២ ថេស្សាឡូនិក 3:1-18

២ ថេស្សាឡូនិក 3:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ទៅ ហើយ​បាន​តម្កើង​ឡើង ដូច​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ ហើយ​ឲ្យ​យើ​ង​បាន​រួច​ពី​មនុស្ស​ពាល និង​ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​ជំនឿ​ទេ។ ប៉ុន្ដែ ព្រះ‌អម្ចាស់​ទ្រង់​ស្មោះ​ត្រង់ ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ហើយ​ការពារ​អ្នក​រាល់​គ្នា​ពី​មេ​កំណាច។ យើង​មាន​ចិត្ត​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់អំពី​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​កំពុង​តែ​ប្រព្រឹត្ត ហើយ​ក៏​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​យើង​បង្គាប់​តទៅ​មុខ​ទៀត​ដែរ។ សូម​ព្រះ‌អម្ចាស់​តម្រង់​ចិត្ត​អ្នក​រាល់​គ្នា ទៅ​រក​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​ព្រះ‌គ្រីស្ទ​កុំ​បីខាន។ ឥឡូវ​នេះ បង‌ប្អូន​អើយ យើង​សូម​បង្គាប់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​បង‌ប្អូន​ណាដែល​រស់​នៅ​ដោយ​ខ្ជិល​ច្រអូស ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដែល​គេ​បាន​ទទួល​ពី​យើង។ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​គួរ​យក​តម្រាប់​តាម​យើង​បែប​ណា ព្រោះ​យើង​មិន​បាន​ខ្ជិល​ច្រអូស​ឡើយ កាល​យើង​នៅ​ជាមួយ​អ្នក​រាល់​គ្នា ក៏​មិន​បាន​ទទួល​ទាន​អាហារ​របស់​អ្នក​ណា​ដោយ​មិន​បាន​បង់ថ្លៃ​ដែរ គឺ​យើង​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​នឹង​យើង។ នេះ​មិន​មែន​ដោយ​ព្រោះ​យើង​គ្មាន​សិទ្ធិ​នោះ​ទេ គឺ​យើង​ចង់​ធ្វើ​គំរូ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យក​តម្រាប់​តាម។ កាល​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​មិន​ព្រម​ធ្វើ​ការ មិន​ត្រូវ​ឲ្យ​អ្នក​នោះ​បរិ‌ភោគ​ឡើយ។ ដ្បិត​យើង​ឮ​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា រស់​នៅ​ដោយ​ខ្ជិល​ច្រអូល មិន​រវី​រវល់​នឹង​ធ្វើ​ការ​អ្វី​សោះ គឺ​រវល់​តែ​នឹង​ការ​ឥត​ប្រយោជន៍។ ដូច្នេះ យើង​បង្គាប់ ហើយ​ដាស់​តឿន​មនុស្ស​បែប​នោះ ក្នុងព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ឲ្យ​ធ្វើ​កិច្ច​ការ​របស់​ខ្លួន​ដោយ​ស្រគត់​ស្រគំ ហើយ​បរិ‌ភោគ​អាហារ​ពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួនទៅ។ បង‌ប្អូន​អើយ កុំ​រសាយ​ចិត្ត​នឹងប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។ ប្រសិន‌បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​ដែល​យើង​និយាយ​ក្នុង​សំបុត្រ​នេះ​ទេ សូម​ចំណាំ​មើល​អ្នក​នោះ ហើយ​កុំ​ភប់​ប្រសព្វ​ជាមួយ ដើម្បី​ឲ្យ​អ្នក​នោះ​មាន​សេចក្ដី​ខ្មាស។ ប៉ុន្ដែ មិន​ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​ខ្មាំង​សត្រូវ​ឡើយ គឺ​ត្រូវ​ទូន្មាន​គាត់​ទុក​ដូច​ជា​បង‌ប្អូន​វិញ។ សូម​ព្រះ‌អម្ចាស់​នៃ​សេចក្ដី​សុខ​សាន្ត ប្រទាន​សេចក្ដី​សុខ​សាន្ត​គ្រប់​ប្រការ ដល់​អ្នក​រាល់​គ្នា​គ្រប់​ពេល​វេលា។ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បង‌ប្អូន​ទាំង​អស់​គ្នា។ ខ្ញុំ ប៉ុល សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ នេះ​ជា​កំណត់​សម្គាល់​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ ជា​របៀប​ដែល​ខ្ញុំ​សរសេរ។ សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។:៚

