កិច្ចការ 12:1-19

កិច្ចការ 12:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូដ​ចាប់​ផ្ដើម​បៀត‌បៀន​សមាជិក​ខ្លះ​នៃ​ក្រុម‌ជំនុំ*។ ស្ដេច​បាន​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យ៉ាកុប ជា​បង​របស់​លោក​យ៉ូហាន។ ដោយ​យល់​ឃើញ​ថា​ជន‌ជាតិ​យូដា​ពេញ​ចិត្ត ស្ដេច​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ ពេល​នោះ ជា​ពេល​បុណ្យ​នំប៉័ង​ឥត​មេ*។ ក្រោយ​ពី​បាន​ចាប់​លោក​ពេត្រុស​យក​ទៅ​ឃុំ‌ឃាំង​រួច​ហើយ ស្ដេច​ក៏​បញ្ជា​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់។ ព្រះ‌បាទ​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​លោក​នៅ​មុខ​ប្រជា‌ជន ក្រោយ​បុណ្យ​ចម្លង*។ ដូច្នេះ នៅ​ពេល​នោះ​លោក​ពេត្រុស​ក៏​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំ‌ឃាំង​ទៅ។ ក្រុម‌ជំនុំ​បាន​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឥត​ស្រាក‌ស្រាន្ត សូម​ព្រះអង្គ​ជួយ​លោក។ នៅ​យប់​មុន​ពេល​ដែល​ព្រះ‌បាទ​ហេរ៉ូដ​យក​លោក​ពេត្រុស​ទៅ​កាត់​ទោស លោក​សម្រាន្ដ​ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ​ផង មាន​ទាហាន​ពីរ​នាក់​នៅ​អម​សង​ខាង ហើយ​ក៏​មាន​ទាហាន​យាម​នៅ​មាត់​ទ្វារ​ពន្ធ‌នាគារ​ដែរ។ ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ ទេវតា​ដាស់​លោក​ពេត្រុស ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។ ទេវតា​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ពោល​មក​លោក​ទៀត​ថា៖ «សូម​ពាក់​អាវ​ក្រៅ ហើយ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​ពេត្រុស​ក៏​ចេញ​ពី​ទី​ឃុំ‌ឃាំង ដើរ​តាម​ក្រោយ​ទេវតា​ទៅ។ លោក​ពុំ​នឹក​ស្មាន​ថា​ការ​ដែល​ទេវតា​កំពុង​ធ្វើ​នេះ​ជា​ការ​ពិត​ទេ លោក​ស្មាន​តែ​លោក​យល់‌សប្ដិ ។ ទេវតា និង​លោក​ពេត្រុស​បាន​ឆ្លង​ផុត​កន្លែង​យាម​ទី​មួយ និង​កន្លែង​យាម​ទី​ពីរ ហើយ​មក​ដល់​ទ្វារ​ដែក​ដែល​បែរ​ទៅ​រក​ទីក្រុង ទ្វារ​នោះ​របើក​នៅ​មុខ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ដើរ​ទៅ​តាម​ដង​ផ្លូវ​មួយ ហើយ​រំពេច​នោះ ស្រាប់​តែ​ទេវតា​ចេញ​បាត់​ពី​លោក​ពេត្រុស​ទៅ។ លោក​ពេត្រុស​បាន​ដឹង​ខ្លួន ក៏​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ហេតុ‌ការណ៍​នេះ​ជា​ការ​ពិត​មែន ព្រះ‌អម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ហេរ៉ូដ និង​រួច​ពី​បំណង​ដែល​ប្រជា‌ជន​យូដា​បម្រុង​ធ្វើ​មក​លើ​រូប​ខ្ញុំ»។ យល់​ឃើញ​ដូច្នោះ​ហើយ លោក​ក៏​ទៅ​ផ្ទះ​នាង​ម៉ារី ជា​ម្ដាយ​លោក​យ៉ូហាន ហៅ​ម៉ាកុស ជា​កន្លែង​មាន​បងប្អូន​ជា​ច្រើន​កំពុង​ជួប‌ជុំ​គ្នា​អធិស្ឋាន។ នៅ​ពេល​លោក​គោះ​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់​ឈ្មោះ នាង​រ៉ូដា​ចេញ​មក​សួរ នាង​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស។ ដោយ​នាង​ត្រេក​អរ​ខ្លាំង​ពេក នាង​ពុំ​បាន​បើក​ទ្វារ​ឲ្យ​ទេ នាង​បែរ​ជា​រត់​ចូល​ទៅ​ជូន​ដំណឹង​ប្រាប់​ពួក​បងប្អូន​ថា៖ «លោក​ពេត្រុស​មក​ដល់​ហើយ លោក​ឈរ​នៅ​មាត់​ទ្វារ»។ គេ​នាំ​គ្នា​និយាយ​មក​កាន់​នាង​ថា៖ «នាង​ឆ្កួត​ហើយ!» ប៉ុន្តែ នាង​បាន​ប្រកែក​វិញ​ថា៖ «លោក​ពិត​ជា​មក​ដល់​មែន»។ គេ​ពោល​ថា៖ «ប្រហែល​ជា​ទេវតា*​របស់​លោក​ទេ​ដឹង!»។ លោក​ពេត្រុស​នៅ​តែ​គោះ​ទ្វារ​ដដែល គេ​ក៏​ចេញ​ទៅ​បើក​ទ្វារ​ឲ្យ ហើយ​ពេល​ឃើញ​លោក គេ​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង។ លោក​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​លោក ឲ្យ​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​យ៉ាកុប និង​ពួក​បងប្អូន​ផង»។ បន្ទាប់​មក លោក​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។ លុះ​ភ្លឺ​ឡើង ពួក​ទាហាន​នាំ​គ្នា​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ព្រោះ​មិន​ដឹង​ជា​លោក​ពេត្រុស​ទៅ​ណា​បាត់។ ព្រះ‌បាទ​ហេរ៉ូដ​បញ្ជា​ឲ្យ​គេ​រក​លោក តែ​រក​មិន​ឃើញ​សោះ ស្ដេច​ក៏​ឲ្យ​គេ​កាត់​ទោស​ពួក​អ្នក​យាម រួច​ឲ្យ​គេ​នាំ​យក​ទៅ​សម្លាប់។ បន្ទាប់​មក ស្ដេច​យាង​ចុះ​ពី​ស្រុក​យូដា​ទៅ​ប្រថាប់​នៅ​ក្រុង​សេសារា។

ចែក​រំលែក
អាន កិច្ចការ 12

កិច្ចការ 12:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូឌ ចាប់​ផ្តើម​បៀត​បៀន​ក្រុម​ជំនុំ​ជា​ខ្លាំង។ ទ្រង់​បាន​សម្លាប់​លោក​យ៉ាកុប ជា​បង​របស់​លោក​យ៉ូហានដោយ​ដាវ។ ដោយ​យល់​ឃើញ​ថា ការ​នោះ​ពេញ​ចិត្ត​ដល់​សាសន៍​យូដា ទ្រង់​ក៏​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ (ពេល​នោះ ជា​ឱកាស​បុណ្យ​នំបុ័ង​ឥត​ដំបែ)។ ពេល​ចាប់​លោក​ពេត្រុស​បាន​ហើយ ស្ដេច​ក៏​យក​លោក​ទៅ​ដាក់​គុក ហើយ​ប្រគល់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ដោយ​មាន​បំណង​នាំ​លោក​មកដាក់នៅ​មុខ​ប្រជាជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង។ ដូច្នេះ លោក​ពេត្រុស​ត្រូវ​ជាប់​នៅ​ក្នុង​គុក ប៉ុន្តែ ក្រុម​ជំនុំ​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​លោកយ៉ាង​អស់​ពី​ចិត្ត។ នៅ​យប់​មុន​ពេលដែល​ព្រះ‌បាទ​ហេរ៉ូឌបម្រុង​នឹង​នាំ​លោក​ពេត្រុស​ចេញ លោក​ដេក​នៅ​កណ្តាល​ទាហាន​ពីរ​នាក់ ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ ហើយ​មាន​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​គុកទៀត​ផង។ រំពេច​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​ក្បែរ​លោក ហើយ​មាន​ពន្លឺ​មួយ​ភ្លឺ​ជះ​ចូលទៅ​ក្នុង​គុក។ ទេវតា​នោះ​ក៏​គោះ​លោក​ពី​ចំហៀង ហើយ​ដាស់​លោក​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!» នោះ​ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។ ទេវតា​នេះ​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ប្រាប់​លោក​ថា៖ «សូម​ពាក់​អាវ ហើយ​មក​តាម​ខ្ញុំ»។ លោក​ពេត្រុស​ក៏​ចេញ​ទៅ​តាម​ទេវតា​នោះ។ លោក​មិន​បាន​ដឹង​ថា ហេតុ‌ការណ៍​ដែល​កំពុង​កើត​ឡើង​ដោយ​សារ​ទេវតា​នោះ​ជា​ការ​ពិត​ទេ គឺ​លោក​ស្មាន​ថា​បាន​ឃើញ​និមិត្ត។ កាល​បាន​បាន​ដើរ​ផុត​អ្នក​យាម​ទី​មួយ និង​អ្នក​យាម​ទី​ពីរ​ហើយ នោះ​ក៏​បាន​មក​ដល់​ទ្វារ​ដែក ដែល​ត្រូវ​ចេញ​ទៅ​ទី​ក្រុង។ ទ្វារ​នោះ​បាន​បើក​ឲ្យ​អ្នក​ទាំង​ពីរ​ឯងៗ ហើយ​គេ​ក៏​ចេញ​ទៅ​តាម​ផ្លូវ​មួយ រំពេច​នោះ ទេវតា​ក៏​ឃ្លាត​ចេញ​ពី​លោក​បាត់​ទៅ។ ពេល​នោះ លោក​ពេត្រុស​ដឹង​ខ្លួន ហើយ​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ប្រាកដ​ថា ព្រះ‌អម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​មក​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ហេរ៉ូឌ និង​ពី​បំណង​ទាំង​ប៉ុន្មាន​របស់​សាសន៍​យូដា​ហើយ»។ លុះ​លោក​ពិចារណា​រឿង​នេះ​ហើយ លោក​ក៏​ចូល​ទៅ​ផ្ទះនាង​ម៉ារា ជា​ម្តាយ​យ៉ូហាន ដែល​ឈ្មោះ​មួយ​ទៀត​ហៅ​ថា​ម៉ាកុស ជា​កន្លែងដែល​មនុស្ស​ជា​ច្រើន​ជួប​ជុំ​គ្នា​អធិស្ឋាន។ ពេល​លោក​ពេត្រុស​គោះ​ទ្វារ​មុខ ស្រ្ដី​បម្រើ​ម្នាក់ ឈ្មោះ​រ៉ូដា មក​ផ្ទៀង​ស្តាប់។ កាល​បាន​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស នាងត្រេកអរជា​ខ្លាំង មិន​បាន​បើក​ទ្វារ​ឲ្យ​ទេ តែ​បែរជា​រត់​ចូល​ទៅ​ប្រាប់​គេ​វិញ​ថា លោក​ពេត្រុស​កំពុង​ឈរ​នៅ​មាត់​ទ្វារ។ គេ​និយាយ​ទៅ​កាន់​នាង​ថា៖ «នាង​វង្វេង​ហើយ!» តែ​នាង​នៅ​តែ​ប្រកែក​ថា ពិត​លោក​ពេត្រុស​មែន រួច​គេ​ថា៖ «គឺ​ទេវតា​របស់​លោក​ទេ!»។ លោក​ពេត្រុស​នៅ​តែ​គោះ​ទ្វារ រួច​ពេល​គេ​បើក​ទ្វារឃើញ​លោក គេ​ក៏​ស្រឡាំង​កាំង។ ប៉ុន្ដែ លោក​ធ្វើ​ដៃ​ជា​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​ប្រាប់​គេ​ពី​របៀប​ដែល​ព្រះ‌អម្ចាស់​បាន​នាំ​លោក​ចេញ​ពី​គុក ហើយ​លោក​ផ្តាំ​គេ​ថា៖ «សូម​ជម្រាប​រឿង​នេះ​ដល់​លោក​យ៉ាកុប និង​ពួក​បង‌ប្អូន​ឲ្យ​ដឹង​ផង»។ បន្ទាប់មក លោក​ក៏​ចេញ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។ លុះ​ភ្លឺ​ឡើង កើត​មាន​វឹក‌វរ​យ៉ាង​ខ្លាំងនៅ​ក្នុង​ចំណោមពួក​ទាហាន ពីហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​ដល់​លោក​ពេត្រុស។ កាល​ព្រះ‌បាទ​ហេរ៉ូឌ​រកលោក​មិន​ឃើញ ស្ដេច​ក៏​សួរ​ចម្លើយ​ពួក​អ្នកយាម ហើយ​បញ្ជា​ឲ្យ​គេ​យក​ទៅ​សម្លាប់។ បន្ទាប់មក ស្តេច​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ក្រុង​សេ‌សារា ហើយ​ក៏​គង់​នៅ​ទី​នោះ។

ចែក​រំលែក
អាន កិច្ចការ 12

កិច្ចការ 12:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ស្តេច​ហេរ៉ូឌ ទ្រង់​លូក​ព្រះ‌ហស្ត​ទៅ ចាប់​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លះ ក៏​សំឡាប់​យ៉ាកុប ជា​បង​យ៉ូហាន ដោយ​ដាវ​ផង លុះ​ទ្រង់​យល់​ឃើញ​ថា ការ​នោះ​ជា​ទី​គាប់​ចិត្ត​ដល់​ពួក​សាសន៍​យូដា នោះ​ក៏​ចាប់​ពេត្រុស​ថែម​ទៀត (រីឯ​វេលា​នោះ​ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ) កាល​ចាប់​បាន​ហើយ នោះ​ក៏​ដាក់​គុក ព្រម​ទាំង​ប្រគល់​ដល់​ទាហាន​៤​សង្កាត់​ឲ្យ​ឃុំ​រក្សា​ទុក ដោយ​ប្រាថ្នា​នឹង​នាំ​គាត់​មក​នៅ​មុខ​បណ្តាជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង ដូច្នេះ គេ​ក៏​ឃុំ​ពេត្រុស​ទុក​នៅ​ក្នុង​គុក តែ​ចំណែក​ខាង​ពួក​ជំនុំ គេ​ខំ​ប្រឹង​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​គាត់​អស់​ពី​ចិត្ត រីឯ​ក្នុង​កាល​ដែល​ស្តេច​ហេរ៉ូឌ​គិត​នាំ​ពេត្រុស​មក នៅ​វេលា​យប់​នោះ​ឯង គាត់​ដេក​នៅ​ជា​កណ្តាល​ទាហាន​២​នាក់ មាន​ទាំង​ច្រវាក់​២​ខ្សែ​ជាប់​នៅ​ខ្លួន ហើយ​មាន​ពួក​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​រក្សា​គុក​ដែរ នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​ឈរ​ខាង​គាត់ ក៏​មាន​ពន្លឺ​ផ្សាយ​មក​ក្នុង​គុក ទេវតា​នោះ​ក៏​គោះ​ពី​ខាង​ចំហៀង ដាស់​គាត់​ឡើង​ថា