២ ធីម៉ូថេ 3:1-9

២ ធីម៉ូថេ 3:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ត្រូវ​ដឹង​ដូច្នេះ​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នឹង​មាន​គ្រា​លំបាក ដ្បិត​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​អាង មាន​ឫក​ខ្ពស់ ប្រមាថ​មើល​ងាយ មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ រមិល​គុណ មិន​មាន​ចិត្ត​បរិសុទ្ធ ជា​មនុស្ស​គ្មាន​ចិត្ត គ្មាន​អធ្យា‌ស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ ស្អប់​អំពើ​ល្អ ជា​មនុស្ស​មាន​ចិត្ត​ក្បត់ ឆាប់​ច្រឡោត មាន​ចិត្ត​ធំ ចូល​ចិត្ត​សប្បាយ​ជា​ជាងស្រឡាញ់​ព្រះ គេ​មាន​ឫក‌ពា​ជា​អ្នក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ប៉ុន្តែ បដិសេធមិន​ព្រម​ទទួល​ស្គាល់​ព្រះ‌ចេស្តា ដែល​បាន​មក​ពី​ការ​គោរព​ប្រតិ‌បត្តិ​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​ពី​មនុស្ស​ប្រភេទ​នោះ​ទៅ។ ដ្បិត​ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​អ្នក​ខ្លះលប​ចូល​ទៅក្នុង​ផ្ទះ​គេ ហើយ​ទាក់​យក​ស្ត្រី​ឆោតៗ ទាំង​ផ្ទុក​ដោយ​អំពើ​បាប ក៏​បណ្តោយ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​គ្រប់​បែប​យ៉ាង គេ​រៀន​ជានិច្ច ប៉ុន្តែ នៅ​តែ​មិន​អាចស្គាល់​សេចក្ដី​ពិត​ដដែល។ គេ​ជា​អ្នក​ប្រឆាំង​នឹង​សេចក្ដី​ពិត ដូច​យ៉ា‌នេស និង​យ៉ាម‌ប្រេស បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​ដែរ គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ឥត​ប្រយោជន៍​ខាង​ជំនឿ។ ប៉ុន្តែ គេ​មិន​អាច​ទៅ​មុខ​បាន​ឆ្ងាយ​ប៉ុន្មាន​ឡើយ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​គំនិត​លេលា​របស់​គេ​យ៉ាង​ច្បាស់ ដូច​គេ​បាន​ឃើញ​គំនិត​លេលា​របស់​អ្នក​ទាំង​ពីរ​នោះ​ដែរ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 3

២ ធីម៉ូថេ 3:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា នៅ​ពេល​ចុង​ក្រោយ​បង្អស់​នឹង​មាន​គ្រា​លំបាក មនុស្ស‌ម្នា​នឹង​មាន​ចិត្ត​អាត្មា‌និយម ស្រឡាញ់​ប្រាក់ ក្រអឺត‌ក្រទម អួត​ខ្លួន ប្រមាថ​ព្រះ‌ជាម្ចាស់ មិន​ស្ដាប់​បង្គាប់​ឪពុក‌ម្ដាយ រមិល‌គុណ បំផ្លាញ​អ្វីៗ​ដែល​ជា​សក្ការៈ គេ​ជា​មនុស្ស​អត់​ចិត្ត គ្មាន​អធ្យាស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ត ឃោរ‌ឃៅ ស្អប់​អំពើ​ល្អ ជា​មនុស្ស​មាន​ចិត្ត​ក្បត់ ឆាប់​ច្រឡោត អួត​បំប៉ោង ចូល​ចិត្ត​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ‌ជាម្ចាស់។ គេ​សម្តែង​អាការៈ​ខាង​ក្រៅ​ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ប៉ុន្តែ គេ​បដិសេធ​មិន​ទទួល​ស្គាល់​ឫទ្ធា‌នុភាព ដែល​បាន​មក​ពី​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ប្រភេទ​នេះ​ទៅ។ ក្នុង​ចំណោម​ពួក​គេ អ្នក​ខ្លះ​បាន​ឆ្លៀត​ចូល​ផ្ទះ​នានា ហើយ​ទាក់​យក​ស្ត្រី​ឆោតៗ ដែល​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​បាប ជា​ស្ត្រី​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​គ្រប់​យ៉ាង​ផង។ ស្ត្រីៗ​ទាំង​នោះ​រៀន​មិន​ចេះ​ចប់ ហើយ​នៅ​តែ​មិន​អាច​ស្គាល់​សេចក្ដី​ពិត​ដដែល។ យ៉ាណែស និង​យ៉ាម‌ប្រេស បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​យ៉ាង​ណា អ្នក​ទាំង​នេះ​ក៏​ប្រឆាំង​នឹង​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។ ពួក​គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ជំនឿ​របស់​គេ​ឥត​បាន​ការ​អ្វី​ទាល់​តែ​សោះ។ គេ​ពុំ​អាច​ទៅ​មុខ​ទៀត​បាន​ឆ្ងាយ​ឡើយ ដ្បិត​មនុស្ស‌ម្នា​នឹង​ឃើញ​គំនិត​លេលា​របស់​គេ ដូច​អ្នក​នៅ​ពី​សម័យ​ដើម​បាន​ឃើញ​គំនិត​លេលា​របស់​យ៉ាណែស និង​យ៉ាម‌ប្រេស​ដែរ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 3

២ ធីម៉ូថេ 3:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ឲ្យ​ដឹង​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់ ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួត​អាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើល‌ងាយ មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ រមឹល‌គុណ មាន​ចិត្ត​មិន​បរិសុទ្ធ មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ ហើយ​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ គេ​មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌ចេស្តា ដែល​មក​ដោយ​ការ​គោរព​ប្រតិ‌បត្តិ​នោះ​ទេ ចូរ​បែរ​ពី​ពួក​មនុស្ស​យ៉ាង​នោះ​ចេញ ដ្បិត​មនុស្ស​ទាំង​នោះ ជា​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​គេ ទាំង​ល្បួង​នាំ​ពួក​ស្រីៗ​ដែល​ល្ងង់​ឲ្យ​ឈ្លក់​ចិត្ត ដែល​ស្ត្រី​ទាំង​នោះ​ផ្ទុក​ធ្ងន់ ដោយ​អំពើ​បាប​ហើយ ក៏​បណ្តោយ​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​ផ្សេងៗ គេ​រៀន​ជានិច្ច ប៉ុន្តែ ពុំ​អាច​នឹង​ចេះ​ដល់​ថ្នាក់​នៃ​សេចក្ដី​ពិត​ឡើយ គេ​ជា​អ្នក​ទាស់​ទទឹង​នឹង​សេចក្ដី​ពិត បែប​ដូច​ជា​យ៉ានេស នឹង​យ៉ាម‌ប្រេស​បាន​ទាស់​ទទឹង​នឹង​លោក​ម៉ូសេ​ដែរ គឺ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ឥត​ប្រយោជន៍​ខាង​ឯ​សេចក្ដី​ជំនឿ ប៉ុន្តែ គេ​មិន​មាន​សេចក្ដី​ចំរើន​ជឿន​ឡើង​ទៅ​មុខ​ទៀត​ទេ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​សេចក្ដី​ខ្លៅ‌ល្ងង់​របស់​គេ​ជា​យ៉ាង​ច្បាស់ ដូច​ជា​បាន​ឃើញ​សេចក្ដី​ខ្លៅ​ល្ងង់​របស់​អ្នក​ទាំង​២​នោះ​ដែរ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