២ ថេស្សាឡូនិក 3:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ទី​បំផុត បងប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ផ្សព្វ‌ផ្សាយ​យ៉ាង​ឆាប់​រហ័ស​ត​ទៅ​ទៀត និង​បាន​រុងរឿង​ដូច​នៅ​ក្នុង​ចំណោម​បងប្អូន​ដែរ។ សូម​អធិស្ឋាន​ឲ្យ​យើង​គេច​ផុត​ពី​មនុស្ស​ពាល ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​គ្រប់​គ្នា​ទេ​ដែល​មាន​ជំនឿ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​នឹង​ប្រោស​ប្រទាន​ឲ្យ​បងប្អូន​មាន​ជំហរ​រឹង‌ប៉ឹង និង​ការពារ​បងប្អូន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​កំណាច។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ យើង​ទុក​ចិត្ត​បងប្អូន​ថា បងប្អូន​តែងតែ​ប្រព្រឹត្ត​តាម​ពាក្យ​រំឭក​ដាស់‌តឿន​របស់​យើង ហើយ​បងប្អូន​ក៏​នឹង​ប្រព្រឹត្ត​តាម​ត​ទៅ​មុខ​ទៀត​ដែរ។ សូម​ព្រះ‌អម្ចាស់​ដឹក​នាំ​ចិត្ត​គំនិត​បងប្អូន ឲ្យ​ស្រឡាញ់​ព្រះ‌ជាម្ចាស់ និង​មាន​ចិត្ត​ស៊ូ‌ទ្រាំ​ដែល​ព្រះ‌គ្រិស្ត​ប្រទាន​ឲ្យ។ បងប្អូន​អើយ យើង​សូម​រំឭក​ដាស់‌តឿន​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង​ថា ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​បងប្អូន​ណា​ដែល​រស់​នៅ​ដោយ​ឥត​សណ្ដាប់‌ធ្នាប់ ផ្ទុយ​នឹង​របៀប​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បងប្អូន។ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ត្រូវ​យក​តម្រាប់​តាម​យើង​បែប​ណា ដ្បិត​យើង​ពុំ​បាន​រស់​នៅ​ក្នុង​ចំណោម​បងប្អូន ដោយ​ឥត​សណ្ដាប់‌ធ្នាប់​នោះ​ឡើយ យើង​ពុំ​បាន​ទទួល​ទាន​ម្ហូប​អាហារ​របស់​នរណា​ម្នាក់ ដោយ​ឥត​បង់​ប្រាក់​ទេ។ យើង​ខំ​ប្រឹង​ធ្វើ​ការ​ហត់​នឿយ ទាំង​យប់ ទាំង​ថ្ងៃ កុំ​ឲ្យ​នរណា​ម្នាក់​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។ ត្រង់​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គ្មាន​សិទ្ធិ​នឹង​ឲ្យ​គេ​ផ្គត់‌ផ្គង់​នោះ​ឡើយ ប៉ុន្តែ យើង​ធ្វើ​ដូច្នេះ​ទុក​ជា​គំរូ​ឲ្យ​បងប្អូន​យក​តម្រាប់​តាម ព្រោះ​កាល​យើង​នៅ​ជា​មួយ​បងប្អូន យើង​បាន​ទូន្មាន​បងប្អូន​ថា អ្នក​ណា​មិន​ព្រម​ធ្វើ​ការ អ្នក​នោះ​ក៏​មិន​ត្រូវ​បរិភោគ​ដែរ។ យើង​បាន​ឮ​ដំណឹង​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន រស់​នៅ​ដោយ​ឥត​សណ្ដាប់‌ធ្នាប់ គេ​ហាក់​ដូច​ជា​រវល់​ញាប់​ដៃ​ញាប់​ជើង តែ​ឥត​ធ្វើ​ការ​អ្វី​ទាល់​តែ​សោះ។ យើង​សូម​ទូន្មាន និង​សូម​ដាស់‌តឿន​បងប្អូន​ប្រភេទ​នោះ ក្នុង​នាម​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រិស្ត​ថា សូម​អញ្ជើញ​ធ្វើ​ការ​ឲ្យ​បាន​ស្រួល‌បួល​ឡើង និង​បរិភោគ​អាហារ​ដែល​បាន​មក​ពី​កម្លាំង​ញើស​ខ្លួន​ឯង​ទៅ។ ចំពោះ​បងប្អូន​វិញ បងប្អូន​អើយ សូម​ប្រព្រឹត្ត​អំពើ​ល្អ កុំ​រសាយ​ចិត្ត​ឡើយ។ បើ​អ្នក​ណា​មិន​ស្ដាប់​តាម​សេចក្ដី​ដែល​យើង​សរសេរ​ក្នុង​សំបុត្រ​នេះ​ទេ សូម​ចំណាំ​មុខ​ទុក ហើយ​កុំ​ទាក់ទង​ជា​មួយ​អ្នក​នោះ ដើម្បី​ឲ្យ​គាត់​ខ្មាស​គេ ប៉ុន្តែ មិន​ត្រូវ​ចាត់​ទុក​គាត់​ជា​មារ​សត្រូវ​ឡើយ គឺ​ត្រូវ​ដាស់‌តឿន​គាត់​ទុក​ដូច​ជា​បងប្អូន​វិញ។ សូម​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត ប្រទាន​សេចក្ដី​សុខ‌សាន្ត​គ្រប់​ប្រការ​មក​បងប្អូន​គ្រប់​ពេល​វេលា! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បងប្អូន​ទាំង​អស់​គ្នា! ពាក្យ​សួរ​សុខ​ទុក្ខ​នេះ ខ្ញុំ ប៉ូល បាន​សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ នេះ​ជា​ហត្ថ‌លេខា​ដែល​ខ្ញុំ​បាន​ចុះ​ក្នុង​គ្រប់​លិខិត ខ្ញុំ​សរសេរ​ដូច្នេះ។ សូម​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង!