ចូរ​ក្រោក​ឡើង​ជា​ប្រញាប់ នោះ​ច្រវាក់​ក៏​ជ្រុះ​ពី​ដៃ​គាត់​ចេញ រួច​ទេវតា​ប្រាប់​ថា ចូរ​ក្រវាត់​ខ្លួន ហើយ​ពាក់​ស្បែក​ជើង​ទៅ គាត់​ក៏​ធ្វើ​ដូច្នោះ ហើយ​ទេវតា​ប្រាប់​ទៀត​ថា ចូរ​ពាក់​អាវ​មក​តាម​ខ្ញុំ​ចុះ នោះ​គាត់​ចេញ​ទៅ​តាម​ទេវតា ឥត​មាន​ដឹង​ជា​ការ​ដែល​កើត​មក ដោយ‌សារ​ទេវតា​នោះ ជា​ពិត​ឬ​មិន​ពិត​ទេ គឺ​គាត់​ស្មាន​ថា​បាន​ឃើញ​ការ​ជាក់​ស្តែង​វិញ កាល​បាន​ដើរ​ផុត​ពី​អ្នក​យាម​ទី​១ រួច​ទី​២ នោះ​ក៏​មក​ដល់​ទ្វារ​ដែក ដែល​នាំ​ចេញ​ទៅ​ខាង​ក្រៅ ទ្វារ​នោះ​ក៏​របើក​ឯង កាល​បាន​ចេញ​ទៅ​ផុត​ផ្លូវ​១​ហើយ នោះ​ស្រាប់​តែ​ទេវតា​ឃ្លាត​ចេញ​ពី​គាត់​បាត់​ទៅ លុះ​ពេត្រុស​ដឹង​ខ្លួន​ឡើង ក៏​នឹក​ឃើញ​ថា ឥឡូវ​នេះ អញ​ដឹង​ប្រាកដ​ថា ព្រះ‌អម្ចាស់​បាន​ចាត់​ទេវតា​នៃ​ទ្រង់ ឲ្យ​មក​ដោះ​អញ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​ហេរ៉ូឌ ហើយ​ពី​គ្រប់​ទាំង​បំណង ដែល​សាសន៍​យូដា​បាន​រង់‌ចាំ​ដែរ លុះ​គាត់​ពិចារណា​ហើយ នោះ​ក៏​ទៅ​ឯ​ផ្ទះ​ម៉ារា ជា​ម្តាយ​យ៉ូហាន-ម៉ាកុស ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​បាន​ប្រជុំ​គ្នា​អធិស្ឋាន គាត់​ក៏​គោះ​ទ្វារ​មុខ នោះ​មាន​ស្រី​បំរើ​ម្នាក់ ឈ្មោះ​រ៉ូដា មក​ផ្ទៀង​ស្តាប់ លុះ​ស្គាល់​សំឡេង​ពេត្រុស​ហើយ នោះ​នាង​មាន​សេចក្ដី​អំណរ​ដ៏​ពន្លឹក ដល់​ម៉្លេះ​បាន​ជា​ភ្លេច​ទាំង​បើក​ទ្វារ រត់​ចូល​ទៅ​ប្រាប់​គេ​វិញ ថា លោក​ពេត្រុស​ឈរ​នៅ​មាត់​ទ្វារ តែ​គេ​ស្តី​ថា ឯង​វង្វេង​ហើយ តែ​នាង​នៅ​តែ​ថា ប្រាកដ​មែនៗ រួច​គេ​ថា​ជា​ទេវតា​របស់​គាត់​ទេ ឯ​ពេត្រុស គាត់​ចេះ​តែ​គោះ​ទ្វារ​ថែម កាល​គេ​បាន​បើក​ទ្វារ​ឃើញ នោះ​គេ​មាន​សេចក្ដី​ស្រឡាំង‌កាំង តែ​គាត់​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ឲ្យ​គេ​ស្ងៀម​ទៅ រួច​ក៏​រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ជា​យ៉ាង​ណា ហើយ​គាត់​ផ្តាំ​គេ​ថា សូម​ប្រាប់​រឿង​នេះ​ដល់​យ៉ាកុប នឹង​ពួក​បង​ប្អូន​ឲ្យ​ដឹង​ផង នោះ​គាត់​ចេញ​ទៅ​ឯ​កន្លែង​១​ទៀត​ទៅ។ លុះ​ភ្លឺ​ឡើង ក៏​កើត​មាន​វឹកវរ​ជា​ធំ នៅ​ក្នុង​ពួក​កង​ទាហាន ពី​ដំណើរ​ពេត្រុស ដែល​ទៅ​ឯ​ណា​បាត់ កាល​ស្តេច​ហេរ៉ូឌ​បាន​រក​គាត់​មិន​ឃើញ នោះ​ក៏​ពិចារណា​សួរ​ពួក​អ្នក​យាម​ល្បាត ហើយ​បង្គាប់​ឲ្យ​នាំ​គេ​ទៅ​សំឡាប់​បង់ រួច​ស្តេច​ក៏​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ឯ​សេសារា គង់​នៅ​ទី​នោះ។

ចែក​រំលែក
អាន កិច្ចការ 12