កិច្ចការ 12:1-25
កិច្ចការ 12:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះបាទហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃក្រុមជំនុំ*។ ស្ដេចបានឲ្យគេប្រហារជីវិតលោកយ៉ាកុប ជាបងរបស់លោកយ៉ូហាន។ ដោយយល់ឃើញថាជនជាតិយូដាពេញចិត្ត ស្ដេចក៏ចាត់គេឲ្យទៅចាប់លោកពេត្រុសថែមទៀត។ ពេលនោះ ជាពេលបុណ្យនំប៉័ងឥតមេ*។ ក្រោយពីបានចាប់លោកពេត្រុសយកទៅឃុំឃាំងរួចហើយ ស្ដេចក៏បញ្ជាឲ្យទាហានបួនក្រុមយាមលោក ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ព្រះបាទហេរ៉ូដមានបំណងនឹងកាត់ទោសលោកនៅមុខប្រជាជន ក្រោយបុណ្យចម្លង*។ ដូច្នេះ នៅពេលនោះលោកពេត្រុសក៏ជាប់នៅក្នុងមន្ទីរឃុំឃាំងទៅ។ ក្រុមជំនុំបាននាំគ្នាទូលអង្វរព្រះជាម្ចាស់ឥតស្រាកស្រាន្ត សូមព្រះអង្គជួយលោក។ នៅយប់មុនពេលដែលព្រះបាទហេរ៉ូដយកលោកពេត្រុសទៅកាត់ទោស លោកសម្រាន្ដទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។ ពេលនោះ ទេវតា*របស់ព្រះអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទីឃុំឃាំង។ ទេវតាដាស់លោកពេត្រុស ដោយកេះលោកពីចំហៀង ទាំងពោលថា៖ «សូមក្រោកឡើងជាប្រញាប់!»។ ច្រវាក់ក៏របូតធ្លាក់ពីដៃលោក។ ទេវតាពោលមកកាន់លោកថា៖ «សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវតាពោលមកលោកទៀតថា៖ «សូមពាក់អាវក្រៅ ហើយអញ្ជើញមកតាមខ្ញុំ»។ លោកពេត្រុសក៏ចេញពីទីឃុំឃាំង ដើរតាមក្រោយទេវតាទៅ។ លោកពុំនឹកស្មានថាការដែលទេវតាកំពុងធ្វើនេះជាការពិតទេ លោកស្មានតែលោកយល់សប្ដិ ។ ទេវតា និងលោកពេត្រុសបានឆ្លងផុតកន្លែងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វារដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយ ហើយរំពេចនោះ ស្រាប់តែទេវតាចេញបាត់ពីលោកពេត្រុសទៅ។ លោកពេត្រុសបានដឹងខ្លួន ក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គមកដោះលែងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើរូបខ្ញុំ»។ យល់ឃើញដូច្នោះហើយ លោកក៏ទៅផ្ទះនាងម៉ារី ជាម្ដាយលោកយ៉ូហាន ហៅម៉ាកុស ជាកន្លែងមានបងប្អូនជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។ នៅពេលលោកគោះទ្វារ មានស្ត្រីបម្រើម្នាក់ឈ្មោះ នាងរ៉ូដាចេញមកសួរ នាងស្គាល់ថាជាសំឡេងរបស់លោកពេត្រុស។ ដោយនាងត្រេកអរខ្លាំងពេក នាងពុំបានបើកទ្វារឲ្យទេ នាងបែរជារត់ចូលទៅជូនដំណឹងប្រាប់ពួកបងប្អូនថា៖ «លោកពេត្រុសមកដល់ហើយ លោកឈរនៅមាត់ទ្វារ»។ គេនាំគ្នានិយាយមកកាន់នាងថា៖ «នាងឆ្កួតហើយ!» ប៉ុន្តែ នាងបានប្រកែកវិញថា៖ «លោកពិតជាមកដល់មែន»។ គេពោលថា៖ «ប្រហែលជាទេវតា*របស់លោកទេដឹង!»