២ ធីម៉ូថេ 1:3-7
២ ធីម៉ូថេ 1:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំបម្រើដោយមនសិការស្អាតបរិសុទ្ធ ដូចបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ច នៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ទាំងយប់ទាំងថ្ងៃ។ ពេលខ្ញុំនឹកចាំពីទឹកភ្នែករបស់អ្នក ខ្ញុំចង់ជួបអ្នកជាខ្លាំង ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។ ដ្បិតខ្ញុំនឹកចាំពីជំនឿស្មោះត្រង់ដែលនៅក្នុងអ្នក ជំនឿនោះមាននៅក្នុងលោកយាយឡូអ៊ីស ជាជីដូនរបស់អ្នកពីដំបូង រួចក៏អ្នកស្រីអ៊ើនីស ជាម្តាយរបស់អ្នក ហើយខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។ ហេតុនេះហើយបានជាខ្ញុំរំឭកអ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
២ ធីម៉ូថេ 1:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរស* ដោយមនសិការបរិសុទ្ធ* ហើយរាល់ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំបានពោរពេញដោយអំណរ។ ខ្ញុំក៏នៅនឹកចាំពីជំនឿ ឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីស ជាជីដូន និងអ្នកស្រីអឺនីស ជាម្ដាយរបស់អ្នក ធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។ ហេតុនេះហើយបានជាខ្ញុំសុំរំឭកដាស់តឿនអ្នកថា ចូរធ្វើឲ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃ*លើនោះ មានសកម្មភាពឡើងវិញ ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេ គឺព្រះអង្គប្រទានឲ្យយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្តធ្ងន់។
២ ធីម៉ូថេ 1:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំអរព្រះគុណដល់ព្រះ ដែលខ្ញុំបំរើដោយបញ្ញាចិត្តដ៏បរិសុទ្ធ ដូចជាពួកឰយុកោខ្ញុំដែរ ដោយព្រោះខ្ញុំនឹកចាំពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំទូលអង្វរ ទាំងយប់ទាំងថ្ងៃ គឺនឹកចាំពីទឹកភ្នែករបស់អ្នក បានជាខ្ញុំរឭកចង់ឃើញអ្នក ដើម្បីឲ្យខ្ញុំបានពេញជាសេចក្ដីអំណរឡើង ដ្បិតខ្ញុំនឹកចាំពីសេចក្ដីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្ដីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ ហើយខ្ញុំជឿជាក់ថា ក៏នៅក្នុងអ្នកផង ដោយហេតុនោះបានជាខ្ញុំរំឭកដល់អ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