កិច្ចការ 14:1-28

កិច្ចការ 14:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ក្រុង​អ៊ីកូ‌នាម​ក៏​កើត​មាន​ដូច្នោះ​ដែរ។ លោក​ប៉ូល និង​លោក​បារណា‌បាស បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន‌ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លុប​នាំ​គ្នា​ជឿ។ ប៉ុន្តែ ជន‌ជាតិ​យូដា​ដែល​មិន​ព្រម​ជឿ​បាន​ញុះ‌ញង់​សាសន៍​ដទៃ និង​ជំរុញ​គេ​ឲ្យ​មាន​ចិត្ត​ប៉ុន‌ប៉ង​ធ្វើ​បាប​ពួក​បងប្អូន​ទៀត​ផង។ លោក​ប៉ូល និង​លោក​បារណា‌បាស ស្នាក់​នៅ​ក្នុង​ក្រុង​អ៊ីកូ‌នាម​ជា​យូរ​ថ្ងៃ។ លោក​ទាំង​ពីរ​មាន​ចិត្ត​អង់‌អាច ដោយ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដែល​ព្រះអង្គ​បាន​បញ្ជាក់​ព្រះ‌បន្ទូល​អំពី​ព្រះ‌គុណ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​លោក​ទាំង​ពីរ​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ។ មនុស្ស‌ម្នា​នៅ​ក្រុង​នោះ​បាន​បាក់​បែក​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា អ្នក​ខ្លះ​ទៀត​កាន់​ខាង​ក្រុម​សាវ័ក*។ សាសន៍​ដទៃ និង​សាសន៍​យូដា បាន​សម​គំនិត​គ្នា​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​គេ ចង់​ធ្វើ​បាប និង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ទាំង​ពីរ។ លោក​ប៉ូល និង​លោក​បារណា‌បាស យល់​ថា​សភាព‌ការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លូកៅ‌នា គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​នៅ​ទី​នោះ។ នៅ​ក្រុង​លីស្ដ្រា មាន​បុរស​ម្នាក់​ពិការ​ជើង​តាំង​ពី​កំណើត​មក គាត់​មិន​អាច​ដើរ​បាន​ឡើយ គាត់​អង្គុយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍។ លោក​ប៉ូល​សម្លឹង​មើល​គាត់ ហើយ​យល់​ឃើញ​ថា គាត់​មាន​ជំនឿ​គួរ​នឹង​ជា​បាន លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ខ្លាំងៗ​ថា៖ «សុំ​ក្រោក​ឡើង ឈរ​ឲ្យ​ត្រង់!»។ បុរស​នោះ​ស្ទុះ​ក្រោក​ឈរ​ឡើង ហើយ​ដើរ​បាន។ កាល​មហា‌ជន​ឃើញ​ការ​អស្ចារ្យ​ដែល​លោក​ប៉ូល​បាន​ធ្វើ គេ​ក៏​នាំ​គ្នា​ស្រែក​ហ៊ោ​ជា​ភាសា​លូកៅ‌នា​ថា៖ «ព្រះ​បាន​និម្មិត​ជា​មនុស្ស ចុះ​មក​គង់​ជា​មួយ​យើង​ហើយ!»។ គេ​ហៅ​លោក​បារណា‌បាស​ថា «ព្រះ​សេយូស» និង​ហៅ​លោក​ប៉ូល​ថា «ព្រះ​ហ៊ើមេស» ព្រោះ​លោក​ជា​អ្នក​នាំ​ពាក្យ។ បូជា‌ចារ្យ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​ទល់​មុខ​នឹង​ទីក្រុង បាន​ដឹក​គោ​ឈ្មោល​តុប‌តែង​លំអ​ដោយ​ភួង​ផ្កា មក​មាត់​ទ្វារ​ក្រុង ព្រោះ​គាត់​ចង់​ធ្វើ​បូជា‌យញ្ញ​រួម​ជា​មួយ​មហា‌ជន។ កាល​សាវ័ក*​បារណា‌បាស និង​សាវ័ក​ប៉ូល បាន​ឮ​ដំណឹង​នេះ លោក​ក៏​ហែក​សម្លៀក‌បំពាក់ ហើយ​ស្ទុះ​រត់​ទៅ​រក​ប្រជា‌ជន ទាំង​ស្រែក​ឡើង​ថា៖ «ហេតុ​អ្វី​បាន​ជា​បងប្អូន​នាំ​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​បងប្អូន​ដែរ យើង​ខ្ញុំ​នាំ​ដំណឹង‌ល្អ*​មក​ជម្រាប​ជូន​បងប្អូន គឺ​សូម​បងប្អូន​ងាក​ចេញ​ពី​ការ​ថ្វាយ‌បង្គំ​រូប​សំណាក​ឥត​ប្រយោជន៍​នេះ ហើយ​បែរ​មក​រក​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​ដែល​មាន​នៅ​ទី​ទាំង​នោះ​ផង។ នៅ​ជំនាន់​មុនៗ ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​នានា ដើរ​តាម​មាគ៌ា​រៀងៗ​ខ្លួន។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះអង្គ​នៅ​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​មិន​ដែល​អាក់‌ខាន​ឡើយ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ព្រះអង្គ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បងប្អូន​តាម​រដូវ​កាល ធ្វើ​ឲ្យ​បងប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ត​ផង»។ ទោះ​បី​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ដូច្នេះ ក៏​លោក​រក​ឃាត់​មហា‌ជន​មិន​ឲ្យ​ធ្វើ​បូជា‌យញ្ញ​ជូន​លោក​សឹង​តែ​ពុំ​បាន។ បន្ទាប់​មក មាន​ជន‌ជាតិ​យូដា​មក​ពី​ក្រុង​អន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌នាម បាន​ទាក់‌ទាញ​ចិត្ត​មហា‌ជន​ឲ្យ​ចូល​ទៅ​ខាង​គេ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទីក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា លោក​ស្លាប់​បាត់​ទៅ​ហើយ។ ប៉ុន្តែ ក្រុម​សិស្ស*​នាំ​គ្នា​មក​ជុំ‌វិញ​លោក លោក​ក៏​ក្រោក​ឡើង វិល​ចូល​ទៅ​ទីក្រុង​វិញ។ លុះ​ស្អែក​ឡើង លោក​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណា‌បាស។ លោក​ប៉ូល និង​លោក​បារណា‌បាស​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​នៅ​ក្រុង​ឌើបេ ហើយ​ណែ‌នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ធ្វើ​ជា​សិស្ស*។ បន្ទាប់​មក លោក​វិល​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូ‌នាម និង​ក្រុង​អន់‌ទី‌យ៉ូក​វិញ។ លោក​ដាស់‌តឿន​ពួក​សិស្ស​ឲ្យ​តាំង​ចិត្ត​មាំ‌មួន និង​លើក​ទឹក​ចិត្ត​គេ​ឲ្យ​មាន​ជំនឿ​ខ្ជាប់ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។ លោក​បាន​តែង‌តាំង​ពួក​ព្រឹទ្ធា‌ចារ្យ*​នៅ​តាម​ក្រុម‌ជំនុំ​នីមួយៗ។ លុះ​បាន​អធិស្ឋាន* និង​តម​អាហារ​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្ស​ទុក​នៅ​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។ បន្ទាប់​មក​ទៀត លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ពីស៊ី‌ឌា មក​ដល់​ស្រុក​ប៉ាមភី‌លា។ លោក​បាន​ប្រកាស​ព្រះ‌បន្ទូល​នៅ​ក្រុង​ពើកា រួច​លោក​នាំ​គ្នា​ចុះ​ទៅ​ក្រុង​អាតា‌លា។ នៅ​ទី​នោះ លោក​នាំ​គ្នា​ចុះ​សំពៅ វិល​ត្រឡប់​មក​ក្រុង​អន់‌ទី‌យ៉ូក​វិញ គឺ​នៅ​ក្រុង​អន់‌ទី‌យ៉ូក​នេះ​ហើយ ដែល​ក្រុម‌ជំនុំ​បាន​ផ្ញើ​លោក​ទាំង​ពីរ​ទៅ​លើ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​ដែល​លោក​ទើប​នឹង​បាន​សម្រេច​នេះ។ កាល​លោក​ទាំង​ពីរ​មក​ដល់ លោក​ប្រមូល​ក្រុម‌ជំនុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា ហើយ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក និង​រៀប​រាប់​អំពី​របៀប​ដែល​ព្រះអង្គ​បើក​ផ្លូវ​ឲ្យ​សាសន៍​ដទៃ​ជឿ។ បន្ទាប់​មក លោក​ទាំង​ពីរ​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស​អស់​រយៈ​ពេល​ជា​យូរ​ក្រែល។

ចែក​រំលែក
អាន កិច្ចការ 14

កិច្ចការ 14:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ក្រុង​អ៊ីកូ‌នាម លោក​ប៉ុល និង​លោក​បាណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​មាន​ប្រសាសន៍ រហូត​ដល់​ពួក​សាសន៍​យូដា និង​សាសន៍​ក្រិក​ជា​ច្រើន​បាន​ជឿ។ ប៉ុន្តែ ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុះ‌ញង់ ហើយ​ចាក់​រុក​ពួក​សាសន៍​ដទៃឲ្យ​គេ​ទាស់​នឹងពួក​បង‌ប្អូន។ ដូច្នេះ លោក​ប៉ុល និង​លោក​បា‌ណា‌បាសក៏​ស្នាក់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ ហើយ​មាន​ប្រសាសន៍​យ៉ាង​ក្លៀវ​ក្លា​អំពី​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ធ្វើ​បន្ទាល់​អំពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដោយ​ប្រោស​ប្រទាន​ឲ្យ​មាន​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗកើត​ឡើង​ដោយ​សារ​ដៃ​លោក​ទាំង​ពីរ។ ប៉ុន្តែ មនុស្ស​នៅ​ទី​ក្រុង​នោះ បាន​បែក​បាក់​គ្នា ខ្លះ​កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវក។ កាល​ពួក​សាសន៍​ដទៃ និង​ពួក​សាសន៍​យូដា សម​គំនិត​គ្នា​ជាមួយពួក​មេ​ដឹក​នាំ​របស់​គេចង់​ធ្វើ​បាប ហើយ​ចង់​គប់​លោក​ទាំង​ពីរ​នឹង​ដុំថ្ម ពួកលោក​ក៏​បាន​ដឹង ហើយ​រត់​ភៀស​ខ្លួន​ទៅ​ទីក្រុង​នានា​នៅ​ស្រុក​លូ‌កៅ‌នា គឺ​ក្រុង​លីស្រ្តា និងក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ​វិញ ហើយ​បន្ត​ប្រកាស​ដំណឹង​ល្អ​នៅទីនោះ។ នៅ​ក្រុង​លីស្ត្រា មាន​បុរស​ម្នាក់​ពិការ​ជើងកំពុង​អង្គុយ គាត់​ខ្វិនពី​កំណើត មិន​ដែល​ដើរ​បាន​ឡើយ។ គាត់​ស្ដាប់​លោក​ប៉ុល​មាន​ប្រសាសន៍ ហើយ​លោក​ប៉ុល​ក៏​សម្លឹង​មើល​ទៅ​គាត់ ឃើញ​ថា គាត់​មាន​ជំនឿ​ល្មមនឹង​បាន​ជា លោក​ក៏​មាន​ប្រសាសន៍​យ៉ាង​ខ្លាំង​ថា៖ «សូម​ក្រោក​ឈរ​ឲ្យ​ត្រង់​ឡើង!» អ្នក​នោះ​ក៏​ស្ទុះ​ឡើង ហើយ​ដើរ​បាន។ កាល​មហាជន​ឃើញ​ការ​ដែល​លោក​ប៉ុលបាន​ធ្វើ គេ​ក៏​ស្រែក​ឡើង​ជា​ភាសា​លូ‌កៅ‌នា​ថា៖ «ពួកព្រះ​បាន​កាឡា​ខ្លួន​ជា​មនុស្ស ចុះ​មក​រក​យើង​ហើយ»។ គេ​ក៏​ហៅ​លោក​បា‌ណា‌បាស ថា​ព្រះ‌សេ‌យូស ហើយ​លោក​ប៉ុល ថា​ព្រះ‌ហ៊ើមេស ព្រោះ​លោក​ជា​មេ​សម្ដែង។ ពួក​សង្ឃ​របស់​ព្រះ‌សេយូស ដែល​មាន​វិហារ​នៅ​ទល់​មុខ​ទី​ក្រុង​នោះ បាន​យក​គោ​ឈ្មោល និង​ភួង​ផ្កា​មក​កាន់​ទ្វារ​ក្រុង ហើយ​ចង់​ថ្វាយ​យញ្ញ‌បូជា​រួម​ជា‌មួយ​មហា​ជន។ ប៉ុន្តែ ពេល​សាវក​បា‌ណា‌បាស និង​សាវក​ប៉ុលបាន​ឮ​ដំណឹង​នោះ លោក​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​រត់​ចូល​ទៅ​រក​មហាជន ទាំង​ស្រែក​ឡើង​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​អ្នក​រាល់​គ្នា​ដែរ យើង​ខ្ញុំ​នាំ​ដំណឹង​ល្អ​មក​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បែរ​ចេញ​ពី​សេចក្ដី​ឥត​ប្រយោជន៍​ទាំង​នេះ មក​រក​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ទី​ទាំង​នោះ។ កាល​ជំនាន់​មនុស្ស​ពី​បុរាណ ព្រះ‌អង្គ​បាន​បណ្ដោយ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន ដើរ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន។ ក៏​ប៉ុន្តែ ព្រះ‌អង្គ​មិន​ដែល​ខាន​នឹង​បង្ហាញ​ទី​បន្ទាល់អំពី​ព្រះ‌អង្គ​ទ្រង់​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដោយ​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​បង្កើត​ផល ដើម្បី​បំពេញ​ចិត្ត​យើង​ដោយ​អាហារ និង​អំណរ»។ ទោះ​ជា​មាន​ប្រសាសន៍​ដូច្នេះក៏​ដោយ ក៏​ពួក​លោក​ឃាត់​ប្រជាជន​មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ដល់​ខ្លួន​សឹង​តែ​មិន​បាន។ ប៉ុន្តែ មាន​សាសន៍​យូដា​មក​ពី​ក្រុង​អាន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌នាម បាន​បញ្ចុះ​បញ្ចូល​មហាជន​ឲ្យ​យក​ដុំ​ថ្ម​គប់​លោក​ប៉ុល រួច​អូស​លោក​ទៅ​ចោល​នៅ​ក្រៅ​ក្រុង ដោយ​ស្មាន​ថា​លោក​ស្លាប់​ហើយ។ ប៉ុន្តែ ពេល​ពួក​សិស្ស​នាំ​គ្នា​ឈរ​ជុំ​វិញ​លោក លោកក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។ ស្អែកឡើង លោកក៏​បន្ត​ដំណើរជាមួយ​លោក​បា‌ណា‌បាស​ទៅ​ក្រុង​ឌើបេ។ ក្រោយ​ពី​បាន​ប្រកាស​ដំណឹង​ល្អ ហើយ​បង្កើត​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះរួច​មក ពួក​លោក​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​លីស្ត្រា ក្រុង​អ៊ីកូ‌នាម និង​ក្រុង​អាន់‌ទី‌យ៉ូក​វិញ ទាំង​ពង្រឹង​ពួក​សិស្ស​ឲ្យ​មាន​ចិត្ត​មាំ​មួន ហើយ​លើក​ទឹកចិត្ត​គេ​ឲ្យ​ខ្ជាប់​ខ្ជួន​ក្នុង​ជំនឿ ដោយ​ពាក្យ​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ កាល​ពួក​លោក​បានតែង​តាំង​ពួក​ចាស់​ទុំ នៅ​គ្រប់​ទាំង​ក្រុម​ជំនុំ ដោយ​អធិស្ឋាន​ទាំង​តមរួច​ហើយ ពួក​លោក​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។ បន្ទាប់មក ពួកលោក​ធ្វើ​ដំណើរឆ្លង​កាត់​ស្រុក​ពីស៊ី‌ឌា រហូត​មក​ដល់​ស្រុក​ប៉ាម‌ភីលា។ កាល​បានប្រកាស​ព្រះ‌បន្ទូលនៅ​ក្រុង​ពើកា​រួច​ហើយ ពួក​លោក​ក៏​ចុះ​ទៅ​ក្រុង​អាតា‌លា ហើយ​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​លោក​ទាំង​ពីរ ក្នុង​ព្រះ‌គុណ​របស់​ព្រះ សម្រាប់​ការ​ងារ​ដែល​ទើប​នឹង​ធ្វើ​សម្រេច​នេះ។ ពេល​ទៅ​ដល់​ហើយ ពួក​លោក​ក៏ហៅ​ក្រុម​ជំនុំ​មកជួប​ជុំ​គ្នា ហើយ​ប្រកាស​ប្រាប់​ពី​អស់​ទាំង​ការ​ដែល​ព្រះ​បាន​ធ្វើ និង​ពី​របៀប​ដែល​ព្រះ‌អង្គ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍​ដទៃ។ ពួក​លោក​ក៏​ស្នាក់​នៅ​ទី​នោះ​ជា‌មួយ​ពួក​សិស្ស​ជា​យូរក្រែល។

ចែក​រំលែក
អាន កិច្ចការ 14

កិច្ចការ 14:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​នៅ​ក្រុង​អ៊ីកូនាម ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា បាន​អធិប្បាយ​នាំ​ឲ្យ​ទាំង​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​យ៉ាង​សន្ធឹក​បាន​ជឿ ប៉ុន្តែ ឯ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​ញុះ‌ញង់ ហើយ​ចាក់‌រុក​ពួក​សាសន៍​ដទៃ ឲ្យ​គេ​ទាស់​នឹង​ពួក​ជំនុំ​វិញ ចំណែក​ប៉ុល នឹង​បា‌ណា‌បាស ក៏​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ គេ​អធិប្បាយ​យ៉ាង​ក្លៀវ‌ក្លា​ដោយ​នូវ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​ក៏​ធ្វើ​បន្ទាល់ អំពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​ទ្រង់ ដោយ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​មាន​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​កើត​មក ដោយ‌សារ​ដៃ​អ្នក​ទាំង​២​នោះ ឯ​មនុស្ស​ទាំង‌ឡាយ​នៅ​ទី​ក្រុង​នោះ គេ​បែក​បាក់​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវក តែ​កាល​ពួក​សាសន៍​ដទៃ នឹង​ពួក​សាសន៍​យូដា ព្រម​ទាំង​ពួក​នាម៉ឺន​របស់​គេ បាន​លើក​ព្រួត​គ្នា​នឹង​ទៅ​ត្មះ‌តិះដៀល ហើយ​ចោល​នឹង​ថ្ម នោះ​អ្នក​ទាំង​២​បាន​ដឹង ហើយ​ក៏​រត់​ទៅ​ឯ​ទី​ក្រុង​នៅ​ស្រុក​លូកៅនា​វិញ គឺ​លីស្ត្រា នឹង​ឌើបេ ហើយ​នឹង​ស្រុក​នៅ​ជុំ‌វិញ ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នៅ​កន្លែង​ទាំង​នោះ។ រីឯ​នៅ​ក្រុង​លីស្ត្រា មាន​មនុស្ស​ម្នាក់​មាន​ជើង​ពិការ គាត់​អង្គុយ​នៅ​ដោយ​ខ្វិន តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក មិន​ដែល​ដើរ​សោះ​ឡើយ អ្នក​នោះ​បាន​ឮ​ប៉ុល​អធិប្បាយ ហើយ​ប៉ុល​ក៏​សំឡឹង​មើល​ទៅ​គាត់ ឃើញ​ថា គាត់​មាន​សេចក្ដី​ជំនឿ​ល្មម ដើម្បី​ឲ្យ​បាន​ជា នោះ​ក៏​បន្លឺ​ជា​សំឡេង​ខ្លាំង​ថា ចូរ​ក្រោក​ឈរ​ឲ្យ​ត្រង់​ឡើង រួច​អ្នក​នោះ​ក៏​ស្ទុះ​ឡើង​ដើរ កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​ដែល​ប៉ុល​ធ្វើ នោះ​គេ​បន្លឺ​ឡើង​ជា​ភាសា​លូកៅនា​ថា ពួក​ព្រះ​បាន​កាឡា​និម្មិត​ជា​មនុស្ស ចុះ​មក​ឯ​យើង​ហើយ គេ​ក៏​ហៅ​បា‌ណា‌បាស ជា​ព្រះ‌សេ‌យូស ហើយ​ប៉ុល ជា​ព្រះ‌ហ៊ើមេស ពី​ព្រោះ​គាត់​ជា​មេ​សំដែង ហើយ​សង្ឃ​របស់​ព្រះ‌សេយូស ដែល​នៅ​មុខ​ក្រុង​គេ ក៏​នាំ​យក​គោ​ឈ្មោល ហើយ​នឹង​ភួង​ទៅ​ដល់​ខ្លោង‌ទ្វារ​ក្រុង ចង់​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​នឹង​បណ្តា​មនុស្ស កាល​បា‌ណា‌បាស នឹង​ប៉ុល ជា​សាវក​បាន​ដឹង នោះ​ក៏​ហែក​អាវ​ខ្លួន