។ លោកពេត្រុសនៅតែគោះទ្វារដដែល គេក៏ចេញទៅបើកទ្វារឲ្យ ហើយពេលឃើញលោក គេងឿងឆ្ងល់យ៉ាងខ្លាំង។ លោកពេត្រុសធ្វើសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលព្រះអម្ចាស់បានជួយលោក ឲ្យចេញរួចពីទីឃុំឃាំង។ លោកមានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជម្រាបលោកយ៉ាកុប និងពួកបងប្អូនផង»។ បន្ទាប់មក លោកបានចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។ លុះភ្លឺឡើង ពួកទាហាននាំគ្នាជ្រួលច្របល់យ៉ាងខ្លាំង ព្រោះមិនដឹងជាលោកពេត្រុសទៅណាបាត់។ ព្រះបាទហេរ៉ូដបញ្ជាឲ្យគេរកលោក តែរកមិនឃើញសោះ ស្ដេចក៏ឲ្យគេកាត់ទោសពួកអ្នកយាម រួចឲ្យគេនាំយកទៅសម្លាប់។ បន្ទាប់មក ស្ដេចយាងចុះពីស្រុកយូដាទៅប្រថាប់នៅក្រុងសេសារា។ ព្រះបាទហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្តគំនិតគ្នាចូលទៅគាល់ស្ដេច។ គេបានបញ្ចុះបញ្ចូលលោកប្លាសតុស ជាមហាតលិកឲ្យមកខាងគេ ហើយទូលសូមសន្តិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរព្រះបាទហេរ៉ូដ។ លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូដទ្រង់គ្រឿងគង់លើបល្ល័ង្ក ហើយមានរាជឱង្ការឲ្យប្រជាជនស្ដាប់។ ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាព្រះសូរសៀងរបស់ព្រះ មិនមែនសំឡេងរបស់មនុស្សទេ!»។ រំពេចនោះ ស្រាប់តែមានទេវតារបស់ព្រះជាម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះស្ដេចពុំបានថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។ មនុស្សម្នាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំនួនអ្នកជឿបានកើនឡើងជាលំដាប់ ។ រីឯលោកបារណាបាស និងលោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដោយយកលោកយ៉ូហានហៅម៉ាកុសទៅជាមួយផង។
កិច្ចការ 12:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ព្រះបាទហេរ៉ូឌ ចាប់ផ្តើមបៀតបៀនក្រុមជំនុំជាខ្លាំង។ ទ្រង់បានសម្លាប់លោកយ៉ាកុប ជាបងរបស់លោកយ៉ូហានដោយដាវ។ ដោយយល់ឃើញថា ការនោះពេញចិត្តដល់សាសន៍យូដា ទ្រង់ក៏ចាប់លោកពេត្រុសថែមទៀត។ (ពេលនោះ ជាឱកាសបុណ្យនំបុ័ងឥតដំបែ)។ ពេលចាប់លោកពេត្រុសបានហើយ ស្ដេចក៏យកលោកទៅដាក់គុក ហើយប្រគល់ឲ្យទាហានបួនក្រុមយាមលោក ដោយមានបំណងនាំលោកមកដាក់នៅមុខប្រជាជន ក្រោយថ្ងៃបុណ្យរំលង។ ដូច្នេះ លោកពេត្រុសត្រូវជាប់នៅក្នុងគុក