កិច្ចការ 13:42-52

កិច្ចការ 13:42-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​លោក​ប៉ូល និង​លោក​បារណា‌បាស​ចេញ​ពី​សាលា​ប្រជុំ ពួក​គេ​បាន​អញ្ជើញ​លោក​ឲ្យ​មាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ នៅ​ថ្ងៃ​សប្ប័ទ*​ខាង​មុខ​ទៀត។ លុះ​អង្គ​ប្រជុំ​បែក​គ្នា​ហើយ មាន​សាសន៍​យូដា និង​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​នាក់ ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នាំ​គ្នា​ទៅ​តាម​លោក​ប៉ូល និង​លោក​បារណា‌បាស។ លោក​ទាំង​ពីរ​បាន​សន្ទនា​ជា​មួយ​ពួក​គេ ហើយ​ក្រើន​រំឭក​គេ​ឲ្យ​នៅ​ខ្ជាប់​ខ្ជួន​នឹង​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ជានិច្ច។ នៅ​ថ្ងៃ​សប្ប័ទ​បន្ទាប់​មក​ទៀត ប្រជា‌ជន​នៅ​ក្រុង​នោះ​បាន​មក​ជួប‌ជុំ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ស្ទើរ​តែ​ទាំង​អស់​គ្នា។ កាល​ជន‌ជាតិ​យូដា​ឃើញ​មហា‌ជន​ដូច្នោះ គេ​មាន​ចិត្ត​ច្រណែន​ជា​ខ្លាំង ក៏​នាំ​គ្នា​និយាយ​ជំទាស់​នឹង​ពាក្យ​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍ ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​លោក​ទៀត​ផង។ លោក​ប៉ូល និង​លោក​បារណា‌បាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់‌អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​បងប្អូន។ ប៉ុន្តែ ដោយ​បងប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​នេះ ហើយ​ដោយ​បងប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ ដ្បិត​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា: “ យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា និង​ឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់ ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី” »។ កាល​សាសន៍​ដទៃ​ឮ​ដូច្នោះ គេ​មាន​អំណរ​រីក‌រាយ ហើយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ឮ​សុស‌សាយ​ក្នុង​ស្រុក​នោះ​ទាំង​មូល។ ប៉ុន្តែ សាសន៍​យូដា​បាន​ញុះ‌ញង់​ស្ត្រីៗ​មាន​ឋានៈ​ខ្ពង់‌ខ្ពស់ ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ និង​ញុះ‌ញង់​ពួក​នាម៉ឺន​នៅ​ក្រុង​នោះ ឲ្យ​លើក​គ្នា​ទៅ​បៀត‌បៀន​លោក​ប៉ូល និង​លោក​បារណា‌បាស ព្រម​ទាំង​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ដែន​ដី​របស់​គេ​ផង។ លោក​ប៉ូល និង​លោក​បារណា‌បាស ក៏​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​លោក រួច​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូ‌នាម។ រីឯ​ពួក​សិស្ស*​នៅ​អន់‌ទី‌យ៉ូក​វិញ គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:42-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​លោក​ប៉ុល និង​លោក​បាណា‌បាស​កំពុង​ដើរ​ចេញ​ពី​សាលា​ប្រជុំ ប្រជាជន​បាន​សុំ​ឲ្យ​លោក​មាន​ប្រសាសន៍​អំពី​សេចក្តី​ទាំង​នេះ​ម្ដង​ទៀត នៅ​ថ្ងៃ​សប្ប័ទ​ក្រោយ។ ពេល​ចប់​ការ​ប្រជុំ​ហើយ មាន​ពួក​សាសន៍​យូដា និង​ពួក​អ្នក​ចូល​សាសនាយូដាដែល​គោរពកោត​ខ្លាច​ព្រះ​ជា​ច្រើន បាន​ដើរ​តាម​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ហើយ​លោក​បាន​ទូន្មាន​គេ​ឲ្យ​បន្ត​នៅ​ជាប់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ។ លុះ​ថ្ងៃ​សប្ប័ទ​មក​ដល់ ពួក​អ្នក​ក្រុង​ស្ទើរ​តែ​ទាំង​អស់បាន​មក​ជួប​ជុំ​គ្នា ដើម្បី​ស្តាប់​ព្រះ‌បន្ទូល។ ប៉ុន្ដែ កាល​ពួក​សាសន៍​យូដា​បាន​ឃើញមហាជន​ដូច្នេះ គេ​មាន​ចិត្ត​ច្រណែន ហើយ​ចាប់​ផ្ដើម​និយាយ​ប្រឆាំង​នឹង​សេចក្តីដែល​លោក​ប៉ុល​មាន​ប្រសាសន៍ ទាំង​ជេរ​ប្រមាថ​លោកទៀត​ផង។ ពេល​នោះ លោក​ប៉ុល និង​លោក​បា‌ណា‌បាស​ក៏​មាន​ប្រសាសន៍​យ៉ាង​ក្លា‌ហាន​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាសព្រះ‌បន្ទូល​ប្រាប់​អ្នក​រាល់​គ្នាជា​មុន ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល ហើយដោយ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់​កល្ប​ជា‌និច្ច ឥឡូវ​នេះ យើង​បែរ​ទៅ​រក​ពួក​សាសន៍​ដទៃ​វិញ។ ដ្បិត​ព្រះ‌អម្ចាស់បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា៖ "យើង​បាន​តាំង​អ្នក​សម្រាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ការ​សង្គ្រោះ​ដល់​ចុងបំផុត​នៃ​ផែនដី"» ។ កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ គេ​មានចិត្ត​រីក​រាយ ហើយ​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ​បាន​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ក៏​បាន​ជឿ។ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ បានឮ​សុស​សាយ ពេញ​តំបន់​នោះ​ទាំង​មូល។ ប៉ុន្តែ ពួក​សាសន៍​យូដា​បាន​ញុះ‌ញង់​ស្ត្រី​ៗ​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ពួក​អ្នកមុខ​អ្នក​ការ​នៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ញុះ​ញង់​ឲ្យ​បៀត​បៀន​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ហើយ​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ស្រុក​របស់​គេ។ ដូច្នេះ លោក​ទាំង​ពីរ​ក៏​រលាស់​ធូលី​ដីចេញ​ពី​ជើង​ទាស់​នឹង​គេ ហើយ​បន្ត​ដំណើរ​ទៅ​ក្រុង​អ៊ីកូ‌នាម។ ពួក​សិស្ស​មាន​ចិត្ត​ពេញ​ដោយ​អំណរ និងដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:42-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ពួក​សាសន៍​យូដា បាន​ចេញ​ពី​សាលា​ប្រជុំ​ទៅ​ហើយ នោះ​ពួក​សាសន៍​ដទៃ ក៏​សូម​ឲ្យ​ប៉ុល​អធិប្បាយ តាម​សេចក្ដី​ទាំង​នោះ នៅ​ថ្ងៃ​ឈប់​សំរាក​មួយ​ក្រោយ​ទៀត កាល​ពួក​អ្នក​ប្រជុំ​នោះ​បាន​បែក​ចេញ​ពី​គ្នា​ទៅ នោះ​មាន​ពួក​សាសន៍​យូដា នឹង​ពួក​ចូល​សាសន៍​ជា​ច្រើន​ដែល​មក​ថ្វាយ‌បង្គំ គេ​ដើរ​តាម​ប៉ុល នឹង​បា‌ណា‌បាស ដែល​ទូន្មាន​ឲ្យ​គេ​កាន់​ខ្ជាប់​ក្នុង​ព្រះ‌គុណ​នៃ​ព្រះ។ ដល់​ថ្ងៃ​ឈប់​សំរាក​ក្រោយ នោះ​ពួក​អ្នក​ក្រុង​ស្ទើរ​តែ​ទាំង​អស់ ក៏​មក​ប្រជុំ​គ្នា ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល តែ​កាល​ពួក​សាសន៍​យូដា​បាន​ឃើញ​មនុស្ស​ទាំង​ហ្វូង​ដូច្នេះ នោះ​កើត​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ច្រណែន ហើយ​ក៏​ឆ្លើយ​ទទឹង​ទាស់​នឹង​សេចក្ដី ដែល​ប៉ុល​អធិប្បាយ​នោះ ទាំង​ជំនះ ហើយ​ប្រមាថ​ផង ប៉ុន្តែ​ប៉ុល នឹង​បា‌ណា‌បាស​និយាយ​ដោយ​ក្លាហាន​ថា មុខ​គួរ​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ព្រះ‌បន្ទូល ដល់​អ្នក​រាល់​គ្នា​ជា​មុន​ដំបូង ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​នោះ ហើយ​ជំនុំ‌ជំរះ​កាត់​ទោស​ដល់​ខ្លួន​ឯង​ថា មិន​គួរ​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​នោះ​ទេ ហេតុ​ដូច្នេះ​បាន​ជា​យើង​ខ្ញុំ​បែរ​ទៅ​ឯ​ពួក​សាសន៍​ដទៃ​វិញ ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ដូច្នេះ​ថា «អញ​បាន​តាំង​ឯង​សំរាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ឯង​បាន​សំរាប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ចុង​ផែនដី​បំផុត»។ កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ នោះ​គេ​មាន​សេចក្ដី​អំណរ ហើយ​ក៏​សរសើរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ចំណែក​អស់​អ្នក​ដែល​ត្រូវ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច នោះ​ក៏​បាន​ជឿ ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ បាន​ផ្សាយ​សុស​សាយ​ទួទៅ​ពេញ​ក្នុង​ស្រុក​នោះ តែ​ពួក​សាសន៍​យូដា​គេ​ញុះ‌ញង់​ពួក​ស្ត្រី​អ្នក​មុខ​អ្នក​ការ ដែល​មក​ថ្វាយ‌បង្គំ នឹង​ពួក​អ្នក​ធំ​នៅ​ក្នុង​ទី​ក្រុង​នោះ បណ្តាល​ឲ្យ​មាន​សេចក្ដី​បៀត‌បៀន ដល់​ប៉ុល នឹង​បា‌ណា‌បាស ក៏​ដេញ​អ្នក​ទាំង​២​នោះ​ចេញ​ពី​ស្រុក​គេ​ទៅ ដូច្នេះ អ្នក​ទាំង​២​ក៏​រលាស់​ធូលី​ដី ពី​ជើង​ចេញ​ទាស់​នឹង​គេ រួច​ចេញ​ទៅ​ឯ​ក្រុង​អ៊ីកូនាម ឯ​ពួក​សិស្ស គេ​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​អំណរ ហើយ​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ចែក​រំលែក
អាន កិច្ចការ 13