កិច្ចការ 14:19-22

កិច្ចការ 14:19-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ មាន​សាសន៍​យូដា​មក​ពី​ក្រុង​អាន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌នាម បាន​បញ្ចុះ​បញ្ចូល​មហាជន​ឲ្យ​យក​ដុំ​ថ្ម​គប់​លោក​ប៉ុល រួច​អូស​លោក​ទៅ​ចោល​នៅ​ក្រៅ​ក្រុង ដោយ​ស្មាន​ថា​លោក​ស្លាប់​ហើយ។ ប៉ុន្តែ ពេល​ពួក​សិស្ស​នាំ​គ្នា​ឈរ​ជុំ​វិញ​លោក លោកក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។ ស្អែកឡើង លោកក៏​បន្ត​ដំណើរជាមួយ​លោក​បា‌ណា‌បាស​ទៅ​ក្រុង​ឌើបេ។ ក្រោយ​ពី​បាន​ប្រកាស​ដំណឹង​ល្អ ហើយ​បង្កើត​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះរួច​មក ពួក​លោក​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​លីស្ត្រា ក្រុង​អ៊ីកូ‌នាម និង​ក្រុង​អាន់‌ទី‌យ៉ូក​វិញ ទាំង​ពង្រឹង​ពួក​សិស្ស​ឲ្យ​មាន​ចិត្ត​មាំ​មួន ហើយ​លើក​ទឹកចិត្ត​គេ​ឲ្យ​ខ្ជាប់​ខ្ជួន​ក្នុង​ជំនឿ ដោយ​ពាក្យ​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។

ចែក​រំលែក
អាន កិច្ចការ 14

កិច្ចការ 14:19-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក មាន​ជន‌ជាតិ​យូដា​មក​ពី​ក្រុង​អន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌នាម បាន​ទាក់‌ទាញ​ចិត្ត​មហា‌ជន​ឲ្យ​ចូល​ទៅ​ខាង​គេ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទីក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា លោក​ស្លាប់​បាត់​ទៅ​ហើយ។ ប៉ុន្តែ ក្រុម​សិស្ស*​នាំ​គ្នា​មក​ជុំ‌វិញ​លោក លោក​ក៏​ក្រោក​ឡើង វិល​ចូល​ទៅ​ទីក្រុង​វិញ។ លុះ​ស្អែក​ឡើង លោក​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណា‌បាស។ លោក​ប៉ូល និង​លោក​បារណា‌បាស​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​នៅ​ក្រុង​ឌើបេ ហើយ​ណែ‌នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ធ្វើ​ជា​សិស្ស*។ បន្ទាប់​មក លោក​វិល​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូ‌នាម និង​ក្រុង​អន់‌ទី‌យ៉ូក​វិញ។ លោក​ដាស់‌តឿន​ពួក​សិស្ស​ឲ្យ​តាំង​ចិត្ត​មាំ‌មួន និង​លើក​ទឹក​ចិត្ត​គេ​ឲ្យ​មាន​ជំនឿ​ខ្ជាប់ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។

ចែក​រំលែក
អាន កិច្ចការ 14

កិច្ចការ 14:19-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ពួក​សាសន៍​យូដា​ខ្លះ មក​ពី​អាន់‌ទី‌យ៉ូក នឹង​អ៊ីកូនាម គេ​បញ្ចុះ​បញ្ចូល​ហ្វូង​មនុស្ស ឲ្យ​ចោល​ប៉ុល​នឹង​ថ្ម រួច​គេ​អូស​គាត់​ចេញ​ទៅ​ក្រៅ​ទុក​ចោល ដោយ​ស្មាន​ថា បាន​ស្លាប់​ហើយ ប៉ុន្តែ ពួក​សិស្ស​មក​ចោម​ព័ទ្ធ​គាត់ រួច​គាត់​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ ហើយ​ដល់​ថ្ងៃ​ស្អែក គាត់​នឹង​បា‌ណា‌បាស ក៏​ចេញ​ទៅ​ឯ​ឌើបេ ក្រោយ​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ហើយ​បាន​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះ នោះ​ក៏​ត្រឡប់​ទៅ​ឯ​លីស្ត្រា អ៊ីកូនាម នឹង​អាន់‌ទី‌យ៉ូក​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ក្នុង​សេចក្ដី​ជំនឿ ដោយ​ពាក្យ​ថា ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន

ចែក​រំលែក
អាន កិច្ចការ 14