ប៉ុន្តែ ក្រុមជំនុំអធិស្ឋានដល់ព្រះឲ្យលោកយ៉ាងអស់ពីចិត្ត។ នៅយប់មុនពេលដែលព្រះបាទហេរ៉ូឌបម្រុងនឹងនាំលោកពេត្រុសចេញ លោកដេកនៅកណ្តាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកទៀតផង។ រំពេចនោះ មានទេវតារបស់ព្រះអម្ចាស់ឈរក្បែរលោក ហើយមានពន្លឺមួយភ្លឺជះចូលទៅក្នុងគុក។ ទេវតានោះក៏គោះលោកពីចំហៀង ហើយដាស់លោកថា៖ «សូមក្រោកឡើងជាប្រញាប់!» នោះច្រវាក់ក៏របូតធ្លាក់ពីដៃលោក។ ទេវតានេះពោលមកកាន់លោកថា៖ «សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវតាប្រាប់លោកថា៖ «សូមពាក់អាវ ហើយមកតាមខ្ញុំ»។ លោកពេត្រុសក៏ចេញទៅតាមទេវតានោះ។ លោកមិនបានដឹងថា ហេតុការណ៍ដែលកំពុងកើតឡើងដោយសារទេវតានោះជាការពិតទេ គឺលោកស្មានថាបានឃើញនិមិត្ត។ កាលបានបានដើរផុតអ្នកយាមទីមួយ និងអ្នកយាមទីពីរហើយ នោះក៏បានមកដល់ទ្វារដែក ដែលត្រូវចេញទៅទីក្រុង។ ទ្វារនោះបានបើកឲ្យអ្នកទាំងពីរឯងៗ ហើយគេក៏ចេញទៅតាមផ្លូវមួយ រំពេចនោះ ទេវតាក៏ឃ្លាតចេញពីលោកបាត់ទៅ។ ពេលនោះ លោកពេត្រុសដឹងខ្លួន ហើយពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គមកដោះលែងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចហេរ៉ូឌ និងពីបំណងទាំងប៉ុន្មានរបស់សាសន៍យូដាហើយ»។ លុះលោកពិចារណារឿងនេះហើយ លោកក៏ចូលទៅផ្ទះនាងម៉ារា ជាម្តាយយ៉ូហាន ដែលឈ្មោះមួយទៀតហៅថាម៉ាកុស ជាកន្លែងដែលមនុស្សជាច្រើនជួបជុំគ្នាអធិស្ឋាន។ ពេលលោកពេត្រុសគោះទ្វារមុខ ស្រ្ដីបម្រើម្នាក់ ឈ្មោះរ៉ូដា មកផ្ទៀងស្តាប់។ កាលបានស្គាល់ថាជាសំឡេងរបស់លោកពេត្រុស នាងត្រេកអរជាខ្លាំង មិនបានបើកទ្វារឲ្យទេ តែបែរជារត់ចូលទៅប្រាប់គេវិញថា លោកពេត្រុសកំពុងឈរនៅមាត់ទ្វារ។ គេនិយាយទៅកាន់នាងថា៖ «នាងវង្វេងហើយ!» តែនាងនៅតែប្រកែកថា ពិតលោកពេត្រុសមែន រួចគេថា៖ «គឺទេវតារបស់លោកទេ!»។ លោកពេត្រុសនៅតែគោះទ្វារ រួចពេលគេបើកទ្វារឃើញលោក គេក៏ស្រឡាំងកាំង។ ប៉ុន្ដែ លោកធ្វើដៃជាសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់ប្រាប់គេពីរបៀបដែលព្រះអម្ចាស់បាននាំលោកចេញពីគុក ហើយលោកផ្តាំគេថា៖ «សូមជម្រាបរឿងនេះដល់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មក លោកក៏ចេញទៅកន្លែងមួយផ្សេងទៀត។ លុះភ្លឺឡើង កើតមានវឹកវរយ៉ាងខ្លាំងនៅក្នុងចំណោមពួកទាហាន ពីហេតុការណ៍ដែលបានកើតឡើងដល់លោកពេត្រុស។ កាលព្រះបាទហេរ៉ូឌរកលោកមិនឃើញ ស្ដេចក៏សួរចម្លើយពួកអ្នកយាម ហើយបញ្ជាឲ្យគេយកទៅសម្លាប់។ បន្ទាប់មក ស្តេចយាងចុះពីស្រុកយូដា ទៅក្រុងសេសារា