យើងយល់ព្រម។ មានថ្ងៃមួយ ពេលយើងកំពុងធ្វើដំណើរទៅកន្លែងអធិស្ឋាន យើងបានជួបស្រីបម្រើម្នាក់ដែលមានអារក្សភីថង់ចូល ហើយធ្វើឲ្យពួកម្ចាស់របស់នាងរកកម្រៃបានយ៉ាងច្រើន ដោយការទាយ។ នាងដើរតាមលោកប៉ុល និងយើង ទាំងស្រែកថា៖ «អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់យើងពីផ្លូវសង្គ្រោះ»។ នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ ទាល់តែលោកប៉ុលមានការរំខានចិត្ត ហើយបែរទៅបង្គាប់វិញ្ញាណនោះថា៖ «យើងបញ្ជាឯងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ចូរចេញពីនាងនេះទៅ!» ហើយវាក៏ចេញនៅវេលានោះឯង។ ប៉ុន្តែ កាលពួកម្ចាស់របស់នាងឃើញថា គេអស់សង្ឃឹមនឹងរកកម្រៃបាន គេក៏ចាប់លោកប៉ុល និងលោកស៊ីឡាស អូសចូលទៅក្នុងទៅទីផ្សារ នៅចំពោះមុខពួកអាជ្ញាធរ។ កាលគេបាននាំលោកទាំងពីរទៅជួបពួកតម្រួតហើយ គេជម្រាបថា៖ «បុរសទាំងនេះជាសាន៍យូដា ហើយគេបង្កចលាចលនៅក្នុងទីក្រុងរបស់យើង។ គេប្រកាសប្រាប់ពីទំនៀមទម្លាប់ ដែលយើងខ្ញុំជាសាសន៍រ៉ូម គ្មានច្បាប់នឹងទទួល ឬកាន់តាមឡើយ»។ បណ្ដាជនក៏រួមគ្នាទាស់នឹងពួកលោក ហើយពួកតម្រួតក៏កន្ត្រាក់សម្លៀកបំពាក់របស់ពួកលោកចេញ ហើយបង្គាប់ឲ្យគេវាយពួកលោកនឹងរំពាត់។ ក្រោយពីបានវាយឲ្យមានស្នាមជាច្រើនហើយ គេក៏យកពួកលោកទៅដាក់គុក ទាំងបង្គាប់ឆ្មាំគុកឲ្យការពារដោយប្រយ័ត្នប្រយែង។ ក្រោយពីបានទទួលបញ្ជានេះហើយ គេក៏នាំយកពួកលោកទៅដាក់ក្នុងគុកជ្រៅ ហើយដាក់ខ្នោះភ្ជាប់នៅជើង។ លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។ រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីជាខ្លាំង ធ្វើឲ្យគ្រឹះគុករញ្ជួយឡើង ហើយទ្វារទាំងប៉ុន្មានក៏របើកឡើងភ្លាម ឯច្រវ៉ាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។ ពេលឆ្មាំគុកភ្ញាក់ឡើង ឃើញទ្វារគុកនៅចំហដូច្នេះ គាត់ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ដោយស្មានថា អ្នកទោសរត់បាត់អស់ហើយ។ ប៉ុន្តែ លោកប៉ុលបានស្រែកឡើងយ៉ាងខ្លាំងថា៖ «កុំធ្វើបាបខ្លួនអី ដ្បិតយើងទាំងអស់គ្នានៅទីនេះទេ!»។ ឆ្មាំគុកក៏សុំឲ្យគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក ហើយក្រាបចុះនៅទៀបជើងលោកប៉ុល និងលោកស៊ីឡាស ទាំងញាប់ញ័រ។ ពេលនោះ គាត់នាំលោកទាំងពីរចេញមកក្រៅ សួរថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើដូចម្តេចដើម្បីឲ្យបានសង្គ្រោះ?» លោកមានប្រសាសន៍ថា៖ «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះលោកនឹងបានសង្គ្រោះ រួមទាំងក្រុមគ្រួសារលោកផងដែរ»។ ពួកលោកក៏ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ និងដល់មនុស្សទាំងប៉ុន្មានដែលនៅក្នុងផ្ទះរបស់គាត់។ នៅវេលាយប់នោះឯង គាត់បានយកលោកទាំងពីរទៅលាងស្នាមរបួសចេញ ហើយគាត់ និងក្រុមគ្រួសារគាត់ទាំងអស់ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។ គាត់បាននាំលោកទាំងពីរចូលទៅក្នុងផ្ទះ ហើយរៀបចំម្ហូបអាហារជូន។ គាត់មានចិត្តអរសប្បាយ រួមជាមួយក្រុមគ្រួសារទាំងមូលរបស់គាត់ ដោយព្រោះគាត់បានជឿដល់ព្រះ។ លុះភ្លឺឡើង ពួកតម្រួតបានចាត់នគរបាលមកប្រាប់ថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!» ឆ្មាំគុកក៏នាំពាក្យនេះមកប្រាប់លោកប៉ុលថា៖ «ពួកតម្រួតបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះ សូមអញ្ជើញទៅឥឡូវនេះដោយសុខសាន្តចុះ»។ ប៉ុន្តែ លោកប៉ុលឆ្លើយទៅគេថា៖ «យើងជាជាតិរ៉ូម គេបានវាយយើងនឹងរំពាត់នៅកណ្តាលជំនុំ ដោយមិនបានកាត់ទោស ទាំងបានដាក់គុកយើងទៀត ហើយឥឡូវនេះ គេចង់បណ្ដេញយើងចេញដោយសម្ងាត់ដូច្នេះឬ? ទេ មិនបានទេ សុំឲ្យពួកលោកមកនាំយើងចេញដោយផ្ទាល់វិញ»។ នគរបាលក៏យកពាក្យនោះទៅជម្រាបពួកតម្រួត ហើយពួកតម្រួតក៏មានការភ័យខ្លាច ដោយឮថា អ្នកទាំងពីរជាជាតិរ៉ូម ដូច្នេះ គេក៏មកសូមទោសលោកទាំងពីរ ហើយនាំពួកលោកចេញ រួចអង្វរឲ្យពួកលោកចេញពីទីក្រុងនោះ។ ដូច្នេះ ពួកលោកក៏ចេញពីគុក ហើយទៅសួរសុខទុក្ខនាងលីឌា។ កាលបានឃើញពួកបងប្អូនហើយ ពួកលោកក៏លើកទឹកចិត្តគេ រួចចេញដំណើរទៅ។
កិច្ចការ 16:1-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្ស*មួយរូបឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក គាត់មានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមបងប្អូននៅក្រុងលីស្ដ្រា និងបងប្អូននៅក្រុងអ៊ីកូនាម។ លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើពិធីកាត់ស្បែក*ឲ្យ ព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។ នៅតាមក្រុងនានា ដែលពួកលោកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿឲ្យដឹងអំពីសេចក្ដីសម្រេចរបស់ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យ* នៅក្រុងយេរូសាឡឹម ហើយសុំឲ្យគេអនុវត្តតាម។ ក្រុមជំនុំនានាក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។ ព្រះវិញ្ញាណដ៏វិសុទ្ធ*បានឃាត់ពួកលោកប៉ូល មិនឲ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគា និងដែនដីកាឡាទី។ ពេលទៅដល់ជិតស្រុកមីស៊ា លោកមានបំណងទៅស្រុកប៊ីធូនា ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតឲ្យទៅទេ។ ដូច្នេះ លោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ាទៅដល់ក្រុងត្រូអាស។ នៅពេលយប់ លោកប៉ូលបាននិមិត្តឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូន ជួយយើងខ្ញុំផង!»។ ក្រោយពេលលោកបានឃើញនិមិត្តហេតុអស្ចារ្យនេះហើយ យើងក៏រូតរះចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើងឲ្យទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះ។ នៅក្រុងត្រូអាស យើងបានចុះសំពៅ ធ្វើដំណើរតម្រង់ឆ្ពោះទៅកោះសាម៉ូត្រាសតែម្ដង។ ស្អែកឡើង យើងបានទៅដល់ក្រុងនាប៉ូល រួចយើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីព ជាក្រុងធំជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលមានឯកសិទ្ធិពិសេសនៅក្នុងចក្រភពរ៉ូម៉ាំង។ យើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។ នៅថ្ងៃសប្ប័ទ* យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយ ដោយនឹកគិតថានឹងមានកន្លែងអធិស្ឋាន*។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ត្រីដែលមកជួបជុំគ្នានៅទីនោះ។ មានស្ត្រីម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ឈ្មោះលីឌា ជាអ្នកស្រុកធាទេរ៉ា និងជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ។ ពេលនោះ នាងផ្ទៀងត្រចៀកស្ដាប់ ព្រះអម្ចាស់ក៏បានបំភ្លឺចិត្តគំនិតនាង ឲ្យយកចិត្តទុកដាក់នឹងសេចក្ដីដែលលោកប៉ូលមានប្រសាសន៍។ បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាង ដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។ មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន* មានស្រីបម្រើគេម្នាក់មកជួបយើង នាងមានអារក្សភីថង់ចូល នាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកម្រៃយ៉ាងច្រើន។ នាងដើរតាមក្រោយលោកប៉ូល និងយើង ទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះមកប្រាប់អ្នករាល់គ្នា»។ នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្តជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាវិញ្ញាណអាក្រក់ថា៖ «ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត* ចូរចេញពីនាងទៅ!»។ វិញ្ញាណអាក្រក់ក៏ចេញពីនាងភ្លាម។ កាលពួកម្ចាស់របស់ស្រីបម្រើនោះឃើញថាលែងមានសង្ឃឹមនឹងបានកម្រៃអ្វីទៀត គេក៏នាំគ្នាចាប់លោកប៉ូល និងលោកស៊ីឡាស អូសយកទៅជូនចៅក្រមនៅទីលានសាធារណៈ ក្នុងទីក្រុង។ ចៅក្រមនាំលោកទាំងពីរទៅជួបពួកអាជ្ញាធរ ពោលថា៖ «ជនជាតិយូដាទាំងនេះបង្កឲ្យមានចលាចលនៅក្នុងក្រុងយើង។ គេនាំទំនៀមទម្លាប់ផ្សេងៗមកផ្សាយប្រាប់យើង ជាទំនៀមទម្លាប់ដែលយើង ជនជាតិរ៉ូម៉ាំង គ្មានសិទ្ធិនឹងទទួល ឬអនុវត្តតាមឡើយ»។ បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ពួកអាជ្ញាធរបានបញ្ជាឲ្យគេដោះសម្លៀកបំពាក់លោកប៉ូល និងលោកស៊ីឡាសចេញ រួចបញ្ជាឲ្យវាយនឹងរំពាត់។ ក្រោយពីបានវាយលោកទាំងពីរច្រើនរំពាត់ហើយ គេក៏យកលោកទៅដាក់ក្នុងទីឃុំឃាំង ទាំងបញ្ជាឲ្យយាមយ៉ាងមធ្យ័តផង។ ឆ្មាំគុកក៏យកលោកទាំងពីរទៅឃុំក្នុងគុកងងឹត និងដាក់ខ្នោះជើង តាមបញ្ជាដែលគាត់បានទទួល។ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ លោកប៉ូល និងលោកស៊ីឡាស នាំគ្នាអធិស្ឋាន និងច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ អ្នកទោសឯទៀតៗស្ដាប់លោកទាំងពីរ។ រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង បណ្ដាលឲ្យកក្រើកដល់គ្រឹះទីឃុំឃាំង ទ្វារគុកទាំងប៉ុន្មានក៏របើកឡើងភ្លាម រីឯច្រវាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។ ពេលនោះ ឆ្មាំគុកភ្ញាក់ឡើង លុះគាត់ឃើញទ្វារគុករបើកដូច្នេះ គាត់ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ព្រោះនឹកស្មានថាអ្នកទោសរត់បាត់អស់ហើយ។ ប៉ុន្តែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី យើងទាំងអស់គ្នានៅឯនេះទេ!»។ ឆ្មាំគុកសុំឲ្យគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក។ គាត់ក្រាបចុះនៅមុខលោកប៉ូល និងលោកស៊ីឡាស ទាំងញាប់ញ័រ។ គាត់នាំលោកទាំងពីរចេញមកក្រៅ ពោលថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើយ៉ាងណា ដើម្បីឲ្យបានទទួលការសង្គ្រោះ?»។ លោកតបទៅគាត់វិញថា៖ «សូមជឿលើព្រះអម្ចាស់យេស៊ូទៅ នោះព្រះជាម្ចាស់នឹងសង្គ្រោះលោក ព្រមទាំងសង្គ្រោះក្រុមគ្រួសាររបស់លោកផងដែរ»។ បន្ទាប់មក លោកទាំងពីរបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ និងប្រាប់អ្នកទាំងប៉ុន្មានដែលនៅក្នុងផ្ទះគាត់។ ពេលនោះ ឆ្មាំគុកនាំលោកទាំងពីរមកលាងស្នាមរបួសទាំងយប់ ហើយគាត់ និងក្រុមគ្រួសាររបស់គាត់ ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។ គាត់បាននាំលោកទាំងពីរឡើងទៅផ្ទះគាត់ រៀបចំម្ហូបអាហារជូន។ គាត់ និងក្រុមគ្រួសាររបស់គាត់មានអំណរសប្បាយ ដោយបានជឿលើព្រះជាម្ចាស់។ លុះភ្លឺឡើង ពួកអាជ្ញាធរបានចាត់តម្រួតឲ្យទៅប្រាប់ឆ្មាំគុកថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!»។ ឆ្មាំគុកបាននាំដំណឹងនេះទៅជម្រាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះ សូមលោកចេញទៅឲ្យបានសុខសាន្តចុះ»។ ប៉ុន្តែ លោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំង គេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជម្រះជាមុន ហើយក៏យកយើងមកដាក់គុកទៀត ឥឡូវនេះ គេចង់ដោះលែងយើងដោយស្ងាត់ៗ! ទេ មិនបានទេ! លោកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដង ទើបបាន»។ ពួកតម្រួតនាំពាក្យនេះទៅជម្រាបពួកអាជ្ញាធរ។ កាលដឹងថាលោកទាំងពីរមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ពួកអាជ្ញាធរភ័យខ្លាចជាខ្លាំង។ គេនាំគ្នាមកអង្វរករសុំទោសលោកទាំងពីរ រួចដោះលែងលោក និងអង្វរឲ្យលោកចាកចេញពីក្រុងនោះផង។ លោកទាំងពីរចេញពីទីឃុំឃាំង ចូលទៅផ្ទះរបស់នាងលីឌា ហើយបានជួបពួកបងប្អូន ព្រមទាំងបានលើកទឹកចិត្តគេទៀតផង រួចទើបលោកនាំគ្នាធ្វើដំណើរចេញទៅ។
កិច្ចការ 16:1-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯប៉ុល បានទៅដល់ក្រុងឌើបេ នឹងលីស្ត្រា ហើយនៅទីនោះ ក៏ប្រទះឃើញសិស្សម្នាក់ ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ ដែលបានជឿ តែឪពុកជាសាសន៍ក្រេក គាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្អក្នុងពួកជំនុំនៅលីស្ត្រា នឹងអ៊ីកូនាម ឯប៉ុល ចង់ឲ្យអ្នកនោះទៅជាមួយផង បានជាគាត់នាំយកទៅកាត់ស្បែកឲ្យ ដោយព្រោះពួកសាសន៍យូដាដែលនៅស្រុកទាំងនោះ ដ្បិតគេដឹងគ្រប់គ្នាថា ឪពុកគាត់ជាសាសន៍ក្រេក កំពុងដែលដើរកាត់អស់ទាំងទីក្រុង នោះក៏ប្រគល់សេចក្ដីបញ្ញត្តទាំងប៉ុន្មានដល់គេ ជាសេចក្ដីដែលពួកសាវក នឹងពួកចាស់ទុំ ដែលនៅក្រុងយេរូសាឡិម បានជំនុំសំរេចគេឲ្យកាន់តាម យ៉ាងនោះ ពួកជំនុំទាំងប៉ុន្មាន មានសេចក្ដីជំនឿ រឹតតែខ្លាំង ហើយចំនួននៃពួកសិស្ស ចេះតែចំរើនកើនឡើងជារាល់ថ្ងៃ។ កាលបានដើរកាត់ស្រុកព្រីគា នឹងដែនខេត្តកាឡាទី នោះព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ឃាត់ មិនឲ្យផ្សាយព្រះបន្ទូលនៅស្រុកអាស៊ីទេ បានជានាំគ្នាចុះទៅឯស្រុកមីស៊ាវិញ ហើយខំចូលទៅក្នុងស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណនៃព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេ រួចគេដើរហួសពីស្រុកមីស៊ា ចុះទៅឯទ្រអាសវិញ នៅយប់នោះ ប៉ុលបានឃើញក្នុងការជាក់ស្តែង ជាមនុស្សពីស្រុកម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង លុះគាត់បានឃើញការជាក់ស្តែងនោះរួចហើយ នោះយើងក៏រកឱកាសនឹងទៅឯស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះអម្ចាស់ទ្រង់ហៅយើង ឲ្យទៅផ្សាយដំណឹងល្អដល់គេ កាលបានចុះសំពៅចេញពីទ្រអាសទៅ នោះក៏ដំរង់ទៅឯកោះសាម៉ូត្រាស ហើយថ្ងៃក្រោយបានដល់នាប៉ូល ពីទីនោះ យើងក៏ទៅដល់ក្រុងភីលីព ជាទីក្រុងលេខ១ក្នុងដែនខេត្តម៉ាសេដូន ដែលជាស្រុកចំណុះ ហើយយើងសំចតនៅទីនោះបានបួនដប់ថ្ងៃ។ ដល់ថ្ងៃឈប់សំរាក យើងដើរចេញពីទីក្រុង ទៅឯមាត់ទន្លេ ជាកន្លែងដែលគេធ្លាប់អធិស្ឋាន ក៏អង្គុយនិយាយនឹងពួកស្រីៗដែលប្រជុំគ្នា នោះមានស្ត្រីម្នាក់ ជាអ្នកជំនួញល័ខពណ៌ស្វាយ ឈ្មោះលីឌា ពីក្រុងធាទេរ៉ា ជាអ្នកដែលថ្វាយបង្គំព្រះ នាងប្រុងស្តាប់ ហើយព្រះអម្ចាស់ទ្រង់បើកចិត្តនាង ឲ្យយកចិត្តទុកដាក់តាមសេចក្ដី ដែលប៉ុលអធិប្បាយ កាលនាងបានទទួលបុណ្យជ្រមុជទឹក ព្រមទាំងពួកគ្រួនាងរួចហើយ នោះក៏អញ្ជើញយើងថា បើអស់លោកយល់ឃើញថា ខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់ពិត នោះសូមលោកអញ្ជើញទៅនៅឯផ្ទះខ្ញុំកុំខាន នាងក៏បង្ខំដល់យើង។ រួចកាលយើងកំពុងតែទៅឯទីអធិស្ឋាន នោះមានបាវស្រីម្នាក់មកជួបនឹងយើង នាងនោះមានអារក្សភីថង់ចូល ក៏បានចំរើនឲ្យចៅហ្វាយនាងជាច្រើន ដោយការទាយ នាងដើរតាមប៉ុល នឹងយើងខ្ញុំ ទាំងស្រែកថា អ្នកទាំងនេះជាអ្នកបំរើនៃព្រះដ៏ខ្ពស់បំផុត ដែលប្រាប់យើងពីផ្លូវសង្គ្រោះ នាងក៏ធ្វើដូច្នោះជាយូរថ្ងៃ ទាល់តែប៉ុលមានសេចក្ដីរំខានចិត្ត ហើយបែរទៅនិយាយនឹងអារក្សនោះថា អញបង្គាប់ឯងដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ឲ្យឯងចេញពីនាងនេះទៅ វាក៏ចេញទៅនៅវេលានោះឯង កាលពួកចៅហ្វាយរបស់នាងឃើញថា ទីសង្ឃឹមដែលនឹងបានកំរៃ បានបាត់អស់ទៅហើយ នោះគេក៏ចាប់ប៉ុលនឹងស៊ីឡាស ដោយកន្ត្រាក់កន្ត្រែងនាំទៅឯទីផ្សារ នៅចំពោះមុខមេនគរបាល រួចកាលនាំទៅដល់នាយកដំរួតនគរបាល គេជំរាបថា ពួកសាសន៍យូដាទាំងនេះនាំឲ្យទីក្រុងយើង កើតវឹកវរជាខ្លាំងណាស់ គេប្រកាសប្រាប់ពីទំនៀមទំលាប់ ដែលយើងខ្ញុំជាសាសន៍រ៉ូម គ្មានច្បាប់ទទួល ឬកាន់តាមឡើយ ហ្វូងមនុស្សក៏លើកគ្នាទាស់នឹងប៉ុល ហើយនឹងស៊ីឡាសដែរ រួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់ ក្រោយដែលវាយ មានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក បង្គាប់មេភូឃុំ ឲ្យរក្សាដោយប្រយ័តប្រយែង មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយ ក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផង លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល នឹងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ កាលមេភូឃុំភ្ញាក់ឡើង ឃើញទ្វារគុកនៅចំហដូច្នោះ ក៏ហូតដាវបំរុងនឹងសំឡាប់ខ្លួនចោល ដោយស្មានថា អ្នកទោសបានរត់រួចអស់ហើយ ប៉ុន្តែ ប៉ុលស្រែកឡើងឃាត់ថា កុំធ្វើបាបខ្លួនឡើយ ដ្បិតយើងនៅឯណេះទាំងអស់គ្នាទេ មេភូឃុំក៏ឲ្យគេយកភ្លើងមក រួចម្នីម្នាស្ទុះចូលទៅក្នុងគុក ផ្តួលខ្លួននៅទៀបជើងប៉ុល នឹងស៊ីឡាស ទាំងញាប់ញ័រ គាត់នាំគេចេញទៅក្រៅសួរថា លោកម្ចាស់អើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្គ្រោះផង គេក៏ប្រាប់គាត់ថា ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង គេក៏ផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ដល់គាត់ នឹងពួកគ្រួគាត់ទាំងអស់ដែរ នៅវេលាយប់នោះឯង គាត់យកគេទៅលាងស្នាមរំពាត់ចេញ រួចខ្លួនគាត់ នឹងពួកគាត់ទាំងអស់ ក៏ទទួលបុណ្យជ្រមុជទឹកភ្លាម នោះគាត់នាំគេចូលទៅក្នុងផ្ទះរៀបតុឲ្យបរិភោគ ដោយមានចិត្តរីករាយសាទរ ព្រមទាំងពួកគ្រួគាត់ផង ដោយព្រោះបានជឿដល់ព្រះហើយ។ ដល់ភ្លឺឡើង នោះមេនគរបាលចាត់ពួកនាយ ឲ្យទៅប្រាប់ថា ចូរលែងអ្នកទាំង២នោះទៅ មេភូឃុំក៏ប្រាប់ដល់ប៉ុល តាមពាក្យនោះថា លោកនគរបាលបានចាត់គេមក ប្រាប់ឲ្យលែងលោកចេញទៅហើយ ដូច្នេះ សូមអញ្ជើញទៅដោយសុខសាន្តចុះ តែប៉ុលឆ្លើយទៅគេថា ពួកមេនគរបាលវាយយើងនឹងរំពាត់ នៅកណ្តាលជំនុំ ឥតមានកាត់ទោស ហើយបានដាក់គុកយើងផង ដែលយើងជាជាតិរ៉ូមដូច្នេះ ឥឡូវនេះ លោកចង់គេចកែប្រែជាដេញយើងទៅដោយសំងាត់វិញឬ ធ្វើដូច្នេះពុំបានទេ ត្រូវឲ្យខ្លួនលោកមកនាំយើងចេញទៅវិញ ពួកនាយក៏ទៅជំរាបតាមពាក្យនោះ រួចពួកមេនគរបាលមានសេចក្ដីភិតភ័យ ដោយឮថាជាជាតិរ៉ូម ក៏មកសូមអង្វរដល់គាត់ទាំង២នាក់ រួចនាំចេញពីក្នុងគុក ហើយសូមឲ្យចេញពីទីក្រុងគេទៅ កាលចេញពីគុកហើយ ទើបនាំគ្នាទៅឯនាងលីឌា លុះបានឃើញពួកជំនុំ នោះក៏ទូន្មានដល់គេ រួចចេញដំណើរទៅ។