កិច្ចការ 1:4-9

កិច្ចការ 1:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះអង្គ​កំពុង​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ក្រុម​សាវ័ក ព្រះអង្គ​ហាម​គេ​មិន​ឲ្យ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​យេរូ‌សាឡឹម​ឡើយ «គឺ​ត្រូវ​រង់‌ចាំ​ទទួល​ព្រះ‌វិញ្ញាណ​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បិតា ដូច​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ*​ឲ្យ​គេ​ក្នុង​ទឹក ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​វិញ»។ ពេល​នោះ ក្រុម​សាវ័ក*​នៅ​ជុំ​គ្នា គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​នឹង​តាំង​រាជា‌ណាចក្រ​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ត្រង់​ឯ​ពេល​វេលា​ដែល​ព្រះ‌បិតា​បាន​កំណត់​ទុក ដោយ​អំណាច​ព្រះអង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​បាច់​ដឹង​ទេ។ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធា‌នុភាព​មួយ គឺ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។ លុះ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ហើយ​នៅ​ពេល​ដែល​ក្រុម​សាវ័ក​កំពុង​តែ​មើល​ព្រះអង្គ នោះ​ព្រះ‌ជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​លើ​មេឃ ព្រម​ទាំង​មាន​ពពក*​មក​បាំង​ព្រះអង្គ​បាត់​ពី​ភ្នែក​គេ​ទៅ។

ចែក​រំលែក
អាន កិច្ចការ 1

កិច្ចការ 1:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​កំពុង​គង់​នៅ​ជា‌មួយ​ពួកគេ ព្រះ‌អង្គ​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ឡើយ គឺ​ត្រូវ​រង់​ចាំ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌វរបិតា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​បាន​ឮ​ពី​ខ្ញុំ​ហើយ​ថា លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ»។ ដូច្នេះ ពេល​ពួក​សាវក​បាន​មក​ប្រជុំ​គ្នា ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​តាំង​រាជា‌ណា‌ចក្រ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចំពោះ​ពេល​វេលា ដែល​ព្រះ‌វរបិតា​បាន​កំណត់​ទុក​ដោយ​អំណាច​របស់​ព្រះ‌អង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ដឹង​ទេ។ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ព្រះ‌ចេស្តា នៅ​ពេល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ស្រុក​យូដា​ទាំង​មូល និង​ស្រុក​សា‌ម៉ារី ហើយ​រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។ កាល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ហើយ ពេល​ពួក​សាវក​កំពុង​តែ​មើល​ព្រះ‌អង្គ នោះ​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ ហើយ​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះ‌អង្គ​ផុត​ពី​ភ្នែក​គេ។

ចែក​រំលែក
អាន កិច្ចការ 1

កិច្ចការ 1:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក កាល​បាន​ប្រជុំ​ទាំង​អស់​គ្នា​ហើយ នោះ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ឡើយ ដោយ​បន្ទូល​ថា ត្រូវ​ឲ្យ​នៅ​ចាំ​សេចក្ដី​សន្យា​នៃ​ព្រះវរ‌បិតា ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​ថ្លែង​ប្រាប់​ហើយ ដ្បិត​ពិត​ជា​លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។ ដូច្នេះ កាល​ពួក​សាវក​បាន​ប្រជុំ​គ្នា នោះ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះវរ‌បិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ ប៉ុន្តែ កាល​ណា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ‌ចេស្តា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង កាល​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ជា​ស្រេច ហើយ​ពួក​សាវក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់​ពី​ភ្នែក​គេ។

ចែក​រំលែក
អាន កិច្ចការ 1