២ ថេស្សាឡូនិក 3:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​សោត​ទៀត បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ទៅ ហើយ​បាន​ដំកើង​ឡើង ដូច​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ ហើយ​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​មនុស្ស​វៀច នឹង​ពី​មនុស្ស​អាក្រក់​ចេញ ដ្បិត​មិន​មែន​មនុស្ស​ទាំង​អស់ ដែល​មាន​សេចក្ដី​ជំនឿ​ទេ តែ​ព្រះ‌អម្ចាស់​ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ហើយ​ការ‌ពារ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​ផង យើង​ខ្ញុំ​ក៏​ទុក​ចិត្ត​នឹង​ព្រះ‌អម្ចាស់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​កំពុង​តែ​ប្រព្រឹត្ត ហើយ​នឹង​ប្រព្រឹត្ត​ត​ទៅ​ទៀត តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​ផ្តាំ​ទុក​ដែរ សូម​ឲ្យ​ព្រះ‌អម្ចាស់​ដំរង់​ចិត្ត​អ្នក​រាល់​គ្នា ទៅ​ក្នុង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ នឹង​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​ព្រះ‌គ្រីស្ទ​ចុះ។ ឥឡូវ​នេះ បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ផ្តាំ​មក​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ផុត​ពី​គ្រប់​ទាំង​បង​ប្អូន​ណា ដែល​ប្រព្រឹត្ត​ខុស​របៀប ហើយ​មិន​ស្តាប់​តាម​បញ្ញត្ត​ដែល​បាន​ទទួល​ពី​យើង​ខ្ញុំ ដ្បិត​ខ្លួន​អ្នក​រាល់​គ្នា​ដឹង​ហើយ ដែល​គួរ​ត្រាប់​តាម​យើង​ខ្ញុំ​ជា​យ៉ាង​ណា ពី​ព្រោះ​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ឥត​របៀប ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ក៏​មិន​បាន​ទទួល​ទាន​បាយ​របស់​អ្នក​ណា​ទទេ​ដែរ យើង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ ហើយ​ធ្ងន់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​នឹង​យើង​ខ្ញុំ​ឡើយ មិន​មែន​ថា យើង​ខ្ញុំ​គ្មាន​អំណាច​នោះ​ទេ គឺ​យើង​ខ្ញុំ​ចង់​ធ្វើ​ជា​គំរូ ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​យើង​ខ្ញុំ​វិញ​ទេ​តើ កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា នោះ​ក៏​បាន​ផ្តាំ​ថា បើ​អ្នក​ណា​មិន​ចង់​ធ្វើ​ការ មិន​ត្រូវ​ទាំង​ឲ្យ​អ្នក​នោះ​បរិភោគ​ផង ដ្បិត​យើង​ខ្ញុំ​ឮ​ថា មាន​អ្នក​ខ្លះ​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ប្រព្រឹត្ត​ឥត​របៀប ឥត​មាន​ធ្វើ​ការ​អ្វី​សោះ គឺ​គេ​រវល់​តែ​ចំពោះ​ការ​ឥត​ប្រយោជន៍​វិញ ដូច្នេះ យើង​ខ្ញុំ​ផ្តាំ​មក​មនុស្ស​យ៉ាង​នោះ ហើយ​ទូន្មាន​គេ ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ឲ្យ​គេ​បរិភោគ​បាយ​របស់​ខ្លួន​គេ​ចុះ ទាំង​ធ្វើ​ការ​ដោយ​ស្រគត់‌ស្រគំ​ផង បង​ប្អូន​អើយ កុំ​ឲ្យ​រសាយ​ចិត្ត​ខាង​ឯ​ការ​ល្អ​ឡើយ បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​របស់​យើង​ខ្ញុំ ក្នុង​សំបុត្រ​នេះ​ទេ នោះ​ចូរ​សំគាល់​អ្នក​នោះ​ទុក ហើយ​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​គេ​ឲ្យ​សោះ ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស តែ​កុំ​ឲ្យ​រាប់​គេ​ទុក​ដូច​ជា​ខ្មាំង​សត្រូវ​ឡើយ ចូរ​ទូន្មាន​គេ ដូច​ជា​បង​ប្អូន​វិញ។ សូម​ឲ្យ​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ផ្តល់​សេចក្ដី​សុខ‌សាន្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ‌សាន្ត​គ្រប់​យ៉ាង​ជានិច្ច សូម​ឲ្យ​ព្រះ‌អម្ចាស់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់ ប៉ុល​ខ្ញុំ​សរសេរ​ពាក្យ​ជំរាប​សួរ​នេះ ដោយ​ដៃ​ខ្លួន​ខ្ញុំ នេះ​គឺ​ជា​ទី​សំគាល់​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ គឺ​បែប​យ៉ាង​នេះ​ហើយ ដែល​ខ្ញុំ​សរសេរ​មក សូម​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់ បាន​ប្រកប​ដោយ​ព្រះ‌គុណ របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