ហើយក៏គង់នៅទីនោះ។ ព្រះបាទហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុស និងក្រុងស៊ីដូនជាខ្លាំង។ ដូច្នេះ អ្នកទាំងនោះរួមចិត្តគ្នាមកគាល់ស្តេច ហើយក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុស ជាមហាតលិករបស់ស្តេចរួចហើយ គេក៏ទូលសូមឲ្យមានសន្ដិភាព ព្រោះស្រុករបស់គេទទួលស្បៀងអាហារពីស្តេច។ លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូឌទ្រង់គ្រងព្រះពស្ត្ររាជ្យ គង់នៅលើបល្ល័ង្ក ហើយមានរាជឱង្ការទៅកាន់ពួកគេ។ ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះ មិនមែនជាសំឡេងរបស់មនុស្សទេ!»។ រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏ប្រហារស្តេច ព្រោះស្តេចមិនបានថ្វាយសិរីល្អដល់ព្រះ ស្ដេចក៏ត្រូវដង្កូវចោះ ហើយផុតដង្ហើមទៅ។ ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះចេះតែចម្រើនឡើង ហើយមានមនុស្សជាច្រើនបានជឿ។ ពេលនោះ លោកបាណាបាស និងលោកសុលបានធ្វើការងាររបស់ខ្លួនចប់សព្វគ្រប់ហើយ ក៏វិលត្រឡប់ពីក្រុងយេរូសាឡិមវិញ ទាំងនាំយ៉ូហាន ដែលមានឈ្មោះមួយទៀតថាម៉ាកុស មកជាមួយដែរ។
កិច្ចការ 12:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ស្តេចហេរ៉ូឌ ទ្រង់លូកព្រះហស្តទៅ ចាប់ធ្វើទុក្ខដល់ពួកជំនុំខ្លះ ក៏សំឡាប់យ៉ាកុប ជាបងយ៉ូហាន ដោយដាវផង លុះទ្រង់យល់ឃើញថា ការនោះជាទីគាប់ចិត្តដល់ពួកសាសន៍យូដា នោះក៏ចាប់ពេត្រុសថែមទៀត (រីឯវេលានោះជាបុណ្យនំបុ័ងឥតដំបែ) កាលចាប់បានហើយ នោះក៏ដាក់គុក ព្រមទាំងប្រគល់ដល់ទាហាន៤សង្កាត់ឲ្យឃុំរក្សាទុក ដោយប្រាថ្នានឹងនាំគាត់មកនៅមុខបណ្តាជន ក្រោយថ្ងៃបុណ្យរំលង ដូច្នេះ គេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំ គេខំប្រឹងអធិស្ឋានដល់ព្រះឲ្យគាត់អស់ពីចិត្ត រីឯក្នុងកាលដែលស្តេចហេរ៉ូឌគិតនាំពេត្រុសមក នៅវេលាយប់នោះឯង គាត់ដេកនៅជាកណ្តាលទាហាន២នាក់ មានទាំងច្រវាក់២ខ្សែជាប់នៅខ្លួន ហើយមានពួកទាហានចាំយាមនៅមាត់ទ្វាររក្សាគុកដែរ នោះមើល មានទេវតានៃព្រះអម្ចាស់ឈរខាងគាត់ ក៏មានពន្លឺផ្សាយមកក្នុងគុក ទេវតានោះក៏គោះពីខាងចំហៀង ដាស់គាត់ឡើងថា ចូរក្រោកឡើងជាប្រញាប់ នោះច្រវាក់ក៏ជ្រុះពីដៃគាត់ចេញ រួចទេវតាប្រាប់ថា ចូរក្រវាត់ខ្លួន ហើយពាក់ស្បែកជើងទៅ គាត់ក៏ធ្វើដូច្នោះ ហើយទេវតាប្រាប់ទៀតថា ចូរពាក់អាវមកតាមខ្ញុំចុះ នោះគាត់ចេញទៅតាមទេវតា ឥតមានដឹងជាការដែលកើតមក ដោយសារទេវតានោះ ជាពិតឬមិនពិតទេ គឺគាត់ស្មានថាបានឃើញការជាក់ស្តែងវិញ កាលបានដើរផុតពីអ្នកយាមទី១ រួចទី២ នោះក៏មកដល់ទ្វារដែក ដែលនាំចេញទៅខាងក្រៅ ទ្វារនោះក៏របើកឯង កាលបានចេញទៅផុតផ្លូវ១ហើយ នោះស្រាប់តែទេវតាឃ្លាតចេញពីគាត់បាត់ទៅ លុះពេត្រុសដឹងខ្លួនឡើង ក៏នឹកឃើញថា ឥឡូវនេះ អញដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតានៃទ្រង់ ឲ្យមកដោះអញឲ្យរួចពីកណ្តាប់ដៃនៃស្តេចហេរ៉ូឌ ហើយពីគ្រប់ទាំងបំណង ដែលសាសន៍យូដាបានរង់ចាំដែរ លុះគាត់ពិចារណាហើយ នោះក៏ទៅឯផ្ទះម៉ារា ជាម្តាយយ៉ូហាន-ម៉ាកុស ជាកន្លែងដែលមនុស្សជាច្រើនបានប្រជុំគ្នាអធិស្ឋាន គាត់ក៏គោះទ្វារមុខ នោះមានស្រីបំរើម្នាក់ ឈ្មោះរ៉ូដា មកផ្ទៀងស្តាប់ លុះស្គាល់សំឡេងពេត្រុសហើយ នោះនាងមានសេចក្ដីអំណរដ៏ពន្លឹក ដល់ម៉្លេះបានជាភ្លេចទាំងបើកទ្វារ រត់ចូលទៅប្រាប់គេវិញ ថា លោកពេត្រុសឈរនៅមាត់ទ្វារ តែគេស្តីថា ឯងវង្វេងហើយ តែនាងនៅតែថា ប្រាកដមែនៗ រួចគេថាជាទេវតារបស់គាត់ទេ ឯពេត្រុស គាត់ចេះតែគោះទ្វារថែម កាលគេបានបើកទ្វារឃើញ នោះគេមានសេចក្ដីស្រឡាំងកាំង តែគាត់ធ្វើគ្រឿងសំគាល់នឹងដៃ ឲ្យគេស្ងៀមទៅ រួចក៏រ៉ាយរឿងប្រាប់គេ ពីដំណើរដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុកជាយ៉ាងណា ហើយគាត់ផ្តាំគេថា សូមប្រាប់រឿងនេះដល់យ៉ាកុប នឹងពួកបងប្អូនឲ្យដឹងផង នោះគាត់ចេញទៅឯកន្លែង១ទៀតទៅ។ លុះភ្លឺឡើង ក៏កើតមានវឹកវរជាធំ នៅក្នុងពួកកងទាហាន ពីដំណើរពេត្រុស ដែលទៅឯណាបាត់ កាលស្តេចហេរ៉ូឌបានរកគាត់មិនឃើញ នោះក៏ពិចារណាសួរពួកអ្នកយាមល្បាត ហើយបង្គាប់ឲ្យនាំគេទៅសំឡាប់បង់ រួចស្តេចក៏យាងចុះពីស្រុកយូដា ទៅឯសេសារា គង់នៅទីនោះ។ រីឯស្តេចហេរ៉ូឌ ទ្រង់មានព្រះទ័យចងគំនុំនឹងពួកអ្នកនៅស្រុកទីរ៉ុស នឹងស៊ីដូនជាខ្លាំង តែគេស្រុះចិត្តគ្នានឹងមកគាល់ស្តេច លុះបានបញ្ចុះបញ្ចូលប្លាសតុស ជាមន្ត្រីសេវកាមាត្យរបស់ស្តេចហើយ នោះក៏សូមចងជាស្ពានមេត្រីវិញ ពីព្រោះគេតែងតែបានស្បៀងអាហារ ពីស្រុកស្តេចមក លុះដល់ថ្ងៃកំណត់ ស្តេចហេរ៉ូឌទ្រង់ព្រះពស្ត្រារាជ្យ កំពុងតែគង់នៅលើបល្ល័ង្ក អធិប្បាយឲ្យគេស្តាប់ ហើយរាស្ត្រគ្រប់គ្នាចេះតែបន្លឺវាចាថា នេះជាសំឡេងព្រះទេវ៉ឺយ មិនមែនជាសំឡេងមនុស្សទេ នោះស្រាប់តែទេវតានៃព្រះអម្ចាស់ប្រហារស្តេច ឲ្យសុគតទៅដោយដង្កូវចុះ ពីព្រោះស្តេចមិនបានផ្ទេរសេចក្ដីសរសើរនោះ ថ្វាយដល់ព្រះវិញ។ ឯព្រះបន្ទូល ក៏ដុះដាលចំរើន កាន់តែច្រើនឡើង កាលបាណាបាស នឹងសុល បានធ្វើការងាររបស់ខ្លួនរួចសព្វគ្រប់ហើយ នោះក៏ត្រឡប់ពីក្រុងយេរូសាឡិមមកវិញ នាំទាំងយ៉ូហាន-ម៉ាកុសមកជាមួយផង។