កិច្ចការ 13:22-25

កិច្ចការ 13:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​បានដកព្រះ‌បាទ​សូល​ចេញ ព្រះ‌អង្គបាន​តាំង​ព្រះ‌បាទ​ដាវីឌឡើង​ធ្វើ​ជា​ស្តេច​របស់​គេ។ ព្រះ‌អង្គ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះបាទ​ដាវីឌ​ថា "យើង​រក​បាន​ដាវីឌ កូន​របស់​អ៊ីសាយ ជា​មនុស្ស​ម្នាក់​ត្រូវ​ចិត្ត​យើង ដែល​នឹង​ធ្វើ​តាម​ចិត្ត​យើង​គ្រប់​ជំពូក"។ គឺ​ក្នុង​ព្រះ‌រាជវង្ស​ស្តេច​នោះ​ហើយ ដែល​ព្រះ​បាន​បង្កើត​ព្រះ‌សង្គ្រោះ​មួយ​អង្គ គឺ​ព្រះ‌យេស៊ូវ ដល់​សាសន៍​អ៊ីស្រា‌អែល ដូច​ព្រះ‌អង្គ​បាន​សន្យា។ មុន​ពេល​ព្រះ‌អង្គ​យាង​មក លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​អំពី​ពិធី​ជ្រមុជ​ខាង​ការ​ប្រែ​ចិត្ត ដល់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់។ កាល​លោក​យ៉ូហាន​បាន​បង្ហើយ​ការ‌ងារ​របស់​លោកចប់​សព្វ​គ្រប់ លោក​មាន​ប្រសាសន៍​ថា "តើ​អ្នក​រាល់​គ្នា​ស្មាន​ថាខ្ញុំ​ជា​អ្នក​ណា? ខ្ញុំ​មិន​មែន​ជា​ព្រះ‌អង្គ​នោះ​ទេ តែមើល៍ ព្រះ‌អង្គ​នោះ​យាង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង"។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ព្រះ‌បាទ​សូល ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ។ ព្រះអង្គ​ប្រទាន​សក្ខីភាព​អំពី​ព្រះ‌បាទ​ដាវីឌ​នេះ​ថា: “យើង​រក​បាន​មនុស្ស​ម្នាក់​ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ដាវីឌ​ជា​បុត្រ​របស់​អ៊ីសាយ ដ្បិត​ដាវីឌ​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។ ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌យេស៊ូ​កើត​មក និង​ធ្វើ​ជា​ព្រះ‌សង្គ្រោះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។ មុន​នឹង​ព្រះ‌យេស៊ូ​យាង​មក​ដល់ លោក​យ៉ូហាន​បាន​ប្រកាស​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ ពេល​លោក​យ៉ូហាន​បំពេញ​មុខងារ​របស់​លោក​ចប់​សព្វ​គ្រប់​ហើយ លោក​មាន​ប្រសាសន៍​ថា: “ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក​ដែល​បងប្អូន​ទន្ទឹង​រង់‌ចាំ​នោះ​ទេ។ ឥឡូវ​នេះ មាន​លោក​ម្នាក់​មក​តាម​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ បើ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង”។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ដក​ស្តេច​នោះ​ចេញ​ហើយ នោះ​ទ្រង់​លើក​ដាវីឌ​តាំង​ឡើង​ជា​ស្តេច​វិញ ក៏​ធ្វើ​បន្ទាល់​ពី​ស្តេច​ដាវីឌ​ថា «អញ​រក​បាន​ដាវីឌ កូន​អ៊ីសាយ ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក» គឺ​ពី​ព្រះ‌វង្សា​ស្តេច​នោះ​ហើយ ដែល​ព្រះ​បាន​បង្កើត​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ដល់​សាសន៍​អ៊ីស្រាអែល តាម​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌យេស៊ូវ តែ​មុន​ដែល​ទ្រង់​យាង​មក នោះ​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ កាល​លោក​យ៉ូហាន​កំពុង​តែ​ធ្វើ​សំរេច​ការ‌ងារ នោះ​លោក​មាន​ប្រសាសន៍​ថា តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​ជា​អ្នក​ណា ខ្ញុំ​មិន​មែន​ជា​ព្រះ‌អង្គ​នោះ​ទេ តែ​មើល ព្រះ‌អង្គ​នោះ​យាង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង។

ចែក​រំលែក
អាន កិច្ចការ 13