កិច្ចការ 14:8-20
កិច្ចការ 14:8-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅក្រុងលីស្ដ្រា មានបុរសម្នាក់ពិការជើងតាំងពីកំណើតមក គាត់មិនអាចដើរបានឡើយ គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជាបាន លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើង ឈរឲ្យត្រង់!»។ បុរសនោះស្ទុះក្រោកឈរឡើង ហើយដើរបាន។ កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ គេហៅលោកបារណាបាសថា «ព្រះសេយូស» និងហៅលោកប៉ូលថា «ព្រះហ៊ើមេស» ព្រោះលោកជាអ្នកនាំពាក្យ។ បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារទល់មុខនឹងទីក្រុង បានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។ កាលសាវ័ក*បារណាបាស និងសាវ័កប៉ូល បានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកឡើងថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ*មកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។ នៅជំនាន់មុនៗ ព្រះអង្គបានបណ្ដោយឲ្យជាតិសាសន៍នានា ដើរតាមមាគ៌ារៀងៗខ្លួន។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។ ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។ បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានទាក់ទាញចិត្តមហាជនឲ្យចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។ ប៉ុន្តែ ក្រុមសិស្ស*នាំគ្នាមកជុំវិញលោក លោកក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង លោកចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។
កិច្ចការ 14:8-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅក្រុងលីស្ត្រា មានបុរសម្នាក់ពិការជើងកំពុងអង្គុយ គាត់ខ្វិនពីកំណើត មិនដែលដើរបានឡើយ។ គាត់ស្ដាប់លោកប៉ុលមានប្រសាសន៍ ហើយលោកប៉ុលក៏សម្លឹងមើលទៅគាត់ ឃើញថា គាត់មានជំនឿល្មមនឹងបានជា លោកក៏មានប្រសាសន៍យ៉ាងខ្លាំងថា៖ «សូមក្រោកឈរឲ្យត្រង់ឡើង!» អ្នកនោះក៏ស្ទុះឡើង ហើយដើរបាន។ កាលមហាជនឃើញការដែលលោកប៉ុលបានធ្វើ គេក៏ស្រែកឡើងជាភាសាលូកៅនាថា៖ «ពួកព្រះបានកាឡាខ្លួនជាមនុស្ស ចុះមករកយើងហើយ»។ គេក៏ហៅលោកបាណាបាស ថាព្រះសេយូស ហើយលោកប៉ុល ថាព្រះហ៊ើមេស ព្រោះលោកជាមេសម្ដែង។ ពួកសង្ឃរបស់ព្រះសេយូស ដែលមានវិហារនៅទល់មុខទីក្រុងនោះ បានយកគោឈ្មោល និងភួងផ្កាមកកាន់ទ្វារក្រុង ហើយចង់ថ្វាយយញ្ញបូជារួមជាមួយមហាជន។ ប៉ុន្តែ ពេលសាវកបាណាបាស និងសាវកប៉ុលបានឮដំណឹងនោះ លោកក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយរត់ចូលទៅរកមហាជន ទាំងស្រែកឡើងថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងខ្ញុំនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានបែរចេញពីសេចក្ដីឥតប្រយោជន៍ទាំងនេះ មករកព្រះដ៏មានព្រះជន្មរស់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីទាំងនោះ។ កាលជំនាន់មនុស្សពីបុរាណ ព្រះអង្គបានបណ្ដោយឲ្យសាសន៍ទាំងប៉ុន្មាន ដើរតាមផ្លូវរបស់គេរៀងខ្លួន។ ក៏ប៉ុន្តែ ព្រះអង្គមិនដែលខាននឹងបង្ហាញទីបន្ទាល់អំពីព្រះអង្គទ្រង់ឡើយ ដ្បិតព្រះអង្គបានសម្តែងព្រះហឫទ័យសប្បុរស ដោយប្រទានឲ្យមានភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវបង្កើតផល ដើម្បីបំពេញចិត្តយើងដោយអាហារ និងអំណរ»។ ទោះជាមានប្រសាសន៍ដូច្នេះក៏ដោយ ក៏ពួកលោកឃាត់ប្រជាជនមិនឲ្យថ្វាយយញ្ញបូជាដល់ខ្លួនសឹងតែមិនបាន។ ប៉ុន្តែ មានសាសន៍យូដាមកពីក្រុងអាន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានបញ្ចុះបញ្ចូលមហាជនឲ្យយកដុំថ្មគប់លោកប៉ុល រួចអូសលោកទៅចោលនៅក្រៅក្រុង ដោយស្មានថាលោកស្លាប់ហើយ។ ប៉ុន្តែ ពេលពួកសិស្សនាំគ្នាឈរជុំវិញលោក លោកក៏ក្រោកឡើង ហើយចូលទៅក្នុងទីក្រុងវិញ។ ស្អែកឡើង លោកក៏បន្តដំណើរជាមួយលោកបាណាបាសទៅក្រុងឌើបេ។
កិច្ចការ 14:8-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅក្រុងលីស្ត្រា មានមនុស្សម្នាក់មានជើងពិការ គាត់អង្គុយនៅដោយខ្វិន តាំងតែពីផ្ទៃម្តាយមក មិនដែលដើរសោះឡើយ អ្នកនោះបានឮប៉ុលអធិប្បាយ ហើយប៉ុលក៏សំឡឹងមើលទៅគាត់ ឃើញថា គាត់មានសេចក្ដីជំនឿល្មម ដើម្បីឲ្យបានជា នោះក៏បន្លឺជាសំឡេងខ្លាំងថា ចូរក្រោកឈរឲ្យត្រង់ឡើង រួចអ្នកនោះក៏ស្ទុះឡើងដើរ កាលហ្វូងមនុស្សបានឃើញការដែលប៉ុលធ្វើ នោះគេបន្លឺឡើងជាភាសាលូកៅនាថា ពួកព្រះបានកាឡានិម្មិតជាមនុស្ស ចុះមកឯយើងហើយ គេក៏ហៅបាណាបាស ជាព្រះសេយូស ហើយប៉ុល ជាព្រះហ៊ើមេស ពីព្រោះគាត់ជាមេសំដែង ហើយសង្ឃរបស់ព្រះសេយូស ដែលនៅមុខក្រុងគេ ក៏នាំយកគោឈ្មោល ហើយនឹងភួងទៅដល់ខ្លោងទ្វារក្រុង ចង់ថ្វាយយញ្ញបូជាជាមួយនឹងបណ្តាមនុស្ស កាលបាណាបាស នឹងប៉ុល ជាសាវកបានដឹង នោះក៏ហែកអាវខ្លួន រត់ចូលទៅកណ្តាលហ្វូងមនុស្សស្រែកឡើងថា អ្នករាល់គ្នាអើយ ហេតុអ្វីបានជាធ្វើដូច្នេះ យើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរ មួយទៀត យើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ឲ្យបានបែរចេញពីអស់ទាំងការ ដែលឥតប្រយោជន៍យ៉ាងនេះ ទៅឯព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង ក្នុងកាលជំនាន់មនុស្សពីបុរាណ នោះទ្រង់បានអនុញ្ញាតឲ្យគ្រប់ទាំងសាសន៍ ដើរតាមផ្លូវរបស់គេរៀងខ្លួន ប៉ុន្តែ ទ្រង់មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេ ដោយទ្រង់តែងតែផ្សាយព្រះគុណមក គឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ ដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ នឹងសេចក្ដីអំណរ តែដែលគាត់អធិប្បាយសេចក្ដីទាំងនោះដល់គេ នោះឃាត់គេ មិនឲ្យថ្វាយយញ្ញបូជាដល់ខ្លួនសឹងតែមិនបានផង។ មានពួកសាសន៍យូដាខ្លះ មកពីអាន់ទីយ៉ូក នឹងអ៊ីកូនាម គេបញ្ចុះបញ្ចូលហ្វូងមនុស្ស ឲ្យចោលប៉ុលនឹងថ្ម រួចគេអូសគាត់ចេញទៅក្រៅទុកចោល ដោយស្មានថា បានស្លាប់ហើយ ប៉ុន្តែ ពួកសិស្សមកចោមព័ទ្ធគាត់ រួចគាត់ក្រោកឡើងចូលទៅក្នុងទីក្រុងវិញ ហើយដល់ថ្ងៃស្អែក គាត់នឹងបាណាបាស ក៏ចេញទៅឯឌើបេ