២ ថេស្សាឡូនិក 2:13-17
២ ថេស្សាឡូនិក 2:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯយើងវិញ បងប្អូនស្ងួនភ្ងារបស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ច អំពីអ្នករាល់គ្នា ព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នា ជាផលដំបូងដើម្បីឲ្យបានសង្គ្រោះ ដោយសារព្រះវិញ្ញាណញែកជាបរិសុទ្ធ និងដោយសារជំនឿតាមសេចក្ដីពិត។ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នា ដោយសារដំណឹងល្អរបស់យើង គឺសម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ដូច្នេះ បងប្អូនអើយ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះដោយពាក្យសម្ដីផ្ទាល់ ឬសំបុត្រក្តី។ សូមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះជាព្រះវរបិតាដែលបានស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តអស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរ ដោយសារព្រះគុណ កម្សាន្តចិត្តអ្នករាល់គ្នា ព្រមទាំងប្រទានឲ្យអ្នករាល់គ្នាឈរមាំមួន ក្នុងគ្រប់ទាំងការល្អដែលអ្នករាល់គ្នាធ្វើ និងពាក្យសម្ដីដែលអ្នករាល់គ្នានិយាយ។
២ ថេស្សាឡូនិក 2:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យបានវិសុទ្ធ* និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។ ព្រះអង្គត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះនេះ គឺឲ្យមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង។ ហេតុនេះ បងប្អូនអើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន ហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូន ដោយផ្ទាល់មាត់ក្ដី ឬតាមសំបុត្រក្ដី។ ព្រះជាម្ចាស់ ជាព្រះបិតានៃយើង មានព្រះហឫទ័យស្រឡាញ់យើង ព្រះអង្គបានសម្រាលទុក្ខយើងអស់កល្បជានិច្ច ដោយសារព្រះគុណ ហើយប្រទានឲ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះយេស៊ូគ្រិស្តផ្ទាល់ជាព្រះអម្ចាស់នៃយើង និងព្រះបិតា សម្រាលទុក្ខបងប្អូន ព្រមទាំងប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង ក្នុងគ្រប់កិច្ចការដែលបងប្អូនធ្វើ និងពាក្យសម្ដីល្អដែលបងប្អូននិយាយ។
២ ថេស្សាឡូនិក 2:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱបងប្អូនដ៏ជាស្ងួនភ្ងានៃព្រះអម្ចាស់អើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះអង្គជានិច្ច ពីដំណើរអ្នករាល់គ្នា ពីព្រោះព្រះទ្រង់បានរើសអ្នករាល់គ្នា តាំងពីដើមដំបូងមក ដើម្បីឲ្យបានសង្គ្រោះ ដោយព្រះវិញ្ញាណទ្រង់ញែកចេញជាបរិសុទ្ធ ហើយដោយមានចិត្តជឿ តាមសេចក្ដីពិតផង ទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្ដីទាំងនោះ ដោយសារដំណឹងល្អនៃយើងខ្ញុំ ប្រយោជន៍ឲ្យបានសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដូច្នេះ បងប្អូនអើយ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់តាមសេចក្ដីបញ្ញត្ត ដែលយើងខ្ញុំបានបង្រៀនដល់អ្នករាល់គ្នាចុះ ទោះបើដោយពាក្យសំដី ឬសំបុត្រក្តី សូមឲ្យព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងព្រះដ៏ជាព្រះវរបិតា ដែលទ្រង់បានស្រឡាញ់យើង ព្រមទាំងប្រទានឲ្យមានសេចក្ដីកំសាន្តអស់កល្បជានិច្ច នឹងសេចក្ដីសង្ឃឹមយ៉ាងល្អ ដោយព្រះគុណទ្រង់ បានកំសាន្តចិត្តអ្នករាល់គ្នាដែរ ហើយតាំងឲ្យអ្នករាល់គ្នាបានមាំមួនឡើង ក្នុងគ្រប់ទាំងការ នឹងពាក្យសំដីដ៏ល្អផង។