រត់​ចូល​ទៅ​កណ្តាល​ហ្វូង​មនុស្ស​ស្រែក​ឡើង​ថា អ្នក​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ មួយ​ទៀត យើង​ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​បែរ​ចេញ​ពី​អស់​ទាំង​ការ ដែល​ឥត​ប្រយោជន៍​យ៉ាង​នេះ ទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ នឹង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ក្នុង​កាល​ជំនាន់​មនុស្ស​ពី​បុរាណ នោះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​គ្រប់​ទាំង​សាសន៍ ដើរ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន ប៉ុន្តែ ទ្រង់​មិន​ដែល​លែង​មាន​ទី​បន្ទាល់ ពី​ព្រះ‌អង្គ​ទ្រង់​ទេ ដោយ​ទ្រង់​តែង‌តែ​ផ្សាយ​ព្រះ‌គុណ​មក គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ត​យើង ដោយ​អាហារ នឹង​សេចក្ដី​អំណរ តែ​ដែល​គាត់​អធិប្បាយ​សេចក្ដី​ទាំង​នោះ​ដល់​គេ នោះ​ឃាត់​គេ មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ដល់​ខ្លួន​សឹង​តែ​មិន​បាន​ផង។ មាន​ពួក​សាសន៍​យូដា​ខ្លះ មក​ពី​អាន់‌ទី‌យ៉ូក នឹង​អ៊ីកូនាម គេ​បញ្ចុះ​បញ្ចូល​ហ្វូង​មនុស្ស ឲ្យ​ចោល​ប៉ុល​នឹង​ថ្ម រួច​គេ​អូស​គាត់​ចេញ​ទៅ​ក្រៅ​ទុក​ចោល ដោយ​ស្មាន​ថា បាន​ស្លាប់​ហើយ ប៉ុន្តែ ពួក​សិស្ស​មក​ចោម​ព័ទ្ធ​គាត់ រួច​គាត់​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ ហើយ​ដល់​ថ្ងៃ​ស្អែក គាត់​នឹង​បា‌ណា‌បាស ក៏​ចេញ​ទៅ​ឯ​ឌើបេ ក្រោយ​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ហើយ​បាន​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះ នោះ​ក៏​ត្រឡប់​ទៅ​ឯ​លីស្ត្រា អ៊ីកូនាម នឹង​អាន់‌ទី‌យ៉ូក​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ក្នុង​សេចក្ដី​ជំនឿ ដោយ​ពាក្យ​ថា ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន កាល​បាន​រើស​ពួក​ចាស់‌ទុំ​តាំង​ឡើង​ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ ហើយ​អធិស្ឋាន​ទាំង​តម នោះ​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ​ដល់​ទ្រង់​ហើយ រួច​នាំ​គ្នា​ដើរ​កាត់​ស្រុក​ពីស៊ីឌា​ទៅ រហូត​ដល់​ស្រុក​ប៉ាម‌ភីលា ក្រោយ​ដែល​អធិប្បាយ​តាម​ព្រះ‌បន្ទូល នៅ​ក្រុង​ពើកា​រួច​ហើយ នោះ​ក៏​ចុះ​ទៅ​ឯ​អាតាលា ក៏​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ឯ​អាន់‌ទី‌យ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​អ្នក​ទាំង​២ ក្នុង​ព្រះ‌គុណ​នៃ​ព្រះ សំរាប់​ការ​ដែល​ទើប​នឹង​ធ្វើ​សំរេច លុះ​ដល់​ហើយ ក៏​ប្រមូល​ពួក​ជំនុំ​មក ថ្លែង​ប្រាប់​ពី​ការ​ដែល​ព្រះ​បាន​ធ្វើ​ដោយ‌សារ​ខ្លួន ហើយ​ពី​ទ្រង់​បាន​បើក​ទ្វារ​នៃ​សេចក្ដី​ជំនឿ​ដល់​សាសន៍​ដទៃ​ដែរ រួច​ក៏​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ក្រែល។

ចែក​រំលែក
អាន កិច្ចការ 14