២ ធីម៉ូថេ 2:1-11
២ ធីម៉ូថេ 2:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើងដោយសារព្រះគុណដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ហើយអ្វីដែលអ្នកបានឮពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន ត្រូវប្រគល់ឲ្យមនុស្សស្មោះត្រង់ ដែលមានសមត្ថភាពអាចបង្រៀនអ្នកផ្សេងទៀតបានដែរ។ ដូច្នេះ ចូររួមទុក្ខលំបាក ដូចទាហានដ៏ល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ។ ធម្មតាអ្នកដែលធ្វើទាហាន មិនជាប់ទាក់ទិននឹងកិច្ចការក្នុងជីវិតនេះទេ ព្រោះគាត់ខំឲ្យបានគាប់ចិត្តដល់អ្នកដែលកេណ្ឌខ្លួន។ ឯកីឡាករវិញ មិនបានទទួលពាក់ភួងជ័យឡើយ លុះត្រាតែគេប្រកួតតាមច្បាប់។ កសិករដែលធ្វើការនឿយហត់ ជាអ្នកដែលត្រូវទទួលផលមុនគេ។ ចូរពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះចុះ ដ្បិតព្រះអម្ចាស់នឹងប្រទានឲ្យអ្នកមានយោបល់ក្នុងគ្រប់ការទាំងអស់។ ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ជារាជវង្សព្រះបាទដាវីឌ ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំបានប្រកាស ដ្បិតខ្ញុំរងទុក្ខលំបាក ទាំងជាប់ចំណងដូចមនុស្សអាក្រក់ ព្រោះតែដំណឹងល្អនេះ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះមិនបានជាប់ចំណងទេ។ ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំក្នុងគ្រប់ការទាំងអស់ ដោយយល់ដល់ពួករើសតាំង ដើម្បីឲ្យគេបានការសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ទាំងមានសិរីល្អនៅអស់កល្បជានិច្ច។ ពាក្យនេះពិតប្រាកដមែន គឺថា ប្រសិនបើយើងបានស្លាប់ជាមួយព្រះអង្គ យើងក៏នឹងរស់ជាមួយព្រះអង្គដែរ។
២ ធីម៉ូថេ 2:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើព្រះគុណដែលយើងមានដោយរួមជាមួយព្រះគ្រិស្តយេស៊ូ។ សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់ឲ្យបងប្អូនណាដែលស្មោះត្រង់ និងមានសមត្ថភាពអាចបង្រៀនបន្តទៅអ្នកផ្សេងទៀតចុះ។ ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់ព្រះគ្រិស្តយេស៊ូ។ ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណាឲ្យអ្នកដែលកេណ្ឌខ្លួនពេញចិត្ត។ រីឯកីឡាករវិញ គេអាចទទួលភួងជ័យបាន លុះត្រាតែគេប្រកួតត្រឹមត្រូវតាមក្បួន។ កសិករដែលបានធ្វើការយ៉ាងនឿយហត់ ត្រូវតែទទួលភោគផលមុនគេ។ ចូរពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនិយាយនេះ ដ្បិតព្រះអម្ចាស់នឹងប្រទានឲ្យអ្នកមានប្រាជ្ញាអាចយល់បានទាំងអស់។ ចូរនឹកដល់ព្រះយេស៊ូគ្រិស្ត ដែលមានព្រះជន្មរស់ឡើងវិញ ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្តអំពើអាក្រក់។ រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ គេពុំអាចចាប់ចងឡើយ។ ហេតុនេះហើយបានជាខ្ញុំសុខចិត្តស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ ព្រមទាំងទទួលសិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។ ពាក្យនេះគួរឲ្យជឿ គឺថា: ប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ យើងក៏នឹងមានជីវិតរស់ រួមជាមួយព្រះអង្គដែរ។
២ ធីម៉ូថេ 2:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កូនអើយ ចូរមានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ឯអស់ទាំងសេចក្ដីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ ធម្មតាអ្នកដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌខ្លួនទៅនោះវិញ ហើយបើអ្នកណាប្រយុទ្ធគ្នាក្នុងព្រ័ត្រ នោះមិនបានពាក់ភួងជ័យទេ លើកតែប្រយុទ្ធតាមច្បាប់វិញ ឯអ្នកធ្វើស្រែ ក៏ត្រូវនឿយហត់ជាមុនដែរ ទើបនឹងទទួលផលបាន ចូរពិចារណាសេចក្ដីដែលខ្ញុំប្រាប់ទាំងនេះចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រទានឲ្យអ្នកមានយោបល់ ក្នុងគ្រប់ការទាំងអស់។ ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះវង្សហ្លួងដាវីឌ ទ្រង់បានរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំផ្សាយប្រាប់ ហើយខ្ញុំរងទុក្ខ ទាំងជាប់ចំណងដូចជាមនុស្សអាក្រក់ ដោយព្រោះដំណឹងល្អនោះឯង ប៉ុន្តែ ព្រះបន្ទូលមិនបានជាប់ចំណងទេ ហេតុនោះបានជាខ្ញុំទ្រាំទ្រនឹងគ្រប់ការទាំងអស់ ដើម្បីជាប្រយោជន៍ដល់ពួករើសតាំង ឲ្យគេបានសេចក្ដីសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមានសិរីល្អដ៏នៅអស់កល្បជានិច្ចផង ពាក្យនេះគួរជឿពិត ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