កិច្ចការ 12:6-11

កិច្ចការ 12:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​យប់​មុន​ពេលដែល​ព្រះ‌បាទ​ហេរ៉ូឌបម្រុង​នឹង​នាំ​លោក​ពេត្រុស​ចេញ លោក​ដេក​នៅ​កណ្តាល​ទាហាន​ពីរ​នាក់ ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ ហើយ​មាន​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​គុកទៀត​ផង។ រំពេច​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​ក្បែរ​លោក ហើយ​មាន​ពន្លឺ​មួយ​ភ្លឺ​ជះ​ចូលទៅ​ក្នុង​គុក។ ទេវតា​នោះ​ក៏​គោះ​លោក​ពី​ចំហៀង ហើយ​ដាស់​លោក​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!» នោះ​ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។ ទេវតា​នេះ​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ប្រាប់​លោក​ថា៖ «សូម​ពាក់​អាវ ហើយ​មក​តាម​ខ្ញុំ»។ លោក​ពេត្រុស​ក៏​ចេញ​ទៅ​តាម​ទេវតា​នោះ។ លោក​មិន​បាន​ដឹង​ថា ហេតុ‌ការណ៍​ដែល​កំពុង​កើត​ឡើង​ដោយ​សារ​ទេវតា​នោះ​ជា​ការ​ពិត​ទេ គឺ​លោក​ស្មាន​ថា​បាន​ឃើញ​និមិត្ត។ កាល​បាន​បាន​ដើរ​ផុត​អ្នក​យាម​ទី​មួយ និង​អ្នក​យាម​ទី​ពីរ​ហើយ នោះ​ក៏​បាន​មក​ដល់​ទ្វារ​ដែក ដែល​ត្រូវ​ចេញ​ទៅ​ទី​ក្រុង។ ទ្វារ​នោះ​បាន​បើក​ឲ្យ​អ្នក​ទាំង​ពីរ​ឯងៗ ហើយ​គេ​ក៏​ចេញ​ទៅ​តាម​ផ្លូវ​មួយ រំពេច​នោះ ទេវតា​ក៏​ឃ្លាត​ចេញ​ពី​លោក​បាត់​ទៅ។ ពេល​នោះ លោក​ពេត្រុស​ដឹង​ខ្លួន ហើយ​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ប្រាកដ​ថា ព្រះ‌អម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​មក​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ហេរ៉ូឌ និង​ពី​បំណង​ទាំង​ប៉ុន្មាន​របស់​សាសន៍​យូដា​ហើយ»។

ចែក​រំលែក
អាន កិច្ចការ 12

កិច្ចការ 12:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​យប់​មុន​ពេល​ដែល​ព្រះ‌បាទ​ហេរ៉ូដ​យក​លោក​ពេត្រុស​ទៅ​កាត់​ទោស លោក​សម្រាន្ដ​ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ​ផង មាន​ទាហាន​ពីរ​នាក់​នៅ​អម​សង​ខាង ហើយ​ក៏​មាន​ទាហាន​យាម​នៅ​មាត់​ទ្វារ​ពន្ធ‌នាគារ​ដែរ។ ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ ទេវតា​ដាស់​លោក​ពេត្រុស ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។ ទេវតា​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ពោល​មក​លោក​ទៀត​ថា៖ «សូម​ពាក់​អាវ​ក្រៅ ហើយ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​ពេត្រុស​ក៏​ចេញ​ពី​ទី​ឃុំ‌ឃាំង ដើរ​តាម​ក្រោយ​ទេវតា​ទៅ។ លោក​ពុំ​នឹក​ស្មាន​ថា​ការ​ដែល​ទេវតា​កំពុង​ធ្វើ​នេះ​ជា​ការ​ពិត​ទេ លោក​ស្មាន​តែ​លោក​យល់‌សប្ដិ ។ ទេវតា និង​លោក​ពេត្រុស​បាន​ឆ្លង​ផុត​កន្លែង​យាម​ទី​មួយ និង​កន្លែង​យាម​ទី​ពីរ ហើយ​មក​ដល់​ទ្វារ​ដែក​ដែល​បែរ​ទៅ​រក​ទីក្រុង ទ្វារ​នោះ​របើក​នៅ​មុខ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ដើរ​ទៅ​តាម​ដង​ផ្លូវ​មួយ ហើយ​រំពេច​នោះ ស្រាប់​តែ​ទេវតា​ចេញ​បាត់​ពី​លោក​ពេត្រុស​ទៅ។ លោក​ពេត្រុស​បាន​ដឹង​ខ្លួន ក៏​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ហេតុ‌ការណ៍​នេះ​ជា​ការ​ពិត​មែន ព្រះ‌អម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ហេរ៉ូដ និង​រួច​ពី​បំណង​ដែល​ប្រជា‌ជន​យូដា​បម្រុង​ធ្វើ​មក​លើ​រូប​ខ្ញុំ»។

ចែក​រំលែក
អាន កិច្ចការ 12

កិច្ចការ 12:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ក្នុង​កាល​ដែល​ស្តេច​ហេរ៉ូឌ​គិត​នាំ​ពេត្រុស​មក នៅ​វេលា​យប់​នោះ​ឯង គាត់​ដេក​នៅ​ជា​កណ្តាល​ទាហាន​២​នាក់ មាន​ទាំង​ច្រវាក់​២​ខ្សែ​ជាប់​នៅ​ខ្លួន ហើយ​មាន​ពួក​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​រក្សា​គុក​ដែរ នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​ឈរ​ខាង​គាត់ ក៏​មាន​ពន្លឺ​ផ្សាយ​មក​ក្នុង​គុក ទេវតា​នោះ​ក៏​គោះ​ពី​ខាង​ចំហៀង ដាស់​គាត់​ឡើង​ថា ចូរ​ក្រោក​ឡើង​ជា​ប្រញាប់ នោះ​ច្រវាក់​ក៏​ជ្រុះ​ពី​ដៃ​គាត់​ចេញ រួច​ទេវតា​ប្រាប់​ថា ចូរ​ក្រវាត់​ខ្លួន ហើយ​ពាក់​ស្បែក​ជើង​ទៅ គាត់​ក៏​ធ្វើ​ដូច្នោះ ហើយ​ទេវតា​ប្រាប់​ទៀត​ថា ចូរ​ពាក់​អាវ​មក​តាម​ខ្ញុំ​ចុះ នោះ​គាត់​ចេញ​ទៅ​តាម​ទេវតា ឥត​មាន​ដឹង​ជា​ការ​ដែល​កើត​មក ដោយ‌សារ​ទេវតា​នោះ ជា​ពិត​ឬ​មិន​ពិត​ទេ គឺ​គាត់​ស្មាន​ថា​បាន​ឃើញ​ការ​ជាក់​ស្តែង​វិញ កាល​បាន​ដើរ​ផុត​ពី​អ្នក​យាម​ទី​១ រួច​ទី​២ នោះ​ក៏​មក​ដល់​ទ្វារ​ដែក ដែល​នាំ​ចេញ​ទៅ​ខាង​ក្រៅ ទ្វារ​នោះ​ក៏​របើក​ឯង កាល​បាន​ចេញ​ទៅ​ផុត​ផ្លូវ​១​ហើយ នោះ​ស្រាប់​តែ​ទេវតា​ឃ្លាត​ចេញ​ពី​គាត់​បាត់​ទៅ លុះ​ពេត្រុស​ដឹង​ខ្លួន​ឡើង ក៏​នឹក​ឃើញ​ថា ឥឡូវ​នេះ អញ​ដឹង​ប្រាកដ​ថា ព្រះ‌អម្ចាស់​បាន​ចាត់​ទេវតា​នៃ​ទ្រង់ ឲ្យ​មក​ដោះ​អញ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​ហេរ៉ូឌ ហើយ​ពី​គ្រប់​ទាំង​បំណង ដែល​សាសន៍​យូដា​បាន​រង់‌ចាំ​ដែរ

ចែក​រំលែក
អាន កិច្ចការ